ក្រុមហ៊ុនកាល់តិចបដិសេធផ្ដល់ចម្លើយពាក់ព័ន្ធឃាតកម្មបណ្ឌិត កែម ឡី
2016.11.16

សំណុំរឿងឃាតកម្មលើលោកបណ្ឌិត កែម ឡី រហូតមកដល់ពេលនេះ បានបន្តអូសបន្លាយជាច្រើនខែមកហើយ។ នៅក្នុងសំណុំរឿងនៃបទឧក្រិដ្ឋមួយនេះ ខាងសមត្ថកិច្ចចាប់ខ្លួនបានជនសង្ស័យម្នាក់ក្រោយហេតុការណ៍បាញ់ប្រហារភ្លាមៗប៉ុណ្ណោះ។ ដោយឡែក តុលាការវិញបានឆ្លើយតបថា គេនៅបន្តនីតិវិធីស៊ើបអង្កេតនៅឡើយ។ ក្រុមអង្គការផ្នែកសិទ្ធិមនុស្សយល់ឃើញថា មានតម្រុយជាច្រើនដែលសមត្ថកិច្ចអាចស្វែងរកភស្តុតាងបាន ប៉ុន្តែដោយសារគ្មានឆន្ទៈទើបសំណុំរឿងនេះ នៅបន្តកប់បាត់ស្រមោលដូចនេះទៅវិញ។
គិតពីថ្ងៃឃាតកបាញ់ប្រហារមកដល់ពេលនេះ មានរយៈពេលជាង ៤ខែមកហើយ ប៉ុន្តែសំណុំរឿងនេះនៅទ្រឹងនៅឡើយ ខណៈម្ចាស់វិនិយោគភាគីក្រុមហ៊ុនសាំងកាល់តិច (Caltex) បានបដិសេធក្នុងការផ្ដល់ចម្លើយពាក់ព័ន្ធអំពើឃាតកម្មនេះ ដោយចាត់ទុកថា រាល់សំណួរដែលបានលើកឡើងជុំវិញបទឧក្រិដ្ឋនេះ សុទ្ធតែជារឿងចចាមអារ៉ាម និងជាសំណួរមិនប្រាកដប្រជា។
ឆ្លើយតបនឹងសំណួរដែលអាស៊ីសេរី បានលើកឡើង ជុំវិញអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី៩ ខែវិច្ឆិកា តាមសារអេឡិចត្រូនិក (Email) ខាងក្រុមហ៊ុនសាំងកាល់តិច ដែលមានការិយាល័យនៅក្នុងទីក្រុងភ្នំពេញ និងការិយាល័យកណ្ដាលនៅប្រទេសសិង្ហបុរី បានបញ្ជាក់ថា ក្រុមហ៊ុនដែលវិនិយោគទៅលើវិស័យប្រេងឥន្ធននៅកម្ពុជា នេះ មិនធ្វើអត្ថាធិប្បាយរាល់សំណួរដែលអាស៊ីសេរី លើកឡើងអំពីឃាតកម្មលើលោកបណ្ឌិត កែម ឡី ទេ។ សារដែលឆ្លើយតបយ៉ាងខ្លីរបស់កាល់តិច ចាត់ទុកសំណួរដែលទាក់ទងអំពើឃាតកម្មនេះថា ជារឿងចចាមអារ៉ាម ឬជាករណីមិនប្រាកដនិយម និងជាសំណួរដែលស្មានៗ។
បើទោះជាបែបណា សំណួរដែលអាស៊ីសេរី ស្នើសុំដើម្បីឲ្យក្រុមហ៊ុនបញ្ជាក់លើរបាយការណ៍របស់នគរបាល គឺទាក់ទងទៅនឹងមូលហេតុអ្វីបានជាម៉ាស៊ីនឆុងកាហ្វេ ខូច ឬមិនដំណើរការក្នុងថ្ងៃឃាតកម្មបាញ់ប្រហារលើលោកបណ្ឌិត កែម ឡី។ មូលហេតុអ្វីបានជាភ្លើងដាច់ក្នុងពេលហេតុការណ៍បាញ់ប្រហារកើតឡើង។ ទីតាំងត្រង់ដាក់ជើងកាមេរ៉ាសុវត្ថិភាព នៅខាងមុខទ្វារចូលស្តារ ម៉ាត មានស្នាមគាស់ ឬរុះរើ តើមូលហេតុអ្វីបានចាំបាច់រុះរើ? តើក្រុមហ៊ុនសាំងកាល់តិចនេះ មានភាគហ៊ុនជាមួយមន្ត្រីក្នុងជួររដ្ឋាភិបាលដែរទេ? ទន្ទឹមនឹងនេះសំណួរបន្ទាប់គឺទាក់ទងទៅនឹងទិន្នន័យទាំងអស់ដែលថតចេញពីកាមេរ៉ាសុវត្ថិភាព តើអាចបញ្ជូនចេញទៅការិយាល័យធំនៅប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី ដោយស្វ័យប្រវត្តិ ឬយ៉ាងណាជាដើម? ប៉ុន្តែសំណួរទាំងនេះ មិនត្រូវបានក្រុមហ៊ុនកាល់តិចឆ្លើយទេ ហើយស្នើឲ្យសួរទៅខាងនគរបាលយុត្តិធម៌វិញ។
លោក សុក សំអឿន ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ ពន្យល់ថា ផ្អែកលើគោលការណ៍ច្បាប់ការបដិសេធរបស់ភាគីក្រុមហ៊ុននេះ មិនរាប់ថា ជាការគេចវេះទេ។ បន្ថែមពីលើនេះ លោកបញ្ជាក់ថា ការដែលក្រុមហ៊ុនជំទាស់ទៅនឹងការផ្ដល់ភស្តុតាងដល់សមត្ថកិច្ចទើបចាត់ទុកថា ជាការលាក់លៀមតម្រុយ ឬមិនសហការក្នុងការផ្ដល់ភស្តុតាង៖ «គាត់ថា គាត់មាកាមេរ៉ាសុវត្ថិភាព ដូច្នេះកាមេរ៉ាសុវត្ថិភាពទាំងអស់ហ្នឹងខាងអាជ្ញាធរគេដកសិទ្ធិអស់ហើយ ដូច្នេះវាអត់មានអីដែលនៅសល់ក្នុងការទទួលខុសត្រូវទេ។ បើសិនជាគាត់លាក់មិនឲ្យទៅអាជ្ញាធរនឹងបានថា ខ្វះការទទួលខុសត្រូវ»។
ផ្ទុយពីការលើកនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក សំ ច័ន្ទគា យល់ឃើញថា ខាងក្រុមហ៊ុនសាំងកាល់តិច នៅតែមានជាប់ពាក់ព័ន្ធនឹងការទទួលខុសត្រូវក្នុងកម្រិតណាមួយ ដោយចៀសមិនផុតឡើយ៖ «គាត់នៅតែមានការទទួលខុសត្រូវ ប៉ុន្តែសំណួរខ្លះដែលគាត់យល់ឃើញថា វាប៉ះពាល់ទៅដល់សុវត្ថិភាព និងប៉ះពាល់ទៅដល់អ្វីមួយគាត់មានសិទ្ធិក្នុងការឆ្លើយប្រាប់ថា គាត់មិនហ៊ានឆ្លើយទេ។ អ៊ីចឹងគាត់មានសិទ្ធិក្នុងការឆ្លើយបដិសេធ»។
មកដល់ពេលនេះ សំណុំរឿងនៃបទឧក្រិដ្ឋនេះ បានបញ្ជូនដល់ដៃតុលាការក្រុងភ្នំពេញ ហើយ។ គិតពីថ្ងៃបាញ់ប្រហារ កាលពីថ្ងៃទី១០ ខែកក្កដា មកដល់ពេលនេះ មានជនសង្ស័យម្នាក់ប៉ុណ្ណោះ ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ។
អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក ទី រិន បញ្ជាក់ថា ករណីនេះកំពុងស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរលោក សេង លាង នៅឡើយ។ លោកបន្តថា សំណុំរឿងនេះ នូវមិនទាន់ប្រាកដថា ចៅក្រមស៊ើបសួរលោក សេង លាង នឹងបញ្ចប់នីតិវិធីនៅពេលណានៅឡើយនោះទេ៖ «អត់បានដឹងថា ត្រូវបញ្ចប់នៅពេលណា ប៉ុន្តែគ្រាន់ដឹងថា ចំណាត់ការរបស់លោកចៅក្រមស៊ើបសួរគាត់មានចំណាត់ការរហូតអ៊ីចឹង។ យើងអត់ដឹងថា យ៉ាងម៉េចទេលោកចៅក្រមស៊ើបសួរគាត់កំពុងចំណាត់ការតាមនីតិវិធី»។
ទាក់ទិនរឿងនេះ ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ព្រមានថា នឹងដង្ហែញត្តិក្នុងពេលខាងមុខ ដើម្បីទាមទារឲ្យតុលាការ និងសមត្ថកិច្ចស៊ើបអង្កេតឲ្យបានស៊ីជម្រៅ រកឲ្យឃើញឃាតកពិត និងអ្នកបញ្ជានៅពីក្រោយសំណុំរឿងនេះ។ ដោយឡែក ពីខាងគណបក្សប្រឆាំងវិញ ប្រកាសជំហរថា នឹងសួរដេញដោលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ពីមូលហេតុនៃភាពយឺតយ៉ាវក្នុងការស៊ើបអង្កេតនេះ ក្នុងសម័យប្រជុំសភាពេញអង្គនៅពេលខាងមុខនេះដែរ៕