អ្នកឃ្លាំមើល៖ ការអនុវត្តច្បាប់រវាងកម្ពុជាចិននៅចន្លោះប្រហោង ដោយឧក្រិដ្ឋជនមានឥទ្ធិពល
2023.04.30
កម្ពុជា និងចិន បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងរំពឹងថា តាមរយៈកិច្ចប្រជុំនេះនឹងរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរឱ្យកាន់តែរ៉ឹងមាំ និងមានភាពល្អប្រសើរបន្ថែមទៀត។ អ្នកឃ្លាំមើលលើកឡើងថា កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា និងចិននៅតែមានចន្លោះប្រហោង ដ្បិតឧក្រិដ្ឋជនចិនមួយចំនួនមានឥទ្ធិពលហើយពួកគេនៅតែប្រើប្រាស់ទឹកដីខ្មែរធ្វើអាជីវកម្មជួញដូរមនុស្ស និងបើករោងចក្រផលិតគ្រឿងញៀន។
កម្ពុជា និងចិនបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់លើក្រុមឧក្រិដ្ឋជន បង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យដឹងតាមទំព័រហ្វេសប៊ុក (Facebook) នៅថ្ងៃទី៣០ ខែមេសាថា ការរួមចំណែកកាន់តែសកម្មក្នុងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ទ្វេភាគីរវាងចិនកម្ពុជា នឹងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ និងស៊ីជម្រៅរវាងភាគីទាំងពីរ។ ជាមួយគ្នានេះ លោក ស ខេង ឯកភាពលើការបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរបទពិសោធន៍ជាមួយចិន តាមរយៈវេទិកាអន្តរជាតិនានា រវាងមន្ត្រីនគរបាលកម្ពុជា និងចិន។ លោកឱ្យដឹងទៀតថា កិច្ចសហប្រតិបត្តិការជាមួយចិនក្នុងការអនុវត្តច្បាប់មានសារៈសំខាន់ស្របពេលដែលលោក ស ខេង អះអាងថា បទល្មើសជួញដូរមនុស្សជាង ៩០ភាគរយនៅកម្ពុជាប្រព្រឹត្តដោយជនបរទេស។
លោក ស ខេង បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសចិនកុម្មុយនីស្តចាប់តាំងពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី៣០ ខែមេសា ដើម្បីធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈរបស់ចិន។
ទន្ទឹមគ្នានេះ លេខាធិការគណៈកម្មាធិការបក្សប្រចាំសាកលវិទ្យាល័យនៃសាកលវិទ្យាល័យសន្តិសុខសាធារណៈប្រជាមានិតចិន អ្នកស្រី (ZENG HAIYAN) លើកឡើងក្នុងជំនួបទ្វេភាគីជាមួយលោក ស ខេង ថា ទំនាក់ទំនងកម្ពុជាចិន គឺជាទំនាក់ទំនងគំរូលើឆាកអន្តរជាតិ។ អ្នកស្រីបញ្ជាក់ថា កម្ពុជា និងចិន បានបង្កើតកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបអំពើឧក្រិដ្ឋ ឧក្រិដ្ឋកម្ម ជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ។
ទោះបីជាយ៉ាងណា ភាគីកម្ពុជា និងចិនពុំបានលើកឡើងនូវបញ្ហារសើបមួយចំនួនដូចជា អំពីឧក្រិដ្ឋកម្មជួញដូរមនុស្សដែលកំពុងមាននៅកម្ពុជា និងករណីក្រុមឧក្រិដ្ឋជនចិនមួយចំនួនតែងប៉ុនប៉ងយកកម្ពុជាធ្វើជាកន្លែងផលិតថ្នាំញៀននោះទេ។
អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា ដំណើរទស្សនកិច្ចលោក ស ខេង ទៅប្រទេសចិនគឺស្ថិតក្នុងក្របខ័ណ្ឌការទូតពង្រឹងអំណាចគ្នាទៅវិញទៅមក ប៉ុន្តែការអនុវត្តជាក់ស្ដែងលើការអនុវត្តច្បាប់ និងបង្ក្រាបក្រុមឧក្រិដ្ឋជនគ្មានប្រសិទ្ធភាពឡើយ។ លោក គឹម សុខ អះអាងថា មូលហេតុដែលកម្ពុជាមិនអាចទប់ស្កាត់ និងបង្ក្រាបក្រុមឧក្រិដ្ឋជនចិនមួយចំនួនធ្វើអាជីវកម្មជួញដូរមនុស្សនៅកម្ពុជាដោយសារតែអំពើពុករលួយ និងមានអ្នកមានអំណាចនៅកាងពីក្រោយ។
លោក គឹម សុខ៖ «គ្មានប្រសិទ្ធភាពទេ លើវិធានការកម្ចាត់ពួកឧក្រិដ្ឋជនគ្រឿងញៀន ជួញដូរមនុស្ស ល្បែងស៊ីសង ជំនួញកខ្វក់ ដោយសារតែពួកឧក្រិដ្ឋជនមេឈ្មួញទាំងអស់នោះ សុទ្ធតែមានខ្នងបង្អែកធំៗជាមួយនឹងអ្នកដឹកនាំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ្នកខ្លះជាទីប្រឹក្សារបស់ លោក ហ៊ុន សែន អ្នកខ្លះទៀតសហការីជំនួញកូនចៅលោក ហ៊ុន សែន ក្រុមគ្រួសារ ហ៊ុន ឧកញ៉ា ត្រកូល ហ៊ុន ជាដើម»។
ពាក់ព័ន្ធនឹងរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសអន្តរជាតិក្នុងការទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្ម គឺមានសារៈសំខាន់។ លោកបន្តថា ថ្វីដ្បិតកន្លងមកសមត្ថកិច្ចកម្ពុជាបង្ក្រាបក្រុមឧក្រិដ្ឋជនពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងគ្រឿងញៀនជាហូរហែក្ដី ប៉ុន្តែក្រុមឧក្រិដ្ឋជននៅតែបន្តធ្វើសកម្មភាពដោយគ្មានការញញើតច្បាប់កម្ពុជានៅឡើយ។
លោក អំ សំអាត ៖ «មេធំៗនៃឧក្រិដ្ឋជនធំៗដូចជា មានបណ្ដាញចាក់ស្រេះក្នុងតំបន់ និងពិភពលោក ដែលទាមទារឱ្យកម្ពុជា មានការប្ដេជ្ញា និងតាំងចិត្តខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងអន្តរជាតិ បណ្ដាប្រទេសជិតខាង ដើម្បីធ្វើការចាប់នូវឧក្រិដ្ឋជនពាក់ព័ន្ធ។ ហើយត្រូវតែលុបបំបាត់នូវអំពើពុករលួយគ្រប់ទម្រង់រូបភាព ដែលពាក់ព័ន្ធជាមួយការជួញដូរមនុស្ស ជនណាក៏ដោយទោះបីជាមន្ត្រី ឬអ្នកណាក៏ដោយ ដែលពាក់ព័ន្ធនឹងអំពើពុករលួយត្រូវតែអនុវត្តតាមផ្លូវច្បាប់»។
អ្នកឃ្លាំមើលរូបនេះព្រួយបារម្ភថា កម្ពុជាអាចនឹងក្លាយជាជម្រកសម្រាប់ក្រុមឧក្រិដ្ឋជន ខណៈបទល្មើសជួញដូរមនុស្ស និងការជួញដូរមនុស្សគ្រឿងញៀនកំពុងក្លាយជាជំងឺរ៉ាំរ៉ៃក្នុងសង្គមខ្មែរ។ របាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថា គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចទទួលបានបណ្ដឹងពីជនរងគ្រោះជិត ៧រយករណី (៦៩២) ពីជនបរទេសជិត ១ពាន់ ៧រយនាក់ (១.៦៨២)។ ជនរងគ្រោះទាំងនោះរួមមាន ចិន (China) ជប៉ុន (Japan) ថៃ (Thailand) នេប៉ាល់ (Nepal) បង់ក្លាដេស (Bangladesh) ប៉ាគីស្ថាន (Pakistan) ម៉ាឡេស៊ី (Malaysia) មីយ៉ាន់ម៉ា (Myanmar) វៀតណាម (Vietnam) ឥណ្ឌូណេស៊ី (Indonesia) និងអាមេរិក ដែលពួកគេស្នើឱ្យសមត្ថកិច្ចជួយអន្តរាគមន៍សង្គ្រោះពួកគេពីឃុំឃាំងស្ថិតនៅទីតាំងផ្សេងៗគ្នាក្នុងនោះរួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្ដាល និងខេត្តមួយចំនួនទៀត។
ក្រសួងមហាផ្ទៃក៏បានអំពាវនាវដល់ស្ថានតំណាងបរទេសនានាប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ សហការផ្ដល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀតជូនសមត្ថកិច្ចកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលប្រកបដោយប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។