កម្ពុជា-ចិន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ទូរ​គមនាគមន៍

ដោយ ហេង រស្មី
2019.04.01
ស ខេង ៦២២ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង (ឆ្វេង) និង​មន្ត្រីជាន់ខ្ពស់​ចិន ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រទេស​ចិន ពី​ចុងខែ​មីនា ២០១៩។
រូប​ពី​ហ្វេសប៊ុក​លោក ស ខេង

លោក ស ខេង អះអាង​ថា ក្រសួង​មហាផ្ទៃ និង​ក្រសួង​ក្រសួង​សន្តិសុខ​ចិន​ព្រមព្រៀងគ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក តាម​ទូរគមនាគមន៍​នៅ​លើ​ទឹកដី​កម្ពុជា​។ សង្គម​ស៊ីវិល​យល់ថា បញ្ហា​នេះ បើ​អាជ្ញាធរ​កម្ពុជា​មិន​អនុវត្ត​ឱ្យ​ម៉ឺងម៉ាត់​នោះ​ទេ កម្ពុជា​នៅតែ​ជាទី​កន្លែង​ដ៏​កក់ក្ដៅ​សម្រាប់​ឧក្រិដ្ឋជន​អន្តរជាតិ ជាពិសេស​ជនជាតិ​ចិន​អាច​មាន​ឱកាស​សម្ងំ​ប្រព្រឹត្តិ​ឧក្រិដ្ឋ​នៅ​កម្ពុជា។

ក្រសួង​មហាផ្ទៃ និង​ក្រសួង​សន្តិសុខ​ចិន បាន​ផ្លាស់ប្ដូរ​ប្រតិភូ ដើម្បី​ដក​បទពិសោធន៍​ការងារ​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ដល់​កងកម្លាំង​អនុវត្ត​ច្បាប់​។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឱ្យ​ដឹង​តាម​បណ្ដាញ​សង្គម ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ថា ក្រៅពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​ឆបោក​តាម​មធ្យោបាយ​ទូរគមនាគមន៍​ភាគី​ទាំងពីរ​ក៏បាន​ព្រមព្រៀងគ្នា​លើ​ផែនការ​សកម្មភាព​សម្រាប់​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៤ និង​ផែនការ​នៃ​ការអនុវត្ត ច្បាប់​ឆ្នាំ​២០១៩។

ការ​ចុះ​តាម​បណ្ដាញ​សង្គម​នេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​វិលត្រឡប់​ពី​ប្រទេស​ចិន មកដល់​ប្រទេស​កម្ពុជា​វិញ ក្រោយពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​រយៈពេល​៤​ថ្ងៃ​កន្លងទៅ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ សង្កេត​ឃើញ​ថា សមត្ថកិច្ច​មូលដ្ឋាន​កម្ពុជា​មួយ​ចំនួន​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រង​ជនបរទេស​នៅឡើយ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់ថា ភាគី​រដ្ឋាភិបាល​កម្ពុជា​គួរ​មាន​មាន​វិធានការ​ម៉ឺងម៉ាត់​លើ​ជន​បរទេស​ណា​ដែល​ប្រព្រឹត្តិ​ល្មើស​នៅ​កម្ពុជា គួរតែ​ត្រូវ​ដាក់ទោស​ឱ្យ​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​ឱ្យ អស់​សិន​មុន​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ៖ «អនុស្សរណៈ​នៃ​យោគយល់​រវាង​កម្ពុជា​-​ចិន​ចំពោះ​ការ​បញ្ជូន​អ្នកទោស​ចិន​យក​ទៅ​អនុវត្ត​ទោស​នៅ​ចិន​វិញ​គួរតែ​ត្រូវ​បាន​ភាគី​ទាំងពីរ​ពិនិត្យមើល​លទ្ធភាព​ហ្នឹង​សម្រាប់​ចិន​គួរតែ​ឱ្យ​អនុវត្ត​ទោស​នៅ​ក្នុង​ទឹកដី​កម្ពុជា»

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រដ្ឋធានី ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣០ ខែ​មីនា តាម​ការ​អញ្ជើញ​របស់​ភាគី​ចិន។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក​បាន​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ចិន លោក ចាវ ឃើជឺ និង​មន្ត្រី​ជាន់ខ្ពស់​ចិន​មួយ​ចំនួន​ទៀត។

អ្នកវិភាគ​នយោបាយ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ យល់ថា នេះ​គ្រាន់តែ​ជា​ការ​បង្កើត​ព្រឹត្តិការណ៍​ធ្វើ​ឱ្យ​លោក ស ខេង ដែល​ជា​មេដឹកនាំ​ទី​២ របស់​កម្ពុជា​អាច​បាន​ទៅ​ជួប​មេដឹកនាំ​ចិន​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​របប​នេះ​អាច​គ្រប់គ្រង​អំណាច​បន្ត​ទៀត​បាន ប៉ុណ្ណោះ ដូច្នេះ​លោក​យល់ថា​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ម​ទូរគមនាគមន៍​គ្មាន ប្រសិទ្ធភាព​ទេ។ លោក គឹម សុខ ថា ការ​បង្ក្រាប​ឧក្រិដ្ឋ​ចិន​កន្លង​មក​នេះ​គឺ​របប​ក្រុងភ្នំពេញ គ្រាន់តែ​ធ្វើឡើង​ដើម្បី​បន្លំ​ភ្នែក​រាស្ត្រ​ប៉ុណ្ណោះ៖ «រូបភាព​នៃ​ការ​បង្ក្រាប​នេះ​គ្រាន់តែ​ជា​ការ​បន្លំ​ភ្នែក និង​សម្រួល​អារម្មណ៍​ខ្លះ​របស់​ពលរដ្ឋ​កម្ពុជា​ដែល​កំពុងតែ​បារម្ភ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្វី​ដែល​គេ​អនុវត្ត​បន្ត (របប​ក្រុងភ្នំពេញ) គឺ​ផែនការ​ក្នុង​ការ​សហការ​ចំពោះ​ជនជាតិ​ចិន​ទាំងឡាយ​ណា ដែល​មាន​លុយ​ចាយ​ធ្វើ​ឱ្យ​មាន​ចរន្ត​លុយ​នៅ​កម្ពុជា​គឺ​គេ​សហការ​ដើម្បី​ពង្រឹង​មុខ​មាត់ អំណាច ផលប្រយោជន៍​របស់​គេ តាមរយៈ​ជនជាតិ​ចិន​ទាំងអស់​នោះ​ហើយ»

កាលពី​ឆ្នាំ​២០១៨ អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ​បាន​បណ្ដេញ​ជនជាតិ​ចិន​ជាង ៧​រយ​នាក់ ចេញពី​កម្ពុជា ក្នុង​ចំណោម​ជនបរទេស​ដែល​ត្រូវ​បណ្ដេញ​ចេញ​ជិត ១​ម៉ឺន ៥​ពាន់​ (១៤.៩៦៥​នាក់) មាន​ចំនួន​៩១​សញ្ជាតិ។

ក្រសួង​មហាផ្ទៃ​ឱ្យ​ដឹង​ថា ពេលនេះ​មាន​ជនជាតិ​ចិន​ជាង ២០​ម៉ឺន​នាក់ កំពុង​រស់នៅ​និង​ធ្វើការ​នៅ​ប្រទេស​កម្ពុជា។ ទន្ទឹម​វត្តមាន​ដ៏​ច្រើន​នេះ​ពួកគេ​កំពុង​បង្ក​ជា​បញ្ហា​មួយ​ចំនួន​រួមមាន៖ អំពើ​ហិង្សា ចោរកម្ម​លួច ឆក់ ប្លន់ គ្រោះថ្នាក់​ចរាចរណ៍ ដណ្ដើម​ការងារ​តូចតាច​របស់​ពលរដ្ឋ​ខ្មែរ និង​ឧក្រិដ្ឋ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។