ភាគីផ្នែកកីឡាប្រទេសថៃ បានយល់ព្រមឱ្យកម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេម (SEA Game) ប្រើពាក្យ «គុនខ្មែរ» (Kun Khmer) ក្នុងវិញ្ញាសាប្រកួតកីឡានៃការប្រកួតស៊ីហ្គេមនាពេលខាងមុខ។ ការសម្រេចរបស់ថៃបែបនេះ ក្រោយពេលមានកិច្ចប្រជុំដែលមានការចូលរួមពីតំណាងសហព័ន្ធកីឡាក្បាច់គុន មកពីក្រុមប្រទេសក្នុងតំបន់អាស៊ាន នៅថ្ងៃទី២៦ ខែមករា ដើម្បីជជែកគ្នាទាក់ទងពាក្យគុនខ្មែរ។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន ឱ្យវិទ្យុអាស៊ីសេរី ដឹងនៅល្ងាចថ្ងៃទី២៦ ខែមករា ថា ភាគីរបស់ថៃ បានព្រមព្រៀងដូច្នេះ ក្រោយកម្ពុជាពន្យល់ថា ការដាក់ឈ្មោះគុនខ្មែរ នេះមិនបានប៉ះពាល់ឈ្មោះ ឬទម្រង់កីឡាមួយថៃ (Muay Thai) របស់ថៃនោះទេ។ លោកបន្តថា ដើម្បីកម្ពុជាអាចដាក់ឈ្មោះគុនខ្មែរនេះបាន លុះត្រាមាន ៤ប្រទេសយល់ព្រមចូលរួមប្រកួតក្នុងវិញ្ញាសានេះ ហើយមកដល់ពេលនេះ គឺមាន ៦ប្រទេសហើយ យល់ព្រមចូលរួមវិញ្ញាសាប្រកួតកីឡាក្បាច់គុន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
លោកឱ្យដឹងដែរថា ភាគីកម្ពុជាដែលជាម្ចាស់ផ្ទះ កំពុងរៀបចំដាក់ដាក់លិខិតទៅគណៈកម្មការអូឡាំពិកថៃ ដើម្បីឱ្យថៃជួយសម្រួលបញ្ជូនឈ្មោះកីឡាកររបស់ខ្លួនមកចូលរួម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។
លោក វ៉ាត់ ចំរើន៖ « យើងធ្វើក៏ស្របទៅតាមច្បាប់របស់កីឡាបទបញ្ញត្តិរបស់កីឡា ដែលម្ចាស់ផ្ទះមានសិទ្ធិក្នុងការចូលរួមប្រកួត ក៏ប៉ុន្តែត្រូវគោរពលក្ខខណ្ឌឱ្យមាន ៤ប្រទេសឡើង យើងដោះស្រាយដោយសន្តិវិធី។ យើងមិនមានការឆ្លើយតប ឬប្រឆាំងនឹងមតិសាធារណៈទេ។ អ៊ីចឹង ក៏សូមឱ្យមតិសាធារណៈរបស់យើង គួរតែស្ងប់ស្ងាត់ កុំបាច់សាចបាចទឹកដាក់គ្នា យើងគួរតែអភិវឌ្ឍអ្វី ដែលជារបស់យើង គេអភិវឌ្ឍអ្វី ដែលជារបស់គេ »។
ដំបូងឡើយភាគីថៃ មិនបានយល់ព្រមឱ្យកម្ពុជាប្រើពាក្យគុនខ្មែរនេះទេ ដោយថៃទាមទារឱ្យប្រើពាក្យមួយថៃដែលជាឈ្មោះកីឡាក្បាច់គុនប្រដាល់របស់ខ្លួន។
ប្រទេសទាំង៦យល់ព្រមចូលរួមវិញ្ញាសាគុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមរួមមាន ប្រទេសឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន និងប្រទេសវៀតណាម។ កម្ពុជានឹងរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលធ្វើនៅរាជធានីភ្នំពេញ ចាប់ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា។ ក្រៅពីវិញ្ញាសាគុនខ្មែរនៅមានវិញ្ញាសា៦០០ទៀត រួមទាំងវិញ្ញាសាសម្ដែងផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។