កម្ពុជា​បណ្ដេញ​ជនជាតិ​ថៃ ១១៩នាក់ ដែល​ធ្វើ​ប្រតិបត្តិការ​តាម​អនឡាញ​ខុសច្បាប់ នៅ​ក្នុង​ប្រទេស​កម្ពុជា

0:00 / 0:00

អាជ្ញាធរ​កម្ពុជាបណ្ដេញ​ជនជាតិ​ថៃ ចំនួន ១១៩នាក់ តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​អាជ្ញាធរ​អះអាង​ថា ពួកគេ​លួច​ចូល​ធ្វើ​ការងារ និង​ស្នាក់នៅ ខុសច្បាប់​ក្នុង​ទឹកដី​កម្ពុជា។ អាជ្ញាធរ​បញ្ជាក់​ថា ជនជាតិ​ថៃ​ទាំងនោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​អនឡាញ​ខុសច្បាប់។

បន្ទាប់ពី​អនុវត្ត​នីតិ​វិធី​សាកសួរ​អស់​រយៈពេល​មួយ​សប្ដាហ៍ ពេល​នេះ​អាជ្ញាធរ​កម្ពុជា បាន​សម្រេច​បណ្ដេញ​ជនជាតិ​ថៃ ចំនួន ១១៩នាក់ ឱ្យ​ត្រឡប់​ទៅវិញ​ហើយ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី១ ខែ​មីនា ឱ្យ​ដឹង​ថា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បណ្ដេញ​ជនជាតិ​ថៃ​ចំនួន ១១៩នាក់ ក្នុង​នោះ​មាន​ស្រី ៥៨នាក់ ចេញ​ពី​ប្រទេស​កម្ពុជា តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បន្ទាប់ពី​ពួកគេ​បាន​លួច​ចូល​ធ្វើ​ការងារ និង​ស្នាក់នៅ ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​នីតិវិធី​បញ្ជូន​ខ្លួន​ជនជាតិ​ថៃ​ទាំង ១១៩នាក់​នេះ មាន​ការ​ចូលរួម​ពី​មន្រ្តី​ពាក់ព័ន្ធ​របស់​កម្ពុជា និង​ថៃ។ ជនជាតិ​ថៃ​ទាំង ១១៩នាក់​នេះ ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​ត្រួតពិនិត្យ «ការ​បញ្ជូន​ថ្នាក់​ជាតិ (National Referral Mechanism)» នៅ​ខេត្ត​ស្រះកែវ ដើម្បី​ត្រួតពិនិត្យ​រាងកាយ និង​សុខភាព មុន​នឹង​បញ្ជូន​ទៅ​ឱ្យ​មន្ត្រី​ជំនាញ​បន្ត​នីតិវិធី​ស៊ើបសួរ ដើម្បី​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ ដែល​ត្រូវ​គេ​ឆបោក និង​ទទួល​ការ​ធ្វើ​ទារុណកម្ម និង​ប្រតិបត្តិករ ដែល​ស្ម័គ្រចិត្ត​ធ្វើ​ការងារ​ឆបោក​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍។

Cambodia_deports_119_Thais_involved_in_online_scam_thru_Poipet_030125_FB_MoI_2.jpgOpens in new window
ជនជាតិ​ថៃ ១១៩នាក់ ដែលអាជ្ញាធរ​កម្ពុជាបណ្ដេញចេញតាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី១ ខែមីនា ឆ្នាំ២០២៥ ដោយសារពួកគេ​លួច​ចូល​​ស្នាក់នៅ និង​ធ្វើ​ការងារ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​អនឡាញ​ខុសច្បាប់ក្នុង​ទឹកដី​កម្ពុជា។ រូប៖ ក្រសួងមហាផ្ទៃ (សូមចុចលើរូបថត​នេះ ដើម្បី​មើល​រូប​ផ្សេងទៀត)

ទោះជាយ៉ាងណា​ក៏ដោយ តាម​លទ្ធផល​បឋម​របស់​ប៉ូលិស​ប្រឆាំង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​របស់​ថៃ រក​ឃើញ​ថា ក្នុងចំណោម​ជនជាតិ​ថៃ​ទាំង ១១៩នាក់​នេះ មាន ៨នាក់​មាន​ដីកា​ចាប់ខ្លួន​ពី​តុលាការ​ថៃ ខណៈ ១០នាក់​ទៀត​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត ចំនួន ៤៦ករណី។

ជនជាតិ​ថៃ (Thai) ចំនួន ១១៩នាក់​នេះ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​ជាមួយ​ជនបរទេស​ផ្សេងទៀត សរុប​ចំនួន ២៣០នាក់ នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ឆបោក​តាម​អនឡាញ​ចំនួន ២ទីតាំង ស្ថិត​ក្នុង​ភូមិ​សាមគ្គីមានជ័យ សង្កាត់​ប៉ោយប៉ែត ដែល​ចំណាយ​ពេល ២ថ្ងៃ គឺ​នៅ​ថ្ងៃទី២២ និង២៣ ខែ​កុម្ភៈ ខណៈ​ពួកគេ​កំពុង​សំងំ​ធ្វើ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​ខុសច្បាប់ ដោយ​មាន​មេខ្លោង​ជា​ជនជាតិ​ចិន​ស្ថិត​ក្នុង​ស្ថានភាព​រស់នៅ​ធម្មតា។ អាជ្ញាធរ​រក​ឃើញ​ថា ជន​បរទេស​ទាំងនោះ បាន​ធ្វើដំណើរ​ចូល​មក កម្ពុជា មាន​ទាំង​ស្របច្បាប់ និង​ខុសច្បាប់ ក្នុង​គោលបំណង​រក​ការងារ ដែល​មាន​ចំណូល​ខ្ពស់ ដោយ​សកម្មភាព​ទាំងនេះ​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​អនឡាញ​ខុសច្បាប់។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទងអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ លោក សុខ វាសនា និង​អ្នកនាំពាក្យ​រង នៃ​ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដើម្បី​សាកសួរ​អំពី​នីតិវិធី ចំពោះ​ជនបរទេស​ផ្សេងទៀត បាន​នោះ​ទេ នៅថ្ងៃទី១ ខែ​មីនា។

អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ធ្លាប់​វិទ្យុ​អាស៊ី​សេរី ថា កន្លងមក​អាជ្ញាធរ បាន​សហការ​គ្នា​ជាមួយ​ប្រទេស​ជិតខាង និង​បាន​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​ជួញដូរ​មនុស្ស បាន​រាប់ពាន់​ករណី​មក​ហើយ ក៏ប៉ុន្តែ​កម្ពុជា​គ្មាន​បំណង​ផ្សព្វផ្សាយ​ករណី​ទាំងនោះ​ឡើយ ដោយសារ​កម្ពុជា​ចង់​រក្សា​ទំនាក់ទំនង​ផ្នែក​ការទូត និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​ដៃគូ។

ជុំវិញ​រឿង​នេះ អ្នកគ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ​ (LICADHO) នៅ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត សាទរ​ចំពោះ​អាជ្ញាធរ​កម្ពុជា ដែល​មាន​ស្នាដៃ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត និង​បណ្ដេញ​ជនសង្ស័យ​ទៅវិញ។ ក៏ប៉ុន្តែ លោក អ៊ិន គង់ជិត លើកឡើង​ថា លទ្ធផល​នេះ មិន​មាន​លក្ខណៈ​ធំដុំ​នោះ​ឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ចង្អុល​បង្ហាញ​របស់​ប្រទេស​ជិតខាង ពី​ទីតាំង​ឆបោក​ធំៗ​ជាច្រើន​កន្លែង ខណៈ​អាជ្ញាធរ មិន​ទាន់​ចាប់ខ្លួន​មេខ្លោង​ឧក្រិដ្ឋជន បាន​នៅឡើយ។

លោក អ៊ិន គង់ជិត៖«បើសិនជា​យើង ចាប់​បញ្ជូន​ទៅវិញ ហើយ​មិន​បាន​ចាប់​មេខ្លោង ឬក៏​ម្ចាស់​ទីតាំង​យក​ទៅ​ផ្ដន្ទាទោស​តាមច្បាប់ វា​នៅតែ​អត់​បាត់​ដដែល ហើយ​សកម្មភាព​ទាំង​នោះ​គ្រាន់តែ​ផ្អាក​មួយ​រយៈ​ហ្នឹងឯង។ តើ​ពួកគេ​បាន​ចូល​មក​ស្រុក​ខ្មែរ​តាម​ច្រក​ណា ខណៈ​មាន​មន្ត្រី​អន្តោប្រវេសន៍ បាន​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​ចំពោះ​ជនបរទេស​ទាំងឡាយ ដែល​ចូល​មក​ប្រទេស​កម្ពុជា ប្រកបមុខរបរ»។

ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​តាម​អនឡាញ​នេះ​ដែរ នៅ​ច្រក​ព្រំដែន ឆងចម (Chongchom) ខេត្ត​សុរិន្ទ (Surin) ជាប់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ អាជ្ញាធរ​ថៃ បាន​បើក​ប្រតិបត្តិការ​រឹត​បន្តឹង​ការ​ចេញចូល ដើម្បី​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។ ការ​រឹត​បន្តឹង​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ថៃ​រក​ឃើញ​ថា ក្រុម​ឧក្រិដ្ឋជន​ឆបោក​នៅ​តំបន់​ព្រំដែន​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) និង​ក្រុង​ប៉ោយប៉ែត បាន​ប្ដូរ​ទីតាំង​ទៅ​កាន់​កាស៊ីណូ​អូរស្មាច់ (O'Smach Resort and Casino) ជា​បន្តបន្ទាប់ ខណៈ​កាស៊ីណូ​នេះ កំពុង​សាងសង់​អាគារ​ជាច្រើន​កន្លែង​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។