ពលករ​​ថា​ ស្ថានទូត​ខ្មែរ​នៅ​ទីក្រុង​បាងកក​បន្ថែម​ម៉ោង​ធ្វើ​ការ​​ ជា​ការ​ដោះស្រាយ​មួយ​គ្រា​បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​ពលករ

0:00 / 0:00

ពលករ​ខ្មែរ​ធ្វើ​នៅ​ប្រទេស​ថៃ​សាទរ​ចំពោះ​វិធានការ​របស់​ស្ថាន​ទួត​ខ្មែរ​នៅ​ទីក្រុង​បាងកក ដែល​បាន​បន្ថែម​ម៉ោង​ធ្វើ​ការ​​របស់​ខ្លួន​ ដើម្បី​ជួយ​សម្រួល​ពលករ​បំពេញ​ឯកសារ​បាន​ឆាប់​នោះ។ ក៏​ប៉ុន្តែ​ពួក​គាត់ លើក​ឡើង​ថា វិធាន​ការ​នេះ​​គ្រាន់​តែ​ជា​ការ​បន្លំ​ភ្នែក​របស់​មន្ត្រី​ទូត​ធ្វើ​ឲ្យ​ល្អ​មើល​ដើម្បី​កែខ្លួន​ ដោយសារ​តែ​ថ្មីៗ នេះ​ពួក​គាត់​បាន​រិះគន់​មន្ត្រី​ទូត​មិន​យក​ចិត្ត​ទុកដាក់​បំពេញ​ការងារ​ជូន​ពលករ។

ពលករ​ខ្មែរ​នៅ​ខេត្ត​សមុទ្រ​ប្រាកាន (Samut Prakan) លោក វិន មករា ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៣១ មីនា​ថា ពួក​គាត់​នឹង​តាម​ដាន​ការ​ងារ​របស់​មន្ត្រី​ស្ថានទូត​បន្ត​ទៀត ព្រោះ​ជា​ទូទៅ​មន្ត្រី​ទូត​ខ្នះខ្នែង​ការងារ​ជួល​ដល់​ពលករ​នៅ​ពេល ដែល​ពួក​គាត់​ប្ដឹង​តវ៉ា ប៉ុន្តែ​មួយ​រយៈ​ក្រោយ​មក​ស្ថាន​ភាព​នៅ​ដដែល៖ «នេះ​បើ​អាច​​ទៅ​​រួច​សុំ​កុំ​យក​លុយ​ពី​ពលករ​ខ្មែរ​នៅ​ថៃ ព្រោះ​ពលករ​មិន​មែន​មក​កើប​លុយ​ទេ​ គឺ​ធ្វើ​ការ​លំបាក​ណាស់​ទម្រាំ​បាន​លុយ ២០០បាត​បង់​ឲ្យ​ទូត​ថ្លៃ​ណា​ស់​សម្រាប់​ពលករ ព្រោះ​ធ្វើ​ការ​មួយ​ថ្ងៃ​បាន​តែ ៣០០បាត​ទេ។ ដូច្នេះ​ទូត​គួរ​តែ​អាណិត​ដល់​ពលករ​ខ្មែរ​ផង »

ប្រតិកម្ម​របស់​ពលករ​ខ្មែរ​នៅ​ពេល​នេះ​ដោយសារ​កាល​ពី​ថ្ងៃ​ទី២៧ មីនា មន្ត្រី​ស្ថានទូត​បាន​ចេញ​ជូន​ដំណឹង​បន្ថែម​ម៉ោង​ធ្វើ​ការ​នៅ​ថ្ងៃ​សៅ និង​ថ្ងៃ​អាទិត្យ ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​រហូត​ដល់​ថ្ងៃ​ទី១៣ មីនា ដើម្បី​ជួយ​បំពេញ​ឯកសារ​ជូន​ពលករ​បាន​ត្រឡប់​ទៅ​លែង​ស្រុក​កំណើត​ក្នុង​ឱ្យ​កាស​បុណ្យ​ចូល​ឆ្មាំ​ប្រពៃណី​ខ្មែរ​បាន​ឆាប់រហ័ស។

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​រាក់យ៉ង (Rayong) លោក ឡេង ឡុង លើក​ឡើង​ថា មន្ត្រី​ទូត​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​បំពេញ​ការងារ​សម្រួល​ដល់​ពលករ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត មិន​មែន​ធ្វើ​ការ​ត្រឹម​តែ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ​ទេ ព្រោះ​ពួក​គាត់​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ត្រូវ​ការ​លិខិត​បញ្ជាក់​ពី​ស្ថាន​ទូត​ញឹក​ញាប់ ជា​ពិសេស ពលករ​ដែល​មាន​កូន​តូច​យក​ទៅ​ធ្វើ​ការ​ជា​មួយ គឺ​លំបាក​ក្នុង​ការ​ធ្វើ​លិខិត​ស្នាម​ពី​ទូត​ដោយ​​ត្រូវ​ចំណាយ​ពេល​អស់​ជា​​ច្រើន​ថ្ងៃ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។