កម្ពុជា-ឡាវ៖ ការបោះបង្គោលព្រំដែនសម្រេចបាន ៨១%
2014.02.28
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្ដេជ្ញាជំរុញការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរឲ្យបានឆាប់ចប់ ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងពលរដ្ឋប្រទេសទាំងពីរកាន់តែប្រសើរនាថ្ងៃអនាគត។ សម្រាប់មេដឹកនាំគណបក្សប្រឆាំង បានរិះគន់ចំពោះសកម្មភាពបោះបង្គោលព្រំដែនរបស់រដ្ឋាភិបាលកន្លងមក ដោយអះអាងថា មិនបានបើកទូលាយឲ្យសង្គមស៊ីវិល ឬគណបក្សប្រឆាំងបានចូលរួមទេ។
មន្ត្រីនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ឯក ថា បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី បានជួបជាមួយ លោក ប៊ុនគៀត សាំងស៊ុមសាក់ (Bounkeat Sangsomsak) អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈប្រតិភូកិច្ចការព្រំដែនប្រទេសឡាវ ដោយបានលើកឡើងពីភាពជោគជ័យនៃការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។
លោក ឯក ថា បានសង្ខេបខ្លឹមសារក្រោយជំនួប ប្រាប់អ្នកកាសែតថា កិច្ចប្រជុំកិច្ចការងារព្រំដែនរវាងកម្ពុជា-ឡាវ លើកទី៦ នៅសប្ដាហ៍នេះ ប្រទេសទាំងពីរបានសម្រេចបានលទ្ធផលជាង ៨០%។ ហើយបង្គោលនៅសល់ នឹងពិភាក្សាគ្នាឲ្យបានចប់សព្វគ្រប់ក្នុងពេលដ៏ឆាប់ខាងមុខ៖ «កិច្ចការព្រំដែនដែលយើងបានធ្វើកន្លងមកជាមួយប្រទេសឡាវ គឺទទួលបានលទ្ធផល ៨១% និងនៅសល់ ១៩% ទៀត យើងកំពុងបន្តការងារនេះទៀត។ ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានពេញចិត្តការងារព្រំដែន ដែលដឹកនាំដោយ លោក វ៉ា គឹមហុង រយៈពេលកន្លងមក»។
លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា-ឡាវ បានលើកឡើងនៅក្នុងកិច្ចប្រជុំលើកទី៦ រវាងគណៈកម្មការព្រំដែនកម្ពុជា-ឡាវ កាលពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ថា កម្ពុជា-ឡាវ បានបោះបង្គោលព្រំដែនជាស្ថាពរបានចំនួន ១២១បង្គោល ក្នុងចំនួនសរុប ១៤៥បង្គោល។ លោកបន្តថា បង្គោលព្រំដែនដែលនៅសល់ ប្រទេសទាំងពីរនឹងបង្កើតក្រុមការងារចុះត្រួតពិនិត្យលើដីជាក់ស្តែង ដើម្បីដោះស្រាយភាពរាំងស្ទះឲ្យបានរួចរាល់ក្នុងពេលឆាប់ៗ។
យ៉ាងណាក៏ដោយ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងរិះគន់ថា ការបោះបង្គោលកំណត់ព្រំដែនគោករបស់រដ្ឋាភិបាលកន្លងមក មិនអាចទទួលយកបានទេ ព្រោះគ្មានការចូលរួមពីមន្ត្រីសង្គមស៊ីវិល ឬបក្សប្រឆាំងឲ្យបានទូលំទូលាយទេ។ ជាងនេះ ការបោះបង្គោលព្រំដែនកន្លងមក បាននាំឲ្យបាត់បង់ដីបង្កបង្កើនផលរបស់ប្រជាពលរដ្ឋតាមព្រំដែនជាច្រើនគ្រួសារថែមទៀត៖ «យើងសង្កេតឃើញកន្លងមក បញ្ហាបោះបង្គោលព្រំដែន ជាពិសេសជាមួយវៀតណាម ហ្នឹង គឺច្រើនតែបោះទៅលើដីស្រែចម្ការ និងភូមិដ្ឋានរបស់ប្រជាពលរដ្ឋ។ ហើយពេលណាដែលគណបក្សប្រឆាំងប្រតិកម្មទៅរដ្ឋាភិបាលចេះតែរករឿង។ អ៊ីចឹង ដើម្បីជៀសវាងដើម្បីកុំឲ្យមានបញ្ហា ខ្ញុំថា គួរតែយើងបើកធ្វើឲ្យមានតម្លាភាពទាំងអស់គ្នា»។
យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលបានអះអាងថា គ្រោងនឹងបញ្ចប់សកម្មភាពបោះបង្គោលព្រំដែនជាមួយប្រទេសឡាវ ឲ្យចប់ជាស្ថាពរក្នុងពេលឆាប់ៗ ប៉ុន្តែមិនបានបញ្ជាក់ឆ្នាំឲ្យពិតប្រាកដទេ។ មន្ត្រីឲ្យដឹងថា ក្រុមការងារព្រំដែនប្រទេសកម្ពុជា និងឡាវ បានផ្អាកកិច្ចពិភាក្សាគ្នាអស់រយៈពេលជាង ១០ឆ្នាំកន្លងទៅ៕