យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់​រដ្ឋាភិបាល «អាច​សម្រេច​បាន​លុះត្រា​តែ​មាន​ឆន្ទៈ និង​តាំង​ចិត្ត​ខ្ពស់»

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ការ​ដាក់​ចេញ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លើកទី១០ ជា​ការ​ល្អ​ប្រសើរ លើ​គោលនយោបាយ​ចំនួន​៩​លើក ដែល​បាន​អនុវត្ត​កន្លងទៅ ។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល នៅ​ថ្ងៃទី១២ កុម្ភៈ បាន​បង្ហាញ​ពី​ផែនការ ស្ដីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើទី១០ សម្រាប់​ឆ្នាំ២០២៥។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ថា គ្រឿងញៀន នៅ​តែ​ជា​ក្ដី​បារម្ភ​មួយ​របស់​កម្ពុជា ខណៈ​គ្រឿងញៀន កំពុង​ក្លាយ​មូលហេតុ​ចំបង​មួយ ក្នុង​ការ​បំផ្លាញ​ធនធាន​មនុស្ស និង​ថវិកាជាតិ។

មន្ត្រី​អនុវត្ត​ច្បាប់ «ត្រូវ​តែ​នៅ​ឱ្យ​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន»

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី១២ ខែ​កុម្ភៈ​ថា ក្នុង​យុទ្ធនាការ​ចំនួន ៩​លើក​នា​ពេល​កន្លង​ទៅ អាជ្ញាធរ​បាន​ឃាត់ខ្លួន​មនុស្ស​ជាច្រើន ខណៈ​ពន្ធនាគារ​មាន​ជន​ជាប់​ឃុំ​ភាគ​ច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿងញៀន ។ លោក​បន្ត​ថា ដើម្បី​ឲ្យ​យុទ្ធនាការ​នេះ មាន​ប្រសិទ្ធភាព​លុះ​ណា​តែ​រដ្ឋាភិបាល​លុប​បំបាត់​អំពើ​ពុករលួយ និង​អនុវត្ត​ច្បាប់​ប្រកប​ដោយ​តម្លាភាព។

លោក អំ សំអាត៖«ដើម្បី​ឲ្យ​យុទ្ធនាការ​លើកទី១០ របស់​រាជរដ្ឋាភិបាល​នេះ មាន​ប្រសិទ្ធភាព ទាល់តែ ទី១ គឺ​មន្ត្រី​ដែល​អនុវត្ត​ទាំង​អស់​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ព្រោះ​កន្លង​ទៅ​យើង​ឃើញ​ថា ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ចាប់ផ្ដើម​ធ្វើ​តេស​ទៅ​លើ​បញ្ហា​គ្រឿងញៀន​លើ​មន្ត្រី​មួយ​ចំនួន ហើយ​មន្ត្រី ដែល​ពាក់ព័ន្ធ ក៏​ត្រូវ​មាន​ការ​អនុវត្ត​ច្បាប់​មួយ​ចំនួន​ដែរ អីចឹង​ត្រូវតែ​នៅ​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន ។ បើសិនជា មន្ត្រី​អនុវត្ត​ច្បាប់​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន នោះ​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន​នេះ គឺ​ពិបាក»។

ចាប់គ្រឿងញៀន​ជិត​៤៣តោន និងសារធាតុ​គីមី​ផ្សំជិត៦០០តោន

ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល នៅ​ថ្ងៃទី១២ ខែ​កុម្ភៈ ចេញ​នូវ​ផែនការ​របស់​រដ្ឋាភិបាល ក្នុង​ការ​បន្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់ សម្រាប់​ឆ្នាំ២០២៥។

អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា យុទ្ធនាការ​នេះ មាន​គោលដៅ កាត់​បន្ថយ​ផល​ប៉ះពាល់ នៃ​គ្រឿងញៀន បង្កើន​សុខុមាលភាព និង​សុវត្ថិភាព​ជូន​ពលរដ្ឋ និង​ការពារ​កិត្តិយស​ជាតិ តាមរយៈ​ការ​ដាក់​ចេញ​នូវ​វិធានការ​ជាក់​ចំនួន៦ ចំណុច​រួមមាន វិធានការ​អប់រំ វិធានការ​រដ្ឋបាល វិធានការ​ព្យាបាល ស្ដារ​នីតិសម្បទា និង​សមាហរណកម្ម និង​វិធានការ​អនុវត្ត​ច្បាប់​ជាដើម។

អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ឲ្យ​ដឹង​ថា ក្នុង​យុទ្ធនាការ​ចំនួន៩លើក ចាប់​ពី​ឆ្នាំ២០១៧ ដល់​ឆ្នាំ២០២៤ អាជ្ញាធរ​បាន​បិទ​ទីតាំង​អាជីវកម្ម​ចំនួន ៤៨ កន្លែង ចាប់​ខ្លួន​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​រាប់​ម៉ឺន​នាក់ ចាប់​យក​គ្រឿង​ញៀន​គ្រប់​ប្រភេទ​ជិត ៤៣​តោន (៤២.៨៤៨គីឡូក្រាម) និង​សារធាតុគីមី​ផ្សំ​ជិត ៦០០តោន (៥៩៦.៣៩៩គីឡូក្រាម)។ ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្នុង​យុទ្ធនាការ​នេះ អាជ្ញាធរ​បាន​បញ្ជូន​ជនរងគ្រោះ ប្រើប្រាស់​គ្រឿងញៀន ទៅ​ទទួលការ​ព្យាបាល និង​ស្ដារ​នីតិសម្បទា​ជិត ១៥ម៉ឺន​នាក់ (១៤៥.៧៩០)។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១២ ខែ​កុម្ភៈ។

តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ហាញ​ថា នៅ​ក្នុង​មួយ​ឆ្នាំ​២០២៤ កម្ពុជា​បាន​រឹប​អូស​គ្រឿងញៀន​ខុស​ច្បាប់​ជិត ១៥ (១៤,៧) តោន ដែល​ចំនួន​នេះ បាន​កើនឡើង​ជិត ៤រយ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ២០២៣ ដែល​អាជ្ញាធរ​បាន​រឹបអូស​គ្រឿងញៀន​ជិត៣តោន (២.៩៨៨គីឡូក្រាម)។ ចំណែក​ជនសង្ស័យ ដែល​ត្រូវ​បាន​អាជ្ញាធរ ឃាត់​ខ្លួន​ក្នុង​ឆ្នាំ២០២៤ គឺ​ជិត ២​ម៉ឺន ៦​ពាន់​នាក់ ដែល​ចំនួន​នេះ បាន​កើន​ឡើង​ប្រមាណ​៣០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ដែល​អាជ្ញាធរ​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ជាង​២ម៉ឺននាក់ (២០.០០២)។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក អំ សំអាត ស្នើ​ដល់​អាជ្ញាធរ ឲ្យ​ចាត់ទុក​អ្នក​ប្រើប្រាស់​គ្រឿងញៀន ជា​ជន​រងគ្រោះ និង​អនុវត្ត​ច្បាប់​ប្រកប​ដោយ​តម្លាភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។