អាជ្ញាធរ​កម្ពុជា​រុះរើ​អគារ​កាស៊ីណូ​ហ្គ្រេនដាយមិន ​ក្រោយ​បិទ​បញ្ចប់​ការ​រុករក​ ខណៈ​អាជ្ញាធរ​ថៃ​មើល​ឃើញ​ថា ​ខ្វះ​ការ​ទទួលខុសត្រូវ

ដោយ សុជីវី
2023.01.04
អាជ្ញាធរ​កម្ពុជា​រុះរើ​អគារ​កាស៊ីណូ​ហ្គ្រេនដាយមិន ​ក្រោយ​បិទ​បញ្ចប់​ការ​រុករក​ ខណៈ​អាជ្ញាធរ​ថៃ​មើល​ឃើញ​ថា ​ខ្វះ​ការ​ទទួលខុសត្រូវ ទិដ្ឋភាពអាជ្ញាធរ​កម្ពុជា​​អន្តរាគម​​ក្រោយ​ហេតុការណ៍​ឆេះ​កាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី (Grand Diamond City) កាលពីថ្ងៃទី៣០ ធ្នូ ២០២២។
រូប៖ ហ្វេសប៊ុកស្នងការខេត្ត​បន្ទាយមានជ័យ

អាជ្ញាធរ​កម្ពុជា​បាន​រុះរើ​កាស៊ីណូ​ហ្គ្រេនដាយមិន ស៊ីធី (Grand Diamond City) នៅ​ក្រុង​ប៉ោយប៉ែត​ ​បន្ទាប់ពី​បិទ​បញ្ចប់​ការស្រាវជ្រាវ​រុករក ​ខណៈ​ក្រុម​គ្រួសារ​​​ដែល​មាន​សមាជិក​បាត់ខ្លួន​នៅ​ក្នុង​កាស៊ីណូ​នោះ ​បង្ហាញ​ក្ដី​អស់សង្ឃឹម​ចំពោះ​ការស្រាវជ្រាវ​នោះ។ អាជ្ញាធរ​ថៃ​មើល​ឃើញ​ថា អាជ្ញាធរ​កម្ពុជា​ធ្វើ​ការ​មិន​អស់​ពី​សមត្ថភាព ​និង​ខ្វះ​ការ​ទទួលខុសត្រូវ។

អាជ្ញាធរ​កម្ពុជា​កំពុង​រុះរើ​អគារ​កាស៊ីណូ ហ្ក្រេនដាយមិន ស៊ីធី ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​កាល​ពី​យប់​ថ្ងៃទី២៨ ​ធ្នូ ​ឆ្នាំ២០២២ ​និង​ស្នើសុំ​អ្នក​ជំនាញ​មក​ពី​ខាង​ភាគី​ថៃ ​ដើម្បី​វាយ​តម្លៃ​ពី​ស្ថានភាព​អគារ​នេះ ​ក្នុង​បំណង​យក​ទីតាំង​សាងសង់​អគារ​ថ្មី។
អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ​លោក សេក សុខុម ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី៤ ​មករា ​ថា ​អាជ្ញាធរ​បាន​ចាប់ផ្ដើម​រុះរើ​អគារ​ទាំង​បី​ខ្នង​នោះ ​តាំង​ពី​ថ្ងៃទី​២ ​មករា​មក។ លោក​អះអាង​ថា ​ក្រុម​ការងារ​បាន​រក​ឃើញ​ទូដែក​ផ្ទុក​លុយ​ចំនួន​៧ទូ ​តែ​មិន​ឃើញ​អ្នក​រង​របួស ​ឬ​សព​អ្នករងគ្រោះ​បន្ថែម​ទៀត​ឡើយ។

លោក សេក សុខុម៖ «កន្លែង​ហ្នឹង​គេ​ព័ទ្ធ​ដូច​ការដ្ឋាន ​គេ​ព័ទ្ធ​បិទ​ឱ្យ​ជិតទៅ ​ហើយ​គណៈកម្មការ​បច្ចេកទេស​វិស្វករ​គេ​នៅ​ហ្នឹង ​ហើយ​គេ​យក​គ្រឿងចក្រ​ទៅ​ផ្ដួល​វ៉ៃ»
អគ្គីភ័យ​នៅ​កាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី កើតឡើង​កាលពី​យប់​ថ្ងៃទី២៨ ​ខែធ្នូ ​ឆ្នាំ២០២២ ​បាន​បំផ្លាញ​អគារ​ចំនួន​បី​ខ្នង ​គឺ ​អគារ​ក្រុមហ៊ុន​ ហ្គ្រេន ដាយមិន ស៊ីធីចំនួន២ ​និង​ផ្នែក​ខ្លះ​នៃ​អគារ​កាស៊ីណូ​ប៉ោយប៉ែត​ស៊ីធី។

មក​ដល់​ពេល​នេះ​សាច់ញាតិ​អះអាង​ថា មាន​អ្នកធ្វើការ​នៅ​អគារ​ទាំងនេះ​ចំនួន ១២នាក់​បាត់ខ្លួន ​ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ ​៣នាក់ ​និង​ពលរដ្ឋ​ថៃ ​៩នាក់។
ពលរដ្ឋ​ម្នាក់ ​លោក ​ឃឹម វង្ស ឱ្យ​ដឹង​ថា ​លោក​កំពុង​ស្វែង​រកប្រពន្ធ​របស់​លោក ​គឺ​លោកស្រី ​សំ ស្រីមុំ​ ​ដែល​បាន​បាត់ខ្លួន​តាំងពី​ថ្ងៃកើត​ហេតុ។ លោក​អស់សង្ឃឹម​នឹង​អាជ្ញាធរ​ក្នុង​ការស្វែងរក​សាកសព​ប្រពន្ធ​លោក ​បន្ទាប់ពី​លោក​ដឹង​ថា​អាជ្ញាធរ​រក​ឃើញ​តែ​ទូ​ដាក់លុយ ​ជំនួស​ឱ្យ​មនុស្ស​ដែល​បាត់ខ្លួន។

លោក ​ឃឹម វង្ស «ខ្ញុំ​ទៅ​សួរ​គេ​ប៉ុន្មាន​ដង​ដែរ ​គេ​ថា​ចាំ​មើល​ថ្នាក់លើ​គេ​រៀបចំ។ ខ្ញុំ​មិន​ដឹង​និយាយ​ម៉េច​ទេ​បង! ពិបាក​ដែរ​គេ​អត់​គិត​អាយុជីវិត​មនុស្ស​ផង ​គេ​គិតតែ​លុយៗ​រហូត​អ៊ីចឹង»

កម្លាំង​សមត្ថកិច្ច​កម្ពុជា ​និង​ថៃ ​បាន​សម្រេច​បិទ​បញ្ចប់​ប្រតិបត្តិការ​រយៈពេល២ថ្ងៃ​រុករក​ជនរងគ្រោះ ​នៅ​ថ្ងៃទី៣០ ​ខែធ្នូ ​ដោយ​រក​ឃើញ​អ្នក​ស្លាប់​សរុប ​២៦នាក់ ​ក្នុង​នោះ​សាកសព​ជនរងគ្រោះ ​២៥ នាក់​ត្រូវ​បាន​រក​ឃើញ​នៅកន្លែង​កើតហេតុ ​និង​ម្នាក់ទៀត​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ។ ជនរងគ្រោះ​ទាំងនោះ ​រួម​មាន​ជនជាតិ​ថៃ(Thai) ​ម៉ាឡេស៊ី​(Malaysia) ​នេប៉ាល់(Nepal) ​ចិន(China) ​និង ​៦ នាក់​ទៀត​មិនទាន់​ដឹង​អត្តសញ្ញាណ​នៅឡើយ។ កាលពី​ដំបូង ​អាជ្ញាធរ​អះអាង​ថា​អ្នក​ស្លាប់​ទាំង​២៦នាក់ ​គ្មាន​ពលរដ្ឋ​ខ្មែរ​ឡើយ។ ប៉ុន្តែ​ក្រោយមក ​អាជ្ញាធរ​លើកឡើង​ថា ​សព​ជនរងគ្រោះ​ទាំង ៦ នាក់​មិន​ទាន់​ដឹង​អត្តសញ្ញាណ​នោះ ​មាន ​៣ នាក់​អាច​ជា​ជន​ជាតិខ្មែរ ​ដែល​គ្រួសារ​របស់​ពួកគាត់​កំពុង​ស្វែងរក។

ជុំវិញ​បញ្ហា​នេះ ​អភិបាល​រង​ស្រុក​អារញ្ញ (Aranyaprathet) ​លោក ថាវ៉ាត់ឆៃ ប៊ុនសេង (Thawatchai Bunseng) ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​អាជ្ញាធរ​កម្ពុជា ​គួរតែ​មាន​ការទទួលខុសត្រូវ​ល្អ​​​ជាង​នេះ ​ដើម្បី​ស្វែងរក​សព​ជនរងគ្រោះ​ដែល​បាត់ខ្លួន។ លោក​ថា ​ករណី​នេះ​ធ្វើ​ឱ្យ​គ្រួសារ​ជនរងគ្រោះ ​កាន់តែ​ឈឺចាប់​បន្ថែម​ពីលើ​ការ​បាត់បង់​សាច់ញាតិ​ហើយ ​តែ​រក​ធាតុ​ធ្វើបុណ្យ​គ្មាន។ ទោះជា​យ៉ាងណា ​លោក​បញ្ជាក់​ថា ​ខាង​ភាគី​ថៃ​គោរព​អធិបតេយ្យភាព ​និង​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាធរ​កម្ពុជា។

លោក ថាវ៉ាត់ឆៃ ប៊ុនសេង«ប្រសិនបើ​រក​មិន​ឃើញ​សាកសព​ទេ ​ខាង​ភាគី​ថៃ​មានតែ​កំណត់​ថា ​ជនរងគ្រោះ​ទាំងនេះ​បាត់ខ្លួន។ វា​ជា​តួនាទី​អាជ្ញាធរ​កម្ពុជា​ដែល​ត្រូវ​ទទួលខុសត្រូវ ​ក្នុង​ការស្វែងរក​អ្នក​បាត់ខ្លួន ​ថែរក្សា ​សាកសព ​និង​វត្ថុ​តាង​ដែល​រក​ឃើញ។ ខាង​ភាគី​កម្ពុជា​នឹង​ដោះស្រាយ​បែប​ណា ​ក៏​ជា​ច្បាប់​របស់​កម្ពុជា ​ចំពោះ​ភាគី​ថៃ ​មានតែ​បន្ត​រង់ចាំ​ប៉ុណ្ណោះ។ យើង​មិន​អាច​ឆ្លង​ទៅ​រក​ដោយខ្លួនឯង​បានទេ ​ព្រោះ​ជា​ទឹកដី​កម្ពុជា ​បើ​អាជ្ញាធរ​កម្ពុជា​ប្រាប់​ថា​បញ្ចប់​ការរុករក ​គឺ​មានតែ​ឈប់»

តែ​ទោះជា​យ៉ាងណា ​ក្រុម​អ្នករុករក​ខាង​ភាគី​ថៃ ​ក៏​ធ្លាប់​ចោទប្រកាន់​អាជ្ញាធរ​កម្ពុជា​ដែរ ​ទាក់ទង​នឹង​ការ​បិទបាំង​ព័ត៌មាន ​និង​បកស្រាយ​ខុស​ពី​ការពិត ​រឿង​ការ​បិទ​បញ្ចប់​ការរុករក​ជនរងគ្រោះ។
ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា ​យល់​ឃើញ​ថា ​អាជ្ញាធរ​គួរ​បន្ត​ការ​ស៊ើបអង្កេត ​និង​ស្រាវជ្រាវ​ករណី​អគ្គីភ័យ​មួយ​នេះ​ឱ្យ​ល្អិតល្អន់ ​ដើម្បី​ស្វែងរក​អ្នកទទួលខុសត្រូវ ​ពិសេស​អ្នក​ដែល​បាត់ខ្លួន​ក្នុង​ហេតុការណ៍​នោះ។ លោក​បន្ត​ថា ​ការ​បន្ត​ការស្រាវជ្រាវ​រុករក ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការទទួលខុសត្រូវ​របស់​អាជ្ញាធរ​កម្ពុជា ​និង​ដើម្បី​ឱ្យ​អ្នក​ដែល​បាត់បង់​សមាជិក​គ្រួសារ​ស្ងប់ចិត្ត។

លោក នី សុខា«ពីព្រោះ​អា​ហ្នឹង​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការទទួលខុសត្រូវ​ទៅលើ​បញ្ហា​សំណង​ជាពិសេស ​ព្រោះថា បើ​មនុស្ស​បាន​បាត់បង់ជីវិត ​ទ្រព្យសម្បត្តិ​បាន​ខូចខាត​ទៅ​ហើយ​ចុងក្រោយ​វា​ត្រូវតែ​មានការ​ដោះស្រាយ ​មាន​អ្នកទទួលខុសត្រូវ​បញ្ហា​សំណង»

មហាជន​ទូទៅ ​និង​ពលរដ្ឋ​បាត់​សមាជិក​គ្រួសារ ​រួម​ទាំង​ភាគី​អាជ្ញាធរ​ប្រទេស​ថៃ ​បង្ហាញ​ការ​អស់សង្ឃឹម​ទៅលើ​អាជ្ញាធរ​កម្ពុជា ​ដែល​សម្រេច​បិទ​កា​រសើប​អង្កេត​ត្រឹម​រយៈពេល​២ថ្ងៃ។ ពួកគាត់​លើកឡើង​ថា ​អាជ្ញាធរ​កម្ពុជា​ខ្វល់ខ្វាយ​តែ​ពី​ប្រយោជន៍​របស់​ថៅកែ​ក្រុមហ៊ុន ​មិន​យកចិត្តទុកដាក់​បន្ត​ការរុករក​អ្នក​បាត់ខ្លួន ​ដែល​បាន​បន្សល់​ភាព​សោកសៅ ​និង​មិនអស់ចិត្ត ​សម្រាប់​ប្រជាជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។