ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​ចោទ​មន្ត្រី​​ខ្មែរ​នៅ​ប៉ោយប៉ែត​ថា គប់គិត​ជាមួយ​ថៃ​គំរាម​យកលុយ​ពួកគាត់

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ចោទ​មន្ត្រី​ប៉ូលិស​ខ្មែរ​-​ថៃ នៅ​ច្រក​ប៉ោយប៉ែត ថា បាន​គប់គិត​គ្នា​គំរាម​យក​លុយ​ពួកគាត់ ចន្លោះ​ពី ៤​ពាន់ ទៅ​៥​ពាន់​បាត ដែល​ស្មើ​ជាង ៤០​ម៉ឺន​រៀល ទៅ​៥០​ម៉ឺន​រៀល ទើប​ទទួល​បាន​លិខិត​ឆ្លងដែន​ថ្មី​។ ការ​ទាមទារ​លុយ​ពី​មន្ត្រីប៉ូលិស​ខ្មែរ​-​ថៃ នេះ ក្រោម​ហេតុផល​ថា ពលករ​ទាំងនោះ មិន​បាន​វាយ​បិទ​សញ្ញា​មេដៃ លិខិតឆ្លងដែន​ចាស់​ដែល​ផុត​កំណត់ ។ ពួកគាត់​ថា ដើម្បី​ទទួលបាន​លិខិតឆ្លងដែន​ថ្មី គឺ​តម្រូវ​បង់​លុយ​ជាមុន។ មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ជំរិត​ទារ​លុយ​របស់​មន្ត្រី​នេះ គឺជា​ទង្វើ​ខុស​ច្បាប់​ដែល​រដ្ឋាភិបាល ត្រូវតែ​ចាត់​វិធានការ​ជា​បន្ទាន់។

ពលរដ្ឋ​ខ្មែរ ជាទូទៅ ដែល​ធ្វើលិខិត​ឆ្លងដែន​ថ្មី តាមរយៈ​ក្រុមហ៊ុន នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅក្រៅ​ប្រទេស ភាគច្រើន​មាន​ជាប់​ស្នាម​មេដៃ លើ​លិខិតឆ្លងដែន​ចាស់ ហើយ​ករណី​នេះ​តម្រូវឱ្យ​ពលករ បង់លុយ​ឱ្យ​ទៅ​មន្ត្រី​បន្ថែម​ទៀត លើ​ថ្លៃ​ធ្វើ​លិខិត​ឆ្លងដែន។ ជាក់ស្ដែង ពលករ​ម្នាក់​ត្រូវ​ចំណាយ ២​ម៉ឺន ២​ពាន ទៅ​១​ម៉ឺន ៨​ពាន់​បាត ឬ​ជាង ៥០០​ដុល្លារ ទៅ​៧០០​ដុល្លារ លើ​ថ្លៃ​ធ្វើលិខិត​ឆ្លងដែន និង​ទិដ្ឋាការ (Visa) ការងារ​រួម និង​ថវិកា​ផ្ដល់​ក្រៅផ្លូវការឱ្យ​ទៅ​មន្ត្រី​ប៉ូលិស ប្រចាំ​ច្រកព្រំដែន ផ្សេងៗ​ទៀត​។ ករណី​នេះធ្វើ​ឱ្យ​ពលរដ្ឋ​ភាគច្រើន​ជួប​ការ​លំបាកព្រោះ​ថា លុយ​ទាំងនោះ ពួកគាត់​ខ្ចី ធនាគារ​ដើម្បី​ចំណាយ។

ពលករ​ម្នាក់មក ពី​ខេត្ត​បន្ទាយមានជ័យ លោកស្រី ខៀវ ផានី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា ថា កាល​ពី​ថ្ងៃទី​១២ ខែ​កញ្ញាកន្លង​ទៅ​នេះ លោកស្រី និង​ប្ដី បាន​ធ្វើ​លិខិត​ឆ្លងដែន​ថ្មី តាមរយៈ​ក្រុមហ៊ុន អ៊ែន អេស៊ា ថបស្ពីដ លេប័រ សីបផ្លាយ ឯ.ក (Ann Asia Top Speed Labour Supply CO.LTD) ក្រោយ​ពី​លិខិតឆ្លងដែន​ចាស់​របស់​លោក​ស្រី បាន​ផុត​កំណត់។ បន្ទាប់​មក លោកស្រី និង​ប្ដី​បាន ថតរូប និង​បំពេញ​ឯកសារ​រួចរាល់ ហើយ​យក​លិខិត​ថ្មី ទៅ​វាយ​ទិដ្ឋាការ ចូល​ប្រទេស​ថៃ ប៉ុន្តែ មន្ត្រី​ប៉ូលិស​ថៃ នៅ​ច្រក​ប៉ោយប៉ែត​បាន​ឱ្យ​ដឹង​ថា ជាប់​សញ្ញា​មេដៃ លើ​លិខិត​ចាស់ តម្រូវ​ឱ្យ​វាយ​បិទ​ពី ខ្មែរ​ជាមុន ទើប​អាច​ចូល​ប្រទេស​ថៃ​បាន។

លោកស្រី​រួម​នឹង​ពលករ​ប្រមាណ​១០​នាក់ ផ្សេង​ទៀត ដែល​ជួប​បញ្ហា​ដូចគ្នា​ដែរនោះ ត្រឡប់​មក​ច្រកព្រំដែន​ខ្មែរ​វិញ​ដើម្បី​វាយ​បិទ។ ប៉ុន្តែ មន្ត្រី​ប៉ូលិស​ខ្មែរ​ប្រចាំ​ព្រំដែន ប៉ោយប៉ែត បាន​នាំ​ពួកគាត់ ទៅ​កន្លែង​ស្ងាត់​ឱ្យ​បង់លុយ​ក្នុង​ម្នាក់ ៤​ពាន់​បាត់ ដែល​ស្មើ​ជាង ១០០​ដុល្លារ ប្រសិនបើ​ពុំ​ព្រម​បង់​ទេ​នោះនឹង​ត្រូវ​ចោទ​ប្រកាន់​ថា ចូល​ប្រទេស​ថៃ ដោយ​ខុសច្បាប់ និង​ពុំ​ទទួល​បាន​លិខិត​ឆ្លងដែននោះ​ឡើយ។

លោកស្រី ខៀវ ផានី៖ «បើ​នេះ ក៏​គួរតែ​ប្រាប់​គ្នា​មុន ឱ្យ​យក(លិខិតឆ្លងដែន)មក​វាយ​បិទ​មុន​មក​។ ចុះ​អ្នក​ធ្វើ​លិខិត​ឆ្លងដែន(Passport)រាប់​តែ​រយ​ប៉ាស្ព័រ ហ្នឹង ម៉េច​ក៏​ធ្វើ​អ្វី មួយ​មិន​ប្រាប់​គ្នា​ទៅ ថាបើ មាន​ប៉ាស្ព័រ ចាស់ ត្រូវ​វាយ​បិទ​វាយ ប្រាប់​គ្នា​ឱ្យ​បាន​ដឹង​មុន​មកបើ​គ្នា​មិន​ដែល​ដឹង។ ប្រហែល​វា​ចង់​បាន​លុយបាន​ជា​វា​មិន​ប្រាប់​យើង»។

ពលករ​អះអាងថា លុយ​ដែល​មន្ត្រី​ប៉ូលិសយក​ពី​ពលករ​ខ្មែរតាមរយៈ​លិខិតឆ្លងដែន​ជាប់​សញ្ញា​មេដៃ នេះ ជាច្រើន​ឆ្នាំ​មក​ហើយហើយ​ក្នុង​មួយ​ថ្ងៃ ពលករ​ខ្មែរ មិន​ក្រោម ៣០០​នាក់ ទៅ​៥០០​នាក់​ទេ ដែល​ជួប​បញ្ហា​ទាំងនេះ។ ប៉ុន្តែ​ពុំ​ឃើញ មន្ត្រី​ពាក់ព័ន្ធ​ណា​ស៊ើប​អង្កេតនឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ឡើយ។ ស្រប​ពេល​ដែល​ករណីនេះ មន្ត្រី​ប៉ូលិស​ថៃ និង​ខ្មែរ​បាន​គប់គិត​ជា​ប្រព័ន្ធ​ដើម្បី​កេង​ចំណេញ​ពី​ពលរដ្ឋ​ខ្មែរ។

ចំណែក​ពលករ​ម្នាក់​ទៀតមក​ពី​ខេត្ត​ព្រៃវែង ដែល​ទើបតែ​ធ្វើលិខិត​ឆ្លងដែន​កាលពីដើម​ខែកញ្ញា​ហើយ ដែរនោះ លោក ធី ឡាយ លើកឡើងថា ទម្រាំ​នឹង​បាន លិខិត ឆ្លងដែន និង​ទិដ្ឋាការ មក​ធ្វើ ការ​នៅ​ប្រទេស​ថៃ គឺ​រងចាំ​ជិត​១​ឆ្នាំ ហើយ​អស់​ជាង ៦​ម៉ឺន បាត ដែល​ស្មើ​ជាង ១២០០​ដុល្លារ ពីរ​នាក់​ប្រពន្ធ ។ លោក​ថា ការចំណាយ​នេះ​គឺ​ច្រើន សម្រាប់​ពលរដ្ឋ​ដែល​ខ្វះខាត ចំណែក​នីតិវិធី ធ្វើលិខិត​ឆ្លងដែន​ក៏​យឺតយ៉ាវ។

លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល គួរតែ​ជួយ​សម្រួល​កិច្ចការ​ធ្វើលិខិត​ឆ្លងដែន ឱ្យ​មាន​តម្លៃ​ទាប រួម​នឹង​សម្រួល​ជាមួយ​ប្រទេស​ថៃ ក្នុង​ការរត់​ឯកសារ​មួយ​ចំនួន​ពាក់ព័ន្ធ លិខិត​ការងារ និង​ផ្ដល់​ទិដ្ឋាការ​ជាដើម ឱ្យ​មាន​ភាព​ងាយស្រួលនិង​មានតម្លៃ​ទាប​។ បន្ថែម​ពី​នោះ លោក​ជំរុញ​ឱ្យ​លុប​បំបាត់ អំពើពុករលួយ តាម​ច្រកព្រំដែន ពី​សំណាក់​មន្ត្រី​ខិលខូច​មួយ​ចំនួនដែល​ករណី​នេះធ្វើ​ឱ្យ​ពលករ​ខ្មែរ​ភាគច្រើន​ជួប​ការ​លំបាក។

លោក ធី ឡាយ៖ «វា​ពិបាក​ណាស់​។ និយាយ​រួមអ្នក​ឡើង​មក​(​ថៃ​)អត់​មាន​លុយ​ទេ ដំបូង​យក​មក​សម្រាប់តែ​ទុក​ចាយ ទម្រាំ​នឹង​បាន​ការ​ងារ​ធ្វើដល់​ពេល​គេ(ប៉ូលិស​ព្រំដែន​)យក​លុយ​អស់​អ៊ីចឹង​ទៅមក​ដល់​ថៃ គ្មាន​អី​ហូប​ទេ។សូម​ឱ្យ​ជួយ​កែសម្រួលឱ្យ​ល្អ​ជាង​នេះ​ជា​ការ​ប្រសើរ បើ​នៅ​តែ​ធ្វើ​របៀប​នេះ​ដឹង​តែ​ដាច់​បាយ​ហើយ»។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ៌ក និង អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ ដើម្បី​ឆ្លើយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៧ ខែ​កញ្ញាដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​ទទួល។ រីឯ មន្ត្រី​នគរបាលជាតិ ប្រចាំ​ប៉ុស្តិ៍​នគរបាលច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ក៏​ពុំ​អាច​ទាក់ទង​បាន​នៅ​ឡើយ។

កាលពី​ខែ កញ្ញា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​សម្រួល​ការធ្វើ លិខិតឆ្លងដែន​ជូន​ប្រជាពលរដ្ឋ​ឱ្យមាន​ភាពងាយស្រួល​ចំណាយ​តិច និង​មានតម្លៃ​សមរម្យ ។ តែ​យ៉ាងណា មកដល់ពេលនេះ​តម្លៃ​លិខិតឆ្លងដែន​នៅ​តែ​មាន​តម្លៃ​ខ្ពស់​ដដែល ចំណែក​នីតិវិធី ធ្វើ​មាន​ភាព​ស្មុគស្មាញ​ដដែល ដែល​ជា​ឱកាស មន្ត្រី​ពុករលួយ​មួយ​ចំនួន​កេង​ចំណេញ​ពី​ពលរដ្ឋ។

ប្រធាន​ក្រុមហ៊ុន អ៊ែន អេស៊ា ថបស្ពីដ លេប័រ សីបផ្លាយ ឯ.ក លោកស្រី អ៊ែន ដែល​តែងតែ​ធានា​ពលករ​មក​ធ្វើការ​នៅ​ប្រទេស​ថៃ បញ្ជាក់​ថាគឺ​ជា​រឿង​ពិត ដែល​ពលករ​ខ្មែរ ត្រូវ​បង់លុយ ឱ្យ​មន្ត្រីប៉ូលិស​ខ្មែរ និង​ថៃ ដើម្បី​ជា​ថ្នូរ​នឹង វាយ​បិទ​លិខិតឆ្លងដែន​ចាស់ ហើយ​លុយ វាយ​បិទ​នេះ ចំនួន ៤​ពាន់​បាត ស្មើ​ជាង​១០០​ដុល្លារ ក្នុង​ម្នាក់ ព្រោះថា លុយ​២​ពាន់​បាត សម្រាប់​ប៉ូលិស​ខ្មែរ ហើយ​២​ពាន់​បាត​ទៀត សម្រាប់​ប៉ូលិស​ថៃ។

លោកស្រី អ៊ែន៖ «ការ​លាង​ក្រយៅ​ដៃ នៅ​ជាយដែន អស់ ៤​ពាន​បាត សម្រាប់ ត​ម៉ ខ្មែរ និង ត​ម៉ ថៃ(​កន្លែង​ប៉ូលិស​អន្តោ​ប្រវេ​សន្ត ខ្មែរ និង​ប៉ូលិស​ថៃ)ម្នាក់ ពីរពាន់​បាត​។ ពាក្យ​ថាជាប់​ក្រយៅ​ដៃមាន​ន័យ​ថាបើសិនជា​គាត់​ធ្វើ​មាន​ប៉ាស្ព័រ សម្រាប់​ពលករ​ដែល​មក​ប្រទេស​ថៃ ឬ​ប្រភេទ​លិខិតMOUហើយ​គាត់​មិន​បាន​វាយ​បិទ​វីសា(VISA)ហើយ​គាត់​បណ្ដោយ​ឱ្យ​វីសា​គាត់​ហ្នឹងដាច់​ផុត​កំណត់»។

ក្រុមហ៊ុន អ៊ែន អេស៊ា ថបស្ពីដ លេប័រ សីបផ្លាយ បាន​ប្រមូល​ពលករ​ខ្មែរ​ឱ្យ​មក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ជប៉ុន រាប់ពាន់​នាក់ កាលពី​កន្លង​ទៅ តាមរយៈ​រត់​ឯកសារ​ពាក់ព័ន្ធ រួមមាន ធ្វើ​លិខិត​ឆ្លងដែន​ថ្មី និង​ស្នើ​សុំ​ទិដ្ឋាការ​ការងារ​។ ចំណែក​ពលករ​ខ្មែរ ដែល​ចង់​មក​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​ចង់​ឱ្យ​ក្រុមហ៊ុន រត់​ឯកសារ​ពាក់ព័ន្ធ ដូចជា​លិខិតឆ្លងដែន​ថ្មី ឯកសារ​ការងារ និង​ទិដ្ឋាការ ហើយ​មា​នរក​កន្លែង​ការងារ​ឱ្យធ្វើ​ស្រាប​នោះ ត្រូវ​បង់លុយ ២​ម៉ឺន ៨​ពាន់​បាត ឬ​ជាង​៧០០​ដុល្លារ។ ចំណែក ត្រឹមតែ ការ​រត់​ឯកសារ​ដូចជា​លិខិតឆ្លងដែន និង​ទិដ្ឋាការ ដោយ​ពុំ​ចាំបាច់ រក​ការងារ​ឱ្យ​ធ្វើ​ត្រូវ​បង់លុយ ១​ម៉ឺន ៨​ពាន់ ៥​រយ​បាត់ ដែល​ស្មើ​ជាង​៥០០​ដុល្លារ

ពលរដ្ឋ​មួយចំនួន​បាន​នាំគ្នា​បង់​លុយ​ឱ្យ​ក្រុមហ៊ុន​នេះ រត់​ឯកសារ​ឱ្យ​ដើម្បី​បាន​ការងារ​ធ្វើ។ បើ​ទោះ តម្លៃ ទាំងនេះ​មាន​តម្លៃ​ថ្លៃ ក្ដី ប៉ុន្តែ ពួកគាត់​គ្មាន​ជម្រើស​ឡើយ​។ ទោះ ជា​យ៉ាងណា ពួកគាត់​ថា ប្រសិនបើ​រដ្ឋាភិបាល បង្កើត​យន្តការ​ដោះស្រាយ បញ្ហា​ទាំងនេះ ឱ្យ​មាន​តម្លៃ​ទាប ហើយ​ងាយស្រួល​ជាង​នេះ គឺជា​ការ​ប្រសើរ។

ជុំវិញ​រឿងនេះ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIREA) លោក ឌិន ពុទ្ធី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពលករ​ខ្មែរ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ នៅតែ​ជួប​ផល​លំបាក​ជាច្រើន ជាពិសេស រឿង​លិខិតឆ្លងដែន ដែល​ត្រូវ​ប្រឈម​ការ​ឆបោក​គ្រប់​ទី កន្លែង មិន​ថា​ក្រុមហ៊ុន​ធានា​ពួកគាត់​ទៅ​ធ្វើ​ការ ឬ​មន្ត្រី​នៅតាម​ច្រកព្រំដែន​ប៉ោយប៉ែត ឬ​ច្រកព្រំដែន​ផ្សេងៗ​ទៀត គឺ​តែងតែ​កេង​ចំណេញ​ផលប្រយោជន៍ ពី​ពលករ​ខ្មែរ​គ្រប់​ពេល​វេលា។ លោក​ថា ជាក់ស្ដែង​ករណី​មន្ត្រី​ប៉ូលិស​ខ្មែរជំរិត​យក​លុយ​ពី​ពលករ​ខ្មែរ រឿង​ធ្វើលិខិត​ឆ្លងដែន ឬ​ការ​យក​ថ្លៃ រត់​ឯកសារ​ច្រើន​ហួសហេតុ របស់​ក្រុមហ៊ុន មួយ​ចំនួន​នេះ​គឺ ការ​រំលោភសិទ្ធិ​មនុស្ស​ដែល​រដ្ឋាភិបាល​គួរតែ​ចាត់​វិធានការ​ជា​បន្ទាន់។

លោក ឌិន ពុទ្ធី៖ «វា​ជា​លក្ខណៈ​ចាប់ជំរិត លុយ​លក្ខណៈ​អន្តរជាតិ ចំពោះ​មន្ត្រី​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន អន្តរជាតិ​ហ្នឹងគឺ​មន្ត្រី​ខិលខូច​ជា​អ្នក​ធ្វើ មិនមែន​រដ្ឋាភិបាល​ទេហើយ​រដ្ឋាភិបាល​គួរតែចាត់វិធានការ​ចំពោះ​មន្ត្រី​ខិលខូច​មួយ​ចំនួន​ហ្នឹងដែល​ធ្វើ​ការ​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​ហ្នឹង»។

ប្រជាពលរដ្ឋ​ខ្មែរ​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅក្រៅ​ប្រទេស​រាប់លាន​នាក់ ក្នុង​នោះ​ភាគច្រើន​នៅ​ប្រទេស​ថៃ។ ជាមួយ​គ្នា​នេះ ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ នៅតែ​ប្រឈម​ជីវភាព​លំបាក ដោយសារ​ការ​ចំណាយ​ច្រើន​ទៅលើ​ការធ្វើ​លិខិតឆ្លងដែន និង​ការ​បំពេញ​ឯកសារ​ផ្សេងៗ រួម​នឹង​ការ​កេង​ចំណេញ​ផល​ប្រយោជន៍​មួយ​ចំនួនពី​សំណាក់​មន្ត្រី​ខិល​ខិត​មួយចំនួន​តាម​ច្រកព្រំដែន​។ មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ស្នើ​ឱ្យ​រដ្ឋាភិបាល បញ្ចុះតម្លៃ​ធ្វើលិខិត​ឆ្លងដែន ដើម្បី​កាត់បន្ថយ​ចំណាយ​ពលករ​ខ្មែរ ដើម្បី​ទប់​ស្កាត់ការ​ធ្វើ​ចំណាកស្រុក ដោយ​ខុស​ច្បាប់​នៅ​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។