ពលករ និង​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​នាំ​គ្នា​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​ឧទ្ទិស​កុសល​ជូន​បុព្វការី

ដោយ ច័ន្ទ ដារ៉ូ
2024.09.23
ពលករ និង​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​នាំ​គ្នា​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​ឧទ្ទិស​កុសល​ជូន​បុព្វការី ទិដ្ឋភាព​ពលករខ្មែរ និងជនភៀសខ្លួន​ខ្មែរ​នៅប្រទេស​ថៃ រួមគ្នា​ប្រារព្វពិធីបុណ្យ​កាន់បិណ្ឌ នៅ​វត្ត​ក្នុង​ទីក្រុង​បាងកក កាលពីថ្ងៃទី២២ កញ្ញា ២០២៤។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលករ និង​ជនភៀសខ្លួនខ្មែរ​នៅ​ប្រទេសថៃ នៅ​ថ្ងៃ​កាន់​បិណ្ឌទី៥​នេះ ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដើម្បី​ឧទ្ទិសកុសល​ដល់​បុព្វការីជន និង​បង្ហាញសាមគ្គីភាព។

ក្រុម​ពលករខ្មែរ និង​ជនភៀសខ្លួន​បក្សប្រឆាំង និង​ជនភៀសខ្លួន​ខ្មែរក្រោម​រាប់រយ​នាក់​នៅ​ថ្ងៃ​ទី២២ ខែ​កញ្ញា ​បានជួប​ជុំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​តាម​បណ្តា​វត្តអារាម​មួយ​ចំនួន​ក្នុង​ទីក្រុង​បាងកក (Bangkok) ខេត្តឈុនបុរី (Chon Buri) ខេត្ត​សាមុតប្រាកាន (Samut Prakan) និង​ខេត្ត​មួយចំនួន​ទៀត។

ទិដ្ឋភាព​ទូទៅ​ក្នុង​ពិធី​កាន់បិណ្ឌ​ទី៥ ឬ​ហៅថា​វេន​ទី៥ នៅ​ចំ​ថ្ងៃ​អាទិត្យ ដែល​ជា​ថ្ងៃឈប់​សម្រាក​នេះ គឺ​ពលរដ្ឋខ្មែរ​ទាំង​ក្មេង​ចាស់​ច្រើន​កុះករ ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​ចម្រុះពណ៌ ដៃ​កាន់ ចាន​ស្រាក់​ដាក់​ម្អូប​ដែល​សម្រិតសម្រាង​ផ្ទាល់​ដៃ រាប់​បាត្រ​ឧទ្ទិសកុសល​ជូន​ជីដូនជីតា និង​បុព្វការីជន។

តំណាង​ពលករ និង​ជា​អ្នកផ្ដួចផ្ដើម​រៀបចំ​កម្មវិធី​បុណ្យ​លោក សុះ សល់ ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ពលករ​នៅ​តំបន់​ជ័យព្រឹក ក្នុង​ខេត្ត​ឈុនបុរី (Chon Buri) បាន​មូលមតិ​គ្នា​និមន្ត​ព្រះសង្ឃ​ខ្មែរ​គង់​នៅ​ប្រទេស​ថៃ​១០អង្គ សូត្រមន្ត​បង្សុកូល​ក្នុង​កម្ម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ទៅ​តាម​ទំនៀមទំលាប់​ដូនតា​ខ្មែរ។ លោកឱ្យដឹង​ថា ការរៀបចំ​ពិធីបុណ្យ​នេះ​ឡើង​​ក្នុង​គោលបំណង​ឲ្យ​ពលរដ្ឋខ្មែរ​ធ្វើការ​នៅ​ទីនោះ​​ដែល​មិន​មាន​លទ្ធភាព​ទៅ​ចូលរួម​ពិធីបុណ្យ​ជួបជុំ​គ្រួសារ​នៅ​ស្រុកកំណើត​មាន​ឱកាស​ជួបជុំ​ធ្វើ​បុណ្យ​បួងសួង​ឧទ្ទិសកុសល​រួម​គ្នា។

លោក សុះ សល់«ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ពួកគាត់​ប្រកាន់​ខ្ជាប់ខ្ជួន​តាម​អ្វី​ដែលគាត់​ធ្វើ​នៅ​ប្រទេស​កម្ពុជា គឺ​គាត់​នៅ​ថៃ​នេះ​ធ្វើ​ដូចគ្នា​មិន​ឱ្យ​ខុស​ទេ អ្វី​ដែល​ពួកគាត់​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ឧទ្ទិស​ដល់​ជីដូន​ជីតា ឬ​ឪពុកម្តាយ​ដែល​​បានស្លាប់​ទៅ​ហ្នឹង។ ពួកគាត់​​សប្បាយ​រីករាយ​ចង់​ស្រក់​ទឹក​ភ្នែក​ហើយ»។

ស្រដៀង​គ្នា​នេះ​ដែរ តំណង​ពលករ និង​ជា​អ្នករៀបចំ​កម្មវិធី​បុណ្យ​ម្នាក់ទៀត​នៅ​ខេត្ត​សាមុតប្រាកាន លោក ង៉ា រឿន ប្រាប់​ថា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ពលករខ្មែរ​នៅ​តំបន់​លោក​ធ្វើការ​ប្រមាណ​១០០នាក់ ក៏​បាន​ធ្វើ​ចង្ហាន់យក​ទៅ​​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ក្នុង​ទឹកមុខ​រីករាយ​ដើម្បី​បួងសួង​សុំ​សេចក្ដីសុខ រំលឹកដឹង​គុណ និងឧទ្ទិសកុសល​ដល់​បុព្វការីជន​ទាំងឡាយ​ដែល​ស្លាប់​បាត់បង់​ជីវិត​ដូច​ពលរដ្ឋខ្មែរ​កន្លែង​ផ្សេង​ដែរ។ លោកបញ្ជាក់​ថា ពលករខ្មែរ​ធ្វើការ​នៅ​ទីនោះ​មិន​ដែល​ភ្លេច​អត្តសញ្ញាណ​ប្រពៃណី ទំនៀមទំលាប់​ទេ ទោះជា​ពួកគាត់​ចាកចេញ​ពី​ស្រុក​កំណើត​មក​ធ្វើការ​នៅ​ប្រទេសថៃ​ក៏​ដោយ។ ប៉ុន្តែ​លោក ង៉ា រឿន ឱ្យដឹង​ថា​ពួក​លោក​ភាគច្រើន​នឹង​មិន​ត្រឡប់​ទៅ​ស្រុកកំណើត​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​នៅ​ពេល​ខាងមុខ​ទេ ដោយសារ​បញ្ហា​ប្រាក់​ចំណូល និង​ជីវភាព​គ្រួសារ​ប្រាំថ្ងៃ។

លោក ង៉ា រឿន«ពួកគាត់​មក​នេះ​នាំ​មក​នូវ​ទេយ្យទាន​មាន​បាយ ម្ហូបអាហារ និង​អាមិសទាន​គឺ​បច្ច័យ គាត់​បាន​ចូលរួម​ដើម្បី​បង្សុកូល​ឧទ្ទិស​ដល់​ញាតិកា​៧សន្តាន ដែល​បាន​ចែកឋាន​ទៅ​កាន់​លោក​ខាង​មុខ។ ទឹក​មុខ​របស់​បងប្អូន​ពលករខ្មែរ​យើង​គឺ​មាន​ស្នាមញញឹម រីករាយ ត្រេកអរ​ក្នុង​ការធ្វើ​បុណ្យទាន​ដោយសារ​ពួកគាត់​មិន​បាន​វិលត្រឡប់​ទៅ​ស្រុក​កំណើត​វិញ»។

របាយការណ៍​របស់​ក្រសួង​ការងារ​កម្ពុជា ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ជាង ​១លាន ២សែន​នាក់ ធ្វើការ​នៅ​ប្រទេសថៃ។ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​សង់ត្រាល់ បង្ហាញ​ថា​មាន​ពលករ​ខ្មែរ ធ្វើការ​ដោយ​ស្របច្បាប់ និង​មិន​ស្រ​បច្បាប់​នៅប្រទេសថៃ​ ជាង​២លាន​នាក់ ដោយ​មួយ​ចំនួន​ពួកគាត់​ទទួល​រង​ការ​រំលោភបំពាន​សិទ្ធិការងារ និង​បាត់បង់​ផលប្រយោជន៍​ដែល​ប៉ះពាល់​ដល់​បញ្ហា​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ។

ចំណែក​សកម្មជន​បក្សប្រឆាំង និង​ជនភៀស​ខ្មែរក្រោម​ដែល​បង្ខំចិត្ត​និរទេសខ្លួន​នៅក្រៅ​ប្រទេស ដើម្បី​គេច​ពី​ការធ្វើទុក្ខបុកម្នេញ និង​តាម​ចាប់ខ្លួន​របស់​អាជ្ញាធរ​កម្ពុជា និង​វៀតណាម ប្រមាណ​៣០០នាក់ ក៏​បាន​រៀបចំ​ពិធីបុណ្យភ្ជុំបិណ្ឌ និង​សែនដូនតា ​នៅវត្ត​ប្រាយួនធម្មារាម ខេត្ត​បាធុមថានី (Pathumthani) ជាប់​ទីក្រុង​បាងកក​ដែរ។

តំណាង​ជនភៀសខ្លួន​ខ្មែរ​កម្ពុជាក្រោម​លោក លី ឈួន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពលរដ្ឋខ្មែរ​ក្រោម និង​សកម្មជន​នយោបាយ​ដែល​កំពុង​ភៀសខ្លួន និង​ធ្វើការ​ក្នុង​ប្រទេសថៃ ពួកគាត់​តែងតែ​រំលឹក​ពិធីបុណ្យ​នេះ​ជា​រៀងរាល់​ឆ្នាំ ដើម្បី​ឧទ្ទិស​បុណ្យកុសល​ដល់​ជីដូនជីតា ជាពិសេស​ដើម្បី​បង្ហាញ​ពី​ទំនៀមទម្លាប់​ប្រពៃណីខ្មែរ។ លោក លី ឈួន ប្រាប់​ថា លោក​សប្បាយ​រីករាយ​ពេល​ឃើញ​ពលរដ្ឋខ្មែរ​ចេះរួបរួម​សាមគ្គីគ្នា ជាពិសេស​ឱកាស​បុណ្យទាន​នេះ​តែម្តង។

លោក លី ឈួន«មាន​ជនភៀសខ្លួន​ខ្មែរក្រោម ជនភៀសខ្លួន​នៅ​ទីនេះ​រួមគ្នា​ធ្វើ​នៅ​វត្ត​ប្រាយួនធម្មារាម ដើម្បី​រំលឹក​ប្រពៃណី​ដូនតា​ផង ឧទ្ទិស​កុសល​បុព្វការីជន​ផង​បាទ។ ប្រពៃណី​ភ្ជុំបិណ្ឌ ឬ​សែនដូនតា​នេះ ជា​ប្រពៃណី​របស់​ខ្មែរ​យើង​មិន​អាច​ចោល​បាន​ទេ បើ​ទោះបី​ទៅ​ដល់​ទីណា​ក៏​ដោយ ខ្មែរ​មិន​បោះបង់​ទេ ដើម្បី​ថែរក្សា​អត្តសញ្ញាណ​របស់​ខ្លួន​ថា យើង​ជា​ខ្មែរ ទោះ​អត់​ឃ្លាន​ទុក្ខលំបាក​យ៉ាងណាធ្វើ​ដែរ»។

ជាមួយគ្នា​នេះ​ដែរ ជនភៀសខ្លួន​នយោបាយ​កញ្ញា ស៊ុន សុភា ដែល​ចូលរួម​ពិធីភ្ជុំបិណ្ឌ​ជាមួយ​ជនភៀសខ្លួន​ខ្មែរកម្ពុជាក្រោម​បាន​រៀបរាប់​ថា កញ្ញា​នឹក​រលឹក​គ្រួសារ​ជា​ខ្លាំង ដែល​មិន​អាច​វិល​ចូល​ប្រទេស​កម្ពុជា ខណៈ​បងប្រុស​បង្កើត​គឺ​លោក ស៊ុន ពិសិដ្ឋ ត្រូវ​ជាប់​ពន្ធនាការ​ទាំង​អយុត្តិធម៌។ កញ្ញា​ឱ្យដឹង​ថា រដូវ​បុណ្យភ្ជុំបិណ្ឌ​នេះ ជនភៀសខ្លួន​មិន​សូវ​ចេញ​ពី​បន្ទប់​ជួល​ទៅ​ធ្វើ​បុណ្យ​ដូច​ឆ្នាំមុនៗ​ទេ ដោយសារ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់ខ្លួន។ កញ្ញា​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​ដែល​មាន​និន្នាការផ្ទុយ និង​បើក​ឱកាស​ឱ្យ​វិលត្រឡប់​ទៅរស់​នៅ​ជួបជុំ​ក្រុមគ្រួសារ​វិញ។

កញ្ញា ស៊ុន សុភា«ជនភៀសខ្លួន​សម្រាប់​អ្នកនយោបាយ​ផ្ទាល់​ពួកគាត់​ចង់​ធ្វើ​កម្មវិធី​បុណ្យភ្ជុំបិណ្ឌ​ ជួបជុំ​ដូច​គ្នា ប៉ុន្តែ​យើង​អត់​មាន​សុវត្ថិភាព​ទាក់ទង​ការ​គំរាមកំហែង​ពី​សំណាក់​ស្ថានទូតខ្មែរ​នៅ​ប្រទេសថៃ អ៊ីចឹង​យើង​ចូល​រួម​កម្មវិធី​រៀងៗ​ខ្លួន​នៅ​កន្លែងណា​ដែល​មាន​ពលរដ្ឋខ្មែរ​រៀបចំ​កម្មវិធី​បុណ្យ​ឡើង»។

ដោយឡែក ស្ថានទូតខ្មែរ​ប្រចាំ​ប្រទេសថៃ ក្រុម​ឧកញ៉ា​វិញ បាន​រៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ដែល​ត្រូវ​នឹង​បិណ្ឌ​ទី៥ នៅ​តាម​វត្ត​មួយចំនួន​នៅ​ខេត្ត​សាមុតប្រាកាន និង​ខេត្ត​បធុមថានី​ដែល​មាន​ពលរដ្ឋខ្មែរ​ចូលរួម​រាប់ពាន់​នាក់។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​អនុព័ន្ធការងារ​អម​ស្ថានទូត​កម្ពុជា​ប្រចាំប្រទេសថៃ​លោក ឈឹម វិបុល ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២២ ខែ​កញ្ញា។

ពិធី​កាន់​បិណ្ឌ​មាន​រយៈពេល ១៥ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៧ ខែកញ្ញា ដល់​ថ្ងៃ​ទី២ ខែតុលា ជា​ថ្ងៃបុណ្យភ្ជុំ​ធំ ទៅ​តាម​ទំនៀមទម្លាប់​របស់​ពលរដ្ឋខ្មែរ និង​កាល​កំណត់ជា​ទៀងទាត់​ពី​បុរាណ​មក។ បុណ្យនេះ​ធ្វើឡើង​ដើម្បី​ឧទ្ទិសកុសល​ដល់​វិញ្ញាណក្ខន្ធ​នៃ​អ្នកមានគុណ​ទាំងឡាយ ដែល​បាន​លាចាក​លោក​នេះ ទៅកាន់​លោក​ខាងមុខ។ ម្យ៉ាងទៀត វា​ជា​ឱកាស​ល្អ​សម្រាប់​ការជួបជុំ​ក្រុមគ្រួសារ​ដែល​មាន​ជីវិត​អាច​ឈ្វេង​យល់​អំពី​សុខទុក្ខ ការគោរព​ស្រឡាញ់គ្នា ការដឹងគុណ ព្រមទាំង​បង្កើន​នូវ​សាមគ្គីភាព​ថែមទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។