ពលករខ្មែរស្នើរដ្ឋាភិបាលឱ្យបន្តផ្ដល់សេវាលិខិតឆ្លងដែននៅស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង
2024.11.04
ពលករខ្មែរស្នើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យបន្តផ្ដល់សេវាលិខិតឆ្លងដែនដោយផ្ទាល់នៅស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ដើម្បីជួយសម្រួលពេលវេលា និងកាត់បន្ថយការចំណាយរបស់ពលករ។ ការទាមទារនេះ ធ្វើឡើងក្រោយពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង ប្រកាសបិទបញ្ចប់ការផ្ដល់សេវាលិខិតឆ្លងដែនដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅធ្វើការនិងសិក្សានៅប្រទេសកូរ៉េខាងត្បូង ចាប់ពីដើមខែវិច្ឆិកានេះទៅ។
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង នឹងជួបការលំបាក ក្រោយពេលរដ្ឋាភិបាលកម្ពុជាឈប់ផ្ដល់លិខិតឆ្លងដែនដល់ពួកគេនៅទីនោះ។
ពលករខ្មែរលោក រ៉េត សុផាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣ ខែវិច្ឆិកា ថា ប្រសិនបើរដ្ឋាភិបាលមិនបន្តការផ្ដល់សេវាលិខិតឆ្លងដែន នៅស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងទៀត វានឹងបង្កផលលំបាកដល់ពលករ ពីព្រោះត្រូវចុះទៅធ្វើផ្ទាល់ប្រទេសកម្ពុជា។ លោកត្អូញត្អែរថា ការទៅធ្វើនៅកម្ពុជា ត្រូវចំណាយពេលវេលា និងថវិកាច្រើនផង។
លោក រ៉េត សុផាត៖ «បើតាមខ្ញុំដឹងម្សិលមិញនេះ ជាការបិទបញ្ចប់នៃការផ្ដល់សេវាលិខិតឆ្លងដែននៅប្រទេសកូរ៉េវគ្គ៣។ ចំពោះខ្ញុំពិតជាសោកស្ដាយ ខ្ញុំក៏សង្ឃឹមថា រាជរដ្ឋាភិបាល ឬក៏ឯកអគ្គរាជទូតពួកគាត់នឹងបន្តធ្វើលិខិតឆ្លងដែននៅវគ្គ៤ បន្តទៀត»។
កាលពីថ្ងៃទី២១ ខែសីហា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង បានប្រកាសបិទបញ្ចប់ការផ្ដល់សេវាលិខិតឆ្លងដែនធម្មតាដល់ប្រជាពលរដ្ឋ និងពលករខ្មែរនៅស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។ ប៉ុន្តែនៅពេលមានការតវ៉ាពីពលរដ្ឋ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង បានប្រកាសអនុញ្ញាត ឱ្យបន្តការស្នើសុំសេវាលិខិតឆ្លងដែនធម្មតាចំនួន ៦០ថ្ងៃបន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០២៤។
សេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៨ ខែតុលា ឱ្យដឹងថា ការផ្ដល់សេវាធ្វើលិខិតឆ្លងដែននៅសាធារណរដ្ឋកូរ៉េវគ្គ៣ នឹងត្រូវបិទបញ្ចប់ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុឡើយ។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺបញ្ហានេះ ពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង និងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី បានទេ នៅថ្ងៃទី៣ ខែវិច្ឆិកា។
ជុំវិញរឿងនេះ ប្រធានគណៈកម្មការនាយក នៃចលនាប្រជាធិបតេយ្យបង្រួបបង្រួមជាតិនៅកូរ៉េខាងត្បូងលោក ម៉ាត់ វណ្ណី យល់ថា វិធានការបិទសេវាលិខិតឆ្លងដែននេះ មិនត្រឹមតែបង្កការលំបាកដល់ពលករនោះទេ ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថែមទាំងនឹងបាត់បង់ប្រជាប្រិយភាពផងដែរ។
លោក ម៉ាត់ វណ្ណី លើកឡើងថា លិខិតឆ្លងដែនរបស់ប្រជាជនថៃ មានតម្លៃប្រមាណ ៤០ដុល្លារ ហើយសេវាកម្មក៏មិនស្មុគស្មាញដូចកម្ពុជាដែរ។ លោកថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរពិនិត្យមើលគំរូសេវាកម្មលិខិតឆ្លងដែនរបស់ប្រទេសថៃ ហើយរកវិធីបង្កលក្ខណៈងាយស្រួល និងមានតម្លៃទាប ក្នុងការផ្ដល់សេវាលិខិតឆ្លងដែនដល់ប្រជាពលរដ្ឋខ្មែរ ដោយមិនប្រកាន់បក្ខពួកនិន្នាការនយោបាយ។
លោក ម៉ាត់ វណ្ណី៖ «រដ្ឋាភិបាលគួរបន្តយន្តការ [ផ្ដល់សេវាលិខិតឆ្លងដែន]បន្តទៀតទៅរដ្ឋាភិបាលអត់ខានអីធំដុំទេ។ រដ្ឋាភិបាលគួរតែគិតប្រជាជនខ្លួនឯង ពីព្រោះរដ្ឋាភិបាលខ្លួនឯងកើតចេញពីប្រជាជន ហើយមែនទែនទៅពលករខ្មែរនៅប្រទេសកូរ៉េ ៧ ម៉ឺននាក់នេះ ជួយសេដ្ឋកិច្ចខ្មែរមានតិចទេ ហើយផ្ដល់សាច់ប្រាក់ក្នុងមួយៗ ឆ្នាំដល់ទៅជាង ១ ពាន់លានដុល្លារចូលស្រុក។ អ៊ីចឹងគួរដឹងគុណពួកគាត់ធ្វើអី ជាការតបស្នងត្រឡប់ទៅកាន់ពួកគាត់វិញ កុំធ្វើអីមានការប្រឆាំង ធ្វើឱ្យពួកគាត់មានការលំបាកអ៊ីចឹងអី»។
ចាប់តាំងពីឡើងកាន់តំណែងនាយករដ្ឋមន្ត្រីបន្តពីឪពុក លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យមន្ត្រីក្រោមឱវាទ ផ្ដល់សេវាលិខិតឆ្លងដែនដោយផ្ទាល់នៅស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែយន្តការធ្វើលិខិតឆ្លងដែននេះ ក៏ស្រាប់តែត្រូវបញ្ចប់ ដោយគ្មានការពន្យល់ហេតុផល បន្ទាប់ពីមានចលនាពលរដ្ឋខ្មែរទូទាំងពិភពលោក រួមទាំងនៅកូរ៉េខាងត្បូងផង ធ្វើបាតុកម្មប្រឆាំងគម្រោង CLV ព្រមទាំងទាមទារឱ្យស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី (Australia) លោក ស៊ឹង សែនករុណា ចាត់ទុកការបិទបញ្ចប់សេវាកម្មលិខិតឆ្លងដែននេះ ថាជាវិធានការគុំកួនធ្វើដូចខ្មែរគ្នាឯងជាសត្រូវ ដែលមិនគួរកើតមានឡើងឡើយ ពីព្រោះរដ្ឋសភា និងរដ្ឋាភិបាល បានទទួលស្គាល់ពីតម្រូវការដកកម្ពុជាពីគម្រោង CLV ទៅហើយ។
លោក ស៊ឹង សែនករុណា៖ «ហេតុអីបានជាយើងប្រើប្រាស់វិធានការហ្នឹង ដើម្បីធ្វើបាបប្រជាពលរដ្ឋខ្លួនឯង ធ្វើបាបយុវជន ដែលជាអ្នកទាមទារតវ៉ាទាំងអស់ហ្នឹង ក្នុងខណៈដែលរដ្ឋាភិបាល ឬក៏សភាហ្នឹង ទទួលស្គាល់ថា រឿងរ៉ាវទាំងអស់ហ្នឹង ខ្លួនត្រូវដកខ្លួនចេញមកដែរ ដូចជា រឿង CLV DTA រឿងសភារឿងអី។ អ៊ីចឹងមានកិច្ចប្រជុំនៅថ្ងៃសុក្រ ទី១ វិច្ឆិកា ហ្នឹង ក៏បានជជែកគ្នាពីរឿងហ្នឹងដែរ។ អ៊ីចឹងហេតុអីចាំបាច់ក៏បន្តធ្វើការគុំកួន ការធ្វើទុក្ខបុកម្នេញ បញ្ចប់រឿងធ្វើលិខិតឆ្លងដែននៅកូរ៉េ។ អ៊ីចឹងវាអត់មានអីក្រៅពីការគុំគួនគ្នាហ្នឹងឯង»។
អ្នកឃ្លាំមើលលើកឡើងថា ការបិទសេវាលិខិតឆ្លងដែននេះ នឹងកាន់តែធ្វើឱ្យរដ្ឋាភិបាលប្រឈមនឹងការតវ៉ាកាន់តែខ្លាំងឡើងទៅវិញទេ ខណៈការដកកម្ពុជាពីគម្រោង CLV នៅមិនទាន់ជាស្ថាពរ ដែលប្រជាពលរដ្ឋខ្មែរសង្ស័យថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅមានការលាក់កំបាំងជាមួយវៀតណាមនៅឡើយ។
លើសពីនេះទៀត អ្នកឃ្លាំមើលថា វិបត្តិធ្លាក់ចុះប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្ស ក៏មិនមានពន្លឺស្ដារឱ្យប្រសើរឡើងវិញ។ ដូច្នេះ ការបិទសេវាលិខិតឆ្លងដែននៅកូរ៉េនេះ នឹងក្លាយជាបញ្ហាថ្មីបន្ថែមទៀត ដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចនឹងត្រូវប្រឈមបាតុកម្មតវ៉ារបស់ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។