អតីត​កម្មករ​រោងចក្រ​ឃែនធើរេន​ប្រឈម​ជីវភាព​ខ្វះខាត​បន្ទាប់​រោងចក្រ​បិទ​​មិន​ទូទាត់​ប្រាក់​ត្រឹមត្រូវ

0:00 / 0:00

ជីវភាព​អតីត​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ឃែនធើរេន អឹភែរឹល ខេម​​ឌា (Canteran Apparel Cambodia Co.,LTD) កាន់តែ​ប្រឈម​នឹង​ការ​លំបាក ក្រោយ​ពេល​ថៅកែ​រោងចក្រ​នេះ បិទ​ដំណើរការ​រោងចក្រ និង​គេចវេះ​មិន​ព្រម​ទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​ការងារ​។ មន្ត្រី​សហជីព​លើកឡើង​ថា បញ្ហា​ថៅកែ​រោងចក្រ​បិទ​រោងចក្រ និង​គេចវេះ​ពី​ការ​ទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ​ទៅដល់​កម្មករ នៅតែ​បន្ត​កើតមាន​នេះ ដោយសារ​ការអនុវត្ត​ច្បាប់​ទន់ខ្សោយ និង​អំពើពុករលួយ។

ក្រុម​អតីត​កម្មករ​រោងចក្រ​កាត់ដេរ ឃែនធើរេន អឹភែរឹល កំពុង​មាន​ជីវភាព​ក្រលំបាក​និង​អស់​សង្ឃឹម​លើ​អាជ្ញាធរ និង​ក្រសួង​ការងារ​ដែល​បណ្ដោយ​ឲ្យ​ថៅកែ​រោងចក្រ​នេះ គេចវេះ​មិន​ទូទាត់​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ឱ្យ​បាន​ត្រឹមត្រូវ តាម​ច្បាប់​ស្ដីពី​ការងារ។

អតីត​កម្មករ​រោងចក្រ ឃែនធើរេន អឹភែរឹល ដែល​បាន​ធ្វើ​ការ​ជាមួយ​រោងចក្រ​នេះ​តាំងពី​ឆ្នាំ​១៩៩៦ លោក ជា ដារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តាំងពី​រោងចក្រ​បិទ​មក គ្រួសារ​របស់​លោក​កាន់តែ​ប្រឈម​នឹង​ជីវភាព​លំបាក​។ លោក​បន្ថែម​ថា លោក​ទទួល​បាន​ថវិកា​បុរេប្រទាន​ពី​រដ្ឋាភិបាល​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​មិន​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​ការងារ និង​អតីតភាព​ការងារ​ដែល​លោក​បាន​ធ្វើ​ការ​ជាមួយ​រោងចក្រ​នេះ អស់​រយៈពេល​២៦​ឆ្នាំ​នោះ​ឡើយ។

លោក ជា ដារ៉ា៖ «ខាង​ក្រុមការងារ​ខាង​ក្រសួង​សូម​ជួយ​គិត​តាម​គោលការណ៍​ផ្លូវច្បាប់​មក អត់​ចង់បាន​លើស​ពី​ហ្នឹង​ទេ ព្រោះ​អី​ខ្ញុំ​ធ្វើការ​មិនមែន​តិច​ឆ្នាំ​ទេ ២៦​ឆ្នាំ​ហើយ​បាន​ប្រាក់​បុរេប្រទាន​តែ​តិចតួច​ប៉ុណ្ណឹង វា​មិន​ស្មើ​ជាមួយ​គេ​ធ្វើការ​៥​ឆ្នាំ ១០​ឆ្នាំ​ផង រោងចក្រ​ផ្សេងៗ​គេ​បាន​ច្រើនជាង​ហ្នឹង»។

ឆ្លៀតពេល​ទំនេរ​បន្តិច​ពី​ការ​រត់​កង់​បី​ឥណ្ឌា​លោក ជា ដារ៉ា លើកឡើង​ថា លោក និង​ប្រពន្ធ​របស់​លោក​មិនអាច​ស្វែងរក​ការងារ​ធ្វើតាម​រោងចក្រ​ផ្សេងៗ​ទៀត​បាន​នោះ​ទេ ដោយសារ​រោងចក្រ​ទាំងនោះ​មិន​ទទួល​យក​កម្មករ​ដែល​មាន​វ័យ​ចំណាស់​នោះ​ឡើយ។ លោក​បន្ត​ថា ប្រពន្ធ​របស់​លោក​បាន​បង្ខំ​ចិត្ត​ធ្វើការ​ជា​អ្នក​ចាក់​សាំង ដោយ​ទទួល​បាន​ប្រាក់ខែ​ត្រឹមតែ​១៥០​ដុល្លារ​ក្នុង​មួយ​ខែ​។ ក្រៅពី​កាត់បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​អាហារ​ប្រចាំថ្ងៃ​លោក ជា ដា​រ៉ា លើកឡើង​ថា លោក​ទិញ​តែ​សំលៀកបំពាក់​ជជុះ​តែប៉ុណ្ណោះ ដើម្បី​សន្សំ​ថវិកា​បង់​ធនាគារ​ប្រចាំខែ និង​ថ្លៃ​សិក្សា​របស់​កូនៗ​លោក។

លោក ជា ដារ៉ា៖ «ខ្ញុំ​មានះ ខ្ញុំ​សុខចិត្ត​ឈ្លោះ​ជាមួយ​បងថ្លៃ ជាមួយ​ប្រពន្ធ​ដោយសារ​ចង់ឱ្យ​កូន​រៀន​បាន​ខ្ពង់ខ្ពស់​ហ្នឹង​គេ ស្រវេស្រវា​ចងការ​គេ​ដើម្បី​ឱ្យ​កូន​រៀន​បាន​មកដល់​សព្វថ្ងៃ​នេះ កុំ​អី​ឱ្យ​ឈប់​រៀន​តាំងពី​ឆ្នាំទៅ ជួនកាល​ខ្ចី​ប្អូន​ឱ្យ​កូន​រៀន​សិន​ទៅ ថ្ងៃ​ណា​រកបាន​ចាំ​សង​ប្អូន​វិញ»។

ស្រដៀង​គ្នា​នេះ អតីត​កម្មករ​រោងចក្រ​ឃែនធើរេន អឹភែរឹល លោកស្រី គួយ គីមស៊ាង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោកស្រី​មិន​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​របប​សន្តិសុខ​សង្គម ប​.​ស​.​ស ក្នុង​ការ​ចំណាយ​ថ្លៃ​ឆ្លងទន្លេ​នោះ​ឡើយ ដោយសារ​រោងចក្រ​បិទ​ដំណើរការ​ខណៈ​ពេល​លោកស្រី​ពពោះ​បាន​៥​ខែ​។ លោកស្រី​បន្ថែម​ថា ក្រោយពី​រោងចក្រ​បិទ​ដំណើរការ លោកស្រី​គ្មាន​លទ្ធភាព​ជួល​បន្ទប់​ស្នាក់នៅ​នោះ​ឡើយ ដូច្នេះ​លោកស្រី​ត្រូវ​បង្ខំចិត្ត​ទៅ​រស់នៅ​ស្រុក​កំណើត ហើយ​ប្ដី​របស់​លោកស្រី​នៅ​បន្ត​រត់​រ៉ឺម៉ក​កង់​បី​នៅ​ភ្នំពេញ ដោយ​ដេក​នៅ​លើ​កង់បី​តែម្ដង​ដើម្បី​សន្សំ​ថវិកា​បង់​ធនាគារ។

លោកស្រី គួយ គីមស៊ាង៖ «ពិបាក​ខ្លាំង​មែន រាល់ថ្ងៃ​គិត​ទៅ​មើល​រកអី​កើត គិតតែ​មើល​កូន បើ​បាន​លុយ​ទាំងពីរ​ចំណុច​ហ្នឹង​ទៀត​មក បាន​លុយ​គ្រាន់​ទប់​បន្តិច​ដែរ​ណា តែ​គាត់​អត់​ឱ្យ ខាង​ថៅកែ​គាត់​អត់ឱ្យ​អ៊ីចឹង ពេល​អ៊ីចឹង​ខ្ញុំ​នេះ​ពិបាក​ណាស់​។ ខ្ញុំ​ត្រូវ​ចិញ្ចឹម​កូន​ហ្នឹង​ហូប​បបរ​ហូប​អី​ខ្លះ​ទៅ ត្រសក់​ត្រាំ​អី​អ៊ីចឹង​ខ្លះទៅ បើ​យើង​អត់​លុយ ឯ​ប្ដី​នោះ​គាត់​រក​ដោះ​គេ​ទីនោះ​ដែរ ជំពាក់​គេ​ទីនោះ យើង​ទ្រាំ​អត់​ហូប​អត់ឃ្លាន ស៊ី​អត់​ស៊ី​ឃ្លាន​អ៊ីចឹង​ខ្លះ​ទៅណា»។

រោងចក្រ​ឃែនធើរេន អឹភើរិល ដែល​មាន​កម្មករ​ជាង​៣​រយ​នាក់ (៣២០) ត្រូវ​បាន​ថៅកែ​បិទទ្វារ​រត់ចោល​កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា កន្លង​ទៅ ដោយ​មិនបាន​ទូទាត់​ប្រាក់ខែ​ចុងក្រោយ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ដល់​កម្មករ​នោះ​ឡើយ​។ ក្រុម​កម្មករ​បាន​ធ្វើ​បាតុកម្ម និង​ដេក​យាម​រោងចក្រ កុំឱ្យ​ម្ចាស់​រោងចក្រ​យក​សម្ភារៈ​ចេញពី​រោងចក្រ ដើម្បី​ទាមទារ​ប្រាក់ខែ​ចុងក្រោយ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ សរុប​៥​ចំណុច​។ ក៏ប៉ុន្តែ​ក្រោយពី​មាន​បញ្ជា​ពី​លោក ហ៊ុន សែន នោះ​កាលពី​ថ្ងៃទី​១៨​ខែសីហា ក្រសួង​ការងារ​បាន​ចេញ​សេចក្ដីសម្រេច​ប្រើ​ប្រាក់​បុរេប្រទាន​របស់​រដ្ឋាភិបាល​ទូទាត់​ប្រាក់​ដល់​កម្មករ​តែ ៣​ចំណុច​តែប៉ុណ្ណោះ ដែល​រួមមាន ទី​១. បើក​ប្រាក់ខែ​ចុងក្រោយ ការ​បើកប្រាក់​បំណាច់​នៅសល់ និង​ទី​៣​គឺ បើកប្រាក់​អតីតភាព​ចាស់ និង​ប្រាក់​អតីតភាព​ថ្មី។ ចំណែក​ប្រាក់​សំណង​ជំងឺ​ចិត្ត និង​ប្រាក់​ជូនដំណឹង​តាម​អតីតភាព​ការងារ​របស់​កម្មករ​នោះ​វិញ ត្រូវ​បាន​កាត់ចេញ​មិន​ឱ្យ​ថៅកែ​រោងចក្រ​ទូទាត់​ឱ្យ​កម្មករ​ឡើយ​។ ដោយឡែក​ថៅកែ​រោងចក្រ​មួយ​នេះ​លោក យ៉ាប់ ហ្វុងគង់ (YAP FONG KONG) មកពី​ប្រទេស​ម៉ាឡេស៊ី​(Malaysia) បែរជា​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​ថ្មី​មួយទៀត​ឈ្មោះ​ខ្វលលីធី (Quality) ដែល​មាន​ទីតាំង​នៅ​ក្បែរ​រោងចក្រ ឃែនធើរេន អឹភើរិល ហើយ​មិនបាន​ខ្វល់ខ្វាយ​អំពី​ការ​តវ៉ា​របស់​កម្មករ​ឡើយ។

ក្រុម​កម្មករ​ភាគច្រើន​បាន​បង្ខំចិត្ត​ទទួលយក​ប្រាក់​សំណង​បុរេប្រទាន​ពី​រដ្ឋាភិបាល ដោយ​មន្ត្រី​ប្រចាំការ​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​សន្យា​ថា បន្ទាប់ពី​ទទួល​ប្រាក់​បុរេប្រទាន​ហើយ ក្រុម​កម្មករ​នឹង​អាច​បន្ត​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​២​ចំណុច​ទៀត​តាម​ក្រោយ​។ ទោះជា​យ៉ាងណា ឆ្លៀតពេល​ក្រុម​កម្មករ​ដេក​យាម​រោងចក្រ​មាន​ចំនួន​តិច ក្រុម​អាជ្ញាធរ​ខណ្ឌដង្កោ​បាន​រឹបអូស​សម្ភារៈ និង​ម៉ាស៊ីនដេរ​ពី​រោងចក្រ​ឃែនធើរេន​ទាំងអស់​កាល​ពី​កំឡុង​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ ដោយ​សំអាង​ថា អាជ្ញាធរ​ធ្វើការ​រឹបអូស​តាម​ដីកា​របស់​តុលាការ​។ ចាប់​ពី​ពេល​នោះ​មក ក្រុម​កម្មករ​ឃែនធើរេន ក៏​លែង​បន្ត​ដាក់​វេន​គ្នា​ដេក​យាម​រោងចក្រ នឹង​អស់សង្ឃឹម​ក្នុង​ការ​តវ៉ា​ឱ្យ​ថៅកែ​រោងចក្រ​ទូទាត់​ថវិកា​ប្រាក់​សំណង​ជំងឺ​ចិត្ត និង​ប្រាក់​ជូនដំណឹង​ពី​ការ​បិទ​រោងចក្រ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​៣០ ខែ​មិថុនា ដោយ​ទូរស័ព្ទ​ចូល​ប៉ុន្តែ​មិន​មាន​អ្នកទទួល។

ផ្ទុយ​ពី​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ដែល​អះអាង​ថា លោក​តែងតែ​គិត​ពី​សុខទុក្ខ និង​ជីវភាព​របស់​ក្រុម​កម្មករ​រោងចក្រ​នោះ អ្នកវិភាគ​លើកឡើង​ថា ក្រុម​កម្មករ​រោងចក្រ​នៅតែ​ប្រឈម​នឹង​ជីវភាព​លំបាក និង​ការ​បិទ​ដំណើរការ​រោងចក្រ​ដោយ​មិន​ទទួល​បាន​ប្រាក់​បំណាច់​ផ្សេងៗ​ត្រឹមត្រូវ​តាមច្បាប់ ដោយសារ​អាជ្ញាធរ​ដែល​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​គ្រប់​ស្ថាប័ន តែងតែ​ការពារ​ថៅកែ​រោងចក្រ​ពី​វិធានការ​ច្បាប់ ព្រោះ​ពួកគេ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​ថៅកែ​រោងចក្រ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ឡើយ​នៅ​ថ្ងៃទី​៣០ ខែមិថុនា ដោយ​ទូរស័ព្ទ​ចូល​ប៉ុន្តែ​មិន​មាន​អ្នកទទួល។

ជុំវិញ​រឿង​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ យល់ឃើញ​ថា មូលហេតុ​សំខាន់​៣ ដែល​ធ្វើ​ឱ្យ​ថៅកែ​រោងចក្រ​នៅតែ​បន្ត​បិទ​ដំណើរការ​រោងចក្រ​ដោយ​មិន​ជូនដំណឹង ដើម្បី​គេចវេះ​ពី​ការ​ទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ​ដល់​កម្មករ​គឺ​ទី​១ ដោយសារ​អាជ្ញាធរ​មិនបាន​ចាត់​វិធានការ​ច្បាប់​ទៅលើ​ក្រុម​ថៅកែ​រោងចក្រ ទី​២​ដោយសារតែ​រដ្ឋាភិបាល​ផ្ដល់​ការ​អនុគ្រោះ​បង់ពន្ធ​ប្រាក់ចំណេញ​១​ភាគរយ រយៈពេល​៥​ឆ្នាំ​ទៅដល់​រោងចក្រ​បង្កើត​ថ្មី និង​ទី​៣​គឺ​ដោយសារ​អំពើពុករលួយ​របស់​មន្ត្រី និង​អាជ្ញាធរ​ខិលខូច​ដែល​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​រវាង​ថៅកែ​រោងចក្រ និង​កម្មករ​នេះ​តែម្ដង​។ លោក​បន្ថែម​ថា ដើម្បី​លើកកម្ពស់​ជីវភាព​ក្រុម​កម្មករ រដ្ឋាភិបាល​ត្រូវតែ​មាន​វិធានការ​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ទៅលើ​ថៅកែ​រោងចក្រ ដែល​រំលោភច្បាប់​ស្ដីពី​ការងារ។

លោក អាត់ ធន់៖ «រដ្ឋ​ត្រូវតែ​ពិនិត្យមើល​ឱ្យ​មែនទែន​ចំពោះ​ក្រុមហ៊ុន​ណា​ដែល​ផ្ទេរ ដែល​បិទ​ក្រុមហ៊ុន​ហ្នឹង​ត្រូវតែ​មើល​តែម្ដង អ៊ីចឹង​ត្រូវតែ​ជម្រះបញ្ជី​តាម​តុលាការ​តែម្ដង មិន​អនុញ្ញាត​ឱ្យធ្វើ​ទេ បើ​មិន​អ៊ីចឹង​ទេ​កម្មករ​បាត់បង់​ការងារ​ច្រើនណាស់ ហើយ​រោងចក្រ​មិន​ត្រូវ​បិទ ក៏​វា​បិទ ដល់​អ៊ីចឹង​កម្មករ​ដែល​មិន​ត្រូវ​បាត់​ការងារ ក៏​ត្រូវ​បាត់​ដែរ​ទី​១​។ ទី​២​រដ្ឋ​ត្រូវតែ​មាន​គោលនយោបាយ​ត្រួតពិនិត្យ​មន្ត្រី​របស់​ខ្លួន​អាច​នឹង​ពិន័យ ឬក៏​បញ្ឈប់​ខ្លះទៅ ក្នុងករណី​ដែល​វា​ធ្ងន់ធ្ងរ ដែល​អ្នកណា​កាន់​សំណុំរឿង​បិទ​ក្រុមហ៊ុន បើក​ក្រុមហ៊ុន​ហ្នឹង ក្រសួង​ណា​ពាក់ព័ន្ធ​ហ្នឹង ត្រូវតែ​ពិនិត្យ​មើលទៅ»។

លោក អាត់ ធន់ បន្ថែម​ថា ភាព​ទន់ខ្សោយ​ក្នុង​ការ​មាន​វិធានការ​ច្បាប់​ទៅលើ​ក្រុម​ថៅកែ​ខិលខូច និង​អំពើពុករលួយ​ក្នុង​វិស័យ​រោងចក្រ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅដល់​ជីវភាព​ក្រុម​កម្មករ​តែប៉ុណ្ណោះ​ទេ ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ពី​ក្រុម​កម្មករ​រាប់​លាន​នាក់​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។