ក្រសួងកសិកម្ម ដាក់ចំណាត់ថ្នាក់ដំឡូងមីជាដំណាំសំខាន់ទី២ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បន្ទាប់ពីដំណាំស្រូវ។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ចង់ឲ្យប្រជាកសិករមានជីវភាពធូរធារ តាមរយៈការដាំដំឡូងមី និងនាំចេញដំឡូងមី ឲ្យបានច្រើនបំផុតទៅទីផ្សារបរទេស។
ប៉ុន្តែ កសិករកម្ពុជា បានត្អូញត្អែរថា ពួកគាត់នៅតែប្រឈមនឹងបញ្ហាមួយចំនួនដែលត្រូវទាមទាររកដំណោះស្រាយជាបន្ទាន់។
កសិករដាំដំឡូងមី ឲ្យដឹងថា ពួកគាត់ដាំដំឡូងមីសព្វថ្ងៃត្រូវពឹងផ្អែកទម្លាប់ប្រពៃណីទាំងស្រុង ហើយប្រការនេះហើយ ដែលនាំឲ្យដំឡូងមីស្រុកខ្មែរលក់បានថោក និងមិនត្រូវតាមស្តង់ដារទីផ្សារអន្តរជាតិ។
នៅក្នុងសិក្ខាសាលាដាក់ឲ្យដំណើរការគម្រោងសហប្រតិបត្តិការត្រីភាគី កម្ពុជា ចិន និងកម្មវិធីសហប្រជាជាតិសម្រាប់ការអភិវឌ្ឍ (UNDP = យូ.អិន.ឌី.ភី) លើដំណាំដំឡូងមី។
តំណាងសហគមន៍អ្នកដាំដំឡូងមី ស្រុកមេមត់ ខេត្តកំពង់ចាម លោក ខាន់ សារិន មានប្រសាសន៍ថា ការដាំដំឡូងមីសព្វថ្ងៃមានផលវិបាកមួយចំនួន ដូចជា ខ្វះពូជដែលផ្តល់ទិន្នផលខ្ពស់ កង្វះបច្ចេកវិទ្យាដាំដុះ ដំណាំកើតជំងឺ កង្វះសេវាកម្មផ្សព្វផ្សាយ និងការទទួលបានព័ត៌មានអំពីទីផ្សារជាដើម។ លោកបន្តថា ដំឡូងមីនៅស្រុកមេមត់ ខេត្តកំពង់ចាម បានទទួលទិន្នផលជាមធ្យមពី ២០ ទៅ ៣០តោនក្នុង១ហិកតារ ដោយកសិករដាំដុះតាមរបៀបផ្សងព្រេង ឆ្នាំខ្លះបានផល ឆ្នាំខ្លះក៏មិនបានផល។ លោកបញ្ជាក់ថា បញ្ហាប្រឈមធ្ងន់ធ្ងរបំផុតសម្រាប់កសិករនោះ គឺឈ្មួញកណ្ដាលក្រឡុកតម្លៃទីផ្សារ។
ឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក តេង ឡៅ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដឹងយ៉ាងច្បាស់ថា កសិករប្រឈមនឹងបញ្ហាមួយចំនួន ទាំងបច្ចេកទេសដាំដុះ និងទីផ្សារកសិផល។ ហេតុនេះ ទើបក្រសួងកសិកម្មខិតខំពង្រីកទីផ្សារដំឡូងមីកម្ពុជា ទៅដល់ប្រទេសចិន។ លោកបញ្ជាក់ថា តាមរយៈគម្រោងសហប្រតិបត្តិការត្រីភាគីរវាងកម្ពុជា ចិន និងយូ.អិន.ឌី.ភី នឹងនាំមកនូវអត្ថប្រយោជន៍ជូនកសិករខ្មែរ ដូចជា ជំនាញបច្ចេកទេសដាំដុះ ការជ្រើសរើសពូជ និងបើកច្រកឲ្យដំឡូងមីខ្មែរវាយលុកចូលទីផ្សារប្រទេសចិន ទៀតផង។
លោកបន្តថា គម្រោងនេះក៏នឹងសិក្សាលម្អិតពីផលប៉ះពាល់បរិស្ថាន គុណភាពដី និងផលប៉ះពាល់មួយចំនួនទៀតដែរ។
កសិផលដំឡូងមីកម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម និងថៃ ប្រមាណជាង ៩០% នៃទិន្នផលសរុប ហើយថា ក្នុងនោះមានមើមដំឡូងមីស្រស់ត្រូវបាននាំចេញប្រហែលជា ៥០% មើមចំណិតស្ងួតនាំចេញ ៤០% និងមើមដែលត្រូវបានចម្រាញ់ជាម្សៅនាំចេញប្រហែលជា ១០%។ ចំនួននេះបង្ហាញឲ្យឃើញថា ការកែច្នៃដំឡូងមីរបស់កម្ពុជា ឲ្យទៅជាផលិតផលសម្រេចមុនការនាំចេញនោះ នៅមានកម្រិតតិចតួច។
ចំពោះបញ្ហាបង្កើតរោងចក្រផលិតម្សៅមី ក្នុងស្រុកវិញ លោក តេង ឡៅ បញ្ជាក់ថា កម្ពុជា មានគោលនយោបាយច្បាស់លាស់ក្នុងការទាក់ទាញវិនិយោគឲ្យបង្កើតរោងចក្រនេះនៅក្នុងប្រទេស។ ប៉ុន្តែ ពេលនេះមិនទាន់មានសញ្ញាវិជ្ជមាននោះទេក្នុងផលិតកម្មនេះ។
ទាក់ទងនឹងបញ្ហានេះដែរ តំណាងអង្គការ យូ.អិន.ឌី.ភី ប្រចាំនៅកម្ពុជា អ្នកស្រី ស៊ីស៊ូកុ យ៉ាម៉ាហ្សាគី (Setsuko Yamazaki) មានប្រសាសន៍ថា គម្រោងជំរុញការផលិត និងការនាំចេញដំឡូងមីកម្ពុជា នេះ ជាផ្នែកមួយជួយដល់ប្រជាកសិករ និងឈ្មួញរកស៊ីទិញលក់ដំឡូងមី នៅកម្ពុជា។ អ្នកស្រីបញ្ជាក់ថា កសិករនឹងទទួលបានការអប់រំបណ្ដុះបណ្ដាលអំពីបច្ចេកទេសនៃការដាំដុះដំឡូងមី និងការកែច្នៃដំឡូងមីពីភាគីចិន ដើម្បីឲ្យដំឡូងមីមានតម្លៃខ្ពស់ជាងមុន និងអាចងាយស្រួលនាំចេញទៅលក់នៅក្រៅប្រទេស។
ចំណែកឯទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិន ប្រចាំកម្ពុជា លោក ឈិន យាន (Jin Yuan) ថ្លែងឲ្យដឹងថា ដំឡូងមីជាដំណាំដ៏មានសក្ដានុពលរបស់កម្ពុជា។ លោកបន្តថា បើសិនជាគម្រោងសហប្រតិបត្តិការលើដំណាំដំឡូងមីនេះបានជោគជ័យ បានន័យថា ការផលិតកែច្នៃ និងនាំចេញដំឡូងមីរបស់កម្ពុជា ឲ្យកាន់តែមានសន្ទុះកើនឡើង ហើយក៏អាចជួយបង្កើនចំណូលសេដ្ឋកិច្ចនៃវិស័យកសិកម្មរបស់កម្ពុជា ទៀតផង។
ទន្ទឹមនឹងនេះ តំណាងសហគមន៍អ្នកដាំដំឡូងមី ស្រុកមេមត់ ខេត្តកំពង់ចាម លោក ខាន់ សារិន សង្ឃឹមថា កសិករក្នុងសហគមន៍លោកនឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងលើកស្ទួយដំណាំដំឡូងមី។ ប៉ុន្តែ លោកក៏ស្នើឲ្យក្រសួងកសិកម្ម អន្តរាគមន៍ឲ្យបានទាន់ពេលវេលាចំពោះករណីដំណាំកើតជំងឺដែរ។
គម្រោងសហប្រតិបត្តិការកម្ពុជា ចិន និងយូ.អិន.ឌី.ភី នេះ អនុវត្តនៅខេត្តកំពង់ចាម និងខេត្តប៉ៃលិន ដោយបានទទួលហិរញ្ញប្បទានពីភាគីចិន ចំនួន ៤០ម៉ឺនដុល្លារ ដោយមានរយៈពេលអនុវត្ត ១ឆ្នាំកន្លះ។
របាយការណ៍របស់ក្រសួងកសិកម្ម គិតមកត្រឹមឆ្នាំ២០១៣ នេះ ផ្ទៃដីដាំដុះដំឡូងមីរបស់កម្ពុជា បានកើនឡើងដល់ទៅជាង ៣សែនហិកតារ បើប្រៀបធៀបទៅនឹងកាលពីឆ្នាំ២០០៥ ដែលមានតែជាង ៣ម៉ឺនហិកតារតែប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ អ្នកជំនាញសេដ្ឋកិច្ចមួយចំនួនកត់សម្គាល់ថា គម្រោងលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា មិនសូវសម្បូរទេ បើធៀបនឹងក្រុមហ៊ុនដែលមករកស៊ីដាំដុះនៅកម្ពុជា។ ប្រការនេះកើតឡើងដោយសាររាជរដ្ឋាភិបាលបានបង្កើតគោលនយោបាយជួយអ្នកមានតាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនឯកជនជាង ២លានហិកតារ ទូទាំងប្រទេស។ ប៉ុន្តែ ការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្ម ការរកទីផ្សារឲ្យកសិករនៅមានកម្រិតទាបនៅឡើយ។ ហើយកម្ពុជា ក៏នៅខ្វះខាតសំណង់ធារាសាស្ត្រ ដើម្បីជំរុញការដាំដុះដែរ ជាហេតុបណ្ដាលឲ្យកម្លាំងពលកម្មជាច្រើនចំណាកស្រុកទៅក្រៅប្រទេស។ ម្យ៉ាងទៀត ដំឡូងមីត្រូវប៉ាន់នេះក៏ជាមូលហេតុមួយដែលនាំឲ្យព្រៃឈើនៅកម្ពុជា ហិនហោចទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។