កសិករចិញ្ចឹមសត្វគោនៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង បារម្ភពីចោរលួចគោរបស់ពួកគាត់ជាបន្តបន្ទាប់ ដោយពុំមានអាជ្ញាធរអើពើចាប់ជនល្មើសមកផ្ដន្ទាទោសឡើយ។ មន្ត្រីសង្គមស៊ីវិលយល់ថា អាជ្ញាធរខេត្តគួរតែចាត់វិធានការលើមន្ត្រីសមត្ថកិច្ចមូលដ្ឋាន ដែលមិនអើពើទប់ស្កាត់ចោរលួចគោពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង។
កសិករចិញ្ចឹមសត្វគោនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងស្រុកកំរៀងខេត្តបាត់ដំបង សោកស្ដាយដែលបាត់គោអស់ច្រើនក្បាល និងព្រួយបារម្ភ ពីសុវត្ថិភាព សត្វគោចិញ្ចឹម ដែលនៅសេសសល់ពីចោរលួចកន្លងមក។ ពួកគេយល់ថា បើគោនៅតែបន្តបាត់ បែបនេះ ពួកគាត់នឹងប្រឈមជីវភាពលំបាកកាន់តែខ្លាំងនាពេលខាងមុខ។ ពួកគាត់ថា សកម្មភាពចោរចូលលួចគោកន្លងមកសមត្ថកិច្ចរកឃើញនិងចាប់បានចោរមកផ្ដន្ទាទោសម្ដងណាឡើយ។
កសិករចិញ្ចឹមគោអាយុ៧២ឆ្នាំរស់នៅ២នាក់ប្រពន្ធនៅឃុំសាលាក្រៅ ស្រុកសាលាក្រៅ លោក ធួន នៅ បានប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី ២០ វិច្ឆិកា ថា លោកចិញ្ចឹមគោចំនួន១០ក្បាល ហើយបានបាត់គោ២ក្បាល ដោយ ១ក្បាលចោរលួចកាលពីដើមឆ្នាំ និង១ក្បាលទៀតបាត់កាលពីថ្ងៃទី១០ វិច្ឆិកា។ លោកបន្តថា ការដែលចិញ្ចឹមគោ ដោយសារតែលោក និងប្រពន្ធកាន់តែចាស់ ដើម្បីមានជាទ្រព្យសម្បត្តិសម្រាប់ប្រើប្រាស់នៅពេលចាស់ជរា។ លោកបន្តថា គោរបស់លោកភាគច្រើន គឺសន្សំដោយចិញ្ចឹមចែកគ្នាជាមួយម្ចាស់ដី ដែលលោកចាំចម្ការឱ្យគេ(ប្រវាស់)ហើយក៏សន្សំរហូតបានគោមួយចំនួនគ្រាន់លក់បានប្រាក់ដោះស្រាយជីវភាព។ លោក ធួន នៅ សោកស្ដាយគោ ដែលត្រូវចោរលួច និងធ្វើអោយប៉ះពាល់ដល់ជីវភាពគ្រួសារ ស្របពេលលោក ដែលកំពុងមានជីវភាព លំបាក៖
«ហ៊ឺ...លោកអើយលោក ! ថាចាស់ខ្លួនហើយខំចិញ្ចឹមគោ ក្រែងលោដល់ចាស់ខ្លួនបន្តិចទៅមានលុយអីសង្ឃឹម មានតែលុយគោហ្នឹងឯង។ ហើយគេចេះតែព្យាបាទខ្ញុំអ៊ីចឹង ដឹងគិតរបៀបម៉េចទេក្នុងអារម្មណ៍វាពិបាកនឹងគិតហាស។ នៅតែព្រួយបារម្ភនៅពេលថ្ងៃក្រោយគេធ្វើបាបខ្ញុំតទៅទៀត ហើយមានការប្រុងប្រយ័ត្នហាស បើថ្ងៃក៏ប្រយ័ត្ន អាយប់ក៏ប្រយ័ត្ន ហៃមានការដេកបន្តិចបន្តួច ខ្ញុំមិនមែនចងឆ្ងាយពី ចងចម្ងាយប្រហែល១០ម៉ែត្រពីខ្លួន។ បារម្ភខ្លាចក្រែងលោលើកក្រោយគេធ្វើបាបអស់ យកអស់ទៅមិនដឹង ហើយសម្លាប់ខ្លួនឯងទៀតក៏មិនដឹង យ៉ាងម៉េចក៏មិនដឹងទេ»។
កសិករចិញ្ចឹមគោម្នាក់ទៀត និងជាប្រជាការពារឃុំកំរៀង លោក ជឹម ជួន លើកឡើងថា លោកចិញ្ចឹមគោចំនួន១១ ក្បាល និងប្រវាស់ពីគេមួយចំនួន។ លោកថា លោកបានបាត់គោចំនួន៥ក្បាល ក្នុងនោះមេគោ៤ក្បាល និងកូនឈ្មោល១ក្បាល ដោយចោរលួចយកចេញពីក្រោលកាលពីម៉ោង២ទៀបភ្លឺ ថ្ងៃទី១១ វិច្ឆិកា។ លោកបន្តថា នៅកន្លែងកើតហេតុចោរបន្សល់ទុកនូវដានឡាននិងចំណងខ្សែគោ ហើយពលរដ្ឋមួយចំនួនថា ឃើញមានឡានកូរ៉េពណ៌ស បានដឹកចេញឆ្ពោះទៅស្រុកបវេល។ លោកបន្ថែមថា តម្លៃគោសព្វថ្ងៃអាចលក់បានតម្លៃប្រមាណ៤លានរៀល(៤,០០០,០០០៛)ក្នុងមួយក្បាល ធ្វើអោយលោកខាតបង់ប្រាក់យ៉ាងច្រើន និងប៉ះពាល់ជីវភាពគ្រួសារ៖
«ខ្ញុំបារម្ភខ្លាំងណាស់លោកគ្រូ អស់រលីងហើយ ប្រវាស់គេខ្លះផង បាត់គោប្រវាស់ផង គោខ្លួនឯងផងបាទ។ ដុនដាបហើយអ្នកម្ចាស់គោហ្នឹង ក៏គាត់អោយថាជួយចេញសងគាត់មួយចំនួនដែរ។ ដូចថាវាឃ្លាំមើលយើងយូរថ្ងៃដែរហើយតាមមើលយូរខែ មើលតែប្រឡោះយើងបន្តិចវាឆកឱកាសហាស បាទខាងប៉ៃលិនក៏បាត់»។
ស្រដៀងគ្នានេះដែរ កសិករចិញ្ចឹមគោរស់នៅឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង លោក ឌុច ឈៀង អោយដឹងថា លោកចិញ្ចឹមគោចំនួន៨០ក្បាល ហើយកាលពីថ្ងៃទី១២ វិច្ឆិកា ចោរលួចអស់ចំនួន៤ក្បាល។ លោកថា លោកបានដាក់ពាក្យប្ដឹងទៅកាន់សមត្ថកិច្ចប៉ុស្តិ៍ឃុំកំរៀងដែរ ប៉ុន្តែចំថ្ងៃអាទិត្យមិនសូវមានមន្ត្រីប្រចាំការនោះទេ។ លោកអំពាវនាវថ្នាក់ដឹកនាំនគរបាលស្រុក និងខេត្តបាត់ដំបង ពង្រឹងមន្ត្រីនគរបាលធ្វើការអោយទាន់ពេលវេលាជូនពលរដ្ឋ។ លោកព្រួយបារម្ភគោដែលនៅសល់ខ្លាចចោរលួចអស់ទៀត ប្រសិនបើសមត្ថកិច្ចមិនទាន់ចាប់ចោរ ដែលតែងតែលួចគោពលរដ្ឋ៖
«បារម្ភទាក់ទងទៅនឹងមូលដ្ឋានប៉ុស្តិ៍របស់ខ្ញុំគឺ ចង់និយាយថាបទល្មើសព្រហ្មទណ្ឌ ហៃគាត់ថ្ងៃអាទិត្យអីគាត់ថាគេអត់ធ្វើការ។ តាមពិតប៉ូលិសយើងអត់មានរើសថ្ងៃសៅអាទិត្យអីទេ គេអត់ចង់ធ្វើការអោយយើងទី១ ហើយទី២ទាក់ទងទៅនឹងមូលដ្ឋានហ្នឹងសម្បូរអ្នកប្រើប្រាស់ថ្នាំញៀន ហើយនិងអ្នកលក់ដូរអ៊ីចឹងហាស។ ខ្ញុំគោចិញ្ចឹមច្រើន ប៉ុន្តែគោខ្ញុំចិញ្ចឹមមានរបងមានអីព័ទ្ធត្រឹមត្រូវទេ តែដោយសារយប់កើតហេតុហ្នឹង អុំអ្នកដែលឃ្វាលគោ មើលគោខ្ញុំហ្នឹងគាត់តែងតែហូបស្រាជាប្រចាំដែរ។ សូមអោយថ្នាក់លើជួយត្រួតពិនិត្យទាក់ទងទៅនឹងប៉ុស្តិ៍នីមួយៗនៅតាមឃុំសង្កាត់យើង ពង្រឹងទាក់ទងទៅនឹងការចេញចូលឆ្លងកាត់គោត្រូវការមានការត្រួតពិនិត្យអោយបានគ្រប់គ្រាន់»។
កន្លងទៅពលរដ្ឋមួយចំនួនតែងតែលើកឡើងពីបញ្ហា ភូមិឃុំគ្មានសុវត្ថិភាព ពាក់ព័ន្ធចោរលួចគោ លួចក្របី និងបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន ដែលជាដើមហេតុ នៃបទល្មើសផ្សេងៗ។ កសិករចិញ្ចឹមគោសង្ឃឹមថា ក្រសួងកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ ដាក់ចេញនូវវិធានការលក់ទិញសត្វចិញ្ចឹម ពិសេសគោក្របី ត្រូវមានលិខិតស្នាម ដោយមានបញ្ជាក់ពីអាជ្ញាធរភូមិ ឃុំ និងបង្កើនការរឹតបន្តឹងសន្តិសុខនៅតាមមូលដ្ឋាន ដើម្បីភាពសុខសាន្តរបស់ពលរដ្ឋ។
ឆ្លើយតបរឿងនេះ អធិការនគរបាល ស្រុកកំរៀង លោក វេរ គឹមចត់ ប្រាប់វិទ្យុអាស៊ីសេរីថា លោកកំពុងស្រាវជ្រាវ ក្រោយពីមានការបំភ្លឺរបស់ពលរដ្ឋ ដែលបានឃើញឡានកូរ៉េពណ៌សមានទ្រុងបិទជិត ហើយម៉ាស៊ីនឆេះធម្មតាតែបិទភ្លើងរថយន្ត។ លោកបន្តថា ពលរដ្ឋឃើញត្រឹមភិនភាគឡាន តែគ្មានស្លាកលេខឡាននោះទេ ហើយក្រុមសមត្ថកិច្ចក៏បានឆែកកាមេរ៉ាតាមផ្លូវដែរ ប៉ុន្តែមិនមានឡានជនល្មើសឡើយ។ លោក វេរ គឹមចត់ អះអាងថាកន្លងមកពលរដ្ឋលក់ទិញសត្វគោត្រូវធ្វើលិខិតលក់ទិញគោ ដោយមានការទទួលស្គាល់ពីប៉ុស្តិ៍នគរបាលឃុំ ប៉ុន្តែមួយរយៈក្រោយនេះពលរដ្ឋមិនដែលមកធ្វើឯកសារលក់ទិញគោនៅប៉ុស្តិ៍នោះទេ៖
«អាមុខសញ្ញាលួចគោអីនៅស្រុកយើងវាអត់មានអ៊ីចឹងហាសបង អ៊ីចឹងកំពុងទាក់ទងទៅស្រុកជាប់ៗហ្នឹង ដូចជាស្រុកបវេល និងស្រុកសាលាក្រៅខ្ញុំកំពុងទាក់ទងគេ។ វាមុខសញ្ញាវាចេញមកខាងបវេលបង យប់ព្រលប់អាយប់អីរំលងអាធ្រាត្រអី ខ្ញុំអោយកម្លាំងតាមប៉ុស្តិ៍គាត់ចេញហើយបង គាត់ចេញល្បាតអ៊ីចឹងហាសបង។ បាទអានេះវាអាចស្ងាត់ វាអាចមកទៀតបង ដូចថាមកមួយរឿងអ៊ីចឹងទៅ វាផ្អើលឈុលទៅ វាបាត់អ៊ីចឹងហាស វាអត់ទាន់ហ៊ានមកទៀតអ៊ីចឹងហាស។ ហើយយើងក៏បានអោយប៉ុស្តិ៍រដ្ឋបាលផ្សព្វផ្សាយអោយពលរដ្ឋយើងមានការប្រុងប្រយ័ត្ន»។
ទោះជាមានការលើកឡើងរបស់សមត្ថកិច្ចស្រុកកំរៀងទាក់ទងការចុះល្បាតក្រោយគោមានបទល្មើសចោរលួចគោ ក៏កសិករចិញ្ចឹមគោនៅតែយល់ឃើញថាសមត្ថកិច្ចគ្មានយន្តការជាក់លាក់ក្នុងការបង្ក្រាបចោរលួចគោឱ្យមានប្រសិទ្ធភាពឡើយ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តបាត់ដំបង លោក យិន ម៉េងលី សង្កេតឃើញថា ការបាត់គោ និងក្របីរបស់ពលរដ្ឋមិនមែនជារឿងថ្មីនោះទេ ហើយម្ចាស់សត្វតែងតែទៅឃើញគ្រោងឆ្អឹងគោក្របីរបស់ខ្លួន នៅតាមវាលស្រែក្រោយពីជនល្មើសវះយកសាច់អស់។ លោកថា ជារឿងចម្លែកដែរ ព្រោះសត្វគោក្របី គឺមានទំហំធំជាងគ្រឿងញៀន ហើយមានឡានដឹកធំៗ ប៉ុន្តែជនល្មើសនៅអាចលួចយកគោបានយ៉ាងស្រួល។ លោកបន្តថា ស្ថាប័នពាក់ព័ន្ធគួរមានវិធានការលើសមត្ថកិច្ចមូលដ្ឋាន ព្រោះគោនៅក្នុងក្រោលហើយ ចោរនៅតែ អាចលួចយកបាន ដោយគ្មានការទប់ស្កាត់ពីសមត្ថកិច្ច ដែលប្រាស់ចាកពីគោលនយោបាយភូមិឃុំសុវត្ថិភាពរបស់រដ្ឋាភិបាល៖
«ខ្ញុំឃើញថាជំនាញខ្លះគាត់សស្រោកសស្រាំ គ្មានថ្ងៃសៅអាទិត្យទេ សឹងថាចុះចាប់ទាំងយប់ទៀត បើសិនជាផ្នែកសន្តិសុខយើងធ្វើបានដូចជំនាញមួយចំនួនហ្នឹង ខ្ញុំគិតថាប្រជាពលរដ្ឋត្រេកអរណាស់។ នេះបញ្ហារឿងគោក្របីប៉ុនៗណាណី ដឹកដោយរថយន្ត ចុះបញ្ហាគ្រឿងញៀនតូចៗ វានឹងបង្កបញ្ហាអ្វីទៀតហើយ ដល់អ៊ីចឹងធ្វើអោយប្រជាពលរដ្ឋ ពេលខ្លះលោក រាងអស់ជំនឿដែរ ទៅលើសមត្ថកិច្ច ប្រសិនជាបញ្ហាហ្នឹងវាកើតឡើង។ អ៊ីចឹងត្រូវមានចំណាត់ការជាបន្ទាន់ ថ្នាក់ស្រុក ឬក៏ថ្នាក់ខេត្តត្រូវមានវិធានការ អត់ត្រូវលាក់រឿងហ្នឹងទេ អូរលាក់កុំអោយថ្នាក់លើដឹងអីអត់ទេ។ សម័យនេះសម័យបច្ចេកវិទ្យា សម័យហ្វេសបុកយើងមិនអាចលាក់ព័ត៌មានបានទេ សំខាន់យើងអោយដឹងទាំងអស់គ្នា ហើយយើងរកវិធានការទប់ស្កាត់ ខ្ញុំគិតថាជាការប្រសើរជាង»។
កន្លងមកករណីចោរលួចគោ លួចក្របី តែងធ្វើសកម្មភាពពេលយប់លួចដឹកគោចេញពីក្រោលខណៈម្ចាស់គោកំពុងដេកលក់ ដោយអូសឡើងឡាន និងមួយចំនួនទៀតគឺសម្លាប់គោ ហើយវះយកតែសាច់មានតម្លៃ ហើយទុកក្បាល និងឆ្អឹងចោល។ ករណីបាត់គោនេះ តែងកើតឡើងនៅទូទាំងប្រទេស ដោយសារតែអាជ្ញាធរពាក់ព័ន្ធអនុវត្តច្បាប់ធូររលុងដែលជាឱកាសដល់ប្រព្រឹត្តបទល្មើសចេះតែលួចគោក្របីរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់។
កសិករ និងមន្ត្រីសង្គមស៊ីវិលទទូចដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ពិសេសអាជ្ញាធរមានសមត្ថកិច្ច គួរពង្រឹងសមត្ថភាពក្នុងការថែរក្សាសុវត្ថិភាពក្នុងភូមិឃុំ ដើម្បីអោយពលរដ្ឋមានជំនឿ និងមានក្តីសង្ឃឹមឡើងវិញទាក់ទងការចិញ្ចឹមសត្វ និងសុវត្ថិភាពសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។