កិច្ចចរចារវាងតំណាងកម្មករ និងភាគីរោងចក្រស៊ីម៉ងត៍ចក្រីទីង ខេត្តកំពត នៅរសៀលថ្ងៃទី៣១ ធ្នូ លើការទាមទាររបស់កម្មករចំនួន ៤ចំណុច ទាក់ទងទៅនឹងការទាមទារលក្ខខណ្ឌការងារ និងដំឡើងប្រាក់ខែកម្មករបានបញ្ចប់នៅល្ងាចថ្ងៃដដែល។ ចំពោះលទ្ធផល គឺភាគីរោងចក្របានយល់ព្រមលើចំណុចខ្លះ និងចំណុចខ្លះទៀតត្រូវដោះស្រាយនៅពេលក្រោយ។
បន្ទាប់ពីបានបើកកិច្ចប្រជុំចរចាគ្នាអស់រយៈពេលពីរម៉ោងនៅក្នុងរោងចក្ររួចមក ភាគីតំណាងរោងចក្របានយល់ព្រមដោះស្រាយតាមសំណើរបស់កម្មករចំនួន ២ចំណុច ក្នុងចំណោម ៤ចំណុចដែលកម្មករបានទាមទារ។ ចំណែកភាគីកម្មករ សុខចិត្តទទួលយល់ព្រមបណ្ដោះអាសន្ន។
តំណាងភាគីកម្មករដែលចូលចរចា លោក ហេង ចិន ឲ្យដឹងថា ចំណុចដែលភាគីរោងចក្រព្រមតាមសំណើរបស់កម្មករនោះ គឺទី១ ព្រមដំឡើងប្រាក់ខែឲ្យកងសន្តិសុខ ៩នាក់ ក្នុងម្នាក់ៗ ១០ដុល្លារបន្ថែមលើប្រាក់ខែចាស់ដែលមាន ៨០ដុល្លារ ក្នុងពេលកម្មករទាមទារដំឡើងប្រាក់ខែឲ្យបុគ្គលិក និងកម្មករខ្មែរសរុបជាង ១០០នាក់។ ទី២ ភាគីរោងចក្រយល់ព្រមទិញធានារ៉ាប់រងអាយុជីវិត និងសុខភាព ២៤ម៉ោង ឲ្យបុគ្គលិកទាំងអស់តាមសំណើ។ ចំណុចទី៣ ភាគីរោងចក្រយល់ព្រមថានឹងធ្វើយ៉ាងណាឲ្យបុគ្គលិក និងកម្មករខ្មែរ មានសិទ្ធិស្មើបុគ្គលិក និងកម្មករជនជាតិចិន តាមការតវ៉ារបស់កម្មករខ្មែរ។ ក៏ប៉ុន្តែចំណុចទី៤ ចំពោះការទាមទារប្រាក់បំណាច់ ឬប្រាក់ខែទី៣ ភាគីរោងចក្រនឹងយកទៅពិភាក្សាជាមួយថៅកែនៅស្រុកចិន សិន ហើយសុំឲ្យកម្មកររង់ចាំចម្លើយក្នុងរយៈពេល ៣សប្ដាហ៍ទៀត។
ចំពោះលទ្ធផលនេះ លោក ហេង ចិន អះអាងថានៅមិនទាន់ពេញចិត្តនៅឡើយទេ តែភាគីកម្មករបានយល់ព្រមបណ្ដោះអាសន្នសិន ហើយកម្មករយល់ព្រមចូលធ្វើការវិញចាប់ពីខែក្រោយទៅ និងចាំមើលថា តើភាគីរោងចក្រគោរពពាក្យសន្យា ឬអត់?៖ «ឆ្លើយតបទៅនឹងបញ្ហាហ្នឹង លទ្ធផលហ្នឹង ខ្ញុំបាទ និងបុគ្គលិកទាំងអស់គ្នា និងរូបខ្ញុំជាតំណាង បានយល់ព្រមដោយមានលក្ខខណ្ឌ គឺយើងចាំមើលថា តើក្រុមហ៊ុននឹងអនុវត្តទៅតាមអ្វីដែលយើងបានព្រមព្រៀងគ្នាសរសេរជាលាយលក្ខណ៍អក្សរទាំងអស់ បើក្រុមហ៊ុនអនុវត្ត ពួកខ្ញុំនឹងចូលធ្វើការតាមធម្មតាដូចមុនវិញ។ ប៉ុន្តែក្រោយពេលដែលក្រុមហ៊ុនធ្វើកិច្ចសន្យាជាមួយពួកខ្ញុំហើយ ធ្វើមិនដូចជាកិច្ចសន្យាទេ លើក្រដាសគាត់សរសេរផ្សេង ហើយគាត់ធ្វើផ្សិង ពួកខ្ញុំនឹងបន្តធ្វើកូដកម្មបន្តទៀត»។
ចំណែកភាគីតំណាងរោងចក្រដែលសុំមិនបញ្ចេញឈ្មោះ និងសំឡេង ក៏បានបញ្ជាក់ដូចតំណាងភាគីតំណាងរោងចក្រដែរ។ លោកថា ភាគីរោងចក្រមិនអាចដំឡើងប្រាក់ខែឲ្យកម្មករខ្មែរទាំងអស់បាននៅពេលនេះ ដោយសារទីផ្សារលក់ស៊ីម៉ងត៍របស់រោងចក្រមិនទាន់បានដំណើរការពេញលេញ តែនៅពេលដំណើរការល្អហើយ ភាគីរោងចក្រនឹងដំឡើងប្រាក់ខែឲ្យកម្មករតាមដំណាក់កាលៗ។
កិច្ចប្រជុំចរចានេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីកម្មករជិត ១០០នាក់ បានតវ៉ាទាមទារលក្ខខណ្ឌការងារ ៤ចំណុច ដូចជាសុំដំឡើងប្រាក់ខែកម្មករក្រោយធ្វើការឲ្យក្រុមហ៊ុនបានរយៈពេលមួយឆ្នាំ ទាមទារប្រាក់ឧបត្ថម្ភថែរក្សាសុខភាព និងសង្គ្រោះព្យាបាលជំងឺនៅពេលមានគ្រោះថ្នាក់ពេលបំពេញការងារ ទាមទារប្រាក់បំណាច់ ឬប្រាក់ខែទី១៣ និងទាមទារឲ្យកម្មករបុគ្គលិកខ្មែរមានសិទ្ធិស្មើបុគ្គលិកចិន ធ្វើការក្នុងរោងចក្រនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។