ក្រុម​អ្នក​ស្រឡាញ់ និង​អភិរក្ស​ចាប៉ី​ដង​វែង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ៦ឆ្នាំ បាន​ចុះ​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្ស​ជាតិ

ដោយ សេក បណ្ឌិត
2022.11.27
ក្រុម​អ្នក​ស្រឡាញ់ និង​អភិរក្ស​ចាប៉ី​ដង​វែង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ៦ឆ្នាំ បាន​ចុះ​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្ស​ជាតិ ក្រុម​អ្នក​អភិរក្ស​សិល្បៈ​ចាប៉ី​ដង​វែង​លេងរួមគ្នា ដើម្បីប្រារព្ធខួប ៦ ឆ្នាំនៃ​ការ​ចុះ​បញ្ជី​បេតិកភណ្ឌ​អរូបី​ នៃ​មនុស្ស​ជាតិ​ UNESCO នៅមជ្ឈមណ្ឌលកោះពេជ្យ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
រូប៖ Community of Living Chapei

ក្រុម​អ្នក​អភិរក្ស​សិល្បៈ​ចាប៉ី​ដង​វែង​បាន​ជួប​ប្រជុំ​គ្នា​ ដើម្បី​ប្រារព្ធ​ពិធី​រំលឹក​ខួប ​៦​ឆ្នាំ​ នៃ​ការ​ចុះ​បញ្ជី​បេតិកភណ្ឌ​អរូបី​ នៃ​មនុស្ស​ជាតិ​ នៅ​ខេត្ត​កំពត នៅថ្ងៃទី២៧ ខែវិច្ឆិកា។ ការ​ប្រារព្ធ​ខួប​ចាប៉ី​នេះ​ឡើង ដើម្បី​បណ្ដុះ​ស្មារតី​ដល់​យុវជន​ជំនាន់​ក្រោយ​ ​ឱ្យ​ចូលរួម​ថែរក្សា​ និង​អភិរក្ស​មរតក​វប្បធម៌​ជាតិ​ ខណៈ​ដែល​សិល្បៈ​តន្ត្រី​បុរាណ​មួយ​នេះ​សព្វថ្ងៃ ​​មិនសូវ​មាន​យុវជន​ចាប់​អារម្មណ៍​សិក្សា​។ មន្ត្រី​សង្គម​ស៊ីវិល​យល់ថា​រដ្ឋាភិបាល​គួរ​ពិនិត្យ​ និង​បង្កើន​ថវិកា​ដល់​ក្រសួង​ពាក់ព័ន្ធ​ គាំទ្រ​សិល្បៈ​តន្ត្រី​បុរាណ​ ជាពិសេស ​ចាប៉ី​ដង​វែង​ និង​លើក​ទឹក​ចិត្ត​ដល់​ចាស់​ព្រឹទ្ធាចារ្យ​ផ្សេង​ៗ ​ដែល​មាន​ស្នាដៃ​កន្លងមក​។

ក្រុម​អ្នក​ស្រលាញ់​មរតក​សិល្បៈ​តន្ត្រី​បុរាណ​ចាប៉ី​ដង​វែង បាន​សហការ​គ្នា​បង្កើត​មូលនិធិ​ចាប៉ី​ដង​វែង​ ដើម្បី​ប្រារព្ធ​មហោស្រព​ចាប៉ី​ដង​វែង​ នៅ​វត្ត​បាលិលេយ្យក៍ ភូមិ​ច្រេស ឃុំ​ច្រេស ស្រុក​ជុំ​គិរី ខេត្ត​កំពត។ កម្មវិធី​មាន​អ្នក​ចូលរួម​​ប្រមាណ​​ ៨០០នាក់  និង​ដង្ហែ​ក្បួន​ចាប៉ី​ដង​វែង​ចេញ​ពី​វត្ត​បា​លិលេយ្យក៍​ចេញ​ទៅ​ស្រុក​ឈូក​ និង​ដង្ហែ​ត្រឡប់​មក​វត្ត​វិញ​ មាន​អម​ដោយ​ក្រុម​ឆៃយ៉ាំ នាំ​មុខ​ក្បួន​ និង​ភ្លេង​ពិណពាទ្យ​កំដរ​នៅ​ក្នុង​វត្ត​។ ​កម្មវិធី​មាន​ការ​ចូលរួម​សម្ដែង​ពី​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​មក​ពី​តាម​បណ្ដា​ខេត្ត​នានា​ រួម​មាន ​ខេត្ត​ពោធិ៍សាត់​​សម្ដែង​ចាស់ព្រឹទ្ធាចារ្យ ឯល បៀន ហៅ​តា​កំពូល​ពេជ្រ​ ព្រឹទ្ធាចារ្យ សាន់ សឺន មក​ពី​ខេត្ត​កំពង់ស្ពឺ ព្រឹទ្ធាចារ្យ កែ ប៉ិច នៅ​ខេត្ត​កំពត និង​ក្រុម​យុវជន​បន្ត​វេន​សិល្បៈ​តន្ត្រី​ចាប៉ី​ដង​វែង។​

អ្នក​រៀប​ចំ​ និង​សម្របសម្រួល​កម្មវិធី​រំលឹក​ខួប​ចាប៉ី​ដង​វែង​លោក ម៉ើង មឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឱ្យ​ដឹង​នៅ​ថ្ងៃទី២៧ ខែវិច្ឆិកា ថា គោលបំណងនៃការប្រារព្ធខួប ៦ឆ្នាំ ដើម្បី​ចូលរួម​អបអរសាទរ នូវ​ការ​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ នៃ​មនុស្ស​ជាតិ​ របស់​អង្គការ​យូណេស្កូ ដែល​បញ្ជាក់​ថា​ជា​វប្បធម៌​របស់​ដូនតា​ខ្មែរ​បន្សល់​ទុក​។ លោក​បន្ត​ថា​ ថវិកា​ប្រារព្ធ​ពិធី​កើត​ឡើង​ពី​ការ​រ៉ៃ​អង្គាស​ពី​សប្បុរសជន​ ប្រជាពលរដ្ឋ​ ព្រះសង្ឃ​នៅ​តាម​វត្ត​ ដែល​​អ្នក​ស្រលាញ់​ចូលចិត្ត​តន្ត្រី​បុរាណ​ចាប៉ី​ដង​វែង ហើយ​លោក​ថា ​កម្ម​វិធី​ប្រារព្ធ​ខួប​បែបនេះ​ធ្វើ​ឡើង​បាន ​២​ដង​ហើយ ​រយៈពេល ២ឆ្នាំចុងក្រោយនេះ។ លោក​បញ្ជាក់​ថា​ ក្រុម​អ្នក​អភិរក្ស​តន្ត្រី​ចាប៉ី​ដង​វែង នៅ​មិនទាន់​មាន​គម្រោង​ស្នើ​សុំ​ទៅ​ក្រសួង​អប់រំ​ ដើម្បី​ដាក់​បញ្ចូល​មុខ​វិទ្យា​តន្ត្រី​ចាប៉ី​ដង​វែង​នោះ​ទេ​ ព្រោះ​មិន​ទាន់​មាន​ស្នាក់​ការ​បង្រៀន​ចាប៉ី​នៅ​ភ្នំពេញ​នៅ​ឡើយ​៖

«ដើម្បី​លើក​កម្ពស់​ ហើយ​នឹង​អំពាវនាវ​ ក៏​ដូចជា​ ចង​ក្រង​ឱ្យ​យុវជន​យើង​ជំនាន់​ក្រោយ​ ចូលចិត្ត​បណ្ដុះ​ឆន្ទៈ​ស្រឡាញ់​រក្សា​ការពារ​ ហើយ​និង​ឱ្យ​តម្លៃ​របស់​យើង​ផង​បាទ​។ គម្រោង​របស់​យើងគឺ ​យើង​ស្នើ​ទៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ សូម​ឱ្យ​លោក​គិតគូរ​បន្ថែម​ទៅ​លើ​ការ​បណ្ដុះបណ្ដាល​។ សំណូមពរ​ឱ្យ​មាន​ទីតាំង​ ដើម្បី​បណ្ដុះបណ្ដាល​ផ្ទាល់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ ដែល​ជា​មជ្ឈមណ្ឌល​កណ្ដាល​ ដើម្បី​ឱ្យ​មាន​សិស្ស​ចូល​រៀន​ច្រើន​ ហើយ​បង្ក​ឱកាស​ដល់​ព្រឹទ្ធាចារ្យ​ចាស់​ៗ ដែល​លោក​បាន​បញ្ចេញ​សមត្ថភាព​ចែក​រំលែក​បទ​ពិសោធន៍​លើ​ជំនាញ​ផ្នែក​សិល្បៈ​តន្ត្រី​ចាប៉ី​ដង​វែង​ហ្នឹង​ផង​ដែរ​»

ចំណែក​ព្រះសង្ឃ​គង់​នៅ​ខេត្ត​តាកែវ​ ដែល​បាន​ចូល​ថវិកា​គាំទ្រ​កម្មវិធី​ចាប៉ី​ដង​វែង​ព្រះភិក្ខុ វ៉ិត ឡៃ ​ព្រះ​អង្គ​លើក​ឡើង​ថា ក្នុងនាមជាកូនខ្មែរ ១រូប ព្រះអង្គ​ស្រលាញ់​សិល្បៈ​បុរាណ​ ដែល​បុព្វ​បុរស​បន្សល់​ទុក​អោយ​​។ ​ព្រះ​អង្គ​មាន​ថេរ​ដីកា​បន្ថែម​ថា នៅ​ពេល​មាន​ព្រឹត្តិការណ៍​ ដែល​លើក​កម្ពស់​វប្បធម៌​ជាតិ ពលរដ្ឋ​ខ្មែរ​គួរ​តែ​ជួយ​គ្នា​តាម​លទ្ធភាព​ ដើម្បី​កុំ​ឱ្យ​បាត់បង់​អត្តសញ្ញាណ​វប្បធម៌​ពី​ដូនតា​។ ព្រះភិក្ខុ វ៉ិត ឡៃ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ចូលរួម​គាំទ្រ​ និង​លើក​ស្ទួយ​សិល្បៈ​បុរាណ​ខ្មែរ​។ ព្រះភិក្ខុ វ៉ិត ឡៃ សង្ឃឹម​ថា​រដ្ឋាភិបាល​ និង​ក្រសួង​ពាក់ព័ន្ធ​ បណ្ដុះបណ្ដាល ឬ​ដាក់​បញ្ចូល​មុខ​វិជ្ជា​តន្ត្រី​បុរាណ​គ្រប់​ប្រភេទ​ចូល​ក្នុង​កម្មវិធី​សិក្សា​របស់​រដ្ឋ​តាំង​ពី​ថ្នាក់​បឋម​សិក្សា​៖ 

«ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប​ យើង​ស្រឡាញ់​ យើង​ព្យាយាម​ដាស់​តឿន​ ព្យាយាម​រំលេច​នូវ​អ្វី​ដែល​មាន​ចំពោះ​ប្រជាពលរដ្ឋ​យើង​ក្នុង​ប្រទេស​ ក៏​ដូច​ជា​បរទេស​ឱ្យ​គេ​បាន​ស្គាល់​ ឱ្យ​គេ​បាន​ដឹង​។ យើង​​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​យើង​ស្រឡាញ់​មិនមែន​តែ​មាត់​ទេ​ បាន​ន័យ​ថា ​យើង​ជួយ​ជា​ថវិកា​ យើង​ជួយ​ជា​កម្លាំង​ចិត្ត មួយ​ទៀត​លើក​ទឹក​ចិត្ត​ដល់​ចាស់​ព្រឹទ្ធាចារ្យ​ផ្នែក​ចាប៉ី​ ដែល​នៅ​សល់​ ព្រោះ​យើង​សព្វ​ថ្ងៃ​ចាស់​ព្រឹទ្ធាចារ្យ​ជំនាន់​ដើម​ គឺ​យើង​សល់​តិច​បំផុត​​»

ក្រុម​អ្នក​អភិរក្ស​ចាប៉ី​ដង​វែង​​ព្រួយ​បារម្ភ​​ អំពី​តន្ត្រី​បុរាណ​មួយ​នេះ​ ​ធ្លាក់​ចុះ​ប្រជាប្រិយភាព និង​បាត់បង់​អ្នក​បន្ត​វេន​ ព្រោះ​យុវជន​ហាក់​មិន​ចាប់​អារម្មណ៍​រៀន​ផ្នែក​តន្ត្រី​បុរាណ​ចាប៉ី​ដង​វែង​​។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ លោក ឡុង ប៉ុណ្ណា​ស៊ីរី​វត្ថនិង​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពត លោក គង់ ផល្លា​ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា​ ដោយ​លោក​ចូល​សារ​តែ​មិន​ឆ្លើយ​តប​។ ប៉ុន្តែ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ លោក​ គឹម ពិនន់ លើក​ឡើង​ក្នុង​កម្ម​វិធី​ថា​ ជា​មោទនភាព​មួយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ ពិសេស​ក្រុម​អភិរក្ស​ចាប៉ី​ដង​វែង​ឡើង​ ដែល​បង្ហាញ​ពី​ការ​ស្រឡាញ់​ និង​ចូលរួម​ថែរក្សា​វប្បធម៌​ដូនតា​។ លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី២៨​ វិច្ឆិកា​ ក្រសួង​នឹង​បាន​ដាក់​ស្នើ​ល្បុក្កតោ​ខ្មែរ​ ដើម្បី​បញ្ចូល​បេតិកភណ្ឌ​ជាតិ​ដែរ ​ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​ មាន​ការ​ទទួល​ស្គាល់ ​ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។ លោក​បន្ថែម​ថា​ ប្រទេស​កម្ពុជា​សម្បូរ​ទៅ​ដល់​វប្បធម៌​បេតិកភណ្ឌ​ជាតិ​២ផ្នែក​ រួម​មាន ​ផ្នែក​រូបិយ ដូច​ជា ​ប្រាសាទ​អង្គវត្ត​ ប្រាសាទ​ព្រះវិហារ​ ប្រាសាទ​សំបូរ​ព្រៃ​គុគ​ ជា​ដើម ​ចំណែក​ផ្នែក​អរូបី មាន​ដូច​ជា​ ល្ខោន​ខោល​ ចាប៉ី​ដង​វែង​ និង​របាំ​ព្រះរាជទ្រព្យ​៖ 

«​ចាប៉ី​ដង​វែងដែលតាំងពីឆ្នាំ២០២១ រហូត​មក​ដល់​ឥឡូវ​នេះ​ណា​ ធ្វើ​បាន​ការងារ​ហ្នឹង​ច្រើន​មែន​ទែន​ ហើយ​ខ្ញុំ​ព្រះ​ករុណា​ទូល​បង្គំ​ខ្ញុំ​បាទ​ សូម​កោត​សរសើរ​ នូវ​អ្វី​ដែល​ជា​សមិទ្ធផល​រយៈពេល​ខ្លី​ ប៉ុន្តែ​ធ្វើ​បាន​ដល់​ទៅ​២ដង​ នេះ​ឆ្លង​តាម​របាយការណ៍។ ខ្ញុំ​ព្រះ​ករុណា​ទូល​បង្គំ​ពិត​ជា​មាន​ការ​សប្បាយ​រីករាយ​ណាស់​»

ជុំវិញ​រឿង​នេះ​ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ លោក កើត សារ៉ាយ យល់​ឃើញ​ថា​ ការ​ប្រារព្ធ​ពិធី​នេះ ជា​រឿង​ប្រសើរ​ ដែល​បាន​ចូលរួម​ថែរក្សា​ និង​អភិរក្ស​មរតក​ដូនតា​បន្សល់​ទុក​ឱ្យ​អ្នក​ជំនាន់​ក្រោយ​។ លោក​បន្ត​ថា​ តន្ត្រី​ចាប៉ី​ដង​វែង​ ជា​ទ្រព្យ​សម្បត្តិ​ជាតិ​​មួយ​ដ៏​សារៈសំខាន់​ ដែល​ធានា​ និង​បញ្ជាក់​ពី​អត្តសញ្ញាណ​ជន​ជាតិ​ខ្មែរ។ លោក​ថា មូលហេតុ​ដែល​យុវជន​មួយ​ចំនួន​មិន​សូវ​ចាប់​អារម្មណ៍​រៀន​តន្ត្រី​ចាប៉ី​បុរាណ ព្រោះ​បច្ចេកវិទ្យា​ និង​មនុស្ស​បច្ចុប្បន្ន​ចូលចិត្ត​សម្ភារៈ​និយម​។ លោក កើត សារ៉ាយ បន្ថែម​ថា ដើម្បី​ថែរក្សា​ និង​អភិរក្ស​ចាប៉ី​ដង​វែង​ និង​ឱ្យ​យុវជន​ចាប់​អារម្មណ៍​ គឺ​ត្រូវ​ផ្សា​ភ្ជាប់​ចាប៉ី​ទៅ​ជាមួយ​សិល្បៈ​ផ្សេង​ៗ ​ទៀត​​ ឱ្យ​ដើរ​ទាន់​សម័យ​កាល​ ប៉ុន្តែ​ក៏​មិន​ត្រូវ​ធ្វើ​ឱ្យ​បាត់​បង់​ដើម​កំណើត​ដែរ​៖ 

«​ដើម្បី​ធ្វើ​អោយ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ចំពោះ​សិល្បៈ​ចាប៉ី​ដង​វែង​នេះ​ទៀត​សោត​ រាជ​រដ្ឋាភិបាល​ត្រូវ​តែ​បង្កើត​អោយ​មាន​សាមី​ក្រសួង​ហ្នឹង​មាន​កញ្ចប់​ថវិកា​ទ្រទ្រង់​ និង​បណ្ដុះបណ្ដាល​ ហើយ​ព្យាយាម​ឱ្យ​តម្លៃ​តាមរយៈ​ការ​ធ្វើ​ ប្រារព្ធ​ពិធី​ធំ​ៗ​ មាន​ន័យ​ថា ​ឱ្យ​ការ​បង្ហាញ​មុខ​នូវ​សិល្បៈ​ចាប៉ី​ដង​វែង​ តាមរយៈ​ការ​ច្រៀង​។ បើ​ល្អ​ទៅ​ទៀត​នោះ​ គឺ​ព្យាយាម​បញ្ចូល​ទៅ​តាម​ប្រព័ន្ធ​អប់រំ​តែ​ម្ដង​ ចាត់​ទុក​ថា ​ជា​សិល្បៈ​មួយ​ ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ ដែល​កូន​ខ្មែរ​គួរ​រៀន​ចេះ​ដឹង​ ចេះ​ដេញ​វា​ពី​ក្មេង​មក​ដែរ​។ នៅ​បច្ចុប្បន្ន​នេះ​អ្នក​ដែល​ចូលចិត្ត​ស្ដាប់​ចាប៉ី​ ច្រើន​តែ​អ្នក​ដែល​ចូលចិត្ត​ស្ដាប់​ការ​ប្រើប្រាស់​វោហារ​ស័ព្ទ​បែប​ក្លែម​ពាក្យ​ក្លែម​សម្ដី​អី​ទេ​»

តន្ត្រី​ចម្រៀង​ចាប៉ី​ដង​វែង​ ធ្លាប់​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​អប់រំ​ពលរដ្ឋ​ខ្មែរ ឱ្យ​ស្វែងរក​ភាព​រីកចម្រើន ការ​ច្រៀង​រៀបរាប់​ការ​រស់​នៅ​ចាំ​ថ្ងៃ​ ការ​បណ្ដុះ​ស្មារតី​ពលរដ្ឋ​ឱ្យ​​ស្រលាញ់​ថែរក្សា​ជាតិ ​និង​ប្រកប​ដោយ​សីលធម៌​ល្អ​ក្នុង​សង្គម។ អ្នក​ចម្រៀង​​ចាប៉ី​ស្រែក​ច្រៀង​រំលឹក​ពី​ក្បួន​សាស្ត្រា ពាក្យ​ប្រៀនប្រដៅ​ របស់​បុព្វបុរស​អំពី​សីលធម៌​ក្នុង​ការ​រស់នៅ ពី​សុភាសិត ពាក្យស្លោក ឬ​រៀបរាប់​ពី​រឿង​និទាន​ផ្សេង​ៗ ​ជា​ដើម។ ​ក្រុម​ការងារ​មូលនិធិ​ចាប៉ី​ដង​វែង​ថា ​សព្វ​ថ្ងៃ​អ្នក​ចម្រៀង​ចាប៉ី​ និង​អ្នក​បង្រៀន​ចាប៉ី​ដង​វែង​​មាន​ ៧៧នាក់​ នៅ​ទូទាំង​ប្រទេស​។

ចាប៉ី​ដង​វែង​​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ស្គាល់​ភាគ​ច្រើន​តាម​រយៈ​ការ​សម្ដែង​ច្រៀង​ទោល​ឬ​​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​។​ ឧបករណ៍​ចាប៉ី​ដង​វែង​នេះ​ ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​ទម្រង់​សិល្បៈ​ចំនួន៤ រួមមាន ​ក្នុង​វង់ភ្លេង​អារក្ស វង់ភ្លេង​ការ​បុរាណ វង់ភ្លេង​មហោរី​ និង​ក្នុង​ចម្រៀង​ចាប៉ី​ដង​វែង​។

ក្រុម​អ្នក​អភិរក្ស​ គាំទ្រ​តន្ត្រី​ចាប៉ី​ដង​វែង​ និង​សង្គម​ស៊ីវិល​ទទូច​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ព្រឹទ្ធាចារ្យ​តន្ត្រី​បុរាណ​ និង​បង្កើត​មជ្ឈមណ្ឌល​សិក្សា​ និង​អំពាវនាវ​ពលរដ្ឋ​​ចូលរួម​ថែរក្សា​លើកស្ទួយ ដើម្បី​បន្សល់​ទុក​ស្នាដៃ​ឱ្យ​អ្នក​ជំនាន់​ក្រោយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។