រូប​សំណាក​លោក ជា វិជ្ជា ដាក់​តាំង​ជា​ផ្លូវ​ការ

ក្រោយ​ពី​មាន​ការ​ទាមទារ និង​តវ៉ា​ជាច្រើន​លើក និង​ជាច្រើន​ឆ្នាំ​មក ឥឡូវ​រូប​សំណាក​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា បាន​កសាង​ចប់​សព្វគ្រប់ និង​បាន​យក​មក​ដាក់​តាំង​នៅ​ក្បែរ​វត្ត​លង្កា ទី​កន្លែង​ដែល​គេ​បាញ់​ប្រហារ​សម្លាប់​លោក។ ការ​ដាក់​តាំង​ជា​ផ្លូវ​ការ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ឧសភា។

0:00 / 0:00

ប្រធាន​សហជីព​សេរី​កម្មករ ដែល​ទទួល​ភារកិច្ច​បន្ត​ពី​បង​ប្រុស​របស់​ខ្លួន គឺ​លោក ជា មុនី និយាយ​ថា បើ​ទោះ​ជា​រូប​សំណាក​របស់​លោក ជា វិជ្ជា ត្រូវ​បាន​រដ្ឋាភិបាល​បើក​ភ្លើង​ខៀវ​អនុញ្ញាត​ឲ្យ​សាងសង់​ទៅ​តាម​ការ​ទាមទារ​របស់​ក្រុម​គ្រួសារ និង​សហជីព​ក្ដី តែ​ថា​ការ​ទទួល​បាន​យុត្តិធម៌​ដ៏​ពិត​ប្រាកដ​ពី​អំពើ​ឃាតកម្ម​នេះ នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

ការ​ថ្លែង​របស់​លោក ជា មុនី នៅ​ថ្ងៃ​ទី៣ ឧសភា ធ្វើ​ឡើង​បន្ទាប់​ពី​រូប​សំណាក​របស់​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បីល្បាញ ធ្វើ​អំពី​ថ្ម​ភក់​ដោយ​មាន​ជើង​ទម្រ​មួយ​ម៉ែត្រ និង​កម្ពស់ ១,៦៨​ម៉ែត្រ ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវ​ការ។ រូប​សំណាក​នេះ ត្រូវ​តម្កល់​លើ​សួនច្បារ​ប៉ែក​ខាង​លិច​វិមាន​ឯករាជ្យ ជិត​តូប​លក់​កាសែត​ជាប់​របង​វត្ត​លង្កា មុខ​បែរ​ទៅ​ទិស​ខាង​លិច អម​ដោយ​ដៃ​ស្ដាប់​លើក​ឡើង​លើ ដៃ​ឆ្វេង​កាន់​ក្បាល​មីក្រូហ្វូន។ បន្ថែម​លើ​នេះ ជើង​ទម្រ​ដែល​កម្ពស់​មួយ​ម៉ែត្រ មាន​ឆ្លាក់​រចនាបថ​ជា​រូប​ដង្ហែ​សព​របស់​លោក ជា វិជ្ជា និង​មួយ​ផ្នែក​ទៀត​ពី​ខាង​មុខ លោក ជា វិជ្ជា ឈរ​ដោយ​មាន​កម្មករ​អម​សងខាង។

លោក ជា មុនី ដែល​បន្ត​វេន​មរតក​ពី​បង​ប្រុស​របស់​ខ្លួន និយាយ​ថា លោក​សាទរ​ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល ដែល​ផ្ដល់​លុយ ៥​ពាន់​ដុល្លារ តាម​រយៈ​សាលា​រាជធានី​ភ្នំពេញ និង​ទីតាំង​សម្រាប់​តម្កល់​រូប​សំណាក​នេះ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​គិត​ថា នេះ​ពុំ​មែន​ជា​មធ្យោបាយ​ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​លោក​នៅ​ឡើយ​ទេ ដរាប​ណា​ឃាតក​ពិត​ប្រាកដ​នៅ​មិន​ទាន់​ត្រូវ​បាន​វែក​មុខ​នោះ។

លោក ជា មុនី នៅ​តែ​បន្ត​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ដែល​គេ​ជឿ​ថា​ជា​ឃាតក​សិប្បនិមិត្ត មាន​សេរីភាព​ឡើង​វិញ និង​បន្ត​ស្វែង​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង ព្រម​ទាំង​ឃាតក​ពិត ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៖ «រូប​ខ្ញុំ​ដែល​ជា​ប្អូន​ដែល​ជា​សាច់​សាលោហិត នៅ​ពេល​ដែល​បាត់​បង់​មនុស្ស​ម្នាក់ ហើយ​ដែល​មនុស្ស​ហ្នឹង​មិន​មាន​កំហុស​អ្វី​ទៅ​ក្បត់​ជាតិ ទៅ​ធ្វើ​អី ហើយ​ត្រូវ​បាន​គេ​បាញ់​សម្លាប់។ អ៊ីចឹង​ហើយ ឃាតក​អត់​ទាន់​ចាប់​បាន អ៊ីចឹង​ក្នុង​នាម​ខ្ញុំ​ជា​ប្អូន ហើយ​ជាៗ​អ្នក​យល់​ដឹង​មួយ។ ខ្ញុំ​តែង​តែ​គិត​ថា ជន​ដៃដល់ អ្នក​ណា​ជា​អ្នក​ដៃដល់ ហើយ​អ្នក​ណា​គេ​ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ជា​អ្នក​សម្លាប់»

ក្រៅ​ពី​មាន​ពិធី​ប្រោះព្រំ និង​សូត្រ​មន្ត​បង្សុកូល​ចំនួន ៤៨​អង្គ ក្នុង​នោះ​ក៏​មាន​ក្រុម​សហជីព​កម្មករ​ប្រមាណ ១០០​នាក់ ចូលរួម​ដែរ នៅ​ព្រឹក​ថ្ងៃ​ទី៣ ឧសភា ដែល​ជា​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​រូប​សំណាក​របស់​លោក ជា វិជ្ជា នេះ។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ បាន​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​របស់​ខ្លួន​ក្នុង​ករណី​លោក ជា វិជ្ជា នេះ​រួច​រាល់​ហើយ ក្រោយ​ពី​មាន​សេចក្ដី​សម្រេច​របស់​តុលាការ​ទៅ​លើ​លោក ប៊ន សំណាង និង​លោក សុខ សំអឿន មក​ម្ល៉េះ។ លោក​បញ្ជាក់​ថា បើ​សិន​តម្រូវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​ថ្មី​ឡើង​វិញ លុះត្រា​ណា​មាន​គោលការណ៍​ពី​តុលាការ​ម្តង​ទៀត៖ «សមត្ថកិច្ច​យើង​មាន​អី​ទៀត បើ​តុលាការ​លោក​ទទួល​យក​អាដែង​នែក​ការ​ស៊ើប​អង្កេត​របស់​ក្រសួង​ហើយ​បាទ។ មាន​ចៅក្រម​ស៊ើបសួរ​មាន​ស្អីៗ លោក​ដាក់​បន្ទុក​ផ្លូវ​ច្បាប់​ហើយ​បាទ។ លើក​លែង​តែ​មាន​ការ​ណែនាំ​អី​ពី​តុលាការ​ថ្មី អា​ហ្នឹង​ថា​ទេ អា​ហ្នឹង​មិន​ត្រូវ​ទេ ក្រសួង​ធ្វើ​ទៀត»

លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ ត្រូវ​ឃាតក​មិន​ស្គាល់​មុខ​បាញ់​សម្លាប់ ខណៈ​លោក​កំពុង​អាន​កាសែត​នៅ​ក្បែរ​របង​វត្ត​លង្កា កាលពី​ព្រឹក​ថ្ងៃ​ទី២២ មករា ឆ្នាំ​២០០៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។