កម្មករប្រមូលសំរាមនៃក្រុមហ៊ុន ស៊ិនទ្រី (CINTRI) ជាង ៥០០នាក់ នាក់ ចាប់ផ្ដើមធ្វើការងារវិញ បន្ទាប់ពីបានប្រមូលផ្ដុំគ្នាធ្វើកូដកម្មទាមទារបើកប្រាក់ឈប់សម្រាកប្រចាំឆ្នាំ រយៈពេលពីរថ្ងៃជាប់គ្នា ពីថ្ងៃទី៩ និងថ្ងៃទី១០ ខែមករា។ អភិបាលរងរាជធានីភ្នំពេញ ដែលចុះសម្របសម្រួលការទាមទារនេះអះអាងថា ពេលនេះកម្មករយល់ព្រមចូលធ្វើការងារវិញហើយ។
ក្រុមកម្មករប្រមូលសំរាមនៃក្រុមហ៊ុនស៊ិនទ្រី លើកឡើងថា ពួកគេតវ៉ាទាមទារ ព្រោះភាគីក្រុមហ៊ុនមិនបានបើកប្រាក់ឈប់សម្រាកប្រចាំឆ្នាំតាមការសន្យា ដោយម្ដងថា ថ្ងៃនេះ ម្តងថាថ្ងៃនោះ។ កម្មករព្រមានថា បើគ្មានដំណោះស្រាយនោះទេ ពួកគេមិនព្រមចេញប្រមូលសំរាមឡើយ។
ប្រធានសហជីពសម្ព័ន្ធវិស័យទេសចរណ៍ប្រចាំនៅក្រុមហ៊ុន ស៊ិនទ្រី លោក កៅ សាវាត ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី១០ ខែមករា ថា ក្រោយកូដកម្មមិនចេញទៅប្រមូលសំរាម អភិបាលរងរាជធានីភ្នំពេញ តំណាងក្រុមហ៊ុន ស៊ិនទ្រី និងតំណាងកម្មករ បានជួបជជែកគ្នា ដើម្បីស្វែងរកដំណោះស្រាយ។ លោកថា ជាលទ្ធផលក្រុមហ៊ុនយល់ព្រមបើកប្រាក់ឈប់សម្រាកប្រចាំឆ្នាំដល់កម្មករ៖ «គាត់សុំពន្យាររហូតដល់អ៊ីចឹងទៅពួកគាត់ ( កម្មករ ) លែងមានជំនឿ ដោយសារក្រុមហ៊ុននិយាយម្ដងអញ្ចេះ ម្ដងអញ្ចោះគាត់ក៏នាំគ្នាផ្ទុះកូដកម្មតែទៅទៅបាទ»។
ទាក់ទងពីមូលហេតុនៃការពន្យារពេលបើកប្រាក់ឈប់សម្រាកប្រចាំឆ្នាំនេះ អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីតំណាងក្រុមហ៊ុន ស៊ិនទ្រី លោក ងួន ស៊ីផេង ដែលចូលរួមប្រជុំស្វែងរកដំណោះស្រាយបានទេ នៅថ្ងៃទី១០ ខែមករា ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល។
ចំណែកអភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ដែលចូលរួមក្នុងការសម្របសម្រួលនេះដែរ ឱ្យអាស៊ីសេរីដឹងថា មូលហេតុដែលក្រុមហ៊ុនបើកប្រាក់ឱ្យកម្មករមិនបានតាមថ្ងៃកំណត់ ព្រោះក្រុមហ៊ុនបូកបញ្ជីមិនទាន់។ លោកបន្តថា ពេលនេះក្រុមហ៊ុន ស៊ិនទ្រី បានដោះស្រាយបញ្ហារួចរាល់ហើយ ដោយបានបើកប្រាក់ឱ្យកម្មកររួចហើយ៖ «បាទគ្រាន់តែខុសថ្ងៃគ្នាទេ ឥឡូវសំណូមពរឱ្យក្រុមហ៊ុនបើកមុនទៅដោយសារក្រុមហ៊ុនដំបូងបូកបញ្ជីមិនទាន់អ៊ីចឹងយើងសុំឱ្យគាត់បូកតាមខណ្ឌឱ្យបានលឿនទៅ គាត់បូកទាំងយប់ទាំងថ្ងៃ»។
កម្មករផ្នែកអូសរទេះសំរាម លោក ឯក សុភណ្ឌ ឱ្យដឹងថា ពេលនេះលោកបានទទួលប្រាក់ឈប់សម្រាកប្រចាំឆ្នាំចំនួន ១រយដុល្លារ ពីក្រុមហ៊ុនស៊ិនទ្រី ហើយ។ កម្មកររូបនេះបន្តថា លោកកំពុងរៀបចំរទេះចេញទៅប្រមូលសំរាមឡើងវិញ៖ «អាចទទួលយកបានហើយ ប៉ុណ្ណឹងបាទឥឡូវកម្មករចេញធ្វើការវិញហើយ បងឥឡូវដំណើរស្រួលហើយ»។
មន្ត្រីសង្គមស៊ីវិលនិងមន្ត្រីសហជីពស្នើទៅក្រុមហ៊ុនស៊ិនទ្រី ឱ្យទទួលខុសត្រូវខ្ពស់ ចំពោះការបើកប្រាក់ខែ ឬប្រាក់ផ្សេងៗ ដល់កម្មករឱ្យបានទៀងទាត់ ព្រោះពួកគេសង្កេតឃើញថា កម្មករប្រភេទនេះ មានប្រាក់ចំណូលតិច ហើយជួបការលំបាកច្រើន។ ជាពិសេស ប្រឈមនឹងជំងឺខ្លាំងថែមទៀតផង៕
(កម្មករប្រមូលសំរាមនៃក្រុមហ៊ុន ស៊ិនទ្រី (CINTRI) ជាង ៥០០នាក់ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នាំគ្នាធ្វើកូដកម្មមិនប្រមូលសំរាមនៅភ្នំពេញ ដើម្បីទាមទារប្រាក់ឈប់សម្រាកប្រចាំឆ្នាំ។ រូប៖ ពលរដ្ឋ)
(តំណាងកម្មករប្រមូលសំរាម តំណាងក្រុមហ៊ុន ស៊ីនទ្រី (CINTRI) និងអភិបាលរងរាជធានីភ្នំពេញ ប្រជុំដោះស្រាយការទាមទាររបស់កម្មករ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។