មន្ត្រី​ម្នាក់​រង​ការ​ចោទ​ថា បាន​អន្តរាគមន៍​ដោះលែង​ជនជាតិ​ចិន និង​វៀតណាម ១២នាក់ ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន

ដោយ ម៉ៅ សុធានី
2023.04.15
មន្ត្រី​ម្នាក់​រង​ការ​ចោទ​ថា បាន​អន្តរាគមន៍​ដោះលែង​ជនជាតិ​ចិន និង​វៀតណាម ១២នាក់ ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន ជនជាតិចិន ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងព្រះសីហនុ ចាប់ខ្លួនជាមួយថ្នាំញៀនចម្រុះជាង ២០០កញ្ចប់ កាល​ពីយប់​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​ខេត្តព្រះសីហនុ​ថា ព្យាយាម​បិទបាំង​ព័ត៌មាន​លើ​មន្ត្រី​យោធា​ម្នាក់​រង​ការ​ចោទ​ប្រកាន់​ថា បាន​ជួយ​អន្តរាគមន៍​លើ​ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម​សរុប ១២នាក់ ឱ្យ​រួច​ផុត​ពី​សំណាញ់​ច្បាប់​ក្រោយ​ពួកគេ​ជាប់​សង្ស័យ​បទល្មើស​គ្រឿងញៀន។ ពលរដ្ឋ និង​សង្គម​ស៊ីវិល​លើកឡើង​ថា ការណ៍​ដែល​សមត្ថកិច្ច​ចាប់​បាន​ជនល្មើស ឬ​ឧក្រិដ្ឋជន​គ្មាន​ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​នោះ គឺ​ជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ​សម្រាប់​ប្រជា​ជាតិ​ខ្មែរ ខណៈ​អ្នក​អនុវត្ត​ច្បាប់​មួយ​ចំនួន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ។

ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ដល់​អាជ្ញាធរ​ខេត្តព្រះសីហនុ និង​ស្ថាប័ន​តុលាការ​ខេត្ត​នេះ​បង្ហាញ​តម្លាភាព និង​ព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ និង​ស៊ើបអង្កេត​មន្ត្រី​យោធា​ម្នាក់​ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​ជួយ​អន្តរាគមន៍​ជនជាតិ​ចិន ៧នាក់ និង​វៀតណាម ៥នាក់​ក្រោយ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ពួកគេ​កាល​ពី​ថ្ងៃ​ទី១០ ខែមេសា ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្រុងព្រះសីហនុ លោក សម សុផាត លើកឡើង​ថា ប្រសិន​បើ​មន្ត្រី​យោធា​រូប​នោះ​អន្តរាគមន៍​ជនល្មើស​ឱ្យ​រួច​ផុត​ពី​ផ្លូវ​ច្បាប់​ដោយ​គ្មាន​ការ​បកស្រាយ​ហេតុផល​សម​ស្រប​ណា​មួយ ហើយ​អាជ្ញាធរ​នៅ​តែ​បន្ត​បិទបាំង​ព័ត៌មាន​ទាំងនេះ គឺ​បង្ហាញ​ឱ្យ​ថា កម្ពុជា​គ្មាន​ទេ​ការ​អនុវត្ត​ច្បាប់ ប៉ុន្តែ​សម្បូរ​ដោយ​ជន​អ្នក​មាន​អំណាច​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ លោក ព្រួយបារម្ភ​ថា ការណ៍​ដែល​មាន​មន្ត្រី​អាជ្ញាធរ ឬ​អ្នក​មាន​អំណាច​ណា​ម្នាក់​ចេញ​មុខ​ជួយ​អន្តរាគមន៍​ឱ្យ​ជនល្មើស ឬ​ឧក្រិដ្ឋជន​ឱ្យ​រួច​ទោស នោះ​សង្គម​កម្ពុជា​នឹង​កាន់​តែ​អសន្តិសុខ និង​ហាក់​លើក​ទឹកចិត្ត​ដល់​ជន​ដែល​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​បន្ត​សកម្មភាព​ខុស​ច្បាប់​នៅ​កម្ពុជា។

លោក សម សុផាត៖«ជន​ដែល​ប្រព្រឹត្ត​ខុស តុលាការ​ក៏​ទទួល​ដឹង​ឮ អ៊ីចឹង​ជន​ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​ហ្នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ បើ​មាន​ការ​អន្តរាគមន៍​ចំពោះ​ការ​លើកលែង​ណា​មួយ វា​ធ្វើ​ឱ្យ​ច្បាប់​យើង​អត់​មាន​ប្រសិទ្ធភាព​សម្រាប់​ខ្មែរ​យើង។ បើ​កាល​ណា​មាន​ជន​បរទេស ដែល​ប្រព្រឹត្ត​បទល្មើស ហើយ​អត់​ដាក់​ទោស​ទណ្ឌ ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ហ្នឹង គាត់​នឹង​បន្ត​ធ្វើ​ទៀត គេ​អត់​ខ្លាច​សមត្ថកិច្ច​ទេ ហើយ​ក៏​អត់​ខ្លាច​ច្បាប់​ស្រុកខ្មែរ​ដែរ»

ជុំវិញរឿងនេះ អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា ការណ៍​ដែល​អាជ្ញាធរ​ពុំ​បាន​បង្ហាញ​ព័ត៌មាន​ឱ្យ​ទូលំទូលាយ និង​ស៊ីជម្រៅ​លើ​ករណី​មន្ត្រី​យោធា​ម្នាក់​ជួយ​អន្តរាគមន៍​ដោះលែង​ជន​សង្ស័យ​ទាំង ១២នាក់​ដែល​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន នោះ​មហាជន​នឹង​មាន​មន្ទិល​ថា ជន​ប្រព្រឹត្ត​គ្មាន​ការ​ទទួល​ទោស​ដោយ​សារ​តែ​អ្នក​អនុវត្ត​ច្បាប់​ទទួល​សំណូក។ អ្នកស្រី​ពន្យល់​ថា បើ​ទោះបី​មាន​អ្នក​ធានា​ជនសង្ស័យ ហើយ​សមត្ថកិច្ច​ពុំ​មាន​ភស្តុតាង​សម្រាប់​ដាក់​បន្ទុក​ក្ដី សមត្ថកិច្ច ឬ​អ្នក​ធានា​ត្រូវ​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់ និង​មានការ​ធ្វើ​លិខិត​កិច្ច​សន្យា​នានា រួមទាំង​បង្ហាញ​ព័ត៌មាន​ឱ្យ​បាន​ទូលំ​ទូលាយ។

អ្នកស្រី ជៀប សុធារី៖ «សូម​ឱ្យ​មាន​ការ​ពង្រឹង​ការ​អនុវត្ត ព្រោះ​ពួកគាត់​ជា​ជនបរទេស។ ក្នុង​ប្រទេស​កម្ពុជា​ជន​ទាំង​ឡាយ​ណា​ចូល​មក​រក​ស៊ី ឬ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវតែ​ស្ថិត​ក្រោម​ច្បាប់​កម្ពុជា​ទាំង​អស់។ ខ្ញុំ​ព្រួយបារម្ភ គួរណា​តែ​រឹត​បន្តឹង​ទោះ​បី​ជា​ជនបរទេស​ក៏​ដោយ ខ្មែរ​ក៏​ដោយ​សូម​ឱ្យ​មាន​វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​ជា​ទី​បំផុត គ្រឿងញៀន​វា​ប៉ះពាល់​សេដ្ឋកិច្ច ជីវភាព​គ្រួសារ សេចក្ដី​សុខ​សុភមង្គល​ក្នុង​គ្រួសារ»

ប្រតិកម្ម​របស់​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​នេះ ធ្វើ​ឡើង​មន្ត្រី​យោធា​ម្នាក់ រង​ការ​ចោទ​ប្រកាន់​ថា បាន​ជួយ​អន្តរាគមន៍​លើ​ជន​សង្ស័យ​ជនជាតិ​ចិន និង​វៀតណាម​សរុប ១២នាក់។ កាល​ពី​ថ្ងៃ​ទី១០ ខែមេសា កន្លងទៅ ក្រុម​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្តព្រះសីហនុ បង្ក្រាប​បាន​ជនជាតិ​ចិន​ជន​សង្ស័យ​ចំនួន ៧នាក់ និង​វៀតណាម​ចំនួន ៥នាក់ ក្នុង​កាស៊ីណូ គ័ងហ្វា កាឡាក់ស៊ី (Kung Fu Galaxy) ស្ថិត​ទល់​មុខ​សាលា​កម្មករ ក្នុង​ក្រុងព្រះសីហនុ និង​រឹបអូស​បាន​គ្រឿងញៀន​ជាង ១គីឡូក្រាម ថ្នាំ​ជា​ប្រភេទ​គ្រាប់​ពណ៌លឿង ពណ៌​ផ្កាឈូក (WY) ជិត ១ពាន់​គ្រាប់ រួម​ទាំង​គ្រឿងញៀន​ជា​ប្រភេទ​ម្សៅ​ច្រើន​កញ្ចប់។ ក្រោយ​មក​ទៀត មន្ត្រី​សមត្ថកិច្ច​ម្នាក់​ប្រាប់​ក្រុម​សារព័ត៌មាន​ក្នុង​ស្រុក​ថា មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ហុន ឆរ័ត្ន ហៅ​តេឡា ឬ​ឡៅហ៊ុង ដែល​ជា​អ្នក​មើល​ការណ៍​ខុសត្រូវ​ក្នុង​កាស៊ីណូ គ័ងហ្វា កាឡាក់ស៊ី អន្តរាគមន៍​ដោះលែង​ជន​សង្ស័យ​ទាំង ១២នាក់។

វិទ្យុអាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​លោក ហេង ប៊ុនទី ស្នងការ​នគរបាល​ខេត្តព្រះសីហនុ លោក ជួន ណារិន្ទ និង​អ្នកនាំពាក្យ​សាលាខេត្ត​នេះ​គឺ លោក ឃាង ភារម្យ ដើម្បី​សាកសួរ​បន្ថែម​អំពី​រឿង​នេះ ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​នោះ​ទេ​នៅ​ថ្ងៃ​ទី១៤ ខែ​មេសា។

ចំណែក ព្រះ​រាជអាជ្ញា​រង និង​អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្តព្រះសីហនុ លោក ធុច បញ្ចសន្តិភាព ប្រាប់​វិទ្យុអាស៊ីសេរី​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) ថា ពុំ​មាន​មន្ត្រី​យោធា​ឈ្មោះ ហុន ឆរ័ត្ន ជួយ​អន្តរាគមន៍​លើ​ជនសង្ស័យ​ជនជាតិ​ចិន និង​វៀតណាម​ទាំង ១២នាក់​នោះ​ទេ។ ថ្វីបើ​អ្នក​នាំ​ពាក្យ​សាលាដំបូង​រូប​នេះ​អះអាង​បែប​នេះ​ក្ដី ប៉ុន្តែ​លោក មិន​បាន​បញ្ជាក់​អំពី​សវនាការ​លើ​ជនសង្ស័យ និង​បង្ហាញ​អំពី​សាលក្រម​សម្រេច​របស់​តុលាការ​លើ​ជនល្មើស​ទាំង ១២នាក់​នោះ​ទេ។

កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស​មាន​អំពើ​ពុករលួយ និង​គ្មាន​នីតិរដ្ឋ​ត្រឹមត្រូវ ដោយសារ​តែ​អាជ្ញាធរ និង​អ្នក​អនុវត្ត​ច្បាប់​មួយ​ចំនួន​ត្រូវ​បាន​ទទួល​លុយ​ក្រោម​តុ​ពី​ជនល្មើស ដើម្បី​ជា​ថ្នូរ​ដោះលែង​ពួកគេ​មាន​សេរីភាព។ ក្រៅ​ពី​នេះ ក្រុម​អ្នកមាន​លុយ មាន​អំណាច​មួយ​ចំនួន បើ​ទោះបី​ជា​ពួកគេ​ប្រព្រឹត្ត​នូវ​បទឧក្រិដ្ឋ និង​មាន​ការ​សម្រេច​ពី​តុលាការ​ឱ្យ​ពួកគេ​ជាប់​គុក​តាម​ច្បាប់​កំណត់​ក្ដី លោក ហ៊ុន សែន ចេញ​មុខ​អន្តរាគមន៍​ជួយ​ឱ្យ​ពួកគេ​រួច​ផុត​ទោស​ទណ្ឌ​ដែរ។ ជាក់ស្ដែង លោក ហ៊ុន សែន ថ្មីៗ​នេះ បាន​អន្តរាគមន៍​ស្នើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ផ្ដល់​សេរីភាព​លើកលែង​ទោស​អតីត​អភិបាល​ខេត្តតាកែវ​គឺ​លោក ឡាយ វណ្ណៈ ក្នុង​រឿង​ក្ដី​ឃាតកម្ម​កាល​ពី​ឆ្នាំ២០១៨ ដែល​កាល​នោះ​តុលាការ​កំពូល​សម្រេច​ឱ្យ​លោក​ជាប់គុក ១៣ ឆ្នាំ​ពី​បទ «ឃាតកម្ម» លើ​ស្ត្រី​កំណាន់​ឈ្មោះ ចេវ សុវឌ្ឍនា។

អ្នកឃ្លាំមើល​រិះគន់​ថា ទង្វើ​របស់​មេដឹកនាំ​ឯក​បក្ស​នេះ គឺជា​ការ​ជាន់​ឈ្លី​ច្បាប់ និង​ធ្វើ​ឱ្យ​ច្បាប់​នៅ​កម្ពុជា​ទន់​ខ្សោយ ដោយសារ​តែ​បក្ខពួក​និយម និង​ជា​ទង្វើ​លើក​ទឹក​ចិត្ត​ឱ្យ​ឧក្រិដ្ឋជន​បន្ត​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ក្នុង​សង្គម​កម្ពុជា​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។