ពលរដ្ឋ​បារម្ភ​ពី​ល្បែងស៊ីសង​អនឡាញ​កំពុង​រីក​ដុះដាល​ក្នុង​សហគមន៍

0:00 / 0:00

ពលរដ្ឋ​មួយចំនួន​លើកឡើង​ថា ល្បែងស៊ីសង​ផ្សេងៗ​កំពុង​មាន​ការ​កើន​ឡើង​នៅក្នុង​សហគមន៍​របស់​ពួកគាត់ ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អើពើ និង​បណ្ដោយ​ឱ្យ​បន​ល្បែង​តាម​ហាង​កាហ្វេ​នេះ​កាន់តែ​រីក​ដុះដាល​ឡើង។ សង្គម​ស៊ីវិល​មើល​ឃើញ​ថា ល្បែង​ទាំងនោះ​កំពុង​ពង្វក់​ពលរដ្ឋ​ឱ្យ​ខាតបង់​លុយកាក់ ពេលវេលា ជា​ប្រភព​បង្ក​អំពើ​ហិង្សា និង​បង្ក​ភាព​អសន្តិសុខ​ក្នុង​មូលដ្ឋាន។

​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ​កំពុង​រីក​ដុះដាល​ដូច​ផ្សិត និង​កំពុង​មាន​ការ​ពេញនិយម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​មួយចំនួន​ទាំង​នៅ​តាម​ទីប្រជុំជន និង​តាម​ទី​ជនបទ។

​អនុប្រធាន​ក្រុម​ការងារ​បណ្ដោះអាសន្ន​គណបក្ស​ភ្លើងទៀន​ខេត្ត​ព្រះសីហនុ លោក ម៉ៃ ហុងស្រៀង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៦ សីហា ថា ខេត្ត​ព្រះសីហនុ មាន​ការ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ ជា​ពិសេស​ល្បែង​តាម​ប្រព័ន្ធ​អនឡាញ។ លោក​មើល​ឃើញ​ថា ល្បែង​ទាំងនោះ​មាន​លក្ខណៈ​ចម្រុះ រាប់​ចាប់តាំងពី​ការ​លេង​បៀរ ឡូតូ អាប៉ោង ជល់​មាន់ ចាក់​កន្ទុយលេខ ព្រមទាំង​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អនឡាញ​ដែល​មាន​ដាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ធំៗ តាម​ផ្សារ តូប​ចាប់ហួយ ហាង​កាហ្វេ នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ រហូតដល់​កាស៊ីណូ។ លោក​ចាត់ទុក ល្បែង​ទាំងនោះ​ខុសច្បាប់ និង​ជា​អំពើ​ពាលា​អាវ៉ាសែ ដែល​បាន​ពង្វក់​ប្រជាពលរដ្ឋ​ឱ្យ​ឈ្លក់​វង្វេង​រហូតដល់​បាត់បង់​ទ្រព្យសម្បត្តិ ព្រមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សីលធម៌ សណ្ដាប់ធ្នាប់ សន្តិសុខ​សង្គម​ផង​ដែរ។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​និង​ចាត់វិធានការ​ទៅលើ​រឿង​នេះ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​ល្បែងស៊ីសង​បន្ត​ទៅ​​ទៀត៖ «ខ្ញុំ​ឃើញ​មនុស្ស​ខ្មែរ​ចេញចូលៗ​នៅ​កន្លែង (​ ល្បែង​ ) អនឡាញ​ហ្នឹង​។ អាហ្នឹង​ហើយ​ដែល​វា​បណ្ដាល​ឱ្យ​មាន​អំពើ​ចោរកម្ម មាន​អំពើ​ឆក់​ប្លន់។ ពាក្យ​ថា​ល្បែងស៊ីសង គឺជា​អំពើ​អាវ៉ាសែ​ពាលា​ហើយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​មិនមែន​តែ​ទៅលើ​សេដ្ឋកិច្ច​ទេ តែ​ប៉ះពាល់​តាំងពី​សណ្ដាប់ធ្នាប់ សន្តិសុខ»។

ទន្ទឹមគ្នា​នេះ យុវជន​នៅ​ខេត្ត​បាត់ដំបង និង​ជា​សមាជិកសមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ កញ្ញា ហុក គឹមលាង សង្កេត​ឃើញ​ថា យុវជន​និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​កំពុង​ញៀន​នឹង​ល្បែងស៊ីសង​ដែល​ឃោសនា​លើ​បណ្ដាញ​សង្គម និង​ខិត្តប័ណ្ណ​ព្រោងព្រាត​។ កញ្ញា​បន្ត​ថា មាន​យុវជន​មួយចំនួន​បាន​លះបង់​ការ​សិក្សា ហើយ​ទៅ​ចំណាយ​ពេល​លេងល្បែង​ស៊ីសង​ទាំងនោះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​អនាគត​ពួកគេ និង​អនាគត​ប្រទេស​ជាតិ​។ កញ្ញា​មើលឃើញ​ថា ការ​រីកដុះដាល​ចូលក្នុង​សហគមន៍​នូវ​ល្បែង​ទាំងនោះ គឺ​ចាប់តាំងពី​ការ​មាន​វត្តមាន​ជនជាតិ​ចិន ដែល​មក​រក​ស៊ី​លើ​ទឹកដី​កម្ពុជា​។ កញ្ញា​ស្នើ​ឱ្យ អាជ្ញាធរ​ក៏​ត្រូវ​តែ​យកចិត្តទុកដាក់​ទប់ស្កាត់​ល្បែងស៊ីសង​នេះ ជាពិសេស​ច្បាប់​អន្តោប្រវេសន៍ និង​មិន​​​គួរ​បណ្ដែត​បណ្ដោយ​ឱ្យ​ជនបរទេស មក​បណ្ដាក់ទុន​វិនិយោគ​បើក​បន​ល្បែង​លើទឹក​ដី​កម្ពុជា យ៉ាង​អនាធិបតេយ្យ​បែប​នេះ​ឡើយ៖ «ខ្ញុំ​គិតថា នៅ​ពេល​ដែល​ពួកគាត់ (​ ពលរដ្ឋ​ ) រងគ្រោះ​ដោយសារ​ល្បែង​អនឡាញ អត់​មាន​ចំណាត់ការ​មួយ​ណា អត់​ទាន់​ឃើញ​មាន​អាជ្ញាធរ​ដែល​គាត់​ចុះទៅ​អន្តរាគមន៍​ដើម្បី​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទេ បើ​ទោះបី​ប្រាក់​ទាំង​នោះ​បាន​បាត់បង់​ទៅ​ហើយ តែ​អាជ្ញាធរ​របស់​យើង​ហាក់បីដូចជា​ព្រងើយកន្តើយ»។

វិទ្យុ​អាស៊ីសេរី​នៅ​ពុំទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ដើម្បី​សុំ​ការ​បំភ្លឺ​ទាក់ទិន​នឹង​ក្ដី​បារម្ភ​នេះ បាន​នៅ​ឡើយ នៅ​ថ្ងៃទី​២៦ សីហា។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ លើកឡើង​ថា បញ្ហា​ការ​កើនឡើង​ល្បែងស៊ីសង​ក្នុង​សហគមន៍​ជា​ការ​ព្រួយបារម្ភ​ទាក់ទង​នឹង​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​។ លោក​មើល​ឃើញ​ថា អ្នក​ដែល​លេងល្បែង​ទាំងនោះ​ភាគច្រើន​ជា​ប្រជាពលរដ្ឋ​ដែល​មាន​កម្រិតជីវភាព​មធ្យម និង​ខ្លះ​ក្រីក្រ​។ លោក​បន្ត​ថា ពួកគេ​ចំណាយពេល​វេលា​យក​ទៅ​ផ្សង​សំណាង​ពី​ល្បែង​ទាំងនោះ ដោយ​មិន​ខ្វល់ខ្វាយ​ពី​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​នោះ​ឡើយ​។ លោក​បន្ត​ទៀត​ថា រដ្ឋាភិបាល​ត្រូវតែ​មាន​វិធានការ​ទប់ស្កាត់​ករណី​នេះ​ជាបន្ទាន់ បើ​ពុំនោះ​ទេវា​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​កាន់តែ​ធ្លាក់ចុះ​បន្តិចៗ​ម្ដង​ទៅ​ក្នុង​បន្ទាត់​នៃ​ភាព​ក្រីក្រ ទាំង​អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ៖ «ទីមួយ​គឺ​ធ្វើ​ឱ្យ​អ្នក​ប្រកបមុខរបរ​ទាំងនោះ​ឈ្លក់​វង្វេង យក​ពេលវេលា​ទៅលេង​ល្បែងស៊ីសង ភ្លេច​ការ​រកស៊ី​របស់​ខ្លួន​ធ្វើ​ឱ្យ​ប្រាក់ចំណូល​ធ្លាក់ចុះ​មួយ​ហើយ ហើយ​បន្ទាប់មក​ចាញ់ល្បែង​វា​រិត​តែ​ធ្ងន់​ជាង​ហ្នឹង​ទៀត​។ អាហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​ស្ថានភាព​កំពុងតែ​ក្រ​ហើយ វា​ជាន់​ថែម​ដោយ​ល្បែងស៊ីសង​មក​ញាំញី​ថែមទៀត វា​ជា​រឿង​មួយ​ដែល​ធ្ងន់ធ្ងរ​ខ្លាំង​មែនទែន​សម្រាប់​ខ្ញុំ គឺ​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ចំពោះ​ស្ថានភាព​ល្បែងស៊ីសង​រីក​ដូច​ផ្សិត​សព្វថ្ងៃ​នេះ»។

ល្បែងស៊ីសង​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មានការ​រីក​ដុះដាល​សាជាថ្មី​ម្ដងទៀត បន្ទាប់ពី​ការ​ចូល​មកដល់​របស់​ជនជាតិ​ចិន​ក្នុង​ប្រទេស​កម្ពុជា​កាលពី​អំឡុង​ឆ្នាំ​២០១៩ ជាពិសេស​នៅ​តំបន់​ប៉ូល​សេដ្ឋកិច្ច​មួយ​ចំនួន​ដូចជា ក្រុង​ព្រះសីហនុ ក្រុង​បាវិត ក្រុង​ប៉ោយប៉ែត និង​រាជធានី​ភ្នំពេញ​។ ល្បែង​ទាំងនោះ កំពុង​ដំណើរការ​ក្នុង​រូបភាព​តាម​ប្រព័ន្ធ​អនឡាញ ក្នុង​កាស៊ីណូ និង​នៅ​តាម​កន្លែង​ប្រជុំជន ព្រមទាំង​ចាប់ផ្ដើម​រីក​ដុះដាល​ទៅ​តាម​តំបន់​ជនបទ​ទៀត​ផង។ ក្នុង​នោះ​នៅ​តាម​ហាង​កាហ្វេ កន្លែង​លក់​អីវ៉ាន់​មួយ​ចំនួន មានការ​ដាក់​តាំងនៅ​ទូរទស្សន៍​ធំ ដែល​មាន​អ្នក​ចាំ​អង្គុយ​មើល​លទ្ធផល​នៃ​ការ​ភ្នាល់​ព្រោងព្រាត ខណៈ​សកម្មភាព​នោះ​ប្រព្រឹត្ត​ឡើង​ដោយ​បើក​ចំហ មិន​មាន​ការ​បិទបាំង​ពី​ភ្នែក​ច្រមុះ​អាជ្ញាធរ​ដូច​មុន​នោះ​ឡើយ។

ទោះបី​យ៉ាងនេះ​ក្ដី ពលរដ្ឋ​លើកឡើង​ថា មិនឃើញ​សមត្ថកិច្ច​មាន​ចំណាត់​ការ​ចុះ​បិទ​កន្លែង​ទាំង​នោះ​ទេ ដែល​ករណីនេះ​បង្ក​ឱ្យ​មាន​ការ​សង្ស័យ​ថា សមត្ថកិច្ច​ទាំងនោះ​ឃុបឃិត​ទទួល​សំណូក​ពី​ម្ចាស់​បន​ល្បែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។