ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងតាមអនឡាញនៅតែរីកដុះដាលក្នុងសហគមន៍
2024.02.02
ប្រជាពលរដ្ឋសង្កេតឃើញថា ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ កំពុងមានការរីកដុះដាលឡើងវិញក្នុងសហគមន៍របស់ពួកគាត់ បើទោះបីជាអាជ្ញាធរអះអាងថា បង្ក្រាបបានច្រើនករណីហើយក្ដី។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការបង្ក្រាបល្បែងស៊ីសង នៅមានភាពធូររលុង ធ្វើឱ្យអ្នកប្រព្រឹត្តល្បែងស៊ីសង និងម្ចាស់អាជីវកម្មនៅតែគ្មានភាពរាងចាល។
ពលរដ្ឋមួយចំនួនលើកឡើងថា ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ហាក់ពង្រីកទីតាំងកាន់តែច្រើនឡើងនៅក្នុងមូលដ្ឋាន រហូតដល់ទីប្រជុំជន ដោយបើកចំហ ខណៈអាជ្ញាធរមូលដ្ឋាន មិនមានវិធានការឡើយ។
ពលរដ្ឋនៅរាជធានីភ្នំពេញ កញ្ញា វណ្ណ ដាវី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ កុម្ភៈ ថា កញ្ញាសង្កេតឃើញនៅតាមផ្ទះពលរដ្ឋ ដែលលក់ដូរទំនិញនៅតាមផ្លូវលំនានា នៅសង្កាត់ចាក់អង្រែលើ មានដាក់អេក្រង់កុំព្យូទ័រសម្ញែងនៅក្នុងតូបរបស់ខ្លួន ដោយមិនញញើតអាជ្ញាធរឡើយ។ កញ្ញាបន្តថា ជារៀងរាល់ថ្ងៃតែងមានអ្នកចេញចូលកន្លែងលក់ដូរនោះតែមិនឃើញទិញទំនិញអ្វីនោះទេ គឺពួកគេអង្គុយចាំផ្ទៀងមើលលទ្ធផលឆ្នោតឡូតូនៅលើអេក្រង់ ក្នុងនោះក៏មានអ្នកចាក់កន្ទុយលេខ ឬឆ្នោតយួនផងដែរ។
កញ្ញា វណ្ណ ដាវី៖ «និយាយទៅរឿងល្បែងអនឡាញ ឆ្នោតកន្ទុយលេខ មានតាំងពីលើកុំព្យូទ័រហ្នឹងក៏មាន មានតាំងពីកត់លើក្រដាសហ្នឹងក៏មាន និយាយពីថាច្រើនហ្នឹងច្រើនពេកហើយ។ ដើរតាមផ្លូវហ្នឹងសឹងតែថា គេដាក់នៅហ្នឹងមាត់ៗផ្លូវហ្នឹងហ្មង។ យើងដើរទៅជិះម៉ូតូទៅឃើញ។ ហើយមានអាជ្ញាធរអីគាត់ជិះកាត់តាមហ្នឹងដែរ តែដូចអត់ឃើញធ្វើអីខាងអ្នកលក់ឆ្នោត អ្នកលេងឆ្នោតហ្នឹងបានសោះ។ ឃើញកាន់តែមានច្រើនទៅៗលើសដើម»។
ចំណែកពលរដ្ឋម្នាក់ទៀត នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ លោក មឿន វណ្ណនិត ឱ្យដឹងថា ល្បែងអនឡាញនេះ បានហូរចូលទៅក្នុងមូលដ្ឋានរបស់លោក នៅឃុំសណ្ដាន់ រហូតដល់ស្រុកស្រែចម្ការទៅហើយនោះ។ លោកបន្តថា ល្បែងនេះបានធ្វើឱ្យពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោកកាន់តែធ្លាក់ខ្លួនក្រីក្រ និងបង្កើតឱ្យមានអសន្តិសុខក្នុងមូលដ្ឋានកាន់តែច្រើន។
លោក មឿន វណ្ណនិត៖ «បើទោះបីពេលខ្លះយើងលេងល្បែងឈ្នះ ឬក៏ចាញ់ក៏ដោយ តែបើយើងឈ្នះចាញ់ទាំងអស់ហ្នឹង វាក៏មិនបានផលប្រយោជន៍អ្វីដែរ។ យើងបានប្រាក់ តែវាបានផ្ដល់នូវគំរូអាក្រក់សម្រាប់យើង និងអ្នកដែលរស់នៅជិតខាងយើង ក៏ដូចជាមជ្ឈដ្ឋាននៅជុំវិញយើងជាដើម»។
ពលរដ្ឋលើកឡើងថា នៅរយៈកាលចុងក្រោយនេះ ពួកគាត់សង្កេតឃើញការបើកអាជីវកម្មល្បែងអនឡាញនៅតាមសហគមន៍ និងការផ្សព្វផ្សាយ ហាក់មានសកម្មភាពកាន់តែផុលផុស ដោយមានការបិទស្លាកតាមម៉ូតូកង់បី លើផ្ទាំងប៉ាណូធំៗ នៅចំកណ្ដាលក្រុង និងជួលសិល្បករមួយចំនួន ឱ្យឃោសនាជាដើម។ ពួកគាត់លើកឡើងថា រដ្ឋាភិបាលមិនគួរបណ្ដោយឱ្យល្បែងស៊ីសងពង្រីកខ្លួនក្នុងសហគមន៍បែបនេះឡើយ ព្រោះអាជីវកម្មទាំងនេះ អាចនឹងបង្កើតឱ្យមានអសន្តិសុខសង្គម ដូចជាអំពើចោរកម្ម ការឆបោក និងទំនាស់ក្នុងគ្រួសារ ជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ លោក ទូច សុឃៈ និងអគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម លោក រស់ ភីរុណ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១ ខែកុម្ភៈ។
កន្លងមក លោក រស់ ភីរុណ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា ឆ្នោតកន្ទុយលេខវៀតណាម និងឡូតូអនឡាញ គឺស្ថិតនៅក្នុងប្រភេទក្រុមល្បែងខុសច្បាប់ដទៃទៀតមានដូចជា បៀ និងអាប៉ោងជាដើម ហើយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មិនបានចេញអាជ្ញាប័ណ្ណឱ្យល្បែងប្រភេទនេះ ប្រកបអាជីវកម្មដោយស្របច្បាប់នោះទេ។
របាយការណ៍ក្រសួងមហាផ្ទៃ បង្ហាញថា គិតត្រឹមរយៈពេល ២៨ថ្ងៃ ក្នុងខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង ចំនួន៥៣ទីតាំង ក្នុងរាជធានី និងនៅតាមបណ្ដាខេត្តចំនួន១៥ ក្នុងនោះ អាជ្ញាធររកឃើញអាជីវកម្មល្បែងខុសច្បាប់ ចំនួន ២៩ទីតាំង និងបញ្ជូនជនសង្ស័យលេងល្បែងស៊ីសងចំនួន ៧២នាក់ទៅតុលាការ។ របាយការណ៍ដដែលបញ្ជាក់ថា ការបង្ក្រាបទីតាំងចំនួន ២៤ផ្សេងទៀត អាជ្ញាធរឃាត់ខ្លួនមនុស្សចំនួន៤៩នាក់ យកមកអនុវត្តវិធានការរដ្ឋបាល ដោយការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ដោយមិនបញ្ជូនទៅតុលាការនោះទេ។
ទាក់ទិនរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ឃើញថា ការអនុវត្តច្បាប់បង្ក្រាបល្បែងស៊ីសងនៅតាមសហគមន៍ ហាក់មានសកម្មភាពតិចតួច និងធូររលុងនៅឡើយ។ លោកបន្តថា វិធានការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ចំពោះម្ចាស់អាជីវកម្មល្បែងស៊ីសង ដែលជំនួសឱ្យការកាត់ទោស ឬជាប់ពន្ធនាគារ ក៏ជាកត្តាដែលធ្វើឱ្យអាជីវកម្មល្បែងស៊ីសងនៅតែអាចដំណើរការបានក្នុងសហគមន៍។
លោក យង់ គិមអេង៖ «រាប់ឆ្នាំឮមួយអ៊ីចឹងទៅ។ ប៉ុន្តែមួយហ្នឹង ក៏ដូចជា មិនសូវមានភាពជាក់លាក់ ពិតប្រាកដ ហើយក៏មិនបានដាក់ទោសទណ្ឌតាមច្បាប់តាមអ្វីដែរ»។
ពលរដ្ឋ យល់ថា មូលហេតុដែលបណ្ដាលឱ្យមានក្រុមហ៊ុនល្បែងអនឡាញ ពង្រីកខ្លួនកាន់តែច្រើនឡើងនៅតាមមូលដ្ឋាន និងពង្វក់ពលរដ្ឋឱ្យធ្លាក់ទៅក្នុងស្ថានភាពក្រីក្រ ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងបង្កឱ្យមានអសន្តិសុខក្នុងសង្គមនេះ គឺដោយសារអាជ្ញាធរពាក់ព័ន្ធ និងម្ចាស់អាជីវកម្មល្បែងទាំងនោះ គប់គិតចែកផលប្រយោជន៍គ្នាតាមបែបពុករលួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។