ពលរដ្ឋមិនរំពឹងថា រដ្ឋាភិបាលអាចលើកកម្ពស់គុណភាពវិស័យអប់រំ ឱ្យបានស្មើគ្នានោះទេ ខណៈគម្លាតសង្គមកាន់តែកើនឡើង
2024.11.04
ពលរដ្ឋមិនរំពឹងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចពង្រឹងគុណភាពវិស័យអប់រំឱ្យមានភាពស្មើគ្នាដើម្បីបង្កើនធនធានមនុស្សនៅកម្ពុជានោះឡើយ ខណៈកូនអ្នកមានទទួលបានឱកាសសិក្សានៅសាលាឯកជនខុសពីកូនអ្នកក្រីក្រដែលគ្មានលទ្ធភាពបញ្ជូនកូនទៅសាលារៀន។ ពួកគាត់ថា រដ្ឋាភិបាលមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ចរបស់ពលរដ្ឋ និងគ្មានកំណែទម្រង់លើប្រព័ន្ធអប់រំឱ្យមានស្តង់ដារនោះឡើយ។
ពលរដ្ឋអះអាងថា ចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនយកពន្ធលើប្រាក់ចំណូល និងពន្ធផ្សេងៗទៀតនោះ មិនមែនជាដំណោះស្រាយជួយដោះបន្ទុកដល់គ្រួសារក្រីក្រ និងពង្រឹងគុណភាពអប់រំបានឡើយ។
ពួកគាត់លើកឡើងថា លោក ហ៊ុន ម៉ាណែត គួរតែបោះសម្អាតអំពើពុករលួយ និងបង្កើតការងារឱ្យពលរដ្ឋបានធ្វើដោយមានប្រាក់ចំណូលសមរម្យវិញប្រសើរជាង។
ពលរដ្ឋរស់នៅខេត្តស្ទឹងត្រែង លោកស្រី ខា ស្រស់ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣ ខែវិច្ឆិកា ថា បច្ចុប្បន្ននេះលោកស្រីរកប្រាក់ចំណូលមិនសូវបាននោះទេ ដោយសារគ្រួសារលោកស្រីរស់នៅពឹងផ្អែកលើការនេសាទ។ លោកស្រីបន្តថា ដោយសារប្រាក់ចំណូលតិចដូច្នេះកូនៗលោកស្រីពុំទទួលឱកាសសិក្សានៅសាលាល្អៗនោះទេ ពោលគឺលោកស្រីពុំមានលទ្ធភាពបញ្ជូនកូនឱ្យទៅរៀនដល់ថ្នាក់មហាវិទ្យាល័យនោះឡើយ។
លោកស្រី ខា ស្រស់៖ «រៀនតែតាមថ្នាក់អត់មានជួលគ្រូអីឱ្យបង្រៀនអីទេរស់នៅដាច់ស្រយាលមិនងាយបានសិក្សាផ្សេងៗទេចំណាយអស់ច្រើនដែរអាចំណូលវាតិចទេអាចំណាយវាច្រើនគ្រាន់តែថា ពេលណាមិនរកត្រីយើងទិញត្រីទិញប្រហុកគេទៅ»។
ការលើកឡើងដូច្នេះ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីនៅថ្ងៃទី៣ ខែវិច្ឆិកា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកថា រដ្ឋាភិបាលបន្តអនុគ្រោះលើពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាការប្រាក់ និងភាគលាភចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨ ដើម្បីជួយសម្រាលបន្ទុកដល់ឪពុកម្ដាយសិស្សនិស្សិតដែលត្រូវបង់ថ្លៃសិក្សាឱ្យកូននៅតាមគ្រឹះស្ថានសិក្សា ឬសាលារៀន។ លោក ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងអប់រំ សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជាដែលមានសមាជិក១៤១ និងសហព័ន្ធសេវាអប់រំនៃកម្ពុជាដែលមានសមាជិក ១២០ ពិនិត្យលទ្ធភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដល់សិស្សនិស្សិត។
លោក ហ៊ុន ម៉ាណែត ក៏បានអរគុណសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំនៃកម្ពុជាដែលបានយល់ព្រមតាមសំណើរបស់រដ្ឋាភិបាលដោយមិនដំឡើងថ្លៃលើការសិក្សា និងបញ្ចុះតម្លៃលើសិស្សនិស្សិតសម្រាប់ឆ្នាំសិក្សាថ្មីនេះ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា អ្នកស្រីគ្មានជំនឿលើការលើកឡើងរបស់រដ្ឋាភិបាលនោះឡើយ ពីព្រោះរដ្ឋាភិបាលប្រកាសមិនយកពន្ធលើប្រាក់ចំណូល ប៉ុន្តែតម្លៃទំនិញនៅលើទីផ្សារនៅតែឡើងថ្លៃដដែល។ អ្នកស្រីបន្តថា សិស្សនិស្សិតដែលត្រូវបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យត្រូវបង់ថ្លៃសាលាយ៉ាងតិចណាស់ ៤រយដុល្លារ (៤០០) ក្នុងមួយឆ្នាំ ដោយមិនទាន់គិតដល់ការចំណាយផ្សេងៗ ដូចជាថ្លៃបន្ទប់ជួល ថ្លៃភ្លើង ទឹក និងអាហារនៅឡើយ ដែលបញ្ហានេះធ្វើឱ្យសិស្សក្រីក្រមួយចំនួនបោះបង់ការសិក្សា ហើយងាកទៅរកការងារធ្វើដើម្បីជួយរកប្រាក់ផ្គត់ផ្អងគ្រួសារវិញ។
អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «សាលាគួរតែកុំគិតថ្លៃខ្ពស់ហួសពេកហើយមិនមែនខ្ញុំថា អ៊ីចឹងដើម្បីឱ្យសាលាមួយដាំក្បាល ឬហានិភ័យក្នុងការបិទទ្វារនោះទេ។ ប៉ុន្តែយើងគិតមើលប្រជាពលរដ្ឋយើងក្រីក្រហើយបើយើងយកខ្ពស់ហួសហេតុពេកអ្នកក្រអត់មានឱកាសក្នុងការសិក្សាទេ បើទោះជាយើងឃើញថា រដ្ឋាភិបាលផ្ដល់ឱកាសការងាររាប់ម៉ឺនរាប់សែននាក់ក្ដី»។
ក្រៅពីពលរដ្ឋត្អូញត្អែរពីបញ្ហាប្រាក់ចំណូល និងមិនមានលទ្ធភាពឱ្យកូនរៀននៅសាលាល្អៗហើយនោះ នៅមានពលរដ្ឋមួយចំនួនស្នើឱ្យរដ្ឋាភិបាលជំរុញទៅសាលាឯកជនផ្ដល់អាហារូបករណ៍ដល់និស្សិតក្រីក្រ ដែលគ្មានលទ្ធភាពបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ហើយអ្នកខ្លះទៀតស្នើឱ្យរដ្ឋាភិបាលត្រួតពិនិត្យលើគ្រឹះស្ថានសិក្សាមួយចំនួនដែលតម្រូវឱ្យសិស្សបង់លុយចូលរួមកម្មវិធីសាលាជារៀងរាល់ឆ្នាំ។
ពលរដ្ឋរស់នៅខេត្តកណ្ដាល លោក ជី សាវី ថ្លែងថា កូនរបស់លោកទើបតែរៀនថ្នាក់ទី២នោះទេ ប៉ុន្តែត្រូវចំណាយច្រើនលើការសិក្សាដោយក្នុងមួយខែបង់ថ្លៃការសិក្សាកូនចំនួន ៦ម៉ឺនរៀល ហើយនៅមិនទាន់គិតទៅលើការចំណាយផ្សេងៗទៀតនោះទេ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលគិតគូរពីគុណភាពអប់រំពិតមែននោះ គឺរដ្ឋាភិបាលគួរតែកែលម្អវិស័យអប់រំនៅក្នុងស្ថាប័នរដ្ឋឱ្យល្អប្រសើរដូចនៅគ្រឹះស្ថានអប់រំឯកជន។
លោក ជី សាវី៖ «ចេះតែរកចេះតែធ្វើទៅដើម្បីឱ្យកូនទៅរៀនប៉ុន្តែពិបាក ពិបាកចិត្តខ្លាំងគិតច្រើនពីព្រោះផលប៉ះពាល់មិនមិនដឹងសំណងច្បាស់លាស់មិនដឹងគេគិតម៉េចអីម៉េច។ រៀននៅសាលារដ្ឋខ្លះ និងសាលាឯកជនខ្លះបើនៅសាលាឯកជនបង់ប្រចាំខែរាល់ខែបើសាលារដ្ឋមិនអីទេបើសាលាឯកជនមួយខែបង់តែ៦ម៉ឺនរៀលទេយើងរៀនមួយពេលៗ»។
អ្នកឃ្លាំមើលលើកឡើងថា បញ្ហាវិសមភាពសង្គមគម្លាតកាន់តែធំរវាងអ្នកមាន និងអ្នកក្រ ហើយអំពើពុករលួយ គឺជាកត្តាធ្វើឱ្យមានគម្លាតគុណភាពអប់រំរវាងកូនអ្នកមាន និងអ្នកក្រដោយសារតែកូនអ្នកមានមានឱកាស និងលទ្ធភាពអាចទៅសិក្សានៅបរទេស ឬនៅតាមសាលាឯកជនល្អៗក្នុងនោះក៏មានកូនចៅរបស់ត្រកូល«ហ៊ុន»ផងដែរ ខណៈកូនអ្នកក្រភាគច្រើនទៅសិក្សានៅតាមសាលារដ្ឋដែលគុណភាពអប់រំនៅមានកម្រិត។ ពួកគេទទូចឱ្យរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ និងពង្រឹងគុណភាពវិស័យអប់រំនៅតាមសាលារដ្ឋដើម្បីឱ្យកូនអ្នកក្រមានឱកាសទទួលបានការសិក្សាប្រកបដោយគុណភាពដូចកូនអ្នកមាន ឬអ្នកមានជីវភាពធូរធារដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។