រដ្ឋ​ផ្ដល់​សេវា​រថយន្តក្រុង​ឥត​គិតថ្លៃ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​៧​ខេត្ត​​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ

ដោយ សេក បណ្ឌិត
2018.04.02
Share on WhatsApp
Share on WhatsApp
រថយន្ត​ក្រុង ៦១០ ៥-កុម្ភៈ-២០១៤៖ អ្នក​ដំណើរ​ដើរ​ឆ្លង​កាត់​រថយន្ត​ក្រុង។
Photo: RFA

មេដឹកនាំ​របប​ក្រុងភ្នំពេញ​ប្រកាស​ដាក់​ឱ្យ​ដំណើរការ នូវ​សេវា​រថយន្តក្រុង​ឥតគិតថ្លៃ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​១ និង​លេខ ៥ ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាងមុខ បន្ថែម​កា​រលើ​ការ​ជិះ​រថយន្តក្រុង​សាធារណៈ​ដោយ​ឥតគិតថ្លៃ​ក្នុង​រាជធានី​ភ្នំពេញ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម​សាទរ​ចំពោះ​ការសម្រេច​នេះ ប៉ុន្តែ​ស្នើ​ឱ្យ​មាន​វិធានការ​ជាក់លាក់​បន្ថែម​ទៀត​ចំពោះ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ណា ដែល​ដំឡើងថ្លៃ​ហួសហេតុ នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ជាតិ​សំខាន់ៗ។

ប្រធាន​អង្គការ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា ការ​យក​រថយន្តក្រុង​របស់​រដ្ឋ​ទៅ​ដឹក​អ្នកដំណើរ​ដោយ​ឥតគិតថ្លៃ ក្នុង​ឱកាស​បុណ្យទាន​សំខាន់ៗ​នោះ គឺជា​រឿង​ដ៏​ល្អ ព្រោះ​ក្រុមហ៊ុន​ដឹកជញ្ជូន​ឯកជន តែងតែ​ដំឡើង​ថ្លៃ​ខ្ពស់​កប់​ពពក ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អ្នក​ធ្វើ​ដំណើរ​ភាគច្រើន​ដែល​មាន​ជីវភាព​មិនសូវ​ធូរធារ​ស្រាប់ នាំគ្នា​ត្អូញត្អែរ​អំពី​បញ្ហា​នេះ។ «»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ឱកាស​ជួប​ជាមួយ​ក្រុម​គ្រូ​-បង្រៀន និង​មន្ត្រី​អប់រំ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១ មេសា បាន​ប្រកាស​ថា ចាប់ពី​ថ្ងៃទី១២ ដល់​ទី​១៨ ខែ​មេសា ខាងមុខ ប្រជាពលរដ្ឋ​អាច​ជិះ​រថយន្តក្រុង​ដោយ​ឥតគិតថ្លៃ​ក្នុង​រាជធានី​ភ្នំពេញ និង​ពី​ភ្នំពេញ​ទៅតាម​បណ្ដា​ខេត្ត​តាម​ផ្លូវ​ជាតិ​លេខ ១ និង​លេខ៥។ លោក ហ៊ុន សែន ថ្លែង​ថា ការ​ធ្វើ​បែបនេះ​ដើម្បី​កុំ​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ឯកជន​ដំឡើងថ្លៃ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម​លោក សន ជ័យ ថ្លែង​ថា រដ្ឋាភិបាល​គួរ​ធ្វើ​បែប​នេះ​ឱ្យ​បាន​រាល់​ឆ្នាំ មិនមែន​ធ្វើ​តែ​ឆ្នាំនេះ ដែល​ជា​ឆ្នាំ​បោះឆ្នោត​ដើម្បី​ទាក់​ទាញ​យក​ប្រជាប្រិយភាព​នោះ​ទេ ហើយ​មិន​គួរ​ធ្វើ​ចំពោះតែ​អ្នកដំណើរ​លើ​ផ្លូវ​ជាតិ​លេខ ១ និង​លេខ ៥ ដែរ គឺ​គួរតែ​ធ្វើ​ឱ្យ​បាន​ច្រើន​ផ្លូវ​ជាង​នេះ។ ម្យ៉ាងវិញទៀត លោក​ទទូច​ឱ្យ​អាជ្ញាធរ​ត្រូវតែ​ចាត់វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​ចំពោះ​ក្រុមហ៊ុន​ដឹកជញ្ជូន​ឯកជន​ណា ដែល​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ដោយ​នៅតែ​ដំឡើងថ្លៃ​ខ្ពស់​ក្នុង​ឱកាស​ពិធីបុណ្យ​សំខាន់ៗ​ដដែល​នោះ។

ឡានក្រុង​សាធារណៈ​ដែល​សាលា​រាជធានី​ភ្នំពេញ​ត្រៀម​សម្រាប់​ដឹក​ពលរដ្ឋ​ក្នុងអំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នោះ មាន​ចំនួន ៦០ គ្រឿង និង​មាន​ដាក់​ផ្លាក​សញ្ញា​ថា រាជធានី​ភ្នំពេញ។

ទីតាំង​សម្រាប់​ពលរដ្ឋ​ដែល​ចង់​ជិះ​រថយន្តក្រុង​ដោយ​ឥតគិតថ្លៃ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ១ គឺ​នៅ​ផ្លូវ ៦០​ម៉ែត្រ ក្បែរ​ក្រុមហ៊ុន​ឡាន​ម៉ែកសឺដេស (ម្ដុំ​ចាក់អង្រែ) ចំណែក​ពលរដ្ឋ​ដែល​ចង់​ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៥ ដោយ​ឥតគិតថ្លៃ​វិញ គឺ​ត្រូវ​ឡើង​ជិះ​រថយន្ត​នៅ​ម្ដុំ​អូឌឹម​នៃ​ផ្លូវជាតិ​លេខ ៤ ឆ្ពោះ​ទៅ​ផ្លូវជាតិ​លេខ ៥ ឬក៏​អាច​ឡើង​ជិះ​រថយន្ត​នៅ​ចំណុច​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ផ្លូវជាតិ​លេខ ៥។

ខេត្ត​ដែល​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ ១ រួមមាន​ខេត្ត​កណ្ដាល ព្រៃវែង និង​ស្វាយរៀង ចំណែក​ខេត្ត​ដែល​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ ៥ រួមមាន ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ៕

កំណត់ចំណាំ​ចំពោះអ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ទស្សន​ជុំវិញ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​យក​ស្បែកជើង​គប់​លោក ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​អាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល