សង្គមស៊ីវិលថា កម្មវិធីប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម មិនគួរផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឡើយ
2023.02.07

ស្របពេលដែលការប្រកួតកីឡាស៊ីហ្គេម (Sea Games) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ជិតឈានចូលមកដល់ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកតាមដានសង្គម បារម្ភថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងអំឡុងពេលនោះ នឹងធ្វើឱ្យគុណតម្លៃ និងកិត្តិយសប្រទេសកម្ពុជាអាប់ឱនក្នុងឆាកតំបន់ និងអន្តរជាតិមិនខាន។
មន្ត្រីសង្គមស៊ីវិល និងអ្នកតាមដានសង្គម ស្នើទៅរដ្ឋាភិបាលនិងគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម កុំទទួលការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីរក្សាគុណតម្លៃ និងមុខមាត់ប្រទេសកម្ពុជាក្នុងឆាកតំបន់ និងអន្តរជាតិ។ ការលើកឡើងនេះ បន្ទាប់ ពីពួកគេសង្កេតឃើញមានការគាំទ្រគ្រឿងស្រវឹងដោយបើកចំហ រាប់ចាប់តាំងពីប្រជាពលរដ្ឋរហូតដល់មន្ត្រីរាជការ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គិមអេង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧ កុម្ភៈ ថា ការផ្សារភ្ជាប់គ្រឿងស្រវឹងជាមួយវិស័យកីឡា និងសិល្បៈគឺជាបញ្ហាគួរឱ្យព្រួយបារម្ភសម្រាប់កម្ពុជាលើសន្តិសុខសង្គម និងមុខមាត់ប្រទេសជាតិ។ លោកបន្តថា ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នេះ កម្ពុជាដែលជាម្ចាស់ផ្ទះមិនគួរបង្ហាញផ្លាកសបៀយកមកឃោសនាឡើយ ព្រោះនឹងប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ។ លោកជំរុញ ឱ្យរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការរៀបចំការប្រកួតកីឡា ឱ្យសិក្សាពីបទពិសោធន៍ និងយកគំរូតាមព្រឹត្តិការណ៍កីឡាធំៗ ក្នុងពិភពលោក ដែលគ្មានការផ្សព្វផ្សាយគ្រឿងស្រវឹង។
លោក យង់ គិមអេង៖ «ពីព្រោះថាគ្រឿងស្រវឹងគឺធ្វើឱ្យបំផ្លាញសុខភាពរបស់អ្នកកីឡា និងរបស់ពលរដ្ឋផង។ អ៊ីចឹងបើកាលណាកម្ពុជាប្រកួតកីឡាហើយយើងមានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគឺយើងហាក់ដូចជាបានដើរបញ្ច្រាសទិសគ្នាអំពីគោលដៅសំខាន់នៃកីឡា និងគោលដៅសុខភាពសាធារណៈផងដែរ»។
ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងមួយចំនួន តែងនាំមកជាមួយនៅការលើកទឹកចិត្តជំរុញឱ្យអ្នកផឹកបន្តគាំទ្រនិងចែកចាយបន្ត តាមរយៈការផ្ដល់រង្វាន់ បង្កើតការប្រគំតន្ត្រីខនសឺតដែលចូលរួមពីអ្នកសិល្បៈ និងឧបត្ថម្ភក្នុងកម្មវិធីប្រកួតកីឡាជាដើម។ ក្នុងនោះ ការផ្សព្វផ្សាយគ្រឿងស្រវឹង ដោយលើកពីគុណសម្បត្តិ មានរសជាតិឆ្ងាញ់ និងជំនួយសុខភាព ស្រាបៀត្រូវបាន រដ្ឋាភិបាលអនុញ្ញាតឱ្យដាក់បញ្ចូលពាក្យ មោទនភាពជាតិ ក្នុងការផ្សាយពាណិជ្ជកម្ម។ ប៉ុន្តែអ្នកវិភាគលើកឡើងថា តម្លៃមោទនភាពជាតិ ដែលបានពីស្រាបៀនេះ ធ្វើឱ្យកម្ពុជាប្រឈមនឹង បញ្ហាអសន្តិសុខសង្គម កំណើនគ្រោះថ្នាក់ចរាចរណ៍ សីលធម៌សង្គមធ្លាក់ចុះ និងបញ្ហាសុខភាពប្រជាពលរដ្ឋ។
ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងចាប់ផ្ដើមនៅថ្ងៃទី៥ ឧសភា ដោយមានក្រុមហ៊ុនឯកជនជាច្រើន បានចាប់អារម្មណ៍ និងឧបត្ថម្ភគាំទ្រកម្មវិធីប្រកួត។ មកទល់ពេលនេះ មានក្រុមហ៊ុនចំនួន៤ ហើយបានចូលរួមឧបត្ថម្ភ និងមានក្រុមហ៊ុនច្រើនទៀតកំពុងចរចាគ្នា ដូចជាក្រុមហ៊ុនភេសជ្ជៈ និងក្រុមហ៊ុនសេវាកម្មផ្សេងៗជាដើម។ យ៉ាងណាមិនទាន់ឃើញមានក្រុមហ៊ុនស្រាបៀរណាមួយចូលរួមឧបត្ថម្ភនៅឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន និងអ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ ដើម្បីសុំការបញ្ជាក់លើរឿងនេះបានទេ នៅថ្ងៃទី៧ កុម្ភៈ។
ជុំវិញរឿងនេះ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី លើកឡើងថា កម្ពុជាគួរយកឱកាសដែលខ្លួនក្លាយជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាថ្នាក់តំបន់នេះ មកផ្សព្វផ្សាយពីប្រពៃណី វប្បធម៌ លើកមុខមាត់ប្រទេសជាតិ ជាជាងផ្សព្វផ្សាយពីគ្រឿងស្រវឹង។ លោកសង្កេតឃើញថា ក្នុងរយៈពេលចុងក្រោយនេះ គ្រឿងស្រវឹងបានទទួលការគាំទ្រពីរដ្ឋាភិបាល ដោយអនុញ្ញាតឱ្យមានការផ្សព្វផ្សាយជាសាធារណៈនៅតាមដងផ្លូវ និងការឧបត្ថម្ភស្រាបៀរដល់មន្ត្រីរាជការដោយបើកចំហគ្មានការអៀនខ្មាស។
លោក មាស នី៖ «ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនបានគិតឱ្យដិតដល់ទេ ហើយអនុញ្ញាតឱ្យក្រុមហ៊ុនស្រាបៀរយកទៅផ្សព្វផ្សាយនៅក្នុងពេលដែលមានការប្រកួតកីឡាក្នុងតំបន់នេះ ដែលមានប្រទេសជាច្រើនចូលរួម មានអ្នកមកមើលហ្នឹងច្រើនអាហ្នឹងវាធ្វើឱ្យគេនឹងវាយតម្លៃទៅលើអត្តចរិតរបស់សង្គមខ្មែរយើងទាក់ទងនឹងការប្រើប្រាស់គ្រឿងស្រវឹងហើយ។ បើនៅក្នុងស្រុកវាមិនអីទេ បើយើងយកទៅផ្សព្វផ្សាយរហូតឱ្យគេដឹងទូទាំងតំបន់ ជួនកាលគេថាប្រទេសយើងក្លាយទៅជាប្រមឹក»។
គ្រឿងស្រវឹងបានក្លាយជាភេសជ្ជៈដ៏ពេញនិយម សម្រាប់ការជួបជុំរបស់ប្រជាពលរដ្ឋ មន្ត្រីតាមមូលដ្ឋាន និងថ្នាក់ដឹកនាំកំពូល។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនផលិតស្រាបៀរក្នុងស្រុកខ្លះបានឧបត្ថម្ភស្រាបៀររាប់ពាន់កេសដល់ស្ថាប័នរដ្ឋសម្រាប់ចាត់ចែងក្នុងតម្រូវការកម្មវិធីផ្សេងៗ។ ប៉ុន្តែអ្នកវិភាគមើលឃើញថា ការជូនអំណោយជាគ្រឿងស្រវឹងនេះ ជាគំរូអាក្រក់របស់ស្ថាប័នរដ្ឋ ដែលចូលរួមលើកស្ទួយការផឹកគ្រឿងស្រវឹង។
ក្នុងរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនផលិតស្រាបៀរក្នុងស្រុក បានកើនឡើងជាបន្តបន្ទាប់ និងបានបង្កើតផ្លាកផ្សព្វផ្សាយស្ទើរគ្រប់កន្លែងនៅក្នុងប្រទេស មិនចាញ់ផ្លាកអរគុណសន្តិភាពឡើយ។ អ្នកឃ្លាំមើលសង្គមបារម្ភពីការផ្សាយពាណិជ្ជកម្មក្នុងកម្មវិធីប្រកួតស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងធ្វើឱ្យប្រទេសជាតិអាប់ឱនមុខមាត់ ហើយភ្ញៀវអន្តរជាតិដែលមកចូលរួម នឹងវាយតម្លៃរដ្ឋាភិបាលកម្ពុជាថា អសមត្ថភាព និងមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។