អ្នក​ជំនាញ​ខាង​អប់រំ​ព្រួយ​បារម្ភ​ថា ការ​ជ្រើសរើស​គ្រូ​បង្រៀន​ដោយ​ស្វ័យប្រវត្តិ​គ្មាន​តម្លាភាព

0:00 / 0:00

អតីត​គ្រូបង្រៀន និង​សង្គម​ស៊ីវិល ព្រួយបារម្ភ​ចំពោះ​ការ​ជ្រើសរើស​គ្រូ​បង្រៀន ដោយ​ស្វ័យប្រវត្តិ​អាស្រ័យ​លើ​និទ្ទេស​ល្អ និង​លំដាប់​ពិន្ទុ​ នៃ​ការ​ប្រឡង ។ ការ​ព្រួយបារម្ភ​នេះ ក្រោយពី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំណត់​យក​សិស្ស​និទ្ទេស A B C ចូល​ធ្វើ​ជា​គ្រូ​បង្រៀន​ដោយ​មិន​ឆ្លង​កាត់​ការ​ប្រឡង។

អតីត​គ្រូបង្រៀន និង​មន្ត្រី​សង្គម​ស៊ីវិល បារម្ភ​ដល់​ការ​ជ្រើសរើស​គ្រូ​គ្មាន​តម្លាភាព ដោយ​ផ្ដល់​អាទិភាព​ ចំពោះ​សិស្ស ដែល​ប្រឡង​បាន​ពិន្ទុ​ខ្ពស់ ជាង​ការ​បើក​ឱកាស ឲ្យ​សិស្ស​ទូទៅ​ដាក់​ពាក្យ​ប្រឡង​ជ្រើស​រើស​ជំនាញ និង​មណ្ឌល​ ដោយ​ស្មើ​ភាព​គ្នា ដើម្បី​អាច​ឲ្យ​ពួកគេ​បាន​បំពេញ​តួនាទី​នៅ​មូលដ្ឋាន ដែល​ពួកគេ​រស់នៅ។

អតីត​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​សេរី​សោភ័ណ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ិន វុត្ថា ដែល​ត្រូវ​បាន​ក្រសួង​អប់រំ លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​គ្រូបង្រៀន​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ បារម្ភ​ថា ការ​ជ្រើសរើស​គ្រូបង្រៀន​នេះ អាច​បង្ក​ភាព​ងាយ​ស្រួល​ប្រព្រឹត្ត​អំពើ​ពុករលួយ ​ដល់​អ្នក​មាន​លុយ ដាក់​ឈ្មោះ​កូនចៅ ដើម្បី​បាន​ក្របខណ្ឌ​រដ្ឋ ដែល​អយុត្តិធម៌​សម្រាប់​សិស្ស​ទូទៅ។ លោក​ស្នើ​ដល់​ក្រសួង​អប់រំ​គួរតែ​រឹត​បន្តឹង​ការ​ជ្រើសរើស​គ្រូ​បង្រៀន​នេះ ដោយ​គ្មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ។

លោក ស៊ិន វុត្ថា៖ «គឺ​ខ្ញុំ​និយាយ​នេះ គឺ​ខ្ញុំ​មិន​មែន​រិះគន់ ដើម្បី​បង្អាប់​ឬ​បំបាក់​ស្មារតី​ទេ គឺ​ខ្ញុំ​ចង់​ទិតៀន​ឲ្យ​ភ្ញាក់​រឭក​នៅ​ក្នុង​ការ​អនុវត្ត​ការងារ ព្រោះ​វា​ជា​ប្រព័ន្ធ​មួយ ដែល​ស្រោចស្រង់​ជាតិ​មួយ បាទ ខ្លាច​តែ​គេ​មិន​ចង់​ស្រោចស្រង់»។

ការ​ព្រួយបារម្ភ​នេះ គឺ​បន្ទាប់ពី​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ហ្វ្រេសញូវ (Fresh News)បាន​ចុះ​ផ្សាយ​កាល​ពីថ្ងៃទី៣០ សីហា ថា ​ការ​កំណត់​កូតា​ជ្រើសរើស​សិស្ស ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ប្រឡង​បាក់ឌុប បាន​និទ្ទេស A B C ឲ្យ​ចូល​ធ្វើ​ជា​គ្រូបង្រៀន។ ការ​កំណត់​នេះ ត្រូវ​ឆ្លងកាត់​ការ​វាយតម្លៃ ដោយ​ផ្អែក​លើ​លំដាប់​ពិន្ទុ​នៃ​ការ​ប្រឡង ហើយ​កូតា​គ្រូបង្រៀន ដែល​នៅ​សល់ ត្រូវ​ឆ្លង​កាត់​ការ​ប្រឡង​ជា​ធម្មតា ដែល​ដឹកនាំ​ដោយ​ក្រុម​ការងារ​ថ្នាក់​ជាតិ។ មួយវិញទៀត​ការ​ផ្សព្វផ្សាយ​នេះ មិន​បាន​បង្ហាញ ពី​ការ​កំណត់​គោលដៅ​ជ្រើសរើស​គ្រូបង្រៀន​ទៅ​តំបន់​ណា​នោះ​ទេ ជា​ហេតុ​មាន​ការ​ព្រួយបារម្ភ​ថា ​តំបន់​ដាច់ស្រយាល នៅតែ​ខ្វះ​គ្រូបង្រៀន។

វិទ្យុ​អាស៊ីសេរី​ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣១ សីហា។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បារម្ភ​ដល់​ការ​ជ្រើសរើស​គ្រូបង្រៀន​នេះ នឹង​មិន​អាច​បំពេញ​តម្រូវការ​គ្រូ​នៅ​តាម​មូលដ្ឋាន​ដាច់​ស្រយាល​នោះ​ទេ។ អ្នកស្រី​បន្ត​ថា ក្រសួង​អប់រំ​គួរតែ ឲ្យ​សិស្ស​ទាំងអស់​ដាក់​ពាក្យ​ប្រឡង​ជ្រើសរើស​មណ្ឌល​បង្រៀន​ ដែល​នៅ​មូលដ្ឋាន​ជា​អាទិភាព ដើម្បី​អាច​បំពេញ​តម្រូវការ​ខ្វះខាត​គ្រូ​បង្រៀន​នៅ​មូលដ្ឋាន។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «ឧបមា​គាត់​ចង់​វិស័យ​អប់រំ​ហ្នឹង​ទាំងអស់ តើ​ក្រសួង​មាន​បាន​គិត​ទុក​ទេ ថា​តើ​ពួកគាត់​ទៅ​ជ្រើសរើស​គ្រូ​ហ្នឹង​នៅ​តាម​បណ្ដាល​ខេត្ត​ណា​ខ្លះ បើ​សព្វថ្ងៃ​នេះ​នៅ​ទី​ប្រជុំជន នៅ​ភ្នំពេញ នៅ​អី​ហ្នឹង​គឺ​សល់​គ្រូ​ចា៎ គឺ​សល់​គ្រូ​មិន​មែន​ខ្វះ​គ្រូ​ទេ គ្រូ​ពេល​ខ្លះ​មក​បង្រៀន​សិស្ស​តែ​ពីរ​ថ្ងៃ ឬ​មួយ​ថ្ងៃ​អីចឹង​ទេ»។

ក្រសួង​អប់រំ បាន​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​នៅ​អនុវិទ្យាល័យ តាម​ប្រព័ន្ធ​បណ្ដុះបណ្ដាល ១២+២ និង ១២+៤ ចំនួន ៥០០នាក់ សម្រាប់ឆ្នាំ២០២១-២០២២។ ចំពោះ​សំណុំ​លិខិត​ បេក្ខជន​ទាំងអស់​ត្រូវ​យក​សំណុំ​លិខិត​ដាក់​ពាក្យ ​សុំ​ចុះ​ឈ្មោះ​ប្រឡង​ទៅ​សាលារៀន ដែល​ខ្លួន​ជ្រើស​រើស​ដើម្បី​សុំ​ការ​ឯកភាព​ពី​នាយក​សាលា។ ចំណែក​ការ​ប្រឡង​វិញ តម្រូវ​ឲ្យ​បេក្ខជន​ទាំងអស់ ប្រឡង​តាម​ប្រព័ន្ធ​អនឡាញ(Online)ដែល​រៀបចំ​នៅ​តាម​អនុវិទ្យាល័យ ដែល​មាន​តម្រូវការ។

ទោះជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សង្គម​ស៊ីវិល នៅតែ​ទទូច​ឲ្យ​ក្រសួង​អប់រំ​ជ្រើសរើស​គ្រូបង្រៀន​ដោយ​គ្មាន​អំពើពុករលួយ គ្មាន​ការ​រើសអើង និង​មាន​តម្លាភាព ដើម្បី​អាច​ឲ្យ​សិស្ស ដែល​មាន​ឆន្ទៈ​ជា​គ្រូបង្រៀន​ពិតប្រាកដ បាន​បំពេញ​តួនាទី​ជា​គ្រូបង្រៀន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។