មតិ​សង្គម​ស៊ីវិល​​ដែល​លោក​បណ្ឌិត កែម ឡី បាន​ជួយ​ការងារ

ដោយ​ សុ ជីវី
2016.07.23
កែម ឡី ៨៥៥ ២០១៦ រូបថត​លោក​បណ្ឌិត កែម ឡី កាល​លោក​ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ពេល​កន្លង​ទៅ ហើយ​ត្រូវ​បាន​ដាក់​តាំង​នៅ​កន្លែង​តម្កល់​សព​លោក​នា​វត្ត​ចាស់។ រូបថត​ថ្ងៃ​ទី​២៣ កក្កដា ២០១៦
RFA/Brach Chev

សាធារណជន​ទូទៅ​ដែល​ស្ដាយ​ស្រណោះ​លោក កែម ឡី ភាគ​ច្រើន​បាន​ស្គាល់​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដែល​តែង​ផ្សាយ​ពី​ការ​វិភាគ​របស់​លោក។ ចំណែក​អ្នក​ធ្វើ​ការងារ​សង្គម និង​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​ស្ដាយ​ស្រណោះ​បណ្ឌិត កែម ឡី ដែរ​នោះ​ពួកគេ​មាន​មនោ​សញ្ចេតនា​ជ្រៅ​ជាង ដ្បិត​ពួកគេ​បាន​ធ្វើ​ការងារ​ជាមួយ​លោក។ ក្រុម​នេះ​លើក​ឡើង​ថា លោក​បណ្ឌិត កែម ឡី ជា​មនុស្ស​សំខាន់​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ការងារ​របស់​ពួកគេ។

តើ​លោក​បណ្ឌិត កែម ឡី បាន​ជួយ​អ្វី​ខ្លះ​ដល់​ការងារ​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នោះ?

មាន​អង្គការ​សង្គម​ស៊ីវិល​ទាំង​ជាតិ អន្តរជាតិ បូក​រួម​នឹង​គម្រោង​មួយ​ចំនួន​របស់​អង្គការ​សហប្រជាជាតិ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ជា​ច្រើន​កំពុង​ដង្ហោយ​រក​លោក​បណ្ឌិត កែម ឡី អោយ​ទៅ​បញ្ចប់​ការងារ​ដែល​នៅ​សេសសល់។

ការងារ​ដែល​ត្រូវ​ការ​លោក​បណ្ឌិត កែម ឡី អោយ​ទៅ​បំពេញ​នោះ​ភាគ​ច្រើន​ទាក់ទង​នឹង​ផែន​ការ​យុទ្ធសាស្ត្រ​រយៈពេល​វែង ការ​ធ្វើ​គម្រោង​កៀរគរ​ថវិកា ការ​វាយ​តម្លៃ​បញ្ចប់​គម្រោង និង​វគ្គ​បណ្ដុះបណ្ដាល​លើក​កម្ពស់​ចំណេះដឹង។

សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក៏​ស្ថិត​ក្នុង​ចំណោម​នោះ​ដែរ។ សមាគម​នេះ​ធ្វើ​ការងារ​ចងក្រង និង​ការពារ​សិទ្ធិ​អ្នក​ធ្វើ​ការងារ​ក្នុង​ផ្នែក​ក្រៅ​ប្រព័ន្ធ រួម​មាន​អ្នក​ម៉ូតូ​ឌុប រ៉ឺម៉ក​ទេសចរណ៍ អ្នក​ធ្វើ​ប្រកប​ការងារ​ខ្នាត​តូច អ្នក​រត់​តាក់ស៊ី អាជីវករ​ក្នុង​ផ្សារ និង​តាម​ផ្លូវ ​កម្មករ​អូស​រទេះ កម្មករ​តាម​ផ្ទះ និង​បណ្ដាញ​ពលករ​នៅ​ម៉ាឡេស៊ី​ជាដើម។

ប្រធាន​សមាគម គឺ​លោក វន់ ពៅ មាន​ប្រសាសន៍​ថា សមាគម​នេះ​ជួប​ការ​លំបាក​នៅ​ក្រោយ​ពេល​ដែល​លោក​ជាប់​ពន្ធនាគារ​កាល​ពី​ដើម​ឆ្នាំ​២០១៤។ ពេល​នោះ​គឺ​បាន​លោក​បណ្ឌិត កែម ឡី ជួយ​ជ្រោមជ្រែង​អោយ​មាន​សកម្មភាព​ហូរហែ​ឡើង​វិញ៖ «នៅ​ពេល​ខ្ញុំ​ជាប់​ពន្ធនាគារ ស្ថាប័ន​បាត់​មេដឹកនាំ ធ្វើ​អោយ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន។ ពេល​ដែល​ខ្ញុំ​ចេញ​មក​ខ្ញុំ​បាន​អញ្ជើញ​គាត់ (កែម ឡី) អោយ​ជួយ​រៀបចំ​រចនាសម្ព័ន្ធ​ស្ថាប័ន​ឡើង​វិញ រៀបចំ​របៀប​ដឹកនាំ អភិវឌ្ឍន៍​លក្ខន្តិកៈ​នៃ​សមាគម ទាំង​បទបញ្ជា​ផ្ទៃក្នុង​​ និង​ផ្នែក​ច្បាប់។ អ្វី​ដែល​ខ្ញុំ​សោកស្ដាយ​មួយ​ទៀត​គាត់​បាន​ទៅ​ជួប​ខ្ញុំ​នៅ​ពេល​រៀប​ចំ​ព្រឹត្តិការណ៍​១ ឧសភា គាត់ (កែម ឡី) ថា ពេល​ទំនេរ​ចាំ​ខ្ញុំ​ទៅ​ជួយ​ពូ​ពៅ​ឯង ធ្វើ​ផែន​ការ​យុទ្ធសាស្ត្រ​យ៉ាង​ម៉េច​ដើម្បី​អោយ​ដំណើរការ​ល្អ​​​​​ មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​ដំណើរការ»

មនុស្ស ២៣​នាក់ រួម​មាន​លោក វន់ ពៅ មន្ត្រី​សមាគម និង​អង្គការ​សង្គម​ស៊ីវិល រួម​នឹង​កម្មករ​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​នៅ​ក្រោយ​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ហ្វូង​កម្មករ ដែល​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល នៅ​ក្បែរ​រោងចក្រ យ៉ាកជីន (Yakjin) និង​នៅ​តាម​ផ្លូវ​វ៉េងស្រេង។ មក​ដល់​ពេល​នេះ លោក វន់ ពៅ កំពុង​រំពឹង​រក​អ្នក​មាន​សមត្ថភាព និង​មាន​ចិត្ត​ល្អ​ដូច​លោក​បណ្ឌិត កែម ឡី៖ «ពីព្រោះ​គាត់​មាន​បទ​ពិសោធន៍​ហើយ គាត់​មាន​ចំណេះ​ដឹង ហើយ​គាត់​មាន​ភាព​ក្លាហាន​ទៀត។ គាត់​និយាយ​ការពិត គាត់​និយាយ​ហើយ​ធ្វើ​ទៀត​ហ្នឹង​ហើយ​ដែល​យើង​រក​មនុស្ស​ប្រៀប​ធៀប​ជាមួយ​ បណ្ឌិត​ កែម​ ឡី អត់​បាន​ដូច​ដែល​យើង​មើល​ឃើញ។ ​​យើង​លើក​ទឹក​ចិត្ត​ខ្មែរ​គ្រប់រូប ជាពិសេស​បញ្ញវន្ត​បន្ត​វីរភាព​ពី​បណ្ឌិត​ កែម ឡី បន្ត​ទៀត។ ប្រសិន​បើ​បាត់​ កែម ឡី មួយ​ហើយ​អត់​មាន​អ្នក​បន្ត​ទៀត នោះ​ប្រទេស​ជាតិ​យើង​ ជា​ពិសេស​ធនធាន​ក្នុង​ការ​ដឹកនាំ​សហជីព សមាគម យើង​មិន​ដឹង​ទៅ​រក​អ្នក​ណា ទៅ​ពឹង​អ្នក​ណា»

មិន​ខុស​គ្នា​នេះ​ដែរ អនុ​ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា ដែល​ធ្វើ​ការងារ​លើក​កម្ពស់​សិទ្ធិ និង​ផលប្រយោជន៍​របស់​យុវជន សិស្ស​និស្សិត ទាំង​ក្នុង​សាលារៀន និង​សហគមន៍ លោក ស ម៉ូរី មាន​ប្រសាសន៍​ថា លោក​បណ្ឌិត កែម ឡី បាន​ខ្នះខ្នែង​ជួយ​ជួយជ្រោមជ្រែង​ធ្វើ​យ៉ាង​ណា​អោយ​អង្គការ​នេះ​មាន​ឯកសារ​ផ្លូវ​ច្បាប់​រឹងមាំ។ លើស​ពី​នេះ​លោក​តែង​ចំណាយ​ពេល​អប់រំ និង​ពន្យល់​សមាជិក​អង្គការ​នេះ​បង្កើន​ចំណេះដឹង៖ «ដោយ​សារ​តែ​លោក​បណ្ឌិត​គាត់​ជា​អ្នក​ស្រាវជ្រាវ​គាត់​ មាន​ព័ត៌មាន​ច្រើន គាត់​ផ្ដល់​យោបល់ និង​គំនិត​យុទ្ធសាស្ត្រ​ល្អៗ ពី​របៀប​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​យុវជន។ នៅ​ក្នុង​ហ្នឹង​ដែរ លោក​បណ្ឌិត  កែម ឡី តែងតែ​ចូលរួម​ធ្វើ​ជា​វាគ្មិន​ក្នុង​កម្មវិធី​​​ការងារ​បណ្ដាញ​យុវជន​ កម្ពុជា នៅ​ពេល​ដែល​យើង​រៀបចំ​វេទិកា​សាធារណៈ​ផ្សេងៗ​ ដោយសារ​តែ​គាត់​ចូលចិត្ត​ធ្វើ​ការងារ​ជាមួយ​យុវជន អ៊ីចឹង​ពេល​អញ្ជើញ​គាត់​អត់​ដែល​ថា​ទេ ហើយ​គាត់​ចូលរួម​ដោយ​ស្ម័គ្រចិត្ត»

អង្គការ​ទាំង​២​នេះ ក៏​មិន​ខុស​ពី​អង្គការ​សមាគម​ជា​ច្រើន​ទៀត​ដែរ គឺ​កំពុង​រង់ចាំ​អោយ​លោក​បណ្ឌិត កែម ឡី ជួយ​តាមដាន​ការ​អនុវត្ត​គម្រោង​របស់​ពួកគេ និង​វាយ​តម្លៃ​បញ្ចប់​គម្រោង។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។
នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។

ស្របគ្នា​នេះ​ដែរ​អង្គការ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​មួយ​ក៏​ទទួល​បាន​ជំនួយ​ដោយ​ផ្ទាល់​ជា​ច្រើន​ពី​លោក​បណ្ឌិត កែម ឡី ដែរ នោះ​គឺ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

នាយក​មជ្ឈមណ្ឌល​នេះ គឺ​លោក ប៉ា ងួនទៀង មាន​ប្រសាសន៍​ថា ក្រៅ​ពី​ជួយ​ជ្រោមជ្រែង​អង្គការ​របស់​លោក​ហើយ លោក​បណ្ឌិត កែម ឡី ថែម​ទាំង​បាន​ផ្ដួចផ្ដើម​គំនិត​ក្នុង​គម្រោង​សំខាន់ៗ​មួយ​ចំនួន​របស់​អង្គការ​ទៀត​ផង៖ «គម្រោង ​ចេះ​តែ​មាន​ថ្មី​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ​លើ​បញ្ហា​ដដែល គឺ​ប្ដូរ​របៀប​ទៅ​តាម​សម័យ​កាល។ ដូចជា​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពេល​គាត់​ជួយ​ធ្វើ​ផែនការ​ យុទ្ធសាស្ត្រ​យើង​កាល​ហ្នុង អី​គឺ​អត់​ទាន់​មាន​ការ​ចាប់​អារម្មណ៍​ទេ​រឿង​អ៊ីនធឺណិត (Internet) ​​ភាគ​ច្រើន​ផ្ដោត​លើ​វិទ្យុ​ដល់​ក្រោយ​មក​វា​មាន​ការវិវត្តន៍​អ៊ីចឹង​យើង​ យក​មក​ច្នៃ។ រឿង​មួយ​ដែល​ស្រណោះ​ជា​អនុស្សាវរីយ៍​នោះ គឺ​វា​ជា​គម្រោង​មួយ​ដែល​ហៅ​ថា ម៉េប្រូ (MEPRO)​​ ដែល​ជា​បណ្ដាញ​ស្ថានីយ​វិទ្យុ​នៅ​តាម​ខេត្ត​ដែល​យើង​ចង​ក្រង​គ្នា»

គម្រោង​ទាក់ទង​នឹង​ការ​ពង្រឹង​ឯករាជភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឋិត​ក្នុង​ផ្នែក​មួយ​ហៅ​ថា សម្ព័ន្ធ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ហៅ​ថា ម៉េប្រូ (MEPRO)​ កំពុង​ដំណើរការ​ដោយ​មាន​វិទ្យុ​ជាង ៤០​ស្ថានីយ​ជា​សមាជិក។ ក្រៅ​តែ​ពី​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត លោក​បណ្ឌិត កែម ឡី ក៏​​ជា​អ្នក​ជួយ​ពង្រឹង​ដំណើ​ការ​គម្រោង​នេះ​ផង។

មន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អ្នកស្រី ចាន់ សុម៉ាលី មាន​ប្រសាសន៍​ថា លោក​បណ្ឌិត កែម ឡី ជា​ធនធាន​ដែល​តែង​ផ្ដល់​ចំណេះ​ដឹង​ថ្មីៗ​ជានិច្ច៖ «គាត់ ​គឺ​ជា​គំរូ គឺ​គាត់​មាន​ការ​វិភាគ​ច្បាស់​​ដោយ​មាន​ទិន្នន័យ​យោង គឺ​គាត់​មិន​មែន​ចេះ​តែ​ថា ដូចជា​បុគ្គល​មួយ​ចំនួន​ទេ។ ការ​បាត់បង់​រូប​គាត់​ កម្ពុជា​មាន​ការបាត់បង់​ច្រើន ព្រោះ​គាត់​​ជា​ធនធាន​កម្រ ហើយ​ប្រហែល​ជា​ទៅ​មុខ​ទៀត​ហ្នឹង​មិន​មាន​អ្នកណា​​មក​ជំនួស​គាត់​បាន»

ក្រុម​សង្គម​ស៊ីវិល​ទាំង​នេះ​នៅ​តែ​អាឡោះអាល័យ​ពី​គំរូ​ការងារ​របស់​លោក​បណ្ឌិត កែម ឡី ថា​ពិបាក​នឹង​មាន​អ្នក​ធ្វើ​ដូច​លោក​ណាស់។

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ រំលឹក​ថា លោក​នឹង​មិន​ភ្លេច​ឡើយ​បណ្ដាំ​របស់​លោក កែម ឡី ដែល​អោយ​លោក​ជូត​ទឹក​ភ្នែក​ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត៖ «គឺ ​លោក​បណ្ឌិត​ កែម ឡី បាន​យួរ​បាយ និង​ម្ហូប​ទៅ​អោយ​ខ្ញុំ​នៅ​ពេល​គេ​បញ្ជូន​ខ្ញុំ​ពី​ពន្ធនាគារ​ត្រពាំងផ្លុង មក​ព្រៃ​ស។ ខ្ញុំ​ស្រណោះ​សម្ដី​គាត់​ប្រាប់​ថា ​ជីវិត​យើង​ជា​អ្នក​ដែល​ធ្វើ​ការងារ​សង្គម​គឺ​វា​បែប​ហ្នឹង​ឯង។ គាត់​ហៅ​ខ្ញុំ​ថា ពូ​ពៅ។ ពូ​ពៅ ឯង​កុំ​តូច​ចិត្ត​អ៊ីចឹង​ខ្ញុំ​មក​ព្រៃ​ស​ហ្នឹង គឺ​មក​មើល​កន្លែង​ដូចតែ​គ្នា​ហ្នឹង​ កឺ​អា​ហ្នឹង​ហើយ​ជា​សណ្ឋាគារ​របស់​យើង ប៉ុន្តែ​ជា​អកុសល​ត្រូវ​បាន​គេ​លួច​ធ្វើ​ឃាត​គាត់​បែប​នេះ​សោះ គឺ​ស្រណោះ​មែនទែន»

ចំណែក​លោក ប៉ា ងួនទៀង វិញ លោក​នឹង​យក​លោក​បណ្ឌិត កែម ឡី ជា​គំរូ​ក្នុង​ការ​ជំរុញ​លើក​កម្ពស់​សេរីភាព​បញ្ចេញ​មតិ៖ «ការ​ដែល​គាត់​ខំ​គ្រប់​យ៉ាង គាត់​ខំ​ផ្សព្វផ្សាយ​ខំ​អី​ហ្នឹង គឺ​គាត់​អោយ​អា​ហ្នឹង​វា​ជា​បេសកកម្ម​មួយ​អោយ​ទៅ​ដល់​គោល​ដៅ។ ឧទាហរណ៍​គាត់​ចង់​ឃើញ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ខ្មែរ ប្រព័ន្ធ​ពុករលួយ​វា​ត្រូវ​បាត់បង់​ដែនដី​ខ្មែរ​ត្រូវ​បាន​ការពារ មាន​យុវជន​សកម្ម​ជាដើម ដែល​យើង​ត្រូវ​ឆ្លុះ​បញ្ចាំង ហើយ​ទ្រឹស្ដី​គាត់​ល្អៗ​ដូចជា​ជូត​ទឹក​ភ្នែក​​​​​ហើយ​បន្ត​ដំណើរ​តទៅ​មុខ ត្រី​ដែល​ហែល​បណ្ដោយ​ទឹក​ជា​ត្រី​ងាប់ ជាដើម។ ទាំង​អស់​ហ្នឹង​គឺ​ជា​គំនិត​ល្អៗ​វា​ឆ្លុះ​បញ្ចាំង​ពី​យើង​បើ​ទោះ​បី​ជា​យើង ​ឋិត​នៅ​ក្នុង​ទីតាំង​ណា​ក៏​ដោយ យើង​មាន​តែ​ម្នាក់​ឯង​ក៏ដោយ​អី​ក៏ដោយ​ យើង​ក្រ​ក៏ដោយ គឺ​យើង​សុទ្ធ​តែ​មាន​លទ្ធភាព​​ជួយ​សង្គម យើង​មើល​គឺ​គាត់​តែ​ម្នាក់​ឯង មិន​បាច់​មាន​អង្គភាព​អី​ទេ​គាត់​អាច​ជួយ​សង្គម​បាន»

តាម​មើល​សារសំខាន់​នេះ​មិនមែន​លោក​បណ្ឌិត កែម ឡី មិន​ដឹង​ឡើយ ប៉ុន្តែ​ធ្វើ​ម្ដេច​បើ​ជីវិត​លោក​ត្រូវ​ឃាតក​ផ្ដាច់ផ្ដិល​ទៅ​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។
បើ​ទៅ​ជា​យ៉ាង​ណា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​បួង​សួង​អោយ​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​​បាន​ដល់​ឋាន​បរមសុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។