ប្រវត្តិរូបសង្ខេបនិងជីវិតការងាររបស់លោកបណ្ឌិត កែម ឡី
2016.07.10

លោកបណ្ឌិត កែម ឡី ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex)។ លោកបណ្ឌិត កែម ឡី ត្រូវបានសាធារណជនជាច្រើនបានស្គាល់លោកតាមរយៈការវិភាគលើបញ្ហាសង្គម ស្ថានភាពនយោបាយ សិទ្ធិមនុស្ស ការអភិវឌ្ឍប្រទេសនៅលើប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ហើយលោកត្រូវបានពលរដ្ឋខ្មែរដែលគាំទ្រការវិភាគរបស់លោក ហៅថាជាអ្នកវិភាគឯករាជ្យ ដែលនិយាយចំៗទាក់ទងនឹងភាពអសកម្មរបស់រដ្ឋាភិបាល និងបញ្ហាផ្សេងៗទៀត ទោះបីជាលោកបានដឹងជាមុនថា លោកប្រឈមនឹងការបាញ់សម្លាប់ដោយប្រការណាមួយក្ដី។
នៅពេលដែលខ្ញុំវិភាគម្ដងៗ ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ ពីព្រោះនៅក្នុងប្រទេសមួយដែលមានខ្លាច្រើន ដែលមានពស់វែកច្រើន ដែលមានឆ្លាមច្រើន។ នេះសម្ដីរបស់លោក កែម ឡី កាលនៅរស់។
នៅពេលដែលខ្ញុំវិភាគម្ដងៗ ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ ពីព្រោះនៅក្នុងប្រទេសមួយដែលមានខ្លាច្រើន មានពស់វែកច្រើន និងមានឆ្លាមច្រើន។ នេះគឺជាសម្ដីរបស់លោកបណ្ឌិត កែម ឡី កាលពីលោកនៅមានជីវិត ដែលលោកបានដឹងខ្លួនមុនរួចជាស្រេចថា រាល់ការវិភាគស្ថានការណ៍នយោបាយ និងការផ្ដល់ព័ត៌មានពិតរបស់លោកដល់សាធារណជនដោយឥតសំចៃមាត់នោះ លោកនឹងមិនរួចផុតពីសេចក្ដីស្លាប់ឡើយ។
ក្នុងបទសម្ភាសន៍ជាមួយលោក ជុន ច័ន្ទបុត្រ លោកបណ្ឌិត កែម ឡី បានបញ្ជាក់ថា លោកមិនរារែកឡើយចំពោះការវិភាគរិះគន់ដើម្បីស្ថាបនារបស់លោក ទោះបីលោកដឹងថាការវិភាគរបស់លោកប្រថុយប្រថានដល់អាយុជីវិតក្ដី៖ «នៅពេលដែលខ្ញុំវិភាគម្ដងៗ ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ ពីព្រោះនៅក្នុងប្រទេសមួយដែលមានខ្លាច្រើន ដែលមានពស់វែកច្រើន ដែលមានឆ្លាមច្រើន នៅពេលដែលយើងវិភាគម្ដងៗ យើងមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ ប៉ុន្តែបើសិនជាយើងនាំគ្នាខ្លាចទាំងអស់គ្នា យើងអត់អាចមានលទ្ធភាពផ្ដល់គំរូដល់យុវជនទេ។ យើងអត់មានលទ្ធភាពកែប្រែប្រទេសយើងទេ»។
លោកបណ្ឌិត កែម ឡី ត្រូវបានពលរដ្ឋដែលស្រឡាញ់គាំទ្រការវិភាគរបស់លោករាប់ម៉ឺននាក់ បានសម្ដែងការសោកស្ដាយ និងសោកសង្រេង ហើយបានចាត់ទុកថាជាវីរជន និងបានហែហមដង្ហែសពលោកទៅទីវត្តពោធិយារាម ហៅវត្តចាស់ នៅខណ្ឌជ្រោយចង្វារ បន្ទាប់ពីខ្មាន់កាំភ្លើងបានបាញ់សម្លាប់លោកកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ចំណុចស្ដុបបូកគោ រាជធានីភ្នំពេញ។
លោកបណ្ឌិត កែម ឡី មានអាយុ ៥០ឆ្នាំ មានសម្បុរសណ្ដែកបាយ មាឌធំដំបង ភរិយារបស់លោក គឺអ្នកស្រី ប៊ូ រចនា អាយុ ៣៤ឆ្នាំ មានកូនប្រុស ៤នាក់ និងកូននៅក្នុងផ្ទៃ ៥ខែម្នាក់ទៀត។
លោក កែម ឡី កើតនៅក្នុងគ្រួសារក្រីក្រមួយនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងចំណោមបងប្អូនបីនាក់ គឺលោកជាកូនទី២។ ឪពុករបស់លោកបានទទួលមរណភាពក្នុងជំនាន់ ប៉ុល ពត លោកនិងបងប្អូនរស់នៅជាមួយម្ដាយ មានមុខរបរជាអ្នកលក់នំបញ្ចុក បាញ់ឆែវ និងជាអ្នកលក់គ្រឿងទេស។
លោក កែម ឡី បានតស៊ូរៀនសូត្រដោយស្នាក់នៅជាមួយគេផង និងវត្តផង រហូតរៀនចប់មហាវិទ្យាល័យនៅកម្ពុជា ហើយទទួលបានអាហារូបករណ៍ផ្នែកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម ទៅសិក្សាបន្តនៅសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ និងម៉ាឡេស៊ី។
និយាយអំពីជីវិតការងារវិញ លោកធ្លាប់បម្រើការនៅក្រសួងសុខាភិបាល កាកបាទក្រហម ក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិធំៗ ដូចជា កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) វិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យ (NDI) មូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ យូ.អេស.អេ.អាយ.ឌី (USAID) ជាដើម។ លោកធ្លាប់ជាស្ថាបនិកបង្កើតអង្គការសមធម៌ ផ្ដល់ប័ណ្ណជួយពលរដ្ឋក្រីក្រក្នុងការផ្ដល់សេវាសុខភាពសម្រាប់ជនក្រីក្រ។ លោកធ្លាប់ធ្វើការក្នុងតួនាទីជាអគ្គនាយករបស់គណៈកម្មាធិការសម្របសម្រួលផ្នែកជំងឺអេដស៍ អេច្ឆ.អេ.ស៊ី.ស៊ី (HACC)។
ក្រៅពីនេះ លោកក៏ធ្លាប់បានសិក្សាស្រាវជ្រាវឲ្យអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លើផ្នែកសិទ្ធិការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្នែកយុវជន និងការងារ។ លោកក៏ធ្លាប់ធ្វើជាទីប្រឹក្សាឲ្យក្រុមហ៊ុនល្បីឈ្មោះ អេច្ឆ.អេន.អិម (H&M) និងក្រុមហ៊ុន ហ្គេប (GAP) ទាក់ទងការសិក្សាស្រាវជ្រាវអំពីសិទ្ធិការងារកម្ពុជា។ ក្រៅពីនេះទៀត លោកក៏ធ្លាប់ជាទីប្រឹក្សាឲ្យក្រសួងការងារ ដែរ។
តាំងពីឆ្នាំ២០០៨ មក លោកបានប្រកបរបរជាអ្នកសិក្សាស្រាវជ្រាវយ៉ាងជាប់លាប់ ឲ្យស្ថាប័នផ្សេងៗទៀតរហូតមកទល់បច្ចុប្បន្ន។
មរណភាពរបស់លោក គឺនៅក្នុងពេលដែលលោកកំពុងធ្វើយុទ្ធនាការ ១០០រាត្រីនៃគ្រួសារខ្មែរ ដែលលោកកំពុងធ្វើបាន ១៥រាត្រីហើយ។ យុទ្ធនាការនេះ លោកបានចុះស្នាក់នៅជាមួយប្រជាពលរដ្ឋនៅស្រុកស្រែចម្ការដោយផ្ទាល់ ទោះពេលខ្លះលោកបានស្នាក់នៅផ្ទះប្រជាពលរដ្ឋដាច់ស្រយាលភូមិជនជាតិដើមភាគតិច ដូចជានៅខេត្តមណ្ឌលគិរី រតនគិរី ដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ហើយក្នុងពេលបច្ចុប្បន្ន លោកក៏កំពុងរៀបចំកម្មវិធីអាហារសប្បុរសធម៌រៃអង្គាសប្រាក់ជួយមន្ត្រីសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គ.ជ.ប ដែលកំពុងជាប់ឃុំ ក្រោយពីលោកបានរៀបចំកម្មវិធីនេះបានជោគជ័យម្ដងរួចមកកាលពីខែមិថុនា។
ការស្លាប់លោក កែម ឡី ធ្វើឲ្យមន្ត្រីសង្គមស៊ីវិលដែលតែងធ្វើការជាដៃគូជាមួយលោក បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់ធនធានមនុស្សសំខាន់ និងជាវីរជនក្លាហាននិយាយរិះគន់ត្រង់ៗ ដើម្បីការរីកចម្រើនផ្នែកលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នេះ គឺរយៈពេល ២ថ្ងៃក្រោយពីលោកបានចូលរួមវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី ស្ដីពី «តើសែស្រឡាយមេដឹកនាំមានសិទ្ធិធ្វើជំនួញឬទេ?» ដែលបកស្រាយប្រធានបទនេះបន្ទាប់ពីរបាយការណ៍ស៊ើបអង្កេតរបស់អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) កាលពីពេលថ្មីៗនេះ លាតត្រដាងពីការប្រើប្រាស់អំណាចរបស់គ្រួសារនាយករដ្ឋមន្ត្រី ដើម្បីក្តោបក្តាប់ជំនួញ សេដ្ឋកិច្ចកម្ពុជា តម្លៃរាប់រយលានដុល្លារសហរដ្ឋអាមេរិក។ ហើយកូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសច្រានចោលរបាយការណ៍នេះ ហើយថា គ្លបល វីនេស ព្យាយាមបង្ខូចកិត្តិយសលោកនាយករដ្ឋមន្ត្រី។
ប៉ុន្តែលោក កែម ឡី បានថ្លែងនៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី៨ កក្កដា ថា របាយការណ៍នេះវាជួយរដ្ឋាភិបាលទៅវិញទេ បើសិនជារដ្ឋាភិបាលហ៊ានចេញមុខបកស្រាយ៖ «របាយការណ៍នេះ គឺគោលបំណងជួយរដ្ឋាភិបាលសម្បើមណាស់ នៅពេលដែលរដ្ឋាភិបាលសិក្សាហើយយកទៅឆ្លើយតប តាំងពីរបាយការណ៍លើកទីមួយឯណោះ ឆ្នាំ២០០៧។ ខ្ញុំឧទាហរណ៍ម្ដងទៀតថា អាវយើងរហែក ហើយគេប្រាប់ថា អាវរហែកហើយ យើងមិនព្រមដេរ ចេះតែពាក់ទៅ មនុស្សនៅក្នុងផ្សារហ្នឹងឃើញរហូតទៅ។ ប៉ុន្តែបើយើងដេរឲ្យជិត ដើរទៅគេលែងឃើញហើយ។ អ៊ីចឹងចំណេញ ឬខាត ដោយសារតែយើងមិនចង់កែប្រែប៉ុណ្ណឹងទេ»។
លោក កែម ឡី បានបន្ថែមទៀតថា៖ «នៅពេលនេះយើងមិនអាចលាក់បាំងបានទេ ដូចខ្ញុំនិយាយថា ទឹកថ្លា ពលរដ្ឋមើលឃើញច្បាស់។ បើសិន ២០ឆ្នាំមុន យើងអាចឆ្លើយបដិសេធ យើងអាចថាមិនខ្វល់ ព្រោះពួកហ្នឹងសុទ្ធតែពួកផ្ដល់ព័ត៌មានមិនពិត ប៉ុន្តែពេលនេះ ក្រុមហ៊ុនទាំងអស់នេះ បើក្រុមហ៊ុនទូរទស្សន៍វិញ ផ្សាយទូរទស្សន៍ហើយហ្នឹង ក្រុមហ៊ុនទឹកសុទ្ធ ផ្សាយលក់ទឹកសុទ្ធ។ ឧទាហរណ៍ថា យើងធ្វើក្រុមហ៊ុនទឹកសុទ្ធ នៅពេលដែលយើងឲ្យគេប្រកួតប្រជែងដើម្បីផ្គត់ផ្គង់ស្ថាប័នរដ្ឋ ហើយកូនយើងទៅប្រកួតប្រជែងដែរ នរណាដែលបាន? ក្រុមហ៊ុនស្រាបៀ ឧទាហរណ៍មានក្រុមហ៊ុនស្រាបៀឯកជនផ្សេងមកប្រកួតប្រជែង ហើយយើងមកចែកផ្សាយ យើងទៅកុម្ម៉ង់ឲ្យទិញអីអ៊ីចឹង អាហ្នឹងវាជាប្រព័ន្ធទំនាស់ផលប្រយោជន៍ជាស្វ័យប្រវត្តិតែម្ដង ហើយខ្ញុំសរសើរណាស់ដែលកាត់មានកូន ហើយគាត់ពូកែៗរកស៊ី ព្រោះមានកូនអ្នកធំខ្លះ គ្រឿងញៀនគ្រឿងអីអ៊ីចឹង គាត់អត់ចូលចិត្តរកស៊ីទេ។ ប៉ុន្តែបើខ្ញុំវិញ បើសិនជាមានកូនមានក្រុមហ៊ុនច្រើនរកស៊ីអ៊ីចឹង ត្រូវឲ្យកូនលាលែងពីអំណាចរដ្ឋ ដើម្បីកុំឲ្យមានទំនាស់ផលប្រយោជន៍»។
រាល់ការវិភាគរបស់លោក កែម ឡី នៅលើប្រព័ន្ធផ្សព្វផ្សាយ ជារឿយៗលោកតែងតែទទួលបាននូវការច្រានចោល ឬចំអកឡកឡឺយពីមន្ត្រីរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ថាជាអ្នកវិភាគដូរបាយ វិភាគឯករាជ្យមួយចំហៀង ទោះបីជាមិនសំដៅចំឈ្មោះលោកក៏ដោយ។ ប៉ុន្តែយ៉ាងនេះក្ដី លោកមិនខ្លាចញញើតនោះទេ លោកតែងផ្ដែផ្ដាំប្រពន្ធកូន និងយុវជនដែលធ្វើការជាមួយលោក ឲ្យរឹងមាំកុំឲ្យភ័យ និងកុំយំ ប្រសិនបើលោកលាចាកលោកដោយការបាញ់សម្លាប់ ឬដោយប្រការណាមួយនោះ។
កញ្ញា លុយ ដានី ជាជំនួយការរបស់លោក កែម ឡី ដែលតែងតែធ្វើការដោយផ្ទាល់ជាមួយលោកជាច្រើនឆ្នាំមកនោះ បានថ្លែងទាំងខ្សឹកខ្សួលថា លោក កែម ឡី បានរងការគំរាមកំហែងជាច្រើន និងប្រហែលជាលោកមិនរួចខ្លួននោះទេ៖ «គាត់តែងតែប្រាប់រឿយៗថា គេចេះតែប្រាប់គាត់ថា គេកំពុងរកកន្លែងកាច់គាត់ ធ្វើម៉េចបំបាក់កុំឲ្យខ្មែរទាំងអស់ងើបឡើង បំបាក់ឲ្យចប់ត្រឹមគាត់តែម្ដង កុំឲ្យមាននរណាលើកឡើងទៀត។ និយាយទៅ ខ្ញុំធ្វើការជាមួយគាត់ គាត់តែងតែធ្វើការជាមួយខ្ញុំរហូត ថាឧកញ៉ានេះឧកញ៉ានោះប្រាប់គាត់អ៊ីចឹងណា! ថាគេកំពុងរកវិធីដើម្បីបំបាក់ពូ។ រាល់ថ្ងៃគេឃើញតែគាត់មួយទៀតទេ បើសិនជាគេបំបាក់គាត់បាន ដូចបំបាក់ខ្មែរទាំងអស់បានលែងខ្មែរក្មេងៗជំនាន់ក្រោយឲ្យហ៊ានងើប ប៉ុន្តែគាត់អត់អ៊ីចឹងទេ គាត់អត់ខ្លាចទេ គាត់ត្រូវការបន្តឆន្ទៈរបស់គាត់រហូតទាល់តែស្រុកទេសគាត់បានសុខ»។
លោកបណ្ឌិត កែម ឡី ធ្លាប់បានផ្ដែផ្ដាំដោយអំពាវនាវឲ្យយុវជនជំនាន់ក្រោយ ឲ្យមានសេចក្ដីក្លាហានដោយផ្ដល់យោបល់ និងផ្ដល់ព័ត៌មានដែលមានភស្តុតាងត្រឹមត្រូវ មានលក្ខណៈវិទ្យាសាស្ត្រឲ្យបានច្រើន និងមានឧទាហរណ៍ឲ្យបានច្រើនប្រកបដោយក្រមសីលធម៌ខ្ពស់ បើសិនជាអ្នកអត្ថាធិប្បាយ អ្នកផ្ដល់យោបល់ដោយមានគោលដៅជួយសង្គមពិតប្រាកដ។
កាលលោកនៅមានជីវិត លោកក៏ធ្លាប់បានដាក់ផែនការសម្រាប់ការវិភាគ ត្រូវមានលិខិតឆ្លងដែនមួយ មានទិដ្ឋាការ ឬវីសា៣ (Visa)។ ទី១ បើសិនជាគេមិនសប្បាយចិត្ត គេឲ្យទៅមន្ទីរពេទ្យ ទី២ ទៅព្រៃស និងវីសាទី៣ ទៅវត្តព្រះពុទ្ធ។ លោកថា បើសិនខ្លាចវីសាទាំងបីនេះ ប្រហែលពិបាកនឹងវិភាគផ្ដល់ផលប្រយោជន៍ទៅដល់សង្គម៕