អង្គការសង្គមស៊ីវិល ២៨ស្ថាប័ន អំពាវនាវដល់ក្រសួងពាក់ព័ន្ធ ឱ្យស៊ើបអង្កេតករណីបាញ់សម្លាប់លោក ឈុត វុទ្ធី ដោយឯករាជ្យ
2022.04.26

អង្គការសមាគម ២៨ស្ថាប័ន បានរួមគ្នាចេញលិខិតចំហមួយស្នើយ៉ាងទទូចដល់រដ្ឋាភិបាលលោក ហ៊ុន សែន និងជំរុញឱ្យក្រសួងពាក់ព័ន្ធ បើកការស៊ើបអង្កេតដោយឯករាជ្យដែលគួរឱ្យជឿជាក់ និងហ្មត់ចត់ ចំពោះការបាញ់សម្លាប់សកម្មជនព្រៃឈើដ៏ល្បីល្បាញ គឺលោក ឈុត វុទ្ធី កាលពី ១០ឆ្នាំមុន ដើម្បីយកអ្នកពាក់ព័ន្ធទាំងអស់មកទទួលទោសតាមច្បាប់។ សំណើនេះ កើតមានក្រោយពេលពួកគេមើលឃើញពីភាពមិនប្រក្រតីជុំវិញរបាយការណ៍ស្រាវជ្រាវ និងស៊ើបសង្កេតរបស់សមត្ថកិច្ចកន្លងមកដែលមិនអាចជឿជាក់ និងមិនផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងក្រុមគ្រួសារ។
អង្គការសង្គមស៊ីវិលចំនួន ២៨ស្ថាប័ន រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) អង្គការសិទ្ធិមនុស្សលីកាដូ (LICADO) សមាគមបណ្ដាញយុវជនកម្ពុជា(CYN) រួមទាំងអង្គការ សមាគម សហគមន៍មួយទៀត បានរួមគ្នាចេញលិខិតចំហមួយដោយជំរុញឱ្យរដ្ឋាភិបាល និងក្រសួងស្ថាប័នមានសមត្ថកិច្ចស៊ើបសង្កេតដោយឯករាជ្យនិងប្រកបដោយតម្លាភាព និងយុត្តិធម៌លើឃាតកម្មវីរជនការពារព្រៃឈើ គឺលោក ឈុត វុទ្ធី ។ មន្ត្រីរបស់អង្គការសង្គមស៊ីវិលទាំងនោះ បានយកលិខិតនោះទៅដាក់នៅក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌រួចហើយ នៅរសៀលថ្ងៃទី២៦ ខែមេសា។
មន្ត្រីជាន់ខ្ពស់ផ្នែកតស៊ូមតិ គម្រោងអ្នកការពារព្រៃឈើ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា ប្រាប់វិទ្យុអាស៊ីសេរីថា មូលហេតុនៃការដាក់លិខិតទៅក្រសួងពាក់ព័ន្ធពេលនេះ ដោយសារក្រុមអង្គការសង្គមស៊ីវិល មើលឃើញថា អស់រយៈពេល ១០ឆ្នាំកន្លងផុតទៅហើយ ពន្លឺយុត្តិធម៌សម្រាប់លោក ឈុត វុទ្ធី និងគ្រួសារពុំទាន់ទទួលបានពេញលេញនៅឡើយ។លោកបន្តថា ការស៊ើបអង្កេតកន្លងមកមានភាពមិនប្រក្រតីជាច្រើន ដែលរដ្ឋាភិបាលត្រូវពិនិត្យមើលឡើងវិញថា តើករណីនេះមានអ្នកពាក់ព័ន្ធនៅពីក្រោយខ្នងឬទេ។ លោកយល់ថាការដែលមិនផ្តល់យុត្តិធម៌ បែបនេះ បានគំរាមកំហែងដល់សកម្មភាពរបស់អ្នកការពារបរិស្ថាន និងធនធានធម្មជាតិ និងជះឥទ្ធិពលអាក្រក់ដល់មុខមាត់របស់រដ្ឋាភិបាលលើឆាកជាតិនិងអន្តរជាតិ៖ «យើងបន្តអំពាវដល់រដ្ឋាភិបាលត្រូវតែធានាធ្វើម៉េចបញ្ឈប់អំពើនិទណ្ឌភាពបាញ់សម្លាប់ទៅលើអ្នកដែលសកម្ម និងក្លាហានក្នុងកិច្ចការងារ ដើម្បីផលប្រយោជន៍សង្គមជាតិ»។
ចំណែកក្រុមយុវជនខ្មែរថាវរៈ អតីតយុវជនមាតាធម្មជាតិ ប្រមាណជិត ១០នាក់នាំគ្នាពាក់អាវយឺតពាក់បូពណ៌ស និងរៀបចំតុបតែងលើកង់ដោយចងស្លឹកឈើធ្វើយុទ្ធនាការជិះកង់ទៅមុខតាមក្រសួងស្ថានប័នពាក់ព័ន្ធ ដើម្បីចូលរួមកាន់ទុក្ខ និងរំឭកដល់សាធារណៈជន កុំឱ្យភ្លេចលោក ឈុត វុទ្ធី ដែលលះបង់អាយុជីវិតការពារព្រៃឈើ ប៉ុន្តែពួកគេត្រូវសមត្ថកិច្ចជាច្រើននាក់រាំខ្ទប់នៅសួនច្បារមុខវត្តបទុមវតីមិនឱ្យធ្វើដំណើរធ្វើយុទ្ធនាការនោះទេ។
សមាជិកយុវជនខ្មែរថាវរៈ លោកស្រី ឈឿន ដារ៉ាវី ថ្លែងថា សមត្ថកិច្ចប្រមាណ ៧០នាក់ បានរាមព័ទ្ធ រារាំង និងដកហូតកង់របស់លោកស្រី និងយុវជនផ្សេងទៀតមិនឱ្យធ្វើយុទ្ធនាការ រំឭកខួប ១០ឆ្នាំនៃឃាតកម្មលោក ឈុត វុទ្ធី នោះទេ។ លោកស្រីថា អាជ្ញាធរលើកហេតុផលថា ក្រុមយុវជនមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ។ លោកស្រីខកចិត្ត ហើយចាត់ទង្វើនោះថា រំលោភបំពានសិទ្ធិរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបានឡើយ៖ «គ្រាន់រំឭកខួបនៃការបាត់បង់លោក ឈុត វុទ្ធី គួរតែមានការចូលរួមពីអាជ្ញាធរ ប៉ុន្តែបែរជារារាំងបែបនេះទៅវិញ ដល់ថ្នាក់រារាំងពួកយើងសូម្បីតែកង់មិនឱ្យជិះ ហើយសូម្បីតែដើរហ្នឹង ក៏មិនអនុញ្ញាតដែរ វាពិតជាហួសចិត្តខ្លាំងមែនទែន ឥឡូវអង្គុយហាលថ្ងៃដាច់បាយដាច់ទឹក»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ្រ ដើម្បីបញ្ជាក់ជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី២៦ ខែមេសា។
ប៉ុន្តែកាលពីថ្មីៗ នេះ លោក ផៃ ស៊ីផាន បានប្រាប់វិទ្យុអាស៊ីសេរីថា សំណុំរឿងឃាតកម្មលើលោក ឈុត វុទ្ធី នេះ តុលាការបានបិទបញ្ចប់ជាច្រើនឆ្នាំមកហើយ។ ម្យ៉ាងទៀតលោកថា ចំណាត់ការរបស់អាជ្ញាធរកន្លងទៅ គឺអាចធ្វើឱ្យគ្រួសារជនរងគ្រោះជឿទុកចិត្តបាន។ លោកបញ្ជាក់ថា សំណុំរឿងនេះអាចបើកឡើងវិញបាន ទាល់តែគ្រួសារជនរងគ្រោះ និងអង្គការសង្គមស៊ីវិលដាក់ភស្តុតាងថ្មីទៅតុលាការ។
ផ្ទុយពីការលើកឡើងរបស់លោក ផៃ ស៊ីផាន នេះក្រុមគ្រួសាររបស់លោក ឈុត វុទ្ធី តែងតែអះអាងថា ពួកគាត់មិន ដែលស្ងប់ចិត្ត ឬអស់ចិត្ត និងមិនដែលទទួលបានយុត្តិធម៌ពេញលេញឡើយ។ ជារៀងរាល់ឆ្នាំ គ្រួសារលោក ឈុត វុទ្ធី ក៏តែងតែស្រែកទាមទារយុត្តិធម៌ដែរ និងតែងតែថ្កោលទោស ចំពោះភាពព្រងើយកន្តើយរបស់រដ្ឋាភិបាល។
ជុំវិញរឿងនេះប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញធានានូវសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការប្ដឹងតវ៉ា ទាមទារ ឱ្យរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពិនិត្យដោះស្រាយ ដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។ លោកថាបើទោះបីតុលាការសម្រេចបិទបញ្ចប់សំណុំរឿងឃាតកម្មលើលោក ឈុត វុទ្ធី យ៉ាងណាក្ដី ក៏ក្រុមអង្គការសង្គមស៊ីវិលនៅតែទាមទារឱ្យសមត្ថកិច្ចបើកការស៊ើបអង្កេតដោយឯករាជ្យឡើងវិញ ព្រោះសេចក្ដីសម្រេចរបស់តុលាការកន្លងទៅមិនបង្ហាញពីយុត្តិធម៌ពិតប្រាកដដល់លោក ឈុត វុទ្ធី និងក្រុមគ្រួសារនោះទេ ដោយសារតែ លទ្ធផលនៃការស្រាវជ្រាវ និងស៊ើបអង្កេតមិនប្រក្រតីដែលមិនជឿទុកចិត្តបាន៖ «អ្វីដែលសង្គមស៊ីវិលនៅមានការសង្ស័យ ក៏ដូចជាគ្រួសារជនរងគ្រោះ ក៏មិនទាន់ទទួលបាននូវយុត្តិធម៌ និងមិនអស់ចិត្តនូវការសម្រេចក្ដីហ្នឹង ពួកយើងទាំងអស់គ្នានៅតែបន្តធ្វើមិចឱ្យតុលាការ ក៏ដូចជារដ្ឋាភិបាលហ្នឹងធ្វើយ៉ាងណាផ្តល់យុត្តិធម៌ពេញលេញចំពោះឃាតកម្មលើលោក ឈុត វុទ្ធី ហ្នឹង»។
លោក ឈុត វុទ្ធី ត្រូវបានមន្ត្រីកងរាជអាវុធហត្ថបាញ់សម្លាប់ក្នុងរថយន្តរបស់លោកកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅចំណុចវាលបី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ហេតុការណ៍បាញ់សម្លាប់នេះ បានកើតឡើងក្នុងពេលលោក និងអ្នកកាសែតពីររូប បានចូលទៅស៊ើបអង្កេត និងថតរូបភាពគំនរឈើរបស់ក្រុមហ៊ុនកាប់ឈើ ធីមប៊ើរ ហ្គ្រីន (Timber Green) ក្នុងទឹកដីខេត្តកោះកុង។ ម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុនរកស៊ីកាប់ឈើមួយនេះគឺ អ្នកស្រី ខៀវ សស៊ីលាភ និងឈ្មួញម្នាក់ទៀតមានងារជាឧកញ៉ាផង និងជាមន្ត្រីយោធាជាន់ខ្ពស់ផង គឺ លោក ហួរ ហាប់ ដែលគេដឹងថាអ្នកទាំងពីរនេះ មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយមក ក៏មានការចោទប្រកាន់ថា អ្នកស្រី ខៀវ សស៊ីលាភ គឺជាអ្នកឈរឈ្មោះតំណាងឱ្យអ្នកស្រី ហ៊ុន ម៉ាណា ដែលជាកូនស្រីរបស់លោក ហ៊ុន សែន នៅក្នុងក្រុមហ៊ុន ធីមប៊ើរហ្គ្រីន នេះទៀតផង។
ក្រុមអង្គការសង្គមស៊ីវិលរំពឹងថារដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់នឹងបន្តធ្វើការស៊ើបអង្កេតដោយឯករាជ្យឱ្យបានឆាប់រហ័ស និងយកចិត្តទុកដាក់លើករណីបាញ់សម្លាប់សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិលោក ឈុត វុទ្ធី ក៏ជាបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ យុវជន និងអ្នកការពារធនធានធម្មជាតិ ដើម្បីឱ្យពួកគេអាចចូលរួមការងារទាំងនោះយ៉ាងសកម្មជាមួយអាជ្ញាធរ៕