អ្នកដែលមានសមាជិកបាត់ខ្លួនស្នើឱ្យអាជ្ញាធររកជនរងគ្រោះករណីឆេះកាស៊ីណូនៅប៉ោយប៉ែត
2023.01.02

មន្ត្រីសង្គមស៊ីវិល និងគ្រួសារជនរងគ្រោះជំរុញឱ្យអាជ្ញាធរបន្តការស្រាវជ្រាវ និងស្វែងរកអ្នកដែលបាត់ខ្លួន ក្នុងករណីឆេះអាគារកាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី (Grand Diamond City) នៅក្រុងប៉ោយប៉ែត។ មន្ត្រីអាជ្ញាធរថា ការបិទបញ្ចប់ការស្រាវជ្រាវនិងរុករកក្នុងករណីនេះ ដើម្បីស៊ើបអង្កេត និងវាយតម្លៃពីការខូចខាត។
មន្ត្រីសង្គមស៊ីវិល និងគ្រួសារអ្នកបាត់ខ្លួនក្នុងហេតុការណ៍ឆេះអគារកាស៊ីណូនៅក្រុងប៉ោយប៉ែត ទទូចឱ្យអាជ្ញាធរបន្តការស្រាវជ្រាវ និងរុករកសមាជិកគ្រួសាររបស់ពួកគេដែលបាត់ខ្លួនក្នុងអំឡុងពេលធ្វើការនៅថ្ងៃកើតហេតុ។
សមាជិកគ្រួសារដែលមានសាច់ញាតិបាត់ខ្លួនលោក ហៀង ប៊ុននឿន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ មករា ថា លោកបាត់ប្អូនថ្លៃម្នាក់គឺលោកស្រី អឿ ធី វ័យ៤០ឆ្នាំ បម្រើការផ្នែកអនាម័យនៅក្នុងកាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី។ លោកថា លោកបានទាក់ទងទៅអាជ្ញាធរដើម្បីស្វែងរកប្អូនស្រីតាំងតែពីថ្ងៃកើតហេតុមកម្ល៉េះ ហើយមកដល់ពេលនេះនៅមិនទាន់មានដំណឹងណាមួយពីប្អូនស្រីនោះឡើយ។ លោកស្នើឱ្យអាជ្ញាធរបន្តការស្វែងរក និងផ្ដល់ព័ត៌មានពិតប្រាកដដល់សាច់ញាតិជនរងគ្រោះ ត្បិតបុគ្គលិកសញ្ជាតិខ្មែរដែលបម្រើការនៅទីនោះមានចំនួនច្រើននាក់ មិនសមថា គ្មានអ្នកគ្រោះថ្នាក់នោះឡើយ។
លោក ហៀង ប៊ុននឿន៖ «ព្រោះក្នុងអគារមួយៗខ្មែរធ្វើការរាប់រយនាក់ ប្រសិនថា គ្មានខ្មែរស្លាប់មួយ មិនដឹងយ៉ាងណា? មិនដឹងនិយាយថាម៉េច? រកសព្វអស់ហើយ នៅវត្តត្រាចខ្ញុំទៅអង្គុយចាំ ៤៨ម៉ោង។ រកអស់ហើយ វត្តបាឡិល័យ ដើររកអស់ហើយ អត់មានឃើញទេ។ ឱ្យតែឮវត្តណាគឺយើងទៅវត្តហ្នឹង ចេះតែទៅៗក្រែងបានជួប»។
កាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី មានបុគ្គលិកបម្រើការប្រចាំវេនក្នុងថ្ងៃកើតហេតុប្រមាណ៤០០នាក់។ បន្ទាប់ពីរុករកសាកសព អ្នករបួសអស់រយៈពេល២ថ្ងៃ កម្លាំងសមត្ថកិច្ចកម្ពុជា បានសម្រេចបិទបញ្ចប់ប្រតិបត្តិការរុករក ជនរងគ្រោះ ទាំងស្រុង កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ដោយមានអ្នកស្លាប់សរុប២៦នាក់ និងរងរបួសធ្ងន់ស្រាល៥៧នាក់។ អាជ្ញាធរកម្ពុជាអះអាងថា ក្រុមរុករក បានរកឃើញសាកសពជនរងគ្រោះក្នុងអគារអស់ហើយ ចំណែកអ្នករបួស និងអ្នកស្លាប់ មិនមានជនជាតិខ្មែរឡើយ។ អាជ្ញាធរបញ្ជាក់ថា មានសាកសពចំនួន៦នាក់ទៀត ដែលមិនអាចកំណត់អត្តសញ្ញាណ កំពុងរក្សាទុក ដើម្បីធ្វើកោសល្យវិច័យ និងវិភាគទៅលើ ឌី.អិន.អេ(DNA)។
ទោះជាយ៉ាងនេះក្ដី មានពលរដ្ឋខ្មែរ៣នាក់ និងថៃចំនួន៩នាក់ កំពុងស្វែងរកសមាជិកគ្រួសារដែលបាត់ខ្លួន ក្នុងគ្រោះថ្នាក់អគ្គីភ័យនៅកាស៊ីណូនេះ។
ម្ដាយជនរងគ្រោះកញ្ញា យ៉ាផា ខូថានុន (Yapha Khuthanon) គឺលោកស្រី រតនា ខូថានុន (Rathana Khothanon) រស់នៅខេត្តស្រះកែវ (Sa Kaeo )ប្រទេសថៃ (Thailand) ប្រាប់អាស៊ីសេរី នៅថ្ងៃទី២ មករា ថា ការបិទបញ្ចប់ បេសកកម្មរុករករបស់អាជ្ញាធរកម្ពុជាទាំងតក់ក្រហល់បែបនេះ លោកស្រីមើលឃើញថា ខាងភាគីកម្ពុជា ហាក់គ្មានការទទួលខុសត្រូវ និងស្វែងរកជនរងគ្រោះឱ្យអស់ពីលទ្ធភាពឡើយ។ លោកស្រីស្នើឱ្យអាជ្ញាធរកម្ពុជា សហការជាមួយអាជ្ញាធរថៃ ដើម្បីស្វែងរកជនរងគ្រោះដែលបាត់ខ្លួនថែមទៀត។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក សេក សុខុម ច្រានចោលព័ត៌មានដែលផ្សព្វផ្សាយថា មានអ្នកស្លាប់ និងរបួសច្រើននាក់នៅក្នុងហេតុការណ៍នោះ។ លោកអះអាងថា ក្រុមរុករកបានរកឃើញសាកសពជនរងគ្រោះអស់ហើយ។ លោកថា បច្ចុប្បន្នអាជ្ញាធរបានបិទ ការចរាចរក្នុងបរិវេណអាគារកាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី និងបន្តស្រាយជ្រាវ ដើម្បីវាយតម្លៃពីការខូចខាត។
លោក សេក សុខុម៖ «អគារទាំងអស់ហ្នឹង បើកន្លែងណាដែលមនុស្សចូលទៅអត់ចុះ ក្រុមសង្គ្រោះចូលទៅមិនបាន គឺយើងប្រើរហូតដល់សុនខចូលទៅហិត(ស្វែងរក)។ អ៊ីចឹងបានន័យថា យើងរកអស់ហើយ យើងបិទបញ្ចប់ការរុករកគឺឃើញ(សាកសព) តែ២៦នាក់ហ្នឹងទេ ហើយក្នុងនោះសាកសព៦នាក់ដែលយើងកំណត់អត្តសញ្ញាណមិនបាន ដោយសារឆេះអស់ច្រើន អ៊ីចឹងគេខ្ចប់ជាធាតុ»។
ក្នុងគ្រោះអគ្គិភ័យដ៏អាក្រក់នេះអាជ្ញាធរបានប្រើប្រាស់កម្លាំងសង្គ្រោះ សរុបចំនួនជាង១ពាន់នាក់ (១ .០០៩នាក់) ក្រុមមូលនិធិសង្គ្រោះនិងសមត្ថកិច្ចថៃជាង ២០០នាក់(២២១នាក់)។
ទាក់ទងរឿងនេះ ភ្នាក់ងារជួយសង្គ្រោះមូលនិធិ ប៉តឹកតឹង ប្រទេសថៃ (POH TECK TUNG FOUNDATION) លោក ចានីន សាអាត (Chanin Sa at) បដិសេធការលើកឡើងរបស់អាជ្ញាធរកម្ពុជា។ លោកបញ្ជាក់ថា ក្រុមជួយសង្គ្រោះបានរុករកតែអគារសណ្ឋាគារប៉ុណ្ណោះ។ ចំណែកអគារបនល្បែងវិញ នៅមិនទាន់រុករកឡើយទេ ដោយសារអគារមានសភាពទ្រេត និងប្រេះខ្លាំង។ លោកជឿជាក់ថា អាចនឹងមានសាកសពជនរងគ្រោះជាប់ក្នុងអគារជាច្រើនទៀត ដែលមិនទាន់រកឃើញ។
បច្ចុប្បន្ន អគារកាស៊ីណូដែលត្រូវអគ្គីភ័យឆាបឆេះនេះ នៅមិនទាន់រុះរើទេ។ ចំណែកខាងមុខផ្លូវចូលកាស៊ីណូ មានប៉ូលិសយាមល្បាតយ៉ាងតឹងតែង និងមិនអនុញ្ញាតឱ្យធ្វើចរាចរឆ្លងកាត់ឡើយ។
ចំណែកបុគ្គលិក និងសន្តិសុខដែលនៅក្នុងហេតុការណ៍ឆេះអគារកាស៊ីណូនេះ មិនហ៊ានផ្ដល់ព័ត៌មានអំពីហេតុការណ៍នេះឡើយ ដោយសារពួកគេខ្លាចបាត់បង់ការងារ។
ទោះជាយ៉ាងណាក៏ដោយចុះ ក្រុមគ្រួសារជនរងគ្រោះ និងសង្គមស៊ីវិល ស្នើឱ្យអាជ្ញាធរកម្ពុជា បន្តរុករកជនរងគ្រោះដែលរកមិនទាន់ឃើញឱ្យអស់សិន មុននឹងបិទផ្លូវ និងវាយតម្លៃពីការខូចខាត ដោយគិតគូរពីអារម្មណ៍សមាជិកគ្រួសារជនរងគ្រោះឡើយ។ប្រធានអង្គការសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា ការរុករកជនរងគ្រោះបន្តទៀតពិតជាមានសារសំខាន់សម្រាប់ជនរងគ្រោះ និងសាច់ញាតិរបស់ពួកគេ។
លោក នី សុខា៖ «យើងនៅតែស្នើឱ្យអាជ្ញាធរហ្នឹងធ្វើយ៉ាងណា ធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ ឱ្យបានដិតដល់ ឱ្យមានរបាយការណ៍ច្បាស់លាស់ ឱ្យប្រជាពលរដ្ឋ ពិសេសក្រុមគ្រួសារអ្នកដែលរងគ្រោះទាំងអស់ហ្នឹង គឺគេអាចទទួលយកបាន គេអាចស្ងប់ចិត្ត។ បើមិនអ៊ីចឹងទេ វានៅតែមានមតិសង្ស័យច្រើន វាអាចធ្វើឱ្យប៉ះពាល់ដល់តម្លៃរបស់អាជ្ញាធរដែរ»។
ជនរងគ្រោះ និងមហាជន ចាត់ទុកហេតុការណ៍អគ្គីភ័យនេះថា ជាសោកនាដកម្មដ៏ធំមួយ ដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់ក្រុមហ៊ុន និងអសមត្ថភាពក្នុងការជួយសង្គ្រោះទាន់ពេលរបស់អាជ្ញាធរ។ ពួកគេស្នើឱ្យរដ្ឋាភិបាលរកអ្នកទទួលខុសត្រូវផ្លូវច្បាប់លើហេតុការណ៍នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។