សង្គម​ស៊ីវិល​ថា អំពើ​ពុករលួយ ជា​ឧបសគ្គ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ឃ្លាំមើល លើក​ឡើង​ថា អំពើពុករលួយ គឺ​ជា​ឧបសគ្គ​ធំ​មួយ រារាំង​ដល់​យន្តការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។ ពួក​គាត់​យល់​ឃើញ​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី គួរ​បោស​សម្អាត​អំពើ​ពុករលួយ​ឱ្យ​អស់​ជា​មុន​សិន មុន​នឹង​ឈាន​ទៅ​រក​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ប្រកប​ដោយ​ប្រសិទ្ធភាព។

រដ្ឋាភិបាល​ថ្មី ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត បាន​សម្រេច​កែទម្រង់​សមាសភាព​ថ្នាក់​ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​បង្កើន​ទម្ងន់​ការងារ ខណៈ​សង្គម​ស៊ីវិល​ថា កិច្ចការ​នេះ​ពិបាក​សម្រេច​បាន​លទ្ធផល​ផ្លែផ្កា ដរាប​ណា​នៅ​តែ​មាន​អំពើ​ពុករលួយ​ក្នុង​សង្គម។

ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ យល់​ឃើញ​ថា ការ​រឹតបន្តឹង​ច្បាប់​ប្រឆាំង​អំពើពុករលួយ គឺ​ជា​អាវុធ​ដ៏​សំខាន់​សម្រាប់​បង្ក្រាប​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន ដែល​មន្ត្រី​រាជការ​ធ្វើ​ខ្នង​បង្អែក និង​ការ​ប្រើប្រាស់​លុយ ដើម្បី​យក​រួច​ខ្លួន ឬ​ប្ដូរ​បទល្មើស​ឱ្យ​ស្រាល​ជាង​មុន​ក្នុង​ប្រព័ន្ធ​តុលាការ។ លោក​សង្កេត​ឃើញ​ថា ការ​អនុវត្ត​ច្បាប់ ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន ហាក់​ខ្វះ​តម្លាភាព ជាពិសេស ការ​ចរចា​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​រួច​ទោស​ជា​ដើម។

លោក កើត សារ៉ាយ៖ «នៅ​ក្នុង​គុក​ព្រៃ​ស ចោរៗ អ្នក​លក់​គ្រឿងញៀន និយាយ​ប្រាប់​ខ្ញុំ​ដូច​តែ​គ្នា​ហ្នឹង ហើយ​ក៏​យើង​ឃើញ​ពួក​គាត់​អនុវត្ត​ធ្វើ​អ៊ីចឹង​តែ​រហូត​ដែរ។ គឺ​មាន​ន័យ​ថា ប្រសិនបើ​យើង​ជួញដូរ​ថ្នាំ​ញៀន យើង​ដាក់​លុយ​ទៅ​តុលាការ​ទៅ មាន​មេធាវី​គេ​សម្របសម្រួល​ទៅ ប្ដូរ​បទ​ល្មើស​ពី​ជួញដូរ​ថ្នាំញៀន មក​ជា​ប្រើប្រាស់ ឬ​រក្សា​ទុក និង​ប្រើប្រាស់​វិញ។ មានន័យថា វា​ស្ថិត​នៅ​ក្នុង​កម្រិត​មាន​ទោស​ដដែល តែ​វា​ទោស​ស្រាល»។

នៅ​ក្នុង​សេចក្ដី​សម្រេច​ចុះ​ថ្ងៃ​ទី១៤ ខែកញ្ញា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រគល់​តួនាទី​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ឱ្យ​ទៅ​ឧបនាយក​រដ្ឋមន្ត្រី នេត សាវឿន ជំនួស​លោក កែ គឹមយ៉ាន។ លោក ហ៊ុន ម៉ាណែត លើក​ឡើង​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​ឱ្យ​កិច្ចការ​មាន​ទម្ងន់​ជាង​មុន ដោយសារ​ទេសរដ្ឋមន្ត្រី ជា​អ្នក​ដឹកនាំ ហើយ​នៅ​ពេល​ប្រជុំ បណ្ដា​ក្រសួង​ពាក់ព័ន្ធ​អាច​បញ្ជូន​ត្រឹម​រដ្ឋលេខាធិការ​ឱ្យ​ចូលរួម។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក នេត សាវឿន អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន លោក ម៉ក់ ជីតូ ដើម្បី​សុំ​ការ​បក​ស្រាយ​បាន​ទេ នៅថ្ងៃទី១៤ កញ្ញា។

លោក នេត សាវឿន គឺ​ជា​ប្ដី​របស់​លោកស្រី ហ៊ុន គឹមឡេង ដែល​ត្រូវ​ជា​ក្មួយ​បង្កើត​របស់​ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក ហ៊ុន សែន។ កាល​ពី​នៅ​កាន់​តំណែង​ជា​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ធ្លាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ទិញ​សញ្ជាតិ ពី​ប្រទេស​ស៊ីប (Cyprus) និង​ត្រូវ​បាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រក​ឃើញ​ថា មាន​ប្រវត្តិ​អាក្រក់​ខាង​ការ​ធ្វើ​ទារុណកម្ម​អ្នកទោស និង​ហិង្សា​ផ្នែក​នយោបាយ​ផង​ដែរ។

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) លោក នី សុខា កត់​សម្គាល់​ឃើញ​ថា ស្ថានភាព​បទ​ល្មើស​គ្រឿង​ញៀន​នៅ​កម្ពុជា កាន់តែ​ធ្ងន់ធ្ងរ ដោយ​វិវត្ត​ពី​ការ​ប្រើប្រាស់ និង​ចែកចាយ ទៅ​ជា​ការ​ជួញដូរ​ឆ្លង​ប្រទេស និង​បើក​រោងចក្រ​ផលិត​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជា​ដើម។ លោក​យល់​ឃើញ​ថា ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​គ្រឿង​ញៀន​ឱ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​គួរ​លុបបំបាត់​អំពើ​ពុករលួយ និង​សែស្រឡាយ ដែល​ជា​ខ្នង​បង្អែក​របស់​ឧក្រិដ្ឋជន​គ្រឿង​ញៀន​ជា​មុន​សិន ទើប​ការ​អនុវត្ត​នៅ​ថ្នាក់​ក្រោម មាន​ប្រសិទ្ធភាព។

លោក នី សុខា៖ «ការ​តែងតាំង​ជា​រឿង​មួយ ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​ឃើញ​មិនមែន​កម្រិត​នៃ​ការ​តែងតាំង​ទេ គឺ​ចង់​ឃើញ​ការ​អនុវត្ត​របស់​មន្ត្រី​ដែល​ទទួល​បន្ទុក ដែល​ទទួល​ខុសត្រូវ​ហ្នឹង គឺ​ធ្វើ​យ៉ាង​ណា ឱ្យ​មាន​ប្រសិទ្ធភាព ចៀសវាង​កុំ​ឱ្យ​មាន​អំពើ​និទណ្ឌភាព ចៀសវាង​កុំ​ឱ្យ​មាន​បក្ខពួក​និយម អំពើ​ពុករលួយ ទាក់ទង​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន​ទាំង​អស់​ហ្នឹង»។

របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បង្ហាញ​ថា នៅ​ឆ្នាំ២០២២ សមត្ថកិច្ច​រឹបអូស​គ្រឿងញៀន​បាន ១៥តោន ចាប់​ខ្លួន​ជនសង្ស័យ ដែល​ពាក់ព័ន្ធ​បទ​ល្មើស​គ្រឿង​ញៀន​បាន​ជាង ១ម៉ឺន ៥ពាន់​នាក់ និង​សារធាតុ​ញៀន​បាន ៥០៤តោន។

មន្ត្រី​សង្គម​ស៊ីវិល​ថា ប្រសិនបើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព​មែន នោះ​ការ​បោស​សម្អាត លុបបំបាត់​អំពើ​ពុករលួយ​ផ្ទៃក្នុង គឺ​ជា​កិច្ចការ​អាទិភាព បើ​ពុំ​នោះ​ទេ រដ្ឋាភិបាល​នឹង​នៅ​តែ​បរាជ័យ ដោយសារ​វប្បធម៌​អញ​ជួយ​ឯង ឯង​ជួយ​អញ រវាង​ជន​ល្មើស និង​មន្ត្រី​រាជការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។