អ្នកជំនាញផ្នែកច្បាប់ និងសង្គមស៊ីវិលជំរុញទៅកាន់សមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសារបើកបរខ្ជីខ្ជានៅតាមដងផ្លូវបណ្ដាលឱ្យមនុស្សស្លាប់ បើទោះបីជាជនបង្កបានផ្ដល់សំណងជាប្រាក់ដល់គ្រួសារជនរងគ្រោះយ៉ាងណាក្ដី។ ពួកគេថា បើគ្រាន់តែបុកឱ្យមនុស្សស្លាប់ហើយបង់លុយរួចខ្លួន ជនបង្កនឹងមិនរាងចាល ហើយវានឹងបង្កឱ្យមានអំពើអយុត្តិធម៌ និងនិទ្ទណ្ឌភាពនៅកម្ពុជា។
ការជំរុញរបស់សង្គមស៊ីវិលនេះក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាហូរហែបណ្ដាលឱ្យមានមនុស្សស្លាប់ និងក្រោយពីមានការបង់ប្រាក់របស់ជនបង្កដល់គ្រួសាររបស់ជនរងគ្រោះជាថ្នូរនឹងការដកពាក្យបណ្ដឹងប្ដឹងជនរងគ្រោះទៅតុលាការ ដោយសន្យាឈប់និយាយបន្តទៀត ពីករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំពោះសាច់ញាតិខ្លួន។
ករណីគ្រោះថ្នាក់ចរាចរណ៍ចុងក្រោយដែលកើតឡើងដោយសារការបើកបរមិនគោរពច្បាប់បានកើតឡើងមានករណីគ្រោះថ្នាក់ចរាចរនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៣ ខែកុម្ភៈ ដែលបង្កឡើងដោយជនជាតិចិន ឈ្មោះ វន សៅឡុង (Wen Xiaolong) បានបើកឡានសេរីទំនើបម៉ាក់ លុចស៊ីស (LX570) ក្នុងស្ថានភាពស្រវឹងបុកទៅលើបុរសឈ្មោះ សួស តាក់ច័ន្ទធីតា និងកូនតូចៗចំនួនពីរនាក់បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។
ក្រោយគ្រោះថ្នាក់ចរាចរណ៍នេះពីរថ្ងៃ សារព័ត៌មានក្នុងស្រុកបានចុះផ្សាយពីព័ត៌មាន និងរូបថតក្រុមគ្រួសារជនរងគ្រោះទទួលសំណងចំនួន៥ ម៉ឺនដុល្លារពីជនបង្កក្រោមការសម្របសម្រួលរបស់អាជ្ញាធរ ដោយភាគីជនរងគ្រោះសន្យាថា នឹងដកពាក្យបណ្ដឹងដែលប្ដឹងជនបង្កវិញ។
មន្ត្រីប្រចាំអធិការដ្ឋាននគរបាលក្រុងបាវិតប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧ កុម្ភៈ ថា សំណុំរឿងនេះ បានស្ថិតនៅផ្នែកការិយាល័យចរាចរណ៍។ ប្រធានការិយាល័យចរាចរណ៍ លោក ពេជ្យ សារ៉ន បដិសេធឆ្លើយនឹងសំណួរជុំវិញករណីនេះនៅថ្ងៃដដែល។
អ្នកសិក្សាផ្នែកច្បាប់ លោកបណ្ឌិត សឺន ជុំជួន មានប្រសាសន៍ថាក្នុងករណីដែលបុគ្គលណាម្នាក់បើកបរដោយសារតែការខ្ជីខ្ជា ឬការធ្វេសប្រហែសរបស់ខ្លួន ហើយបុកទៅលើបុគ្គលណាម្នាក់ទៀតបណ្ដាលឱ្យបាត់បង់ជីវិតគឺមិនអាចបញ្ចប់ត្រឹមការផ្ដល់ប្រាក់សំណងបាននោះទេ។ លោកបណ្ឌិត សឺន ជុំជួន បន្តថា ជនបង្កត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ហើយអាជ្ញាធរក៏មិនអាចសម្រុះសម្រួលបញ្ចប់ករណីត្រឹមនេះ ទោះបីគ្រួសារជនរងគ្រោះយល់ព្រមក៏ដោយ។
លោកបណ្ឌិត សឺន ជុំជួន ថាសមត្ថកិច្ចត្រូវតែឃាត់ជនបង្កនៅកន្លែងកើតហេតុ និងកសាងសំណុំរឿងទៅតុលាការដើម្បីឱ្យជនបង្កទទួលខុសត្រូវទាំងសំណង និងការទទួលខុសត្រូវព្រហ្មទណ្ឌដូចគ្នា។
លោកបណ្ឌិត សឺន ជុំជួន៖ «សំណុំរឿងនេះមិនអាចបិទបញ្ចប់នៅត្រឹមនគរបាលបានទេ សំណុំរឿងហ្នឹងទាល់តែទាល់តែបញ្ជូនទៅតុលាការ ដើម្បីធ្វើការវិនិច្ឆ័យទៅលើសំណុំរឿងហ្នឹង ពីព្រោះថាការសម្របសម្រួល ការដកពាក្យបណ្ដឹងគឺជារឿងរដ្ឋប្បវេណីទេ»។
មាត្រា ៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោកចែងថាជនណាដែលបើកបរដោយធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្ដីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ ពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១៥ លានរៀល និងអាចត្រូវផ្ដន្ទាទោស ដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ នៃប្រភេទទោសបន្ថែម នៃក្រមព្រហ្មទណ្ឌ។
ចំណែកមាត្រា ២៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា ជនរងគ្រោះអាចលះបង់មិនធ្វើបណ្ដឹងសុំទាមទារសំណង ឬដកពាក្យប្ដឹងរបស់ខ្លួន។ ការលះបង់មិនប្ដឹង និងដកពាក្យបណ្ដឹងរបស់ជនរងគ្រោះ មិនអាចបញ្ឈប់ ឬព្យួរការអនុវត្តនៃបណ្ដឹង អាជ្ញាបានទេលើកលែងបញ្ញត្តិចំណុចទី ២ នៃមាត្រា ៨ (មូលហេតុផ្សេងទៀតនៃការរលត់បណ្ដឹងអាជ្ញា) នៃក្រមនេះ។
អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ លើកឡើងថា សមត្ថកិច្ចត្រូវតែអនុវត្តច្បាប់ នៅពេលដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយមិនចាំបាច់ត្រូវរង់ចាំបញ្ជាពីថ្នាក់លើ ឬទាល់តែមានការរិះគន់ពីសាធារណជននោះទេ។ លោក គង់ រតនៈ បន្តថា ច្បាប់នឹងមានតម្លៃ ប្រសិនបើមន្ត្រីផ្ដល់យុត្តិធម៌ពិតប្រាកដ និងទាន់ពេលវេលាដល់ជនរងគ្រោះ។
លោក គង់ រតនៈ៖ «បងយល់ថា វាអត់យុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះនៅស្វាយរៀងទេ ព្រោះអីជនបង្កអត់បណ្ដឹងអាជ្ញា ឬមានការកាត់ទោសណាមួយឱ្យគាត់ជាប់ពន្ធនាគារបន្ថែមទៀត កន្លែងហ្នឹងបង្ហាញពីកម្សោយពីការអនុវត្តច្បាប់ អ៊ីចឹងស្ថាប័នអនុវត្តច្បាប់ត្រូវតែពង្រឹងករណីហ្នឹងឡើងវិញមិនអាចធ្វើអ៊ីចឹងទេៗ ធ្វើឱ្យច្បាប់យើងមានចន្លោះប្រហោង»។
កាលពីថ្ងៃទី២១ ធ្នូ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ចេញបញ្ជាទៅកាន់មន្ត្រីនគរបាលចរាចរណ៍ត្រូវឃាត់ខ្លួន អ្នកបើករថយន្តដែលបុកមនុស្សបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងដោយមិនចាំបាច់រង់ចាំបញ្ជាពីថ្នាក់លើនោះទេ។ លោក ហ៊ុន ម៉ាណែត បន្តថា លោកនឹងការពារតួនាទីមន្ត្រីដែលហ៊ានធ្វើបែបនេះ ប្រសិនបើមន្ត្រីថ្នាក់លើ ឬជនបង្កគំរាមកំហែងដកតួនាទីមន្ត្រីនគរបាលដែលអនុវត្តច្បាប់។
សាធារណជនសង្កេតឃើញថាស្ទើរគ្រប់ករណីដែលជនបង្កដែលជាអ្នកមានលុយមានអំណាចបើកបររថយន្តបុកជនរងគ្រោះ និងរត់គេចតែងរួចផុតសំណាញ់ច្បាប់។ ជាក់ស្ដែងករណីថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ ដែលបង្កដោយកូនប្រុសរបស់មេធាវី ព្រហ្ម វិចិត្រសុភា ដែលបានបើកឡាន (Jeep) ប្រណាំងជាមួយឡានផ្សេងទៀត បានជ្រុលទៅបុកកីឡាករវាយសីថ្នាក់ជាតិ លោក សៀង គីមហុង បណ្ដាលឱ្យស្លាប់ ហើយជនបង្កបានរត់គេចខ្លួន។
ទោះបីជាករណីនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងអត្តសញ្ញាណជនបង្កត្រូវបានបង្ហាញក្ដី ក៏សមត្ថកិច្ចមិនអាចចាប់ខ្លួនជនបង្កមកទទួលខុសត្រូវតាមផ្លូវច្បាប់ភ្លាមៗនោះដែរ។ ក្រោយពីមានការរិះគន់ពីសាធារណជន ទើបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនជនបង្ក។ ក្រោយរយៈពេល៩ថ្ងៃ ទើបជនបង្កព្រមចូលខ្លួនមកទទួលខុសត្រូវ និងក្រោយមកគ្រួសារជនបង្កយល់ព្រមសងសំណងជិត១០ម៉ឺន (៩៥០០០) ដុល្លារដល់សាច់ញាតិជនរងគ្រោះ ជាថ្នូរនឹងការដកពាក្យបណ្តឹងទាំងអស់ និងឈប់និយាយឆ្លើយឆ្លងជាមួយសារព័ត៌មាន ឬនៅលើបណ្ដាញសង្គមអំពីករណីគ្រោះថ្នាក់នេះតទៅទៀត។ ប៉ុន្តែមុននឹងឈានដល់កិច្ចព្រមព្រៀងនេះ ម្ដាយភាគីជនបង្កបានដាក់ពាក្យបណ្តឹងប្តឹងសាច់ញាតិជនរងគ្រោះទៅតុលាការ រហូតទាល់តែមានប្រតិកម្មរិះគន់ជាច្រើនពីសាធារណជនទើបម្តាយជនបង្កយល់ព្រមដកពាក្យបណ្តឹងវិញ ហើយបន្ទាប់មកក៏ឈានដល់ការផ្តល់សំណងដល់គ្រួសារជនរងគ្រោះក្រោមការសម្របសម្រួលរបស់ប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាលលោក គី តិច។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង កត់សម្គាល់ឃើញថា ការដោះស្រាយរបស់សមត្ថកិច្ចលើសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍មានភាពខុសៗគ្នា ដោយអាស្រ័យលើការរិះគន់របស់សាធារណជន ឬទៅតាមស្ថានភាពគ្រួសារជនរងគ្រោះ។លោក យង់ គិមអេង បន្តថា ប្រសិនបើគ្រួសារជនរងគ្រោះជាអ្នកមានលុយមានអំណាចដែរ នោះពួកគាត់នឹងអាចទទួលយុត្តិធម៌។
លោក យង់ គិមអេង៖ «កាលណាតែមានការបាត់បង់ជីវិតមនុស្សគឺចាំបាច់ណាស់ដែលអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រួមទាំងតុលាការត្រូវតែរកឱ្យឃើញថា បញ្ហាហ្នឹងមកពីអី ហើយអ្នកប្រព្រឹត្តហ្នឹងជានរណា រកគាត់មកផ្ដន្ទាទោស មិនអាចឱ្យគាត់នៅក្រៅសំណាញ់ច្បាប់អ៊ីចឹងទេ ហើយដើម្បីឱ្យជនរងគ្រោះគ្នាទទួលបានយុត្តិធម៌ដែរ»។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កាលពីឆ្នាំ២០១៣ រថយន្តរបស់អនុប្រធានទី១រដ្ឋសភា លោក ជាម យៀប បានបុកម៉ូតូមួយគ្រឿងនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្ដាលឱ្យបុរសជាប្ដី រងរបួសធ្ងន់ និងប្រពន្ធដែលមានផ្ទៃពោះ ២ខែស្លាប់។ គ្រួសារជនរងគ្រោះបានឲ្យដឹងថា ចាប់ពីថ្ងៃមានគ្រោះថ្នាក់ លោក ជាម យៀប បានផ្ដល់សំណងចំនួនជាងបីពាន់ (៣.៤៥០) ដុល្លារ។ ករណីនេះ តំណាងរាស្ត្រគណបក្សកាន់អំណាចរូបនេះមិនបានជាប់ពន្ធនាគារនោះទេ រហូតដល់សព្វថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។