សិល្បករ តារាចម្រៀងផលិតកម្មនានា បានអះអាងថា ការផលិតចម្រៀងត្រូវបំពេញទៅតាមតម្រូវការ ឬមនោសញ្ចេតនារបស់អ្នកស្ដាប់ ទៅតាមសម័យកាលនីមួយៗ។ ប៉ុន្តែ កត្តានេះមិនមែនជាគ្រឿងលើកទឹកចិត្តដល់អ្នកផលិតទទួលបានជោគជ័យទេ។
បញ្ហាប្រឈម គឺការថតចម្លងដោយខុសច្បាប់ ការមិនឲ្យតម្លៃទៅលើអ្វីដែលអ្នកនិពន្ធផលិតបាន រួមទាំងការហូរចូលវប្បធម៌ចម្រៀងពីបរទេស។ តាមការប៉ាន់ស្មាន ប្រទេសកម្ពុជា ខាតបង់ទឹកប្រាក់ប្រមាណ ៥០លានដុល្លារក្នុងមួយឆ្នាំ ដោយសារការលួចចម្លងកម្មសិទ្ធិបញ្ញា។
ការចាប់មុខរបរជាអ្នកតែងនិពន្ធបទចម្រៀង ឬការផលិតចម្រៀង ហាក់ជាវិស័យមួយមិនទទួលបានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិតបានឡើយ។ អ្នកចាប់យកអាជីពនេះគ្រាន់តែជាមុខរបរមួយបន្ទាប់បន្សំ ឬជាការកម្សាន្តតែប៉ុណ្ណោះ។ ហើយពួកគេតែងតែសម្លឹងមុខរបរក្រៅពីវិស័យសិល្បៈ ដូចជាជំនួញ ឬអាជីវកម្មនៅពេលអនាគត។
តារាចម្រៀងប្រចាំផលិតកម្មមួយនៅភ្នំពេញ លោក ករុណា ពេជ្យ បានឲ្យដឹងថា លោកចាប់អាជីពជាតារាចម្រៀងដោយសារការស្រឡាញ់ចូលចិត្តលើវិស័យនេះ។ លោកបានប្រឡូកចូលនៅក្នុងវិស័យចម្រៀងនេះប្រមាណ ៣ឆ្នាំមកហើយ ដែលឲ្យគាត់ទទួលបានកេរ្តិ៍ឈ្មោះល្បីនាពេលបច្ចុប្បន្ន។ បទចម្រៀងដែលលោកច្រៀង ភាគច្រើនជាបទមនោសញ្ចេតនា ដែលម្ចាស់ផលិតកម្មជាអ្នកតែងទំនុកច្រៀងឲ្យលោក។
ទោះជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា បច្ចុប្បន្នលោកទទួលបានប្រាក់ចំណូលច្រើនគួរសមដែរ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ទន្ទឹមនឹងចាប់អាជីពជាអ្នកចម្រៀង លោកក៏បានប្រកបអាជីវកម្ម ឬជាអ្នកជំនួញផងដែរ។
គោលបំណងរបស់តារាចម្រៀងផ្សេងទៀត ក៏មិនខុសគ្នានឹងលោក ករុណា ពេជ្យ ដែរ។ មានតារាចម្រៀងខ្លះ បានក្លាយជាម្ចាស់ហាងកាត់សក់ ម្ចាស់ហាងលក់សម្លៀកបំពាក់ ឬម្ចាស់ហាងសម្អាងការនានានៅពេលដែលអាជីពជាអ្នកសិល្បៈ ជាពិសេសនៅពេលដែលប្រជាប្រិយភាពបាត់បង់បន្តិចម្ដងៗ។
អ្នកគ្រប់គ្រងផលិតកម្មរបស់ក្រុមហ៊ុនរស្មីហង្សមាស លោក សុខ ជំនោរ មានប្រសាសន៍ថា ការទទួលបានជោគជ័យក្នុងការផលិតបទចម្រៀងនៅលើទីផ្សារ ទាមទារនូវកត្តាសំខាន់ពីរ។ ទីមួយ ផលិតបទចម្រៀងឲ្យមានគុណភាព និងទីពីរ ទាក់ទងនឹងការផ្សព្វផ្សាយ។ ម៉្យាងវិញទៀត ការផលិតចម្រៀងទាមទារការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ រួមមានអ្នកតែងទំនុកច្រៀង បទភ្លេង អ្នកច្រៀង និងការផ្សព្វផ្សាយឲ្យត្រូវទៅនឹងពេលវេលា និងតម្រូវការទីផ្សារចង់បាន។
ទោះជាយ៉ាងណាក៏ដោយ វិស័យចម្រៀងនៅកម្ពុជា ពិបាកនឹងលើកស្ទួយ ដោយសារការហូរចូលវប្បធម៌បរទេសដែលមានឥទ្ធិពលខ្លាំង។ តែក៏មានអ្នកនិពន្ធខ្មែរមួយចំនួន បានផលិត និងចងក្រងការបង្កើតបទចម្រៀងថ្មីៗដែរ ដែលបម្រើឲ្យវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ប្រទេសកម្ពុជា ប៉ុន្តែមានចំនួនតិចតួចប៉ុណ្ណោះ។ ការផលិតចម្រៀងថ្មីមួយចំនួនទៀត មានទំនោរខ្លាំងទៅលើមនោសញ្ចេតនាបុគ្គលរបស់អ្នកនិពន្ធនោះហួសហេតុពេក និងភាគច្រើនតែងផ្ដោតលើទំនាក់ទំនងស្នេហារវាងប្រុស និងស្រី និងគ្មានបញ្ចូលខ្លឹមសារការអប់រំជាដើម។
សិល្បករ លោក មិញ សុធីវណ្ណ មានប្រសាសន៍ថា ការផលិតចម្រៀងនាពេលបច្ចុប្បន្ន គឺរត់ទៅរកលាភសក្ការ ឬលុយជាកត្តាចម្បង ដែលបម្រើឲ្យបុគ្គលច្រើនជាងបម្រើឲ្យការអប់រំសង្គម។ តែអ្នកនិពន្ធមួយចំនួនទៀត បម្រើឲ្យអ្នកនយោបាយផងដែរ។ ការទទួលជោគជ័យ ការចាប់យកអាជីពជាអ្នកនិពន្ធ លុះតែស្គាល់ពីចិត្តសាស្ត្រ ពេលវេលា និងការចាប់យកឱកាស មានន័យថា អ្នកនិពន្ធត្រូវចេះរិះរកវិធីណាមួយដើម្បីស្លម្ហូបនោះឲ្យត្រូវមាត់អតិថិជន។
លោកមានប្រសាសន៍បន្ថែមថា កត្តាដែលអ្នកនិពន្ធមិនអាចបង្កើតបទចម្រៀងថ្មីបាន គឺធនធានមនុស្ស ពេលវេលា និងបញ្ហាខ្វះថវិកា។ លោកបញ្ជាក់ថា បច្ចុប្បន្ន ការបកប្រែបទចម្រៀងពីបរទេស គឺជារឿងងាយស្រួលបំផុត ឬអាចទទួលបានប្រាក់ចំណូលបានខ្ពស់ និងចំណាយតិច។
លោកបន្តថា ការចាប់មុខរបរជាអ្នកតែងនិពន្ធបទចម្រៀង បុគ្គលនោះត្រូវមានឆន្ទៈ ការស្រឡាញ់ចូលចិត្ត រួមទាំងមានថវិកាផ្ទាល់ខ្លួនផងដែរ។ លោកបាននិពន្ធបទចម្រៀងជាច្រើនដែលបង្កប់អត្ថន័យអប់រំ និងការកម្សាន្តអារម្ភ ដូចជាបទលក់ស្រែចូលបា ដែលច្រៀងដោយលោកផ្ទាល់។
«សំឡេងចម្រៀង»
លោក មិញ សុធីវណ្ណ បញ្ជាក់បន្ថែមថា បទនេះគឺចង់បង្ហាញអំពីសច្ចភាពនៃសម័យកាលមួយដែលប្រជាជនគ្មានលុយគ្រប់គ្រាន់ ប៉ុន្តែចង់ហ៊ឺហានឹងគេ។
បន្ថែមលើនេះ លោក សុខ ជំនោរ មានប្រសាសន៍ថា បទចម្រៀងបច្ចុប្បន្ន និងរយៈពេលប្រមាណជាង ២០ឆ្នាំមុន គឺខុសអត្ថន័យ តែមានន័យចំពោះបច្ចុប្បន្ន ទៅតាមសម័យកាលទាំងនោះ។ លោកបន្ថែមថា អ្នកមានតម្រូវការ ឬអ្នកស្ដាប់បទចម្រៀងបច្ចុប្បន្ន ងាយនឹងទទួល ហើយងាយនឹងបោះបង់ ដោយសារតែការហូរចូលវប្បធម៌បរទេស តាមរយៈបច្ចេកវិទ្យា ការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិតកាន់តែទំនើប។ កត្តាទាំងនេះ ទាមទារឲ្យតែងទំនុកច្រៀងត្រូវធ្វើបច្ចុប្បន្នភាព និងការប្រើប្រាស់ពាក្យទៅតាមសម័យកាលនីមួយៗដែរ។
លោកមានប្រសាសន៍បន្ថែមថា អាយុកាលបទចម្រៀងយូរ ឬឆាប់ អាស្រ័យលើការផ្សព្វផ្សាយបទចម្រៀងនោះទៅកាន់សាធារណជន។ ការផលិតបទចម្រៀងថ្មី ប៉ុន្តែមិនបានផ្សព្វផ្សាយ គឺមិនទទួលបានជោគជ័យឡើយ។
តាមការប៉ាន់ស្មាន ផលិតកម្មចម្រៀងនៅកម្ពុជា មានប្រមាណ ១០ក្រុមហ៊ុន ដែលអាចផលិតបទចម្រៀងយ៉ាងហោចណាស់ ១០០បទក្នុងមួយខែ។
អនុប្រធានសាលាភ្លេងនៃសាលាមធ្យមវិចិត្រសិល្ប លោក ហ៊ុន សុគន្ធ មានប្រសាសន៍ថា ផលិតកម្មភាគច្រើនមិនផលិតបទចម្រៀងថ្មីឡើយ ដោយសារតែការថតចម្លងលក់ដោយខុសច្បាប់។ កម្មសិទ្ធិបញ្ញា មិនមែនជាកត្តាលើកទឹកចិត្តឲ្យម្ចាស់ផលិតកម្មផលិតបទថ្មីដោយខ្លួនឯងនោះទេ។ លោកសង្កេតឃើញថា បទចម្រៀងភាគច្រើននៅកម្ពុជា ផលិតបទចម្រៀងស្រដៀងគ្នា ដោយខុសតែទំនុកច្រៀងប៉ុណ្ណោះ ហើយចម្លងពីបទចម្រៀងបរទេស។ បើប្រៀបធៀបកំឡុងទសវត្សរ៍ទី៦០ ការផលិតបទចម្រៀងនៅពេលនោះ ភាគតិចបំផុតដែលបានចម្លងពីបរទេស។ ហើយក្នុងសម័យនោះទៀតសោត សាធារណជនទូទៅបានឲ្យតម្លៃអ្វីដែលអ្នកនិពន្ធខ្មែរផលិតបាន។
សាលាវិចិត្រសិល្ប បានបណ្ដុះបណ្ដាលសិស្សនិស្សិតប្រមាណ ៦០នាក់ រៀងរាល់ឆ្នាំ ប៉ុន្តែចំនួននេះហាក់ដូចជាមិនទទួលបានការងារសមរម្យទៅតាមវិជ្ជាជីវៈរបស់គេឡើយ។ សិស្សមួយចំនួនបានចាប់យកការងារក្រៅពីវិស័យសិល្បៈជាអាជីព។ ដោយសារតែវិស័យសិល្បៈនេះរកចំណូលបានតិច ការមិនឲ្យតម្លៃពីសាធារណជន និងការលួចចម្លងដោយខុសច្បាប់។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា កម្ពុជា ខាតបង់ថវិកាប្រមាណ ៥០លានដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារការលួចចម្លងកម្មសិទ្ធិបញ្ញា ក្នុងនោះអត្រានៃការលួចចម្លងមានរហូតដល់ ៩៥%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។