សង្គម​ស៊ីវិល​និង​យុវជន​បារម្ភ​រដ្ឋាភិបាល​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​វៀតណាម

ដោយ វ៉ែន សុមេធ
2018.01.12
ផ្ទះ​បណ្ដែត​ទឹក​វៀតណាម ស្ទឹងត្រែង ២០១៦ ៦២២ ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម ក្នុង​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។ រូបថត​​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៦។
Photo: RFA

មន្ត្រី​សង្គម​ស៊ីវិល និង​យុវជន​ព្រួយ​បារម្ភ​ខ្លាំង​ពី​ការ​កើន​ឡើង​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​ភាគ​ច្រើន​ជា​ពលរដ្ឋ​វៀតណាម មក​តាំង​ទីលំនៅ​ប្រទេស​កម្ពុជា យូរ​ឆ្នាំ​ណាស់​មក​ហើយ​ដែល​រដ្ឋាភិបាល​នៅ​ពុំ​ទាន់​មាន​វិធានការ​ច្បាប់​ពេញលេញ​នៅ​ឡើយ​ទេ។ កាល​ពី​ពេល​ថ្មីៗ​នេះ នាយករដ្ឋមន្ត្រី​វៀតណាម បាន​ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​របស់​ខ្លួន​ដែល​កំពុង​រស់​នៅ​ទឹកដី​កម្ពុជា។

​នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ប្រមុខរដ្ឋ​វៀតណាម ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ និង​មន្ត្រី​សង្គម​ស៊ីវិល​សម្ដែង​ក្តី​កង្វល់​ខ្លាំង​ពី​ភាព​ធូរ​រលុង​នៃ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​អំពើ​ពុករលួយ​របស់​អាជ្ញាធរ​កម្ពុជា ដែល​បាន​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ដល់​ពលរដ្ឋ​វៀតណាម។

​ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក ហង្ស វិទូ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ថា ប្រសិន​រដ្ឋាភិបាល​មិន​មាន​វិធានការ​ច្បាប់​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម​កម្ពុជា និង​ប៉ះពាល់​ដល់​អធិបតេយ្យ​កម្ពុជា ផង។ លោក​ថា ភាព​ធូរ​រលុង​នៃ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​អំពើ​ពុករលួយ គឺ​ជា​ទម្រង់​ហានិភ័យ​ខ្ពស់​សម្រាប់​អនាគត​ប្រទេស​កម្ពុជា ខណៈ​ដែល​ពលរដ្ឋ​វៀតណាម មួយ​ចំនួន​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មិន​ត្រឹមត្រូវ មាន​តួនាទី​ជា​មន្ត្រី​រដ្ឋាភិបាល និង​មួយ​ចំនួន​ទៀត​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​កម្ពុជា​ផង៖ «អំពាវនាវ​ដល់​រដ្ឋាភិបាល និង​សមត្ថកិច្ច​ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ គួរ​តែ​គិត​ពី​អនាគត​វែង​ឆ្ងាយ​ប្រទេស​ជាតិ ព្រោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​វា​ជា​ហានិភ័យ​មួយ​សម្រាប់​ខ្លួន​ឯង​ផង ពលរដ្ឋ​ផង និង​ប្រទេស​ជាតិ​ទាំង​មូល»

លោក ហង្ស វិទូ បារម្ភ​ថា បើ​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជន​អន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា អាច​នឹង​បង្ក​លក្ខណៈ​ងាយ​ឲ្យ​ជនបរទេស​លួច​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ខុស​ច្បាប់​កាន់តែ​ច្រើន​ឡើង ដោយ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​កម្ពុជា បង្ក​ប៉ះពាល់​ដល់​អធិបតេយ្យភាព​ជាតិ​ធ្ងន់ធ្ងរ។

​កាល​ពី​ពេល​ថ្មីៗ​នេះ សារព័ត៌មាន​របស់​វៀតណាម ផ្សាយ​ថា រដ្ឋាភិបាល​វៀតណាម និង​លោក ហ៊ុន សែន បាន​ឯកភាព​គ្នា​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា អនុលោម​តាមច្បាប់​របស់​កម្ពុជា និង​ទំនាក់ទំនង​ល្អ​ប្រទេស​ទាំង​ពីរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​ទេ ដោយ​លោក​កំពុង​ជាប់រវល់៖ «កំពុង​ជាប់​ប្រជុំ សិក្ខាសាលា​ជាមួយ​អ្នក​សារព័ត៌មាន និង​អ្នក​នាំ​ពាក្យ»

ប៉ុន្តែ លោក សុខ ឥសាន បាន​ប្រាប់​វិទ្យុ​នៅ​ក្នុង​ស្រុង​ថា រដ្ឋាភិបាល​មាន​គោលនយោបាយ​ត្រឹមត្រូវ​ដូច​ប្រទេស​ដទៃ​ដែរ។ រី​ឯ​ពលរដ្ឋ​វៀតណាម មក​រស់នៅ​ប្រទេស​កម្ពុជា រដ្ឋាភិបាល​កម្ពុជា ទទួល​ខុស​ត្រូវ ក៏ប៉ុន្តែ​ចំពោះ​ជនបរទេស​ណា​ដែល​មក​រស់​នៅ​ខុសច្បាប់ រដ្ឋាភិបាល​នឹង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់។

​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​ពលរដ្ឋ​វៀតណាម គឺ​ជា​ទង្វើ​ល្មើស​ច្បាប់ បង្ក​ខាត​ប្រយោជន៍​ដល់​សង្គម​កម្ពុជា ធំ​សម្បើម។ ជនបរទេស​មាន​អត្តសញ្ញាណប័ណ្ណ​មិន​ត្រឹមត្រូវ បាន​មក​តាំងទី​លំនៅ​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​កម្ពុជា បាន​ទិញ​ផ្ទះ ដីធ្លី និង​ចូល​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​ផង​នោះ នឹង​ប៉ះពាល់​ជោគវាសនា​ប្រទេស​កម្ពុជា។

​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លោក សន ជ័យ មើល​ឃើញ​ថា ទិន្នន័យ​របស់​ក្រសួង​មហាផ្ទៃ ដែល​រក​ឃើញ​ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ប្រទេស​កម្ពុជា និង​ភាព​ជាក់ស្ដែង​ដែល​ពលរដ្ឋ​ប្រទះ​ឃើញ​ជនជាតិ​វៀតណាម មក​តាំង​ទីលំនៅ បាន​បង្ហាញ​សញ្ញា​ផ្ទុយគ្នា។ លោក​ថា រូបភាព​នេះ ជា​សញ្ញា​បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​មិន​គ្រប់​ជ្រុងជ្រោយ៖ «រឿង​អាជ្ញាធរ​រដ្ឋ​គ្រប់គ្រង​ជនបរទេស​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន ហើយ​ចំណុច​ខ្វះខាត​នេះ​នឹង​មាន​ហានិភ័យ​ទៅ​ថ្ងៃ​មុខ បើសិនជា​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​ស្ដីពី​សញ្ជាតិ​មិន​ល្អ»

​អគ្គនាយក​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ លោក សុខ ផល លើក​ឡើង​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា តាំង​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៧ អាជ្ញាធរ​កម្ពុជា បាន​ឃាត់​ខ្លួន និង​បណ្ដេញ​ជនបរទេស​ចំនួន​ជាង ១៣​ម៉ឺន​នាក់ (១៣.៩៥៤​នាក់) ក្នុង​នោះ​ជនជាតិ​វៀតណាម ច្រើន​ជាង​គេ។ លោក​ថា  ជនជាតិ​វៀតណាម កាន់កាប់​ឯកសារ​ខុស​ប្រក្រតី​ជាង ៧​ម៉ឺន ៦​ពាន់​នាក់ (៧៦.៣៩៨​នាក់) និង​ជនជាតិ​វៀតណាម កំពុង​រស់នៅ​គ្មាន​ឯកសារ​ត្រឹមត្រូវ​ជាង ១​ម៉ឺន ៤​ពាន់​នាក់​ទៀត (១៤.២៤៦នាក់)។ តែ​យ៉ាង​ណា​មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មិន​ទាន់​ស្ងប់​ចិត្ត​ឡើយ ចំពោះ​តួលេខ​របស់​ក្រសួង​មហាផ្ទៃ ដែល​ពួកគាត់​ចាត់​ទុក​ថា រដ្ឋាភិបាល​កម្ពុជា ហាក់​ទទួលរង​សម្ពាធ​នយោបាយ​ពី​ប្រទេស​វៀតណាម ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។