អង្គភាពប្រឆាំងអំពើពុករលួយកំពុងប្រកាសព្រមានតាមរយៈប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថា នឹងផ្ដន្ទាទោសសិស្ស និងគ្រូណាដែលសូកប៉ាន់ និងទទួលសំណូកក្នុងការប្រឡងសញ្ញាប័ត្រទុតិយភូមិ ឬបាក់ឌុប ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ។ ក៏ប៉ុន្តែទន្ទឹមនិងការព្រមានរបស់អង្គភាពប្រឆាំងអំពើពុករលួយនេះ ក្រុមប្រជាពលរដ្ឋមួយចំនួននៅស្រុកស្រីស្នំ ខេត្តសៀមរាប បានចោទប្រកាន់ថា គណៈមេប្រយោគមួយចំនួននៅតែបង្ខំឱ្យសិស្សសូកប៉ាន់នៅក្នុងសម័យប្រឡងឌីប្លូម ដែលទើបតែកន្លងផុតទៅ។
ឪពុកម្ដាយសិស្សមួយចំនួនដែលរស់នៅឃុំប្រិយ ស្រុកស្រីស្នំ ចម្ងាយជាង ១០០គីឡូម៉ែត្រភាគខាងលិចពីទីក្រុងសៀមរាប បានចាត់ទុកថា អំពើពុករលួយបានរាលដាលកាន់តែខ្លាំងទៅក្នុងវិស័យអប់រំក្នុងពេលសិស្សប្រឡងយកសញ្ញាប័ត្រឌីប្លូម ដែលទើបតែកន្លងផុតទៅ។
ការប្រឡងដែលបង្ខំឱ្យសិស្សបង់លុយ ហើយបើកចំហឱ្យមើលមេរៀនក្នុងក្រដាសប្រ៊ីយ៉ុង ដោយសេរីនោះ គឺកំពុងធ្វើឱ្យគុណភាពនៃការសិក្សាទន់ខ្សោយ ហើយសិស្សក៏មិនមានសមត្ថភាពគ្រប់គ្រាន់នៅពេលដែលចេញទៅបម្រើការងារអ្វីមួយនៅក្នុងសង្គម។
បុរសម្នាក់នៅភូមិប្រិយ ឃុំប្រិយ ស្រុកស្រីស្នំ ក្នុងចំណោមឪពុកម្ដាយសិស្សជាច្រើនទៀត ដែលមានកូនប្រឡងឌីប្លូម កាលពីថ្ងៃទី១៤-១៥ ខែកក្កដា។ គាត់មានប្រសាសន៍ថា គាត់មិនសប្បាយចិត្តទេនៅពេលដែលកូនរបស់គាត់ទារប្រាក់ចំនួន ៣ម៉ឺនរៀល យកទៅបង់ឱ្យមេប្រយោគជាថ្លៃសូកប៉ាន់ដើម្បីឱ្យអាចបើកមើលប្រ៊ីយ៉ុងបាន នៅពេលប្រឡងនោះ។
បុរសដដែលបញ្ជាក់ថា កូនប្រុសរបស់គាត់ដែលប្រឡងឌីប្លូមនៅសាលាអនុវិទ្យាល័យប្រិយ គឺមានចំណេះដឹងគ្រប់គ្រាន់ ដោយមិនចាំបាច់យកលុយទៅសូកប៉ាន់សម្រាប់លួចមើលប្រ៊ីយ៉ុងទេ ក៏ប៉ុន្តែដោយសារគ្រូតម្រូវឱ្យបង់លុយទៅហើយ គាត់ក៏បង្ខំចិត្តប្រគល់លុយដែលមានតិចតួចឱ្យកូនយកទៅបង់ដូចសិស្សដទៃទៀតដែរ៖ «បើសិនថា សិស្សអត់ឱ្យ គឺគេអត់ឱ្យលួចចម្លង។ កូនខ្ញុំចេះ ក៏ប៉ុន្តែដល់គេឱ្យទាំងអស់គ្នាហើយ កូនខ្ញុំត្រូវតែឱ្យដូចគេ។ គ្រូមានគ្នា ៧នាក់ គេស្រុះស្រួលគ្នាទៅ គេប្រមូលឱ្យទៅសិស្ស ដើររៃយក។ លុយបម្រុងទុកទិញថ្នាំបាញ់ក្រជិប ដល់ពេលកូនថា គេយកលុយទាំងអស់គ្នា ខ្ញុំក៏ឱ្យទៅកូនដូចគេដែរ។ ខ្ញុំដឹងថា គេអត់យកលុយ ឃើញប្រឡងនៅក្នុងភូមិ ដល់ពេលគេយកលុយអ៊ីចឹងខ្ញុំយល់ថា អំពើពុករលួយកាន់តែរាលដាលកាន់តែខ្លាំង»។
ក៏ប៉ុន្តែក្រុមគ្រូបង្រៀននៃសាលាអនុវិទ្យាល័យប្រិយ និងមន្ត្រីការិយាល័យអប់រំយុវជននិងកីឡា ស្រុកស្រីស្នំ បានច្រានចោលការចោទប្រកាន់នោះថា ជារឿងមិនពិត។
នាយកអនុវិទ្យាល័យប្រិយ លោក ខ្លូត យា មានប្រសាសន៍ថា សិស្សដែលចូលរួមប្រឡងឌីប្លូម នៅសាលារបស់លោកក្នុងឆ្នាំនេះ គឺមានចំនួន ២៩រូប ហើយមិនមានគ្រូណាហ៊ានតម្រូវឱ្យយកលុយទៅសូកប៉ាន់ទេ ពីព្រោះតែសិស្ស ហើយនិងគ្រូទាំងអស់សុទ្ធតែអ្នករស់នៅឃុំជាមួយគ្នា។
លោក ខ្លូត យា បញ្ជាក់ទៀតថា មិនមានគ្រូណាម្នាក់បង្ខំសិស្សឱ្យយកលុយទៅសូកប៉ាន់សម្រាប់ការប្រឡងឌីប្លូម ដូចការចោទប្រកាន់នោះទេ ពីព្រោះសុទ្ធតែជាសិស្ស ហើយនិងគ្រូគ្នាឯង៖ «មិនមែន ព័ត៌មានមិនពិត! លោកប្រហែលជាយល់ច្រឡំ ព័ត៌មានអ្វីផ្សេងមិនដឹងទេ។ គ្រាន់តែលេចឭព័ត៌មានមួយខ្ញុំសួរហើយ គឺពេលខ្ញុំសិស្សសុំលុយម៉ែមកចាយទេ ដល់ពេលសុំលុយម៉ែមិនបានទៅថា គ្រូឱ្យយកឯណាតែពាស។ ដល់ពេលខ្ញុំសួរទៅ ខ្លះថាយកទៅសង ជំពាក់ថ្លៃរៀនគួរឯណាឯណីទៅវិញ»។
ចំណែកប្រធានការិយាល័យអប់រំស្រុកស្រីស្នំ លោក ឈូក សុវណ្ណាវុធ បានអះអាងប្រហាក់ប្រហែលគ្នាដោយថា លោកបានលេចឭជុំវិញរឿងនេះ ក៏ប៉ុន្តែនៅពេលដែលលោកស្រាវជ្រាវដោយជួបជាមួយសិស្សជាច្រើនរកឃើញថា មិនមែនមេប្រយោគជាអ្នកយកលុយពីសិស្សដូចការចោទប្រកាន់នោះទេ តាមពិតលុយនោះគឺសិស្សកុហកឪពុកម្ដាយយកទៅស៊ីចាយក្រៅសាលាទៅវិញ។
លោក ឈូក សុវណ្ណាវុធ៖ «មានសិស្សខ្លះបោកម៉ែឪ ហើយខ្ញុំបានស៊ើបសួរសិស្សច្រើន ព្រោះអីខ្ញុំបានឮសូរព័ត៌មានហ្នឹង។ មានសិស្សនៅភូមិត្រាំសសរ វាថា ទី១ គឺវាជំពាក់លុយរៀនគួរ មុនពេលប្រឡង ហើយទី២ គឺវាត្រៀមលុយហ្នឹងសម្រាប់ជប់លៀងគ្នាវា។ អ៊ីចឹងទាក់ទងការប្រឡងការអីហ្នឹង អត់មានគ្រូណាដែលតម្រូវឱ្យបង់ទេ គឺសិស្សកុហកម៉ែវា ហើយខ្ញុំសួរថា ម៉េចចាំបាច់កុហក? វាឆ្លើយថា បើមិនកុហកអ៊ីចឹងគឺម៉ែឪវាអត់ឱ្យលុយ»។
ទោះយ៉ាងណា សិស្សអនុវិទ្យាល័យខ្លះនៅតែអះអាងថា ក្រុមគ្រូដែលជាគណៈមេប្រយោគនៃការប្រឡងឌីប្លូម ពិតជាតម្រូវឱ្យពួកគេបង់លុយម្នាក់ ៣ម៉ឺនរៀលនោះមែន។
សិស្សសាលាម្នាក់ដែលសុំមិនបញ្ចេញឈ្មោះមានប្រសាសន៍ថា ក្រុមគ្រូបង្រៀនដែលជាគណៈមេប្រយោគនៅមណ្ឌលអនុវិទ្យាល័យប្រិយ គឺពិតជាបានតម្រូវឱ្យពួកគាត់បង់លុយ។ សិស្សដដែលបញ្ជាក់ថា វាមិនមែនជាបញ្ហាដែលសិស្សកុហកឪពុកម្ដាយ ដើម្បីយកលុយទៅស៊ីចាយទេ ក៏ប៉ុន្តែក្រុមគ្រូបង្រៀននៃអនុវិទ្យាល័យប្រិយ ពិតជាបាននាំពួកគាត់ចំនួន ២៩នាក់ ចូលទៅក្នុងថ្នាក់រៀនមួយនៅមុនពេលប្រឡង ហើយប្រាប់ឱ្យបង់លុយម្នាក់ ៣ម៉ឺនរៀល។ សិស្សដដែលបានទាំងរៀបរាប់ឈ្មោះគ្រូខ្លះដែលមានវត្តមាននៅពេលនិយាយឱ្យសិស្សបង់លុយនោះទៀតផង៖ «ឈ្មោះ គ្រូ យា ជានាយក គ្រូ ឃន គ្រូ រ៉ា គ្រូ វណ្ណា។ មុនប្រឡងគាត់ថា យកលុយប្រឡងម្នាក់ ៣ម៉ឺនរៀល ឱ្យជាប់ បើអត់ឱ្យក៏គេអត់ថា»។
អគ្គលេខាធិការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក គួន ងួន មានប្រសាសន៍ថា ការប្រឡងឌីប្លូម ក្នុងឆ្នាំនេះ គឺក្រសួងអប់រំយុវជននិងកីឡា បានរៀបចំខុសប្លែកពីពេលមុនៗ ដោយមិនបញ្ជូនគណៈមេប្រយោគពីតំបន់ផ្សេងទេ គឺឱ្យគ្រូបង្រៀននៅតាមសាលាអនុវិទ្យាល័យណាត្រូវធ្វើជាគណៈមេប្រយោគនៅសាលាខ្លួនឯង ហើយចាប់តាំងពីសម័យប្រឡងថ្ងៃទី១៤-១៥ ខែកក្កដា រហូតមកដល់ពេលនេះ នៅទូទាំងប្រទេស គឺលោកមិនទាន់បានទទួលរបាយការណ៍ជុំវិញភាពមិនប្រក្រតីអ្វីមួយនៅឡើយ។
លោក គួន ងួន បញ្ជាក់ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កំពុងរង់ចាំទទួលបណ្ដឹងគ្រប់ពេល ហើយបើមានបណ្ដឹងជុំវិញការសូកប៉ាន់នៅសម័យប្រឡងឌីប្លូម នោះ គឺលោកនឹងដាក់អន្តរាគមន៍ទៅក្រសួងអប់រំយុវជននិងកីឡា ដើម្បីឱ្យចាត់វិធានការតាមផ្លូវច្បាប់ភ្លាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។