បុគ្គលិក និងពលករបណ្ដែតបម្រើការងារក្រោមមន្ទីរសុខាភិបាលខេត្តក្រចេះ ប្រមាណជាង ៦០០នាក់ បានរិះគន់ចំពោះទង្វើរបស់ប្រធានមន្ទីរ ដែលបានបង្ខំបង្គាប់ឲ្យពួកគាត់ផ្ដិតមេដៃគាំទ្រ ថាគាត់ជាមនុស្សល្អ មិនមានកំហុសក្នុងការងារ។
មន្ត្រីមន្ទីរសុខាភិបាលម្នាក់សុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា កាលពីសប្ដាហ៍មុន ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ឈ្នៀង សុវត្ថា និងប្រធានរដ្ឋបាល បានបង្ខំឲ្យបុគ្គលិកនៅមន្ទីរសុខាភិបាល មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅតាមស្រុក ឃុំ ទាំងអស់ ព្រមទាំងពលករបណ្ដែតសរុបប្រមាណ ៦០០នាក់ ផ្ដិតស្នាមមេដៃនៅលើក្រដាសដែលបានរៀបចំរួចជាស្រេច។
ខ្លឹមសារក្នុងក្រដាសនោះបញ្ជាក់ថា បុគ្គលិកមន្ត្រីរាជការ និងកម្មករ មន្ត្រីជាប់កិច្ចសន្យាទាំងអស់ ទទួលស្គាល់ថា ប្រធានមន្ទីរសុខាភិបាលមិនដែលកាត់ប្រាក់ខែ និងកាត់លុយបេសកកម្មទេ ហើយរាល់ពេលបើកប្រាក់ម្តងៗ គឺបុគ្គលិក និងពលករបណ្ដែតទទួលបានប្រាក់គ្រប់ចំនួន៖ «ផ្ដិតមេដៃគាំទ្រគាត់ថា អត់មានកាត់កងប្រាក់ខែ ហើយប្រាក់បេសកកម្មទេ ប៉ុន្តែតាមពិតមានការកាត់ ហើយមន្ត្រីមន្ទីរ និងកម្មករទាំងអស់ បារម្ភភ័យខ្លាចពីសុវត្ថិភាពការងាររបស់គាត់»។
មន្ត្រីដដែលបន្តថា ប្រសិនបើបុគ្គលិក និងពលករបណ្ដែតមិនព្រមផ្ដិតមេដៃទេនោះ ពួកគាត់អាចនឹងប្រឈមការបណ្ដេញចេញពីការងារ។
ការគាបសង្កត់គំរាមកំហែងរបស់ប្រធានមន្ទីរសុខាភិបាល ធ្វើឡើងនៅគ្រាដែលមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ កាលពីខែកុម្ភៈ បានចុះទៅធ្វើអធិការកិច្ចភាពមិនប្រក្រតីមួយចំនួន នៅមន្ទីរសុខាភិបាលខេត្តក្រចេះ បន្ទាប់ពីបុគ្គលិក និងពលករបណ្ដែត បានដាក់ពាក្យបណ្ដឹង កាលពីឆ្នាំ២០១១។ ចំពោះពលករបណ្ដែត ត្រូវបានប្រធានមន្ទីរ និងប្រធានរដ្ឋបាលកាត់ប្រាក់ខែមួយខែក្នុងម្នាក់ នៅឆ្នាំ២០១០ ហើយឆ្នាំ២០១១ និងឆ្នាំ២០១២ កាត់ប្រាក់ ៥% ជារៀងរាល់ខែ។ រីឯមន្ត្រីរាជការវិញ មិនមានការកាត់ប្រាក់ខែដូចពលករបណ្ដែតទេ ប៉ុន្តែកាត់លុយបេសកកម្មចំនួន ២៥% ក្នុងមួយលើក។
ពលករបណ្ដែតម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ និយាយថា ប្រធានមន្ទីរសុខាភិបាល និងមន្ត្រីរដ្ឋបាល តែងកិបកេងប្រាក់ខែ និងប្រាក់បេសកកម្មរបស់មន្ត្រីក្រោមឱវាទ។ លុះដល់ពេលមានរឿងរ៉ាវប្ដឹងផ្តល់ទៅអង្គភាពប្រឆាំងអំពើពុករលួយ ទើបបង្កើតជាយុទ្ធនាការផ្ដិតមេដៃគាំទ្រជួយធានាឲ្យមេ ថាមិនបានប្រព្រឹត្តអំពើពុករលួយ៖ «លុយបើកមកស៊ីសស៊ុសតែគ្នាឯងអ៊ីចឹង ដល់គ្នាអ្នកអត់នៅតែអត់ ដូចជាពួកកម្មករ គ្នាមានលុយឯណា គ្នាចាំមើលតែប្រាក់ខែ ៤ ទៅ ៥ខែ មិនទាន់បើកឲ្យគ្នាផងហ្នឹង លុះដល់គ្នាគាត់បើកលុយបេសកកម្ម តិចបើកប្រាក់ខែលុយដូរឡានរហូត រួចអាគ្នាអត់ចាំមើលឡើងស្ងាប»។
ជុំវិញការចោទប្រកាន់នេះ ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ឈ្នៀង សុវត្ថា បញ្ជាក់ថា លោកមិនបានតម្រូវឲ្យបុគ្គលិក ឬពលករបណ្ដែតផ្ដិតស្នាមមេដៃនោះទេ។ ម្យ៉ាង លោកក៏មិនត្រូវការស្នាមមេដៃ ដើម្បីទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីលាងភាពមិនប្រក្រតីរបស់ខ្លួននោះដែរ។ លោកចាត់ទុកថា ការចោទប្រកាន់ទាំងនោះជាការបង្កភាពល្អក់កករក្នុងស្ថាប័នរបស់លោក៖ «ខ្ញុំអត់មានចេញលិខិតឲ្យពីណាផ្ដិត ហើយក៏អត់មានទទួលលិខិតស្នាមមេដៃយកទៅធ្វើស្អីដែរ។ អ្នកដែលចុះផ្សាយអស់ហ្នឹង ដើម្បីធ្វើឲ្យល្អក់កករនៅកន្លែងធ្វើការ ចេះតែដើរបំផុសបំផុល»។
អង្គការតម្លាភាពអន្តរជាតិ កាលពីខែធ្នូ ឆ្នាំ២០១២ ចាត់ថ្នាក់ប្រទេសកម្ពុជា ក្នុងលេខរៀងទី១៥៧ ក្នុងចំណោមប្រទេស១៧៦ ក្នុងពិភពលោកដែលមានអំពើពុករលួយធ្ងន់ធ្ងរ។ អង្គការសង្គមស៊ីវិលខ្លះយល់ឃើញថា អំពើពុករលួយ កំពុងចាក់ឫសយ៉ាងជ្រៅក្នុងគំនិតប្រជាពលរដ្ឋ និងមានលក្ខណៈជាប្រព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។