អតីត​កម្មករ​ឡឥដ្ឋ​ប្ដី​ប្រពន្ធ​២​នាក់​មក​រស់នៅ​វាលស្រែ ខេត្ត​បាត់ដំបង បន្ទាប់​ពី​ធ្លាក់ខ្លួន​ពិការ

ប្ដី​ប្រពន្ធ​មាន​ពិការភាព​ពីរ​នាក់ បង្ខំចិត្ត​ផ្លាស់ប្ដូរ​ទីលំនៅ​មក​រស់នៅ​កណ្ដាល​វាលស្រែ ក្នុងស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ក្រោយ​ជួប​គ្រោះថ្នាក់​រហូត​ដល់​ពិការ អំឡុង​ពេល​បំពេញការងារ​ជា​កម្មករ​ឡឥដ្ឋ​មួយ​កន្លែង​ក្នុង​ខេត្ត​កណ្ដាល។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច បើក​ការស៊ើបអង្កេត​ពី​ការរំលោភ​សិទ្ធ​ការងារ​លើ​ករណីនេះ​ដើម្បី​រក​យុត្តិធម៌ និង​សំណង​ឱ្យ​គ្រួសារ​រងគ្រោះ។

នៅ​កណ្ដាល​វាលស្រែ​ដែល​មាន​ពណ៌​ស្រស់​ខៀវខ្ចី ឆ្ងាយ​ពី​ទីប្រជុំជន​នៃ​ស្រុក​ឯក​ភ្នំ ប្រមាណ​១០​គីឡូម៉ែត្រ មានផ្ទះ​តូច​មួយ​ដែល​មាន​ដំបូល និង​ជញ្ជាំង​បាំង​ដោយ​ស័ង្កសី​ច្រេះ​ចាប់ សង់​ផ្ទាល់​ដី ក្បែរ​គុម្ព​ឫស្សី ជាប់​មាត់អូរ ហាក់​មាន​សភាព​ស្រងាត់​ឯកោ​តែឯង។

ម្ចាស់ផ្ទះ​កម្សត់​នោះ គឺជា​អតីត​កម្មករ​ឡឥដ្ឋ​ប្ដី​ប្រពន្ធ​ចំណាស់​ពីរ​នាក់ ដែល​ធ្លាក់ខ្លួន​ឈឺ និង​ពិការ ក្នុង​អំឡុងពេល​បំពេញការងារ​នៅ​សិប្បកម្ម​ឡឥដ្ឋ លាង អេង ក្នុង​ក្រុង​អរិយក្សត្រ ខេត្ត​កណ្ដាល ហើយ​ត្រូវ​បាន​ថៅកែ​បោះបង់​ចោល ដោយ​គ្មាន​ការ​ទទួលខុសត្រូវ។

អតីត​កម្មករ​ឡឥដ្ឋ​ដែល​រងគ្រោះថ្នាក់​រហូត​ដល់​ពិការ សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោកស្រី​ជា​កម្មករ​ស៊ីឈ្នួល​ជញ្ជូន​ឥដ្ឋ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ​នេះ រយៈពេល​ជាង​១០​ឆ្នាំ ដើម្បី​រក​ប្រាក់​កម្រៃ និង​បាន​រស់នៅ​ក្នុងផ្ទះ​កម្មករ​ក្បែរ​សិប្បកម្ម​។ លុះ​មកដល់​ឆ្នាំ​២០១៩ លោកស្រី​បាន​ជួប​គ្រោះថ្នាក់​ដោយសារ​គំនរ​ឥដ្ឋ​បាក់​សង្កត់​ត្រូវ​ស្មងជើង​ខាងស្ដាំ បណ្ដាល​ឱ្យ​លោកស្រី​ពិការ​ជើង​ម្ខាង​។ លោកស្រី​ថា ការ​វះកាត់​ពេលនោះ​ចំណាយ​ប្រាក់​អស់​ជាង​៥​ពាន់​ដុល្លារ​(៥.០០០) ប៉ុន្តែ​ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ លាង អេង បាន​ជួយ​ចេញថ្លៃ​ព្យាបាល​ឱ្យ​លោកស្រី​តែ ១០​ដុល្លារ (​ដប់​ដុល្លារ​) ប៉ុណ្ណោះ​។ ស្ត្រី​វ័យ​៦០​ប្លាយ​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ដោយសារ​ថៅកែ​បណ្ដេញ និង​ជេរប្រមាថ ទើប​លោកស្រី​ផ្លាស់​មក​រស់នៅ​ស្រុក​កំណើត ក្នុង​ខេត្ត​បាត់ដំបង វិញ។

«ទាល់តែ​ដើរ​ឈើច្រត់​ទើប​បាន បើ​ថា​ដើរ​ជើង​ទទេ​មិន​បានទេ​។ ជីវភាព​ខ្សត់​ណាស់ បាន​នៅ​(​ផ្ទះ​កម្មករ​)​ឡឥដ្ឋ បើ​អត់​មាន​ដីស្រែ​អី​នឹង​គេ​!ចេះតែ​ដើរ​នៅ​ទៅ​កាល​ហ្នឹង ខ្ញុំ​អត់​មានផ្ទះ​មាន​អី​នៅ ចេះតែ​ដើរ​ស្រុក​គេ​ទៅ។ យើង​អត់ៗ​ទៅ​!យើង​ធ្វើការ​យើង​បាន​លុយ​ទៅ​។ បើ​យើង​មិន​បាន​ធ្វើការ គេ​ជេរ​គេ​ថា​យើង​ទៅ»។

ការ​ត្រឡប់​មក​រស់នៅ​ស្រុក​កំណើត បាន​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​ជនពិការ​មួយ​នេះ ចាប់ផ្ដើម​កសាង​ជីវិត​សាជាថ្មី ដោយ​ត្រូវ​សម្រប​ខ្លួន​ទៅ​តាម​វ័យ និង​ពិការភាព។

គ្រួសារ​ប្ដី​ប្រពន្ធ​នេះ បាន​ផ្លាស់ប្ដូរ​ទៅ​រស់នៅ​ខេត្ត​បាត់ដំបង ជាង​៣​ខែ​មក​ហើយ ដោយ​សង់ផ្ទះ​ប្រក​ស័ង្កសី នៅ​កណ្ដាល​វាលស្រែ​ដាច់​ឆ្ងាយ​ពី សាលារៀន មន្ទីរពេទ្យ និង​មិន​មាន​ទឹក​ស្អាត​ប្រើប្រាស់​នោះ​ទេ។ ក្នុង​នោះ​ពួកគាត់​ត្រូវ​មើលថែ​ចៅ​តូចៗ​៤​នាក់ ដោយ​ឪពុកម្ដាយ​របស់​ពួកគេ​ចេញទៅ​ធ្វើការ​នៅ​តាម​ខេត្ត ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​។ ទោះជា​យ៉ាងណា ប្រាក់​ដែល​កូនៗ​ពួកគាត់​ផ្ដល់​ឱ្យ មិន​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​ចៅ​នោះ​ទេ ទើប​ពួកគាត់​ខំ​ត្រដរ​ដាំ​បន្លែ​លក់ ដើម្បី​ដោះស្រាយ​ជីវភាព​បន្ថែម។

ប្ដី​ស្ត្រី​រងគ្រោះ ដែល​សុំ​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​នោះ រៀបរាប់​ថា លោក​បាន​ជួប​គ្រោះថ្នាក់​មុន​ប្រពន្ធ​លោក​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ដោយ​ចង្កេះ​គាប​ជាប់​នឹង​រ៉ឺម៉ក នៅ​ពេល​ដឹក​ឥដ្ឋ ដែល​បណ្ដាល​ឱ្យ​ឆ្អឹង​ចង្កេះ​របស់​លោក​ប៉ះទង្គិច​ធ្ងន់ធ្ងរ​។ លោក​បន្ត​ថា បន្ទាប់​ពី​លោក និង​ប្រពន្ធ ធ្លាក់ខ្លួន​ពិការ​មក គ្រួសារ​លោក​នៅតែ​បន្ត​ស្នាក់នៅ​ក្នុង​រោង​កម្មករ ដើម្បី​ព្យាបាល​របួស​អស់​រយៈពេល​ជាង​៦​ខែ ដោយ​យក​ប្រាក់​ដែល​ប្ដី​ប្រពន្ធ​លោក​សន្សំ​អស់​រយៈ​ជាច្រើន​ឆ្នាំ​នោះ មក​ចំណាយ​។ លោក​បញ្ជាក់​ថា ក្នុង​ពេល​ព្យាបាល​របួស គ្រួសារ​លោក​ទទួលរង​ភាព​អយុត្តិធម៌​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ពី​ថៅកែ​សិប្បកម្ម ដោយ​ការ​ជេរប្រមាថ បណ្ដេញ​ចេញ​ដោយ​មិន​ផ្ដល់​ប្រាក់​សំណង​ឡើយ។

«គេ​ប្រាប់​ដែរ​ថា ឱ្យ​ដាក់ពាក្យ​បណ្ដឹង​ទៅ​!តែ​ខ្ញុំ​ខ្ជិល​វែងឆ្ងាយ ខ្ជិល​ប្ដឹង​ខ្ជិល​អី ធ្វើ​ម៉េច​ឱ្យតែ​បាន​រត់​នាំ​គ្រួសារ​មក​ផ្ទះ​បណ្ដោយ​។(​ក្នុង​សិប្បកម្ម​)មិន​មាន​ការពារ​អី​ធំដុំ​ទេ​។ គ្រោះថ្នាក់​អី​គេ​មិន​ទទួល​ខុសត្រូវ​យើង​។ ថៅកែ​ក៏​ខ្លាំង​ដែរ​!គំរាមកំហែង​កម្មករ​ខ្លាំង​ណាស់​។ ហើយ​គេ​ជេរ​ថា រអ៊ូរទាំ​!ថៅកែ​ឡ​ខ្លះ គឺ​មើលងាយ​កម្មករ​ខ្លាំង​ណាស់ ស្ដីជេរ​បញ្ចោរ​ថា គ្មាន​រើសមុខ​។ ខ្លះ​ប្រើ​អំពើ​ហិង្សា​ក៏មានដែរ មាន​ដល់​វាយ​កម្មករ​ទៀត​ក៏​មាន​!អាហ្នឹង​នៅ​តាម​ឡឥដ្ឋ»។

បន្ទាប់ពី​មក​សាង​ជីវិត​ថ្មី លើ​ទឹកដី​ខេត្ត​បាត់ដំបង ប្ដី​ប្រពន្ធ​ទាំង​គូ​នេះ បាន​លាតត្រដាង​ពី​ទិដ្ឋភាព​នៅក្នុង​សិប្បកម្ម​ឡឥដ្ឋ​មួយ​នោះ ថា មាន​កុមារ​ជាច្រើន​នាក់ បាន​ចូល​ធ្វើ​ការ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ ដែល​មាន​អាយុ​ចន្លោះ​ពី​១០ ទៅ​១៣​ឆ្នាំ ទោះបី​ក្នុង​សិប្បកម្ម មាន​បិទ​ផ្លាក​ផ្សព្វផ្សាយ​ប្រឆាំង​នឹង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ​ក្ដី។ ចំណែក​ក្នុង​សិប្បកម្ម​គ្មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព តាម​ស្តង់ដារ​នោះ​ឡើយ ដោយ​ពួកគេ​ត្រូវ​លើក​ឥដ្ឋ​ដោយ​ដៃទទេ ប្រើ​កម្លាំង​អូសទាញ​រទេះ​ដោយ​ផ្ទាល់ ឈរ​ដុត​ឥដ្ឋ​ដោយ​គ្មាន​របាំង​ការពារ និង​ការប្រើ​ម៉ាស៊ីន​វាយ​ពុម្ព​ឥដ្ឋ​ដោយ​ដៃ​ផ្ទាល់។ ពួកគាត់​ឱ្យ​ដឹង​ទៀត​ថា នៅពេល​មាន​មន្ត្រី​រដ្ឋាភិបាល ឬ​អង្គការ​ណាមួយ​ចុះ​ទៅ​ពិនិត្យ​ម្ដងៗ ម្ចាស់​សិប្បកម្ម​តែងតែ​សម្ដែង​ធ្វើជា​ចិត្តល្អ​ជាមួយ​កម្មករ និង​លាក់​ក្មេងៗ​មិន​ឱ្យ​ចេញ​មក​ធ្វើការ។

«​គេ​ក៏​ដាក់​តាម​ប៉ាយ​ដែរ គេ​ដាក់​តាម​ប៉ាយ​ថា ក្មេងៗ​គ្រោះថ្នាក់​មិន​ទទួលខុសត្រូវ ប៉ុន្តែ​ការងារ​គេ​មិន​និយាយ​ទេ​។ ធ្វើ​ទៅ​!ក្មេងៗ​អាយុ​ក្រោម​ដប់​ឆ្នាំ ចេះតែ​ចាប់​ឥដ្ឋ​ជាមួយ​ម្ដាយ​វា​។ ពេល​ដែល​ដឹង​ថា​អង្គការ​ចុះទៅ គេ​ឱ្យ​ក្មេងៗ​ចេញ​ទាំងអស់ គេ​មិន​ឱ្យធ្វើ​ទេ​។ ដូច​គេ​ដឹង​ហេតុការណ៍​មុន ចូល​ឡ​ណា​ក៏​គេ​ប្រាប់​ដែរ»។

ពួកគាត់​បង្ហើប​ទៀត​ថា ស្ថានភាព​របស់​កម្មករ​ធ្វើការ​នៅ​សិប្បកម្ម​ឡឥដ្ឋ​មួយចំនួន មាន​ជីវភាព​មិនល្អ​ប្រសើរ​នោះ​ទេ ដោយ​ពួកគេ​ត្រូវ​ធ្វើការ​ធ្ងន់ និង​លើស​ម៉ោង ប៉ុន្តែ​ទទួល​បាន​ថ្លៃឈ្នួល​ទាប​។ ពួកគាត់ ប្រាប់​ថា កម្មករ​ឡឥដ្ឋ​ម្នាក់ៗ ជា​មធ្យម​ទទួល​បាន​ប្រាក់ខែ​ពី ៦០​ម៉ឺន​រៀល​(៦០០.០០០ ទៅ​១​លាន​រៀល​(១.០០០.០០០) ក្នុង​មួយ​ខែ អាស្រ័យ​លើ​ជំនាញ និង​តួនាទី ហើយ​មិន​ទទួល​បាន​ការ​ផ្ដល់​អាហារ ពី​ម្ចាស់​សិប្បកម្ម​នោះ​ទេ។ ពួកគាត់​អះអាង​ថា ក្រៅពី​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ហើយ ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ ដែល​ពួកគាត់​ធ្វើការ​ជាមួយ បាន​ប្រើប្រាស់​ហិង្សា​វាយដំ​ទៅលើ​កម្មករ​ផង​ដែរ។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​កម្ពុជា លោក កត្តា អ៊ន និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃទី​៤ កក្កដា​។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន និង​ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ លាង អេង ក៏​មិនអាច​ទាក់ទង​បាន​ដូចគ្នា។

របាយការណ៍​របស់​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃឈើ​កម្ពុជា ឬ​ហៅ​កាត់​ថា (BWTUC) កាលពី​ឆ្នាំ​២០២០ រក​ឃើញ​ថា ជាង​ពាក់កណ្ដាល​នៃ​ចំនួន​ឡឥដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រើ​ម៉ាស៊ីន​បញ្ចា​ដោយ​ដៃ ដែល​ជា​ហានិភ័យ​ធំ​បំផុត​មួយ អាច​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ទៅលើ​អវយវៈ​របស់​កម្មករ​។ របាយការណ៍​រក​ឃើញ​ដែរ​ថា កុមារ​ជាង​៦​រយ​នាក់​(៦៣៨)​ដែល​

មាន​អាយុ​ក្រោម​១៨​ឆ្នាំ​កំពុងធ្វើការ​នៅ​ឧស្សាហកម្ម​ផលិត​ឥដ្ឋ ក្នុង​ចំនួន​កម្មករ​សរុប​ជាង ៦​ពាន់​នាក់​(៦៨៦៣)។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត ជំរុញ​ឱ្យ​ជនរងគ្រោះ​ដាក់ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​ការងារ ដើម្បី​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ម្ចាស់​សិប្បកម្ម​។ លោក អំ សំអាត បន្ត​ថា ករណីនេះ គឺជា​ការរំលោភ​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ ហើយ​លោក​ស្នើ​ក្រសួង​ការងារ ចុះទៅ​ត្រួតពិនិត្យ​សិប្បកម្ម​ឡឥដ្ឋ​នោះ ដើម្បី​រក​ពី​ភាព​មិន​ប្រក្រតី និង​ស្ថានភាព​កម្មករ ជាពិសេស​កុមារ​ដែល​កំពុង​រងគ្រោះ​ពី​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម។

លោក អំ សំអាត៖ «គាត់​អាច​មាន​សិទ្ធិ​ក្នុង​ការ​ប្ដឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​ក្រសួង​ការងារ ដើម្បី​ឱ្យ​មាន​ដំណោះស្រាយ​សម្រាប់​រូប​គាត់ ប្រសិនបើជា គាត់​ពិការ​នៅ​ពេល​ក្នុង​ការងារ ធ្វើការ​នៅក្នុង​ឡឥដ្ឋ ហើយ​ថៅកែ​ឡឥដ្ឋ​ហ្នឹង​មិន​ទទួលខុសត្រូវ​។ ហើយ​មួយទៀត​ប្រសិនជា​ដូច​អ្វី​ដែល​គាត់​លើកឡើង​ថា ឡឥដ្ឋ​ហ្នឹង​មានការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ ខ្ញុំ​យល់​ថា អាហ្នឹង​គឺជា​រឿង​ខុសច្បាប់​ទៅ​ទៀត»។

ច្បាប់​ស្ដីពី​ការងារ មាត្រា​២៤៩ ចែង​ថា​នាយក​សហគ្រាស ត្រូវ​ទទួលខុសត្រូវ​លើ​គ្រោះថ្នាក់​ការងារ ចំពោះ​និយោជិត ក្នុង​ពេល​បំពេញការងារ ទោះបី​លក្ខន្តិកៈ​ផ្ទាល់ខ្លួន​របស់​កម្មករ និយោជិត​ម្នាក់ៗ​នោះ មាន​លក្ខណៈ​យ៉ាងណាក៏ដោយ។

កាលពី​ឆ្នាំ​២០១៦ អង្គការសិទ្ធិមនុស្ស​លីកាដូ រកឃើញ​ថា សិប្បកម្ម​ឡឥដ្ឋ​បាន​ក្លាយជា​កន្លែង​បញ្ចាំ​ខ្លួន​ដោះ​បំណុល និង​ទទួល​កុមារ​ឱ្យ​បម្រើការ​ក្នុង​នោះ​ដើម្បី​ដោះបំណុល​ផង​ដែរ។ សិប្បកម្ម​ឡឥដ្ឋ​មួយ​ចំនួន បាន​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​គ្មាន​ទំនួល​ខុសត្រូវ​លើ​កម្មករ​នៅ​ពេល​ពួកគេ​ជួប​គ្រោះថ្នាក់ ខណៈ​ក្រសួង​ការងារ​បាន​ត្រឹមតែ​អំពាវនាវ និង​ហាមឃាត់​ការប្រើប្រាស់​ទាសភាព​បំណុល ដែល​ជា​ល្បិច​របស់​ថៅកែ​ដើម្បី​ដាក់បន្ទុក​លើ​សេរីភាព​ការងារ​របស់​កម្មករ ព្រមទាំង​ហាម​ការប្រព្រឹត្ត​នូវ​រាល់​ទម្រង់​នៃ​ការ​កេងប្រវ័ញ្ច​ពលកម្ម​កុមារ និង​ការ​បង្ខំ​ឲ្យ​កុមារ​ធ្វើការ​ដើម្បី​ដោះបំណុល។

សំណង់​អគារ​ខ្ពស់​ធំៗ​ខ្ពស់ត្រដែត​និង​ទំនើបៗ តិច ឬ​ច្រើន​សុទ្ធតែ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ដុំឥដ្ឋ​។ មនុស្ស​ជាច្រើន​មិនសូវ​បាន​ចាប់អារម្មណ៍​ទេ​ថា ដុំឥដ្ឋ​ក្រហមច្រាល​ទាំងនោះ សុទ្ធតែ​បាន​ឆ្លងកាត់​ការ​ផលិត​ដោយ​ញើស​ឈាម​របស់​កម្មករ រហូតដល់​មានការ​រំលោភ​សិទ្ធិមនុស្ស និង​ច្បាប់​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​ទៀត​ផង។

សម្រាប់​ប្ដី​ប្រពន្ធ​ពិការ​ទាំង​គូ​នេះ ទោះបី​គ្រួសារ​រងគ្រោះ​មិន​រំពឹង​ថា នឹង​ទទួល​បាន​យុត្តិធម៌​និង​ប្រាក់​សំណង​ក៏ដោយ ក៏​ពួកគាត់​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​យកចិត្ត​ទុក្ខ​ដាក់​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ និង​ការ​កេងប្រវ័ញ្ច​លើ​កម្មករ​ដទៃ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។