ចៅក្រមសាលាឧទ្ធរណ៍ បានបដិសេធបន្ធូរបន្ថយទោសដល់ស្ត្រីជាប់ចោទអូស្ត្រាលីម្នាក់ ដែលសុំបន្ធូរបន្ថយទោស ក្រោយសាលាដំបូងក្រុងភ្នំពេញ កាត់ទោសជាប់ពន្ធនាគារ១ឆ្នាំ ៦ខែ ដោយសារបានជួលស្ត្រីខ្មែរ ២នាក់ ឲ្យពពោះជំនួស ហើយបញ្ជូនក្មេងដែលកើតទៅឲ្យអតិថិជននៅក្រៅប្រទេស។
តាមអង្គហេតុ ដែលប្រកាសដោយចៅក្រមគឺស្ត្រីជាប់ចោទឈ្មោះ TAMMY ALAYNE CHALES បានទាក់ទងជនជាតិខ្មែរ ២នាក់ ក្នុងនោះមានឆ្មបម្នាក់ផង ដើម្បីឲ្យស្ត្រីខ្មែរពពោះជំនួស បន្ទាប់មកបានបញ្ជូនក្មេងដែលកើតមកនោះ ទៅបរទេស ព្រោះអតិថិជនទទួលទិញក្មេងជាជនបរទេស។
បើទោះជាស្ត្រីជាប់ចោទជនជាតិអូស្ត្រាលីបានខំអង្វរចៅក្រមសាលាឧទ្ធរណ៍យ៉ាងណាក៏ដោយ នៅក្នុងសវនាការ នៅព្រឹកថ្ងៃទី៨ ខែមករា ចៅក្រមសាលាឧទ្ធរណ៍ពន្យល់ថា ស្ត្រីជាប់ចោទ ឈ្មោះTAMMYALAYNE CHALES មិនអាចបន្ធូរបន្ថយទោសបានទេ ព្រោះការចោទប្រកាន់របស់សាលាដំបូងក្រុងភ្នំពេញសមហេតុផល។ ដូច្នេះសាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមសាលាដំបូងក្រុងភ្នំពេញ ចាត់ទុកជាបានការ។ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ ស្ត្រីជនជាតិអូស្ត្រាលី ឈ្មោះ TAMMYALAYNE CHALES កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ដោយផ្ដន្ទាទោសជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។