សង្គមស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​គ្រឿងញៀន

ដោយ ម៉ៅ សុធានី
2023.01.07
Share on WhatsApp
Share on WhatsApp
សង្គមស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​គ្រឿងញៀន គ្រឿងញៀន​ដែល​សមត្ថកិច្ច​រឹបអូស​ពី​ជនសង្ស័យ​ជនជាតិ​ចិន នាពេលកន្លងទៅ។
រូប៖ គេហទំព័រអគ្គស្នងការនគរបាលជាតិ

មន្ត្រី​សង្គមស៊ីវិល​រិះគន់​ថា រដ្ឋាភិបាល​ឯកបក្ស​អសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ដែល​នៅតែ​បន្ត​ហូរ​ចូល​កម្ពុជា​កាន់តែ​ច្រើន​ឡើង។ ពួកគាត់​ចង់​ឃើញ​រដ្ឋាភិបាល​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន នេះ​តាមរយៈ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់ និង​ស៊ើបអង្កេត​រក​មេខ្លោង​ធំៗ​ដែល​ជួញដូរ​គ្រឿងញៀន​នៅ​កម្ពុជា។

ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​កម្ពុជា​រិះគន់​ថា ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​នោះ​គឺ​បរាជ័យ ដោយសារ​តែ​លំហូរ​នៃ​សារធាតុ​ញៀន​ចូល​កម្ពុជា​បាន​កើនឡើង​កាន់តែ​ខ្លាំង តាមរយៈ​ឧក្រិដ្ឋជន​មួយចំនួន​ដែល​ដឹក​ឆ្លង​ដែន​ចូល​កម្ពុជា។

មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅថ្ងៃទី៧ ខែ​មករា ថា ពលរដ្ឋ ជាពិសេស​យុវជន​មួយចំនួន​ដែល​មាន​ចំណេះដឹង​ទាប​គឺ​ពួកគេ​តែង​ងាយ​នឹង​ប្រឈម​រងគ្រោះ​ដោយសារ​ប្រើប្រាស់​គ្រឿងញៀន។ លោក​រិះគន់​ថា ប្រសិនបើ​រដ្ឋាភិបាល​ត្រឹមតែ​ប្រកាស​ប្ដេជ្ញា​ចិត្ត​ទប់ស្កាត់​លំហូរ​ចូល​គ្រឿងញៀន ប៉ុន្តែ​គ្មាន​ឆន្ទៈ​បង្ក្រាប ឬ​ដាក់ទោស​ឈ្មួញ​ជួញ​ដូរធំៗ​ដែល​អាច​មាន​តួនាទី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ផង​នោះ ស្ថានភាព​គ្រឿងញៀន​នៅ​កម្ពុជា​មិន​ត្រឹម​កើនឡើង​នោះ​ទេ វា​ក៏​ជា​ការ​ពង្រឹង​នូវ​វប្បធម៌​និទ្ទណ្ឌភាព​ផង​ដែរ។

លោក អូត ឡាទីន«បញ្ហា​គ្រឿងញៀន​មិនមែន​មនុស្ស​ធម្មតា​អាច​ធ្វើ​ចរាចរ​បានទេ បើសិន​ជា​មិន​មាន​តួនាទី​ធំ មិន​មាន​ធនធាន​សេដ្ឋកិច្ច​ធំ​មិនអាច​ធ្វើ​ចរាចរ​លក់ដូរ​បាន​ទេ។ ការណ៍​ដែល​អាច​ធ្វើ​ចរាចរ​បាន​របៀប​នេះ​វា​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ ប្រសិនជា​មិន​មាន​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ទេ មិនអាច​បញ្ហា​គ្រឿងញៀន​ដ៏​សន្ធឹកសន្ធាប់​បែប​នេះ​ទេ។ ជាពិសេស ឧក្រិដ្ឋជន​មួយចំនួន​ចាប់បាន​យើង​មិន​ដឹង​ថា តើ​នីតិវិធី​ក្នុង​ការ​ដាក់​ពន្ធនាគារ​ហ្នឹង​ចាត់ចែង​បែប​ម៉េច

របាយការណ៍​អាជ្ញាធរ​ជាតិ​បង្ហាញ​ថា ក្នុង​ឆ្នាំ២០២២ កន្លង​ទៅ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​បាន​ជិត ៦ពាន់ ៣រយ​ករណី (៦.២៩០) ឃាត់​ខ្លួន​មនុស្ស​ជិត ១ម៉ឺន ៥ពាន់នាក់ (១៤.៧៨៤) និង​រឹបអូស​បាន​គ្រឿងញៀន​ជាច្រើន​ប្រភេទ​ជិត ១៥តោន។ តួលេខ​គ្រឿងញៀន​នេះ​បាន​កើនឡើង​ទ្វេដង​បើ​ធៀប​នឹង​ឆ្នាំ២០២១ សមត្ថកិច្ច​រឹបអូស​គ្រឿងញៀន​ជាង ៤តោន។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ទទួល​ស្គាល់​ថា មូលហេតុ​គ្រឿងញៀន​បាន​ហូរ​ចូល​កម្ពុជា​នា​ឆ្នាំ​កន្លង​ទៅ​មាន​ការ​កើនឡើង ដោយសារ​តែ​សមត្ថកិច្ច​មាន​នៅតែ​មាន​ចន្លោះ​ប្រហោង ខណៈ​ឧក្រិដ្ឋជន​មក​ពី​តំបន់​ត្រី​កោណ​មាស​កើន​ឡើង ហើយ​ពួកគេ​មួយចំនួន​តែងតែ​ប៉ុនប៉ង​យក​កម្ពុជា​ធ្វើ​ជា​ទីតាំង​ផលិត​គ្រឿង​ញៀន។

អគ្គលេខាធិការ​នៃ​អគ្គ​លេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លោក មាស វីរិទ្ធ ប្រាប់​វិទ្យុអាស៊ីសេរី​ថា ចាប់​ពី​ដើម​ឆ្នាំ២០២៣ នេះ​រដ្ឋាភិបាល​នៅតែ​បន្ត​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដដែល ដោយ​គ្រប់​ភាគី​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន។ ប៉ុន្តែ លោក​បញ្ជាក់​ថា សមត្ថកិច្ច​នឹង​បង្កើន​ការ​ត្រួតពិនិត្យ និង​ពង្រឹង​ការ​អនុវត្ត​ចុះ​បង្ក្រាប​ជាក់ស្តែង​នូវ​កន្លែង​ទីតាំង​មួយចំនួន​ដែល​ឧក្រិដ្ឋជន​នៅតែ​ប៉ុនប៉ង​បើក​រោងចក្រ​ផលិត​គ្រឿងញៀន​នៅ​កម្ពុជា។

លោក មាស វីរិទ្ធ៖ «កម្ពុជា​យើង​មានការ​ប៉ុនប៉ង​របស់​ក្រុម​ឧក្រិដ្ឋជន​ហ្នឹង​កែច្នៃ​ផលិត ប៉ុន្តែ​ត្រូវ​បាន​បង្ក្រាប​បាន​ទាន់ពេល។ កាលណា​គេ​យក​សារធាតុគីមី​មួយ​មុខៗ មក​ហើយ​បើ​យើង​បង្ក្រាប​មុន​កុំ​ឱ្យ​កើតមាន គេ​អាច​ធ្វើ​ការ​បកស្រាយ​បាន​ថា មិន​ទាន់​មាន​បទល្មើស​មិនទាន់​មាន​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន ពីព្រោះ​សារធាតុ​ញៀន​ផ្សំ​ខ្លះ​ក្នុង​ច្បាប់ សារធាតុគីមី​ផ្សេងទៀត​បច្ចុប្បន្ន​មិនទាន់​មាន​នៅ​ក្នុង​ច្បាប់ អង្គការ​សហប្រជាជាតិ​ក៏​មិន​ទាន់​បាន​ដាក់​បញ្ចូល អ៊ីចឹង​មាន​ការ​ពិបាក​បង្ក្រាប​មុន​ទី»

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា ពិនិត្យ​ឃើញ​ថា ការ​ជួញដូរ​គ្រឿងញៀន​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​គ្មាន​ភាព​ថមថយ។ លោក​យល់​ថា បើ​អាជ្ញាធរ​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​បង្ក្រាប​ឈ្មួញ​ជួញដូរ លំហូរ​គ្រឿងញៀន​នឹង​តែ​បន្ត​កើន​ឡើង ព្រោះ​លោក​អះអាង​ថា បុគ្គល​ដែល​អាច ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ និង​ដឹក​ឆ្លង​ដែន​ចូល​កម្ពុជា​បាន គឺ​ពួកគេ​អាច​ជា​មនុស្ស​មាន​លុយ​មាន​អំណាច។

លោក នី សុខា«ប្រសិន​បើ​រដ្ឋាភិបាល​មិន​ចាត់​វិធានការ​ចំពោះ​បញ្ហា គ្រឿងញៀន ពិសេស​បើ​យើង​ចាត់​វិធានការ តែ​អ្នក​ជួញដូរ​តូចតាច ហើយ​យើង​ដឹង​ហើយ​ថា ការ​ជួញដូរ​គ្រឿងញៀន​នេះ​សុទ្ធតែ​មាន​ខ្សែរយៈ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ធ្វើ​យ៉ាងណា​ស្រាវជ្រាវ​រក​ឫសគល់​នៃ​ការ​ជួញដូរ​គ្រឿងញៀន​នេះ​ពីព្រោះ​ថា អាច​នឹង​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​ជា​អ្នក​មាន​បុណ្យ​សក្ដិ​នៅ​ពី​ក្រោយ​ក្នុង​រឿង​នេះ។ បើសិនជា​រដ្ឋាភិបាល​មិន​ចាត់​វិធានការ​ឱ្យ​ដល់​ឫសគល់​ទេ ខ្ញុំ​គិត​ថា មិន​អាច​កាត់​បន្ថយ​ការ​ហូរចូល​គ្រឿងញៀន​បាន​ទេ»

ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្មីៗនេះ ប្រកាស​ថា ចំពោះ​អ្នក​ប្រឡង​ចូល​មន្ត្រីរាជការ គ្រូបង្រៀន ជាពិសេស​កម្លាំង​ប្រដាប់​អាវុធ​ត្រូវតែ​មាន​ការ​ត្រួតពិនិត្យ​សុខភាព​ជាមុន។ លោក​បន្ត​ថា ប្រសិន​បើ​ពិនិត្យ​ឃើញ​មាន​សារធាតុ​ញៀន​នោះ ទោះ​បី​ជា​ពួកគេ​មាន​ចំណេះ​ជំនាញ​យ៉ាងណាក្ដី ក៏​មិន​ត្រូវ​អនុញ្ញាត​ប្រឡង​ចូល​ការងារ​ក្របខណ្ឌ​រដ្ឋ​នោះ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា បើ​រដ្ឋាភិបាល​គ្មាន​ការ​រឹត​បន្តឹង និង​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់ ពិសេស​តាម​ចាប់​មេខ្លោង​ធំៗ​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ថ្នាំ​ញៀន​នេះ កម្ពុជា​នឹង​មាន​វិបត្តិ​សង្គម បញ្ហា​អសន្តិសុខ និង​កើតមាន​នូវ​បទល្មើស​ឧក្រិដ្ឋកម្ម​កាន់​តែ​ច្រើន​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។