សមាគមអ្នកចិញ្ចឹមសត្វរកឃើញការចែកចាយសាច់បង្កកនៅលើទីផ្សារ ជាពិសេសនៅតាមភោជនីយដ្ឋាន និងសេវាកម្មម្ហូបអាហារក្នុងកម្មវិធីធំៗ។ បញ្ហានេះកំពុងបង្កហានិភ័យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ក្រុមអ្នកជំនាញ ជំរុញឱ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតរកមន្ត្រីដែលជាមេខ្លោងអនុញ្ញាតឱ្យមានការនាំចូល និងស្នើឱ្យម្ចាស់ភោជនីយដ្ឋាននានាងាកមកប្រើប្រាស់សាច់សត្វក្នុងស្រុកជំនួសវិញ។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា រកឃើញសាច់បង្កក ឬក្លាសេ ខូចគុណភាពនាំចូលពីក្រៅប្រទេស កំពុងត្រូវបានគេចែកចាយ និងផ្គត់ផ្គង់នៅតាមអាហារដ្ឋានមួយចំនួន តាមរូបភាពផ្សេងៗ ដែលធ្វើឱ្យតម្លៃសាច់ស្រស់ នៅលើទីផ្សារក្នុងស្រុកធ្លាក់ចុះ។
ប្រធានសហគមន៍បណ្ដាញអ្នកចិញ្ចឹមសត្វ លោក ជួប វិបុល ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣ វិច្ឆិកាថា ដោយសារតែសាច់បង្កក ដែលនាំចូលពីក្រៅស្រុក មានតម្លៃថោកជាងសាច់ក្នុងស្រុក ម្ចាស់អាហារដ្ឋាន និងហាងលក់ម្ហូបមួយចំនួន ងាកមកប្រើប្រាស់សាច់បង្កក ដើម្បីទទួលបានប្រាក់ចំណេញ។ លោកកត់សម្គាល់ថា ពលរដ្ឋដែលទៅផ្សារទិញសាច់យកមកធ្វើម្ហូប ភាគច្រើនពួកគាត់ជ្រើសរើសយកតែសាច់ស្រស់ៗ និងទិញក្នុងបរិមាណតិចតួច ប៉ុន្តែសាច់បង្កកបានវាយលុកនៅពីក្រោយទីផ្សារស្ងាត់ៗ តាមរយៈការផ្គត់ផ្គង់ទៅឱ្យម្ចាស់ភោជនីយដ្ឋាន ហាងលក់ម្ហូប ឬហាងបុហ្វេមួយចំនួន។
លោក ជួប វិបុល៖ «ចុះធ្វើអធិការកិច្ចទៅលើមន្ត្រីខ្លួនឯង ថាមួយណាខ្លះ ពាក់ព័ន្ធជាមួយអំពើពុករលួយ ដែលអនុញ្ញាតឱ្យនាំផលិតផលខូចគុណភាព ក៏ដូចជាផលិតផលដែលគ្មានច្បាប់អនុញ្ញាតហ្នឹងចូលប្រទេស។ ហ្នឹងជារឿងដែលខ្ញុំស្នើមុនគេ។ ហើយទីពីរ គួរតែបង្ហាញជាមួយនឹងច្បាប់ទាក់ទងទៅនឹងការនាំចូលឱ្យប្រជាពលរដ្ឋដឹងថា តើក្នុងឆ្នាំនីមួយៗការព្យាករណ៍របស់រដ្ឋហ្នឹងរកឃើញថា អាចនឹងជួបបញ្ហាខ្វះខាតសាច់ប៉ុន្មានភាគរយ ហើយនាំចេញបំពេញតម្រូវការប៉ុន្មានភាគរយ។ កុំឱ្យប្រើពាក្យថា ខ្វះខាត យកមកបំពេញតម្រូវការ ប៉ុន្តែអត់ដឹងភាគរយ ហើយចេះតែនាំមកលើសកម្រិត»។
លោក ជួប វិបុល ឱ្យដឹងថា សាច់បង្កកគ្រប់ប្រភេទ កំពុងចែកចាយតាមរយៈការផ្គត់ផ្គង់ឱ្យភោជនីយដ្ឋានដែលនិយមប្រើប្រាស់សាច់ក្នុងបរិមាណច្រើន ដូចជាហាងស៊ុបសាច់អាំង ហាងប៊ូហ្វេ និងនៅតាមកម្មពិធីមង្គលការ បុណ្យទាន ដែលអ្នកគ្រប់គ្រងខាងម្ហូបអាហារជាអ្នកទទួលទិញសាច់ទាំងនោះក្នុងតម្លៃថោក។ លោកបញ្ជាក់ថា លក្ខណៈសាច់បង្កកដែលប្រើប្រាស់សម្រាប់ធ្វើអាហារនៅតាមហាងមួយចំនួន មានសភាពខុសពីសាច់ក្នុងស្រុក ដោយសាច់បង្កក គ្មានឱជារស និងមានក្លិនឆ្អាប ជាងសាច់ក្នុងស្រុក។
តម្លៃសាច់ជ្រូកនៅលើនៅលើជ្រុញ ដែលលក់នៅលើទីផ្សារបច្ចុប្បន្ន មានតម្លៃពី ១ម៉ឺន៥ពាន់រៀល ទៅ ២ម៉ឺន ៥ពាន់រៀលក្នុងមួយគីឡូក្រាម ចំណែកឯសាច់គោមានតម្លៃចន្លោះ ៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ ចំណែកសាច់ជ្រូករស់មានតម្លៃពី ៧ពាន់ទៅ ៨ពាន់រៀលក្នុងមួយគីឡូក្រាម និងសាច់គោរស់មានតម្លៃ ២ម៉ឺនរៀល ទៅ ២ម៉ឺន ៥ពាន់រៀលក្នុងមួយគីឡូក្រាម។ ក្នុងនោះ សាច់ជ្រូកបង្កកបោះដុំ មានតម្លៃ ៦ពាន់រៀល ក្នុងមួយគីឡូក្រាម ចំណែកសាច់គោបង្កកមានតម្លៃប្រហែល ២ម៉ឺន ៥ពាន់រៀលក្នុងមួយគីឡូក្រាម។
ទាក់ទិនរឿងនេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាអ្នកវិនិយោគលើវិស័យកសិកម្ម និងចិញ្ចឹមសត្វ លើកឡើងថា សាច់បង្កក ដែលនាំចូលពីក្រៅប្រទេសនេះ អាចជាប់ពាក់ព័ន្ធទៅនឹងករណីសត្វដែលឆ្លងរោគប្រទេសជិតខាង ដែលត្រូវគេយកទៅកប់ចោល ក៏ប៉ុន្តែសត្វទាំងនោះត្រូវឈ្មួញទុច្ចរិត នាំយកមកលក់នៅតាមបណ្ដាប្រទេសក្រីក្រមួយចំនួន។
លោក ម៉ុង ឫទ្ធី៖ «ខ្ញុំមើលទៅ វាប៉ះពាល់ហើយការចិញ្ចឹម។ បើសាច់ជ្រូកបង្កកនៅតែចូលអ៊ីចឹងទៀត កសិករ ជាពិសេសខ្នាតតូចត្រូវតែដួលរលំ ខ្នាតមធ្យមៗ នឹងដួលបន្តៗ ហើយខ្នាតធំមានលុយថែម ចេះតែទប់អ៊ីចឹងទៅ»។
កាលពីពេលថ្មីៗនេះ មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប) បានចុះបង្ក្រាបការលួចនាំចូលនិងរក្សាទុក សាច់បង្កកចំនួន ១៣តោន នៅខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ។ ក្នុងនោះការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ តុលា បានរកឃើញ សាច់បង្កកចំនួន ១០តោន លួចនាំចូលពីប្រទេសវៀតណាម តាមរយៈរថយន្តបង្កកសាច់។ លុះមកដល់ថ្ងៃទី៣១ តុលា មន្ត្រីជំនាញ ក.ប.ប បានបន្តរកឃើញសាច់បង្កក ៣ពាន់ ៥រយ គីឡូក្រាមទៀត ក្រោយឆែកឆេរឃ្លាំងស្តុក និងចែកចាយសាច់បង្កកមួយកន្លែងនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ និងអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(CCF) លោក ផាន អូន ដើម្បីសុំការបកស្រាយបន្ថែមអំពីរឿងនេះបានទេ នៅថ្ងៃទី៣ វិច្ឆិកា។
ជុំវិញរឿងនេះ អ្នកឯកទេសចិញ្ចឹមសត្វកម្ពុជា លោក រស់ ឆាំងគី លើកឡើងថា ការជ្រើសយកសាច់បង្កកសម្រាប់ធ្វើម្ហូបនៅតាមហាងនានា បង្ហាញពីភាពអាត្មានិយមរបស់ម្ចាស់អាជីវកម្មនោះ ដែលចង់បានផលចំណេញហួសហេតុ ហើយធ្វើឱ្យប៉ះពាល់ដល់អ្នកបរិភោគ និងអ្នកចិញ្ចឹមសត្វក្នុងស្រុក។ លោកឱ្យដឹងថា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ មានកសិករមិនតិចនាក់នោះទេ ដែលបាក់ទឹកចិត្ត ហើយបោះបង់មុខរបរមួយនេះ ដោយសារសាច់ស្រស់មិនសូវមានទីផ្សារ ហើយមានតម្លៃថោកមិនអាចទប់ទល់ជាមួយការចំណាយបាន។
លោក រស់ ឆាំងគី៖ «សម្រាប់បងប្អូនដែលជាអ្នករកស៊ីទៅលើសេវាកម្មអីផ្សេងៗ ក៏ទទូចសុំចិត្តថា ប្រសិនបើបងប្អូនកំពុងតែប្រើប្រាស់សាច់បង្កក សុំឱ្យបងប្អូនងាកមកទិញផលិតផលក្នុងស្រុកយើង ពាក់ព័ន្ធជាមួយនឹងសាច់ជ្រូកស្រស់របស់យើងវិញ ដើម្បីជាការលើកទឹកចិត្តដល់គាត់ជាអ្នកដែលចិញ្ចឹម។ ទីពីរគាត់ក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់អ្នកចិញ្ចឹមក្នុងស្រុកដែរ។ ហើយបើកាលណាអ្នកចិញ្ចឹមក្នុងស្រុកគាត់មានទីផ្សារល្អ ក៏ជាចរន្តទីផ្សារមួយល្អនៅក្នុងការជួយឱ្យសេដ្ឋកិច្ចសង្គមរបស់យើងហ្នឹងមានការរីកចម្រើន តាមរយៈវិស័យចិញ្ចឹមសត្វ»។
របាយការណ៍អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ចេញផ្សាយថ្ងៃទី ២៤ តុលា ឱ្យដឹងថា ក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២៣ នេះ មន្ត្រីជំនាញ (ក.ប.ប)បានរឹបអូសសាច់បង្កកចម្រុះខូចគុណភាព មានផ្ទុកសារធាតុគីមីហាមឃាត់ និងមេរោគចម្លង បានជិត ២ពាន់តោន ដែលចំនួននេះមានការកើនឡើង ១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ ឱ្យដឹងទៀតថា ផលិតផលសាច់បង្កកទាំងនេះមួយចំនួនធំ ត្រូវបានដឹកជញ្ជូនចូលពីប្រទេសជាប់ព្រំដែនជាមួយប្រទេសកម្ពុជាតាមរយៈរថយន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។