ប្រជាពលរដ្ឋរកស៊ីដឹកផ្លែឈើពីប្រទេសថៃ មកកម្ពុជា តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ចោទប្រកាន់មន្ត្រីគយប៉ុស្តិ៍អូរដា ស្រុកនេះ ថាយកប្រាក់ពីពលរដ្ឋដឹកទំនិញដោយពុំមានចេញវិក្កយបត្របង់ពន្ធត្រឹមត្រូវ។ ប្រធានការិយាល័យច្រកដូង បដិសេធចំពោះការចោទប្រកាន់នេះ។
ប្រជាពលរដ្ឋនៅស្រុកកំរៀង សម្ដែងការមិនពេញចិត្តនឹងទង្វើរបស់មន្ត្រីគយប៉ុស្តិ៍អូរដា ដែលគាបសង្កត់យកប្រាក់ពីប្រជាពលរដ្ឋនោះ។
អ្នករកស៊ីដឹកផ្លែឈើនៅឃុំអូរដា ស្រុកកំរៀង គឺលោកស្រី ឡុច វុទ្ធី ឲ្យដឹងនៅថ្ងៃទី៣០ មីនា ថា មន្ត្រីគយប្រចាំការប៉ុស្តិ៍ត្រួតពិនិត្យនៅភូមិអូរដា ចំណុះឲ្យច្រកអន្តរជាតិដូង កាលពីរសៀលថ្ងៃទី២៤ មីនា កន្លងទៅ បានបង្ខំឲ្យលោកស្រីបង់ពន្ធថ្លៃដឹកផ្លែឈើប្រមាណ ២តោនយកប្រាក់ ១៨ម៉ឺនរៀល ដោយពុំមានចេញវិក្កយបត្រនោះទេ។ លោកស្រីអះអាងថា កន្លងមកអ្នករកស៊ីដឹកទំនិញជាច្រើន តែងត្អូញត្អែរជួបការលំបាក ដោយមន្ត្រីគយយកប្រាក់ច្រើន ហើយគ្មានវិក្កយបត្រនេះដូចគ្នា តែពុំដឹងធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហានេះបាន៖ « មន្ត្រីគយទារប្រាក់តាមអំពើចិត្តអ៊ីចឹង ដូចជាគាបសង្កត់ប្រជាពលរដ្ឋពេកហើយ។ ម្យ៉ាងទៀត យើងរកមិនបានប្រាក់ចំណេញចិញ្ចឹមគ្រួសារទេ »។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានការិយាល័យគយច្រកអន្តរជាតិដូង លោក ឆាយ បូ មានប្រសាសន៍ថា កន្លងមក មន្ត្រីគយតែងលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញការងារ ដើម្បីបម្រើផលប្រយោជន៍របស់សង្គមជាតិជានិច្ច។ លោកអះអាងថា មន្ត្រីគយក៏ពុំបានយកប្រាក់ពីអ្នកដឹកទំនិញណាម្នាក់ ដែលពុំមានវិក្កយបត្រឲ្យដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋនោះឡើយ៖ « អូ ! កុំទៅជឿគាត់នោះ វាមិនដែលពីណាគេយកលុយតាមអំពើចិត្តនោះទេ។ បើយើងធ្វើដូចប្រជាពលរដ្ឋនិយាយមែននោះ យើងរកប្រាក់ចំណូលជូនរដ្ឋមិនបានទេ »។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា មន្ត្រីទាំងឡាយណាដែលយកប្រាក់បង់ពន្ធពីប្រជាពលរដ្ឋដោយពុំមានចេញវិក្កយបត្រ ត្រូវចាត់ទុកថាជាការប្រព្រឹត្តអំពើពុករលួយ ដែលអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវតែធ្វើការស៊ើបអង្កេត និងចាត់វិធានការផ្លូវច្បាប់ទៅលើមន្ត្រីខិលខូចទាំងនោះជាបន្ទាន់។ លោកថា បញ្ហានេះបើមិនចាត់វិធានការទេ នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសជាតិ៖ « យើងកុំយកលេសថាអ្នកឯងខំធ្វើការដើម្បីប្រទេសជាតិ មិនត្រូវទេ ពីព្រោះមន្ត្រីគយមានតួនាទីប្រមូលពន្ធជូនរដ្ឋ ហើយក៏ពុំមែនទារលុយពីប្រជាពលរដ្ឋមកប្រើប្រាស់ប្រយោជន៍ផ្ទាល់ខ្លួនដែរ »។
ប្រធានការិយាល័យគយច្រកអន្តរជាតិដូង ឲ្យដឹងថា ពន្ធទំនិញនាំចូលពីប្រទេសថៃ មកកម្ពុជា តាមច្រកនេះ កើនឡើងជាង ១០០ភាគរយបើធៀបនឹងឆ្នាំកន្លងទៅ គឺនៅខែកុម្ភៈ ឆ្នាំ២០១៦ ចំណូលពន្ធគិតជាប្រាក់ជាង ៤ពាន់លានរៀល ឬស្មើនឹងប្រមាណ ១លានដុល្លារសហរដ្ឋអាមេរិក និងខែមីនា ជាង ៦ពាន់លានរៀល ឬប្រមាណ ១លាន ៥សែនដុល្លារ។ រីឯទំនិញនាំចូលសំខាន់តាមច្រកនេះ គឺគ្រឿងសំណង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។