កម្មកររោងចក្រ DAIYANG បន្តការតវ៉ាជាថ្មីទាមទារឲ្យថៅកែជនជាតិកូរ៉េដោះស្រាយ
2018.05.26

កម្មកររោងចក្រ ដាយយ៉ាំង (DAIYANG) នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជិត ៥០០នាក់ បន្តការតវ៉ាខាងមុខរោងចក្រ នៅព្រឹកថ្ងៃទី២៦ ឧសភា ទាមទារឲ្យស្ថាប័នពាក់ព័ន្ធជួយពន្លឿនឲ្យថៅកែរោងចក្រជនជាតិកូរ៉េខាងត្បូងដោះស្រាយប្រាក់អត្ថប្រយោជន៍ការងារចំនួន ៣ចំណុចដល់ពួកគេ។
ប្រាក់អត្ថប្រយោជន៍ការងារដែលខាងកម្មករចង់បាន រួមមាន ប្រាក់ឈ្នួល ប្រាក់ព្យួរការងារខុសច្បាប់២ខែ និងប្រាក់ដំណាច់កិច្ចសន្យាការងារ ដែលក្រុមហ៊ុនបានរំលាយដោយឯកតោភាគី។
តំណាងកម្មកររោងចក្រ ដាយយ៉ាំង លោក ហេង សួភា ឲ្យដឹងនៅថ្ងៃទី២៦ឧសភាថា ពួកគាត់បានលើកបដាតវ៉ានៅមុខរោងចក្រពេញមួយថ្ងៃ និងបាននាំគ្នាចាក់បទចម្រៀង ស្ដីពីទុក្ខសោករបស់កម្មកររោងចក្រ ព្រមទាំងនាំគ្នាឡើងថ្លែងបង្ហាញពីការឈឺចាប់ម្ដងម្នាក់ ដើម្បីបង្ហាញពីទុក្ខវេទនារបស់កម្មករ ដែលថៅកែរោងចក្រ មិនព្រមបើកប្រាក់ឈ្នួលឱ្យ។ លោកបន្ថែមទៀតថា ការតវ៉ានៅថ្ងៃទី២៦ ឧសភា មានក្រុមសមត្ថកិច្ចបានដាក់កម្លាំងយ៉ាងច្រើនការពារលោក សាយ ឈុំ អនុប្រធានគណបក្សកាន់អំណាច ដែលបានចុះទៅឃោសនារកសំឡេងឆ្នោតពីប្រជាពលរដ្ឋនៅតំបន់នោះ ទើបធ្វើឲ្យពួកគាត់ផ្អាកគម្រោងបិទផ្លូវដែលបានត្រៀមរួចហើយ។ លោក ហេង សួភា អះអាងថា មូលហេតុដែលពួកគាត់បន្តការតវ៉ា ដោយសារការទន្ទឹងរងចាំឲ្យថៅកែដោះស្រាយជាច្រើនខែហើយតែមិនទទួលបានលទ្ធផល៖ «កាលពីមុនពួកខ្ញុំបានទាមទារនៅទីធ្លាខាងក្នុងរោងចក្រអស់២ខែជាង ហើយបាននាំគ្នាមកតវ៉ានៅខាងក្រៅរោងចក្រជាងកន្លះខែទៀត។ ពួកខ្ញុំយល់ឃើញ រឿងនេះមានភាពខុសប្រក្រតី ព្រោះខ្ញុំធ្វើការងារនៅរោងចក្រនេះ ជិត២០ឆ្នាំហើយគ្មានបញ្ហាអីទេ »។
លោក ហេង សួភា បន្ថែមថា រោងចក្រមួយនេះ បានដាក់ពាក្យបណ្ដឹងទៅតុលាការដោយបញ្ជាក់ថារោងចក្រក្ស័យធន ហើយខាងតុលាការក៏បានតែងតាំងបុគ្គលតំណាងឲ្យរោងចក្រម្នាក់ដើម្បីដំណើរការដោះស្រាយលើរឿងនេះ។
អ្នកតំណាងភាគីរោងចក្រ លោក អ៊ុក រី អះអាងថា ខាងតុលាការកំពុងដំណើរការលើរឿងក្ដីនេះ ប៉ុន្តែមិនទាន់ចប់នៅឡើយទេ។ លោកបន្ថែមទៀតថា នៅពេលរឿងក្ដីចប់ទើបអាចលក់ទ្រព្យសម្បត្តិនៅក្នុងរោងចក្របែងចែកឲ្យក្រុមកម្មករបាន៖ «កាលប្រជុំម្ចាស់បំណុលលើកទី១យើងបានធ្វើហើយកាលពីថ្ងៃទី២៣កន្លងទៅនេះ ដូច្នេះយើងក៏រៀបរាយការណ៍ទៅតុលាការ ហើយក្រោយមកបើករណីតុលាការពិនិត្យថារឿងនេះមិនអាចទៅឬក៏ស្ដារអីបានទេ គាត់នឹងរុញឲ្យទៅជំរុញបញ្ជីហើយ ពេលរួចជម្រះ បញ្ជីយើងលក់ទ្រព្យប្រហែល ១ខែលក់អស់ ហើយទ្រព្យប្រមូលមូលយើងអាចចែកលុយបានហើយ»។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ (CCAWDU) លោក អាត់ ធន់ ថ្លែងថា ការដោះស្រាយយឺតយ៉ាវនេះដោយសារប្រព័ន្ធដោះស្រាយរបស់រដ្ឋអំណាចខ្សោយ។ លោកបន្ថែមថា ក្រុមកម្មករក៏មិនចង់តវ៉ាដែរ។ ប៉ុន្តែដោយសារពួកគេមិនមានប្រាក់សម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ៖ «មានន័យថាបើសិនពួកគាត់អាចរស់បាន និងមានលទ្ធភាពទទួលយកបានគាត់ទទួលយកហើយ ប៉ុន្តែដោយរឿងអយុត្តិធម៌គាត់ចេះតែចង់តវ៉ាដើម្បីឲ្យមានដំណោះស្រាយ។ ខ្ញុំគិតស្ថាប័នរដ្ឋគួរតែពន្លឿនការដោះស្រាយ ហើយដោះស្រាយឲ្យត្រូវចំណុចផង»។
រោងចក្រ ដាយយ៉ាំង ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានកម្មករ ជិត ៥០០នាក់។ ក្រុមកម្មករបានប្រមូលផ្តុំតវ៉ានៅមុខរោងចក្រ ចាប់ពីថ្ងៃទី១២ ឧសភាមក ដើម្បីទាមទារឲ្យថៅកែជនជាតិកូរ៉េខាងត្បូងដោះស្រាយសំណងជូនពួកគាត់។ ប៉ុន្តែមិនមានដំណោះស្រាយ ទើបពួកគាត់បន្តការតវ៉ារហូតមកទល់ពេលនេះ។ ក្រុមកម្មករអះអាងថា ប្រសិនបើនៅតែគ្មានដំណោះស្រាយទៀត ក្នុងពេលឆាប់ៗ ពួកគាត់នឹងនាំគ្នាទៅតវ៉ានៅមុខក្រសួងការងារវិញម្ដង ដើម្បីឲ្យក្រសួងជួយដោះស្រាយជូនពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។