អាជ្ញាធរខេត្តព្រះសីហនុអំពាវនាវគ្រួសារបាត់សមាជិកទៅកំណត់អត្តសញ្ញាណសាកសព
2015.01.08

សមត្ថកិច្ចខេត្តព្រះសីហនុ កំពុងស្រាវជ្រាវរកក្រុមគ្រួសារសាកសពជនរងគ្រោះម្នាក់ ដែលគេប្រទះឃើញនៅក្បែរមាត់បឹងព្រែកទប់ ជាប់ឆ្នេរឯករាជ្យ ឬឆ្នេរសណ្ឋាគារ ៧ជាន់។ ពាក់ព័ន្ធនឹងករណីនេះ កងរាជអាវុធហត្ថខេត្ត បានបញ្ជាកម្លាំងជំនាញឲ្យចុះធ្វើកោសល្យវិច័យសាកសព និងរៀបចំបូជា ដោយមាននិមន្តព្រះសង្ឃធ្វើពិធីតាមបែបព្រះពុទ្ធសាសនា។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ហេង ប៊ុនទី មានប្រសាសន៍ថា កំពុងស្វែងរកសាច់ញាតិគ្រួសារសពមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលស្លាប់យូរថ្ងៃនៅមាត់បឹងព្រែកទប់ នេះហើយ។ ប៉ុន្តែលោកថា អាជ្ញាធរពិបាកក្នុងការកំណត់អត្តសញ្ញាណសាកសពនេះណាស់ ព្រោះបានរលួយក្រៀមស្វិត មើលភិនភាគមិនច្បាស់ទេ។
យ៉ាងណាក៏ដោយ លោក ហេង ប៊ុនទី បញ្ជាក់ថា កម្លាំងជំនាញកំពុងស្រាវជ្រាវរកអត្តសញ្ញាណសាកសព និងអំពាវនាវដល់ប្រជាពលរដ្ឋដែលបាត់សមាជិកក្នុងក្រុមគ្រួសារ ត្រូវមកទទួលព័ត៌មាន ឬសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រោះសាកសពត្រូវសមត្ថកិច្ចបូជារួចហើយ៖ «ខ្ញុំកំពុងឲ្យជំនាញស្រាវជ្រាវរកអត្តសញ្ញាណសពនេះហើយ ហើយបាននិមន្តព្រះសង្ឃសូត្រមន្តតាមបែបព្រះពុទ្ធសាសនា»។
ទោះយ៉ាងណា រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានថា សាកសពជនរងគ្រោះរូបនោះជាមនុស្សប្រុស ជាស្ត្រី ឬមនុស្សភេទទី៣ ឲ្យពិតប្រាកដនៅឡើយទេ។ ប៉ុន្តែបានសន្និដ្ឋានជាជំហានដំបូងថាអាចជាស្ត្រី ត្រូវគេរំលោភសម្លាប់ ព្រោះសាកសពមានសក់វែងព័ណ៌ខ្មៅ និងមិនមានស្លៀកសំពត់ខោទេ ប៉ុន្តែឃើញមានសម្លៀកបំពាក់ក្នុងក្រៅ នៅរាយប៉ាយក្បែរសាកសពនោះ។
ប្រជាពលរដ្ឋមួយចំនួន បានប្រាប់វិទ្យុអាស៊ីសេរី នៅទីកន្លែងកើតហេតុកាលពីល្ងាចថ្ងៃទី៧ ខែមករា ថា ករណីមនុស្សស្លាប់នៅមាត់បឹងព្រែកទប់ ជាប់ឆ្នេរសណ្ឋាគារ ៧ជាន់នេះ ពួកគាត់បានរាយការណ៍ជូនកងកម្លាំងនគរបាលខេត្តនេះជិត ១ខែមកហើយ ប៉ុន្តែមន្ត្រីនគរបាលមិនបានរវល់អើពើទេ និងទុកសពចោលឲ្យឆ្កែហែកស្អុយរលួយ។
ត្រង់ចំណុចនេះ លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ថ្លែងថា សម្រាប់ស្ថាប័នលោក លោកទើបទទួលបានដំណឹងតាមទូរស័ព្ទពីប្រជាពលរដ្ឋនៅល្ងាចថ្ងៃទី៧ ខែមករា ទេ។ ហើយបន្ទាប់ពីទទួលបានពាក្យបណ្ដឹងតាមទូរស័ព្ទ រូបលោកក៏ចាត់ឲ្យកម្លាំងជំនាញចុះដល់ទីកន្លែងកើតហេតុ និងស្រាវជ្រាវរកមូលហេតុនៃការស្លាប់។
យ៉ាងណាក៏ដោយ លោក ឃុន សាវឿន មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធគួរយកចិត្តទុកដាក់រាល់បញ្ហាដែលប្រជាពលរដ្ឋស្វែងរកកិច្ចអន្តរាគមន៍ ឬរាយការណ៍ជូន។ លោកថា ករណីមនុស្សស្លាប់នេះ បើសិនជាមន្ត្រីនគរបាលមិនបានរវល់អើពើដូចពលរដ្ឋបានចោទមែននោះ គឺជាកំហុសឆ្គងធ្ងន់ធ្ងររបស់មន្ត្រីនគរបាល និងអាចប៉ះពាល់ដល់សន្តិសុខ ឬចំនួនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះ៖ «ប្រសិនបើប្រជាពលរដ្ឋរាយការណ៍ជូនប៉ូលិស ហើយប៉ូលិសមិនរវល់អើពើ គឺជារឿងមិនត្រឹមត្រូវទេ។ ខ្ញុំសង្កេតឃើញថា សព្វថ្ងៃនេះប៉ូលិសហាក់មិនសូវរវល់អើពើ ព្រោះមើលឃើញតែលុយទេ»។
ទោះយ៉ាងណា សមត្ថកិច្ច និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានឲ្យដឹងថា កំពុងដុតដៃដុតជើងស្វែងរកសាច់ញាតិ និងឈានដល់កំណត់អត្តសញ្ញាណជនរងគ្រោះនេះហើយ ហើយស្នើដល់ប្រជាពលរដ្ឋដែលបាត់សមាជិកក្នុងក្រុមគ្រួសារ ឲ្យចូលរួមសហការ ឬផ្តល់ព័ត៌មានមកសមត្ថកិច្ចខេត្តព្រះសីហនុ៕