ការ​សិក្សា​មួយ​បង្ហាញ​ថា បំណុល​បែប​កេងប្រវ័ញ្ច​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ

0:00 / 0:00

អង្គការ​លីកាដូ (Licadho) និង​អង្គការ​សមធម៌​កម្ពុជា​សិក្សា​រួមគ្នា​រក​ឃើញ​ថា ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​នៅ​ខេត្ត​កំពង់ស្ពឺ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយ​បំណុល ក្នុង​នោះ​រួមមាន​ការ​លក់​ដី​ទាំង​បង្ខំ​ ការ​បន្ថយ​ម្ហូប​អាហារ និង​កុមារ​រាប់ពាន់​នាក់​បាន​បោះបង់​ការ​សិក្សា។ ប៉ុន្តែ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ចាត់​ទុក របាយការណ៍​នេះ​ថា មិន​ឆ្លុះ​បញ្ចាំ​ពី​ស្ថានភាព​ពិត​ទេ។

របាយការណ៍​អង្គការ​ទាំង​២ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា​ រក​ឃើញ​ថា​ ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ កំពង់ស្ពឺ ជិត ៣ម៉ឺន​គ្រួសារ​បន្ថយ​អាហារ​ និង​កុមារ​ជិត ១ម៉ឺននាក់​បោះបង់​ការ​សិក្សា​ដោយសារ​វិបត្តិ​ បំណុល​ធ្ងន់ធ្ងរ។

របាយការណ៍​សិក្សា​កម្រាស់ ៣៥ទំព័រ​បង្ហាញ​ថា ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​លើស​ពី​៨០​ភាគរយ​ ជំពាក់​បំណុល​ធនាគារ​យ៉ាង​តិច ១ស្ថាប័ន​ ក្នុង​នោះ​ពលរដ្ឋ​២ ភាគ៣ អះអាង​ថា ពួកគេ​ជាប់​បំណុល​ ធ្ងន់ធ្ងរ​ លើស​ពី​លទ្ធភាព​នៃ​ការ​សង​ត្រឡប់។

របាយការណ៍​សិក្សា​បាន​កំណត់​ចំណុច​ហានិភ័យ​មួយ​ចំនួន​ដូចជា​ ពលរដ្ឋ​ជាង ១​សែន​ ៥ម៉ឺន​គ្រួសារ​ (១៥៧.៤១៣គ្រួសារ)​ កំពុង​បង់​សង​បំណុល​យ៉ាង​តិច ១ស្ថាប័ន ពលរដ្ឋ​ជាង​២ម៉ឺន ​៨ពាន់​គ្រួសារ​(២៨ ៨០៦គ្រួសារ) បន្ថយ​អាហារ និង​កុមារ​ជិត ៩ពាន់​នាក់​(៨.៩១២នាក់) បោះបង់​ការ​សិក្សា​ ​ដើម្បី​ធ្វើ​ការ​រក​ប្រាក់​សង​បំណុល​ក្នុង​គ្រួសារ។

នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា​លោក អៀង វុទ្ធី មាន​ប្រសាសន៍​ថា មូលហេតុ​ ដែល​អង្គការ​លោក ​និង​អង្គការ​លីកាដូ សម្រេច​សិក្សា​លើ​ខេត្ត​កំពង់ស្ពឺ ដោយសារ​ខេត្ត​នេះ​ ជា​ខេត្ត​ធំ​មួយ​ហើយ​មាន​ទីតាំង​នៅ​ជិត​រាជធានី​ភ្នំពេញ​ងាយ​ធ្វើការ។ លោក​បន្ត​ថា​ អង្គការ​មិន​មាន​ធនធាន​គ្រប់គ្រាន់​សម្រាប់​សិក្សា​ទូទាំង​ប្រទេស​ទេ​ ប៉ុន្តែ​លទ្ធផល​នេះ​ជា​ការ​រក​ឃើញ​មួយ​ដែល​ស្ថាប័ន​ ពាក់ព័ន្ធ​អាច​យក​ទៅ​សិក្សា ​បន្ត​ហើយ​រៀបចំ​គោលការណ៍​ការពារ​​ពលរដ្ឋ​ជា​អតិថិជន។

លោក អៀង វុទ្ធី៖ «ខាង​មីក្រូហិរញ្ញវត្ថុ​ត្រូវ​បង្កើត​គោលនយោបាយ​យ៉ាង​ម៉េច​ឱ្យ​វា​ស្រប​ទៅ​នឹង​គោលនយោបាយ​របស់​OECDជា​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​និង​អភិវឌ្ឍ​។​ព្រោះ​ថា​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​និង​ជា​តួអង្គ​​សំខាន់​ពាក់ព័ន្ធ​សិទ្ធិមនុស្ស​និង​ការ​អភិវឌ្ឍន៍។ ដូច្នេះ​គោលការណ៍​ជា​អន្តរជាតិ​នេះ​ត្រូវ​តែ​អនុវត្ត និង​អនុលោម​តាម»។

ជុំវិញ​ករណី​នេះ​ អភិបាល​ខេត្ត​កំពង់ស្ពឺ ​លោក វ៉ី សំណាង ឱ្យ​ដឹង​ថា លោក​បាន​អាន​របាយការណ៍​របស់​អង្គការ​ទាំង​២​នេះ​ហើយ ប៉ុន្តែ​លោក​ថា មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ទេ។ លោក​ថា មាន​ពលរដ្ឋ​​លក់​ដី​ ឬ​ដាក់​ប្លង់​ដី​បញ្ចាំ នៅ​ធនាគារ​តិចតួច​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​យក​លុយ​ពង្រីក​អាជីវកម្ម។ ចំពោះ​ស្ថានភាព​បំណុល​ទូទៅ លោក​វ៉ី សំណាង អះអាង​ថា ជា​រឿង​ធម្មតា​ ព្រោះ​ពលរដ្ឋ​កម្ពុជា​ក៏​ដូច​ជា​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ មាន​បំណុល​តិចតួច​ បើ​ប្រៀបធៀប​ និង​ប្រទេស​នានា​ក្នុង​ពិភពលោក​រួម​ទាំង​សហរដ្ឋ​អាមេរិក។

veisamnang.jpg
អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បើកត្រាក់ទ័ររបស់កសិករនៅខេត្ត​កំពង់ស្ពឺ កាលពីថ្ងៃទី៥ កក្កដា ២០២៣។ រូប៖ ហ្វេសប៊ុកលោក វ៉ី សំណាង

លោក វ៉ី សំណាង៖ «វា​អត់​មាន​អី​ចម្លែក​ផង ដោយសារ​តាម​អ្វី​ដែល​ខ្ញុំ​បាន​សិក្សា​គឺ​ពលរដ្ឋ​នៅ​លើ​ពិភពលោក​សុទ្ធ​តែ​ជាប់​បំណុល​ទាំងអស់ ជា​ពិសេស​ពលរដ្ឋ​អាមេរិក​ជាប់​បំណុល​ច្រើន​ជាង​កម្ពុជា​ទៅ​ទៀត គ្រាន់​តែ​កើត​មក​ជំពាក់​បំណុល​គេ ៩ម៉ឺន​ដុល្លារ​ ដោយ​ឡែក​កម្ពុជា​កើត​មក​បើ​យើង​និយាយ​ពី​បំណុល​មាន​តែ​ជាង ៣រយ​ដុល្លារ។ រឿង​គាត់​ទៅ​ខ្ចី​គាត់​ទៅ​បុល​គាត់​និយាយ​រឿង​លក់​ដី​លក់​អី​ពី​ដើម​ពូ​ឯង​បាន​ដី​ពី​ណា​លក់​បើ​ប្រទេស​យើង​សង្គ្រាម​ហ្នឹង​មាន​អាណា​ដែល​ទិញ​ដី»។

សម្រាប់​អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក កាំង តុងងី ថ្លែង​ថា លោក​មិន​ទាន់​បាន​សិក្សា​របាយការណ៍​នេះ​ទេ ប៉ុន្តែ​បញ្ជាក់​ថា​ ជា​គោលដៅ​របស់​ស្ថាប័ន​ផ្តល់​កម្ចី​ គឺ​តែងតែ​ប្រឹងប្រែង​ការពារ​អតិថិជន។

នៅ​ក្នុង​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដឹក​នាំ​ដោយ​លោក​ ​ហ៊ុន ម៉ាណែត បាន​កំណត់​ពី​ការ​អប់រំ​ពលរដ្ឋ​បង្កើន​ការ​យល់​ពី​ហិរញ្ញវត្ថុ ​និង​ការ​ដោះ​ស្រាយ​បញ្ហា​បំណុល​នេះ​ដែរ​ ប៉ុន្តែ​មិន​បាន​បង្ហាញ​លម្អិត​ថា​ ត្រូវ​ចាប់​ផ្តើម​ពី​ចំណុច​ណា​នោះ​ទេ។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២២ ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់ សម្រាប់​សហប្រតិបត្តិការ សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ (BMZ) បាន​ចេញ​របាយការណ៍ សិក្សា​មួយ​បង្ហាញ​ថា រយៈពេល​​៥ឆ្នាំ ចុង​ក្រោយ​ពលរដ្ឋ​កម្ពុជា​ជិត ១៧ម៉ឺន​ (១៦៧.០០០)​នាក់ រងគ្រោះ​ពី​បំណុល​បែប​កេង​ប្រវ័ញ្ច​ ហើយ​ពួកគេ​លក់​ដី​ដើម្បី​សងបំណុល​ទាំង​នោះ។

នៅ​ដើម​ខែ​សីហា ឆ្នាំ​២០២៣ ការិយាល័យ​ស៊ើប​អង្កេត និង​ដោះស្រាយ​បណ្តឹង​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(IFC) បាន​បើក​ការ​ស៊ើបអង្កេត​លើ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៦ ដែល​រង​ការ​ចោទ​ថា​ រំលោភ​បំពាន​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ពលរដ្ឋ​ជា​អតិថិជន។ ស្ថាប័ន​ទាំង​នោះ​រួមមាន​ ធនាគារ​អេស៊ីលីដា ធនាគារ​ស្ថាបនា​ ធនាគារ​ហត្ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេអឹមខេ (AMK) និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។