ក្រសួងការពារជាតិអះអាងថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលក្រសួងទើបតែបង្កើតឡើងកាលពីពេលថ្មីៗនេះ នឹងមិនជាន់តួនាទីគ្នាជាមួយបណ្ដាអង្គភាពប្រឆាំងគ្រឿងញៀនដទៃទៀតឡើយ។ អង្គការសង្គមស៊ីវិលយល់ថា ទន្ទឹមនឹងការបង្កើតសេនាធិការបន្ថែមទៀតនេះ រដ្ឋាភិបាលត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាពចំពោះយន្តការប្រឆាំងគ្រឿងញៀន ដែលធ្លាប់បានដាក់ចេញ នាពេលកន្លងមក។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត អះអាងប្រាប់អាស៊ីសេរីថា ការបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ គឺជាការអនុវត្តតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ដែលតម្រូវឱ្យមានយន្តការគ្រប់គ្រង និងត្រួតពិនិត្យគ្រឿងញៀននៅតាមស្ថាប័នរដ្ឋសំខាន់ៗ។ លោកបញ្ជាក់ថា ភារកិច្ចចម្បងរបស់គណៈកម្មាធិការថ្មីនេះ គឺការអប់រំផ្សព្វផ្សាយដល់កងយោធពលខេមរភូមិន្ទ ឱ្យចៀសឆ្ងាយពីការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។ លោកបន្តថា គណៈកម្មាធិការនេះមិនធ្វើការងារផ្នែកចាប់ចងអ្នកពាក់ព័ន្ធនឹងបទល្មើសគ្រឿងឡើយ ព្រោះនេះជាភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌៖ «យន្តការនេះ យើងបង្កើតឡើងដើម្បីគាំទ្រដល់យុទ្ធនាការភូមិសគ្មានគ្រឿងញៀនផង ហើយទន្ទឹមនឹងនេះ យើងក៏គាំទ្រលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនឱ្យមានគ្រឿងញៀននៅក្នុងកងទ័ព។ បើកងទ័ពយើងប៉ះពាល់គ្រឿងញៀន ឬសេពគប់គ្រឿងញៀនអីទៅ វាធ្វើឱ្យមានមហន្តរាយដល់ប្រទេសជាតិ ព្រោះយើងសុទ្ធតែអ្នកកាន់កាំភ្លើង កាន់អាវុធ។ យើងមានតួនាទីសំខាន់ណាស់ក្នុងការការពារទឹកដី ការពារប្រជាពលរដ្ឋ ដូច្នេះយើងដាច់ខាត មិនឱ្យកងទ័ពយើងពាក់ព័ន្ធគ្រឿងញៀនទេ»។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ក្រសួងការពារជាតិនេះ ត្រូវបានបង្កើតឡើងតាមប្រកាសរបស់ក្រសួងការពារជាតិ កាលពីចុងខែមេសា ក៏ប៉ុន្តែទើបតែបានចាប់ផ្តើមដំណើរការជាផ្លូវការ កាលពីថ្ងៃទី២៨ ឧសភា ថ្មីៗនេះប៉ុណ្ណោះ។ គណៈកម្មាធិការថ្មីនេះ មានសមាសភាពសរុប៩ រូប ក្នុងនោះរដ្ឋលេខាធិការក្រសួងការពារជាតិ លោក ចាយ សាំងយុន គឺជាប្រធាន និងអមដោយអនុប្រធាន២ រូប គឺនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ លោក ឥត សារ៉ាត់ និងអនុរដ្ឋលេខាធិការក្រសួងការពារជាតិ លោក ឈុំ សុជាត។
លោក ឈុំ សុជាត បញ្ជាក់បន្ថែមថា គណៈកម្មាធិការនេះ បំពេញការងារតែនៅក្នុងរង្វង់ជួរកងទ័ពប៉ុណ្ណោះ ដូច្នេះនឹងមិនមានការជាន់តួនាទីគ្នាជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាយន្តការថ្នាក់ជាតិរបស់រដ្ឋាភិបាលឡើយ ហើយក៏មិនជាន់តួនាទីគ្នាជាមួយបណ្ដាអង្គភាពចំណុះរបស់ក្រសួងមហាផ្ទៃដែរ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ថា ប្រសិនបើយន្តការថ្មីនេះអនុវត្តការងារតែក្នុងរង្វង់កងយោធពលខេមរភូមិន្ទមែន នេះជារឿងល្អ ពីព្រោះដើម្បីធានាថា កងទ័ពមិនមានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។ ក៏ប៉ុន្តែ លោកថា បើមានការពន្លាតសកម្មភាពការងារក្រៅពីរង្វង់កងទ័ព នោះនឹងធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នមានសមត្ថកិច្ចដទៃទៀត។
អ្នកការពារសិទ្ធិមនុស្សរូបនេះ សង្កត់ធ្ងន់ថា ការបង្កើតយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានកាន់តែច្រើន គឺជារឿងចាំបាច់ ក៏ប៉ុន្តែទន្ទឹមនឹងនេះ រដ្ឋាភិបាលត្រូវតែធានាថា សេនាធិការទាំងនោះពិតជាអាចអនុវត្តការងារបានដោយមានប្រសិទ្ធភាព៖ «ការបង្កើតទាំងអស់ហ្នឹង វាជារឿងមួយហើយ ប៉ុន្តែដើម្បីឱ្យដំណើរការទៅបាន ទាល់តែទីមួយ គឺយើងពង្រឹងជាពិសេស រឿងមន្ត្រីណាក៏ដោយ ឱ្យតែពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ ត្រូវតែអនុវត្តតាមផ្លូវច្បាប់ ទោះបីជាអ្នកណាក៏ដោយ។ បញ្ហាទីពីរ យើងទាល់តែបំផុស និងអប់រំឱ្យប្រជាពលរដ្ឋហ្នឹង មានការចូលរួមដើម្បីទប់ស្កាត់ទាំងអស់គ្នា»។
កាលពីឆ្នាំ២០១៨ កន្លងទៅ អាជ្ញាធរបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង៨ ពាន់ករណី (៨.០១៨) ឃាត់ខ្លួនជនសង្ស័យបានជាង ១ ម៉ឺន ៦ ពាន់នាក់ (១៦.២៣២) និងរឹបអូសសារធាតុញៀនបានជាង ៥០០ គីឡូក្រាម ពោលគឺកើនឡើងជាង ៣០០ គីឡូក្រាម បើធៀបនឹងឆ្នាំ២០១៧។
របបលោក ហ៊ុន សែន បានទទួលស្គាល់ថា បញ្ហាគ្រឿងញៀន នៅតែជាក្តីព្រួយបារម្ភរបស់អាជ្ញាធរនៅឡើយ បើទោះបីការការបង្ក្រាបត្រូវបានធ្វើឡើងដោយឥតឈប់ឈរក៏ដោយ។ អាជ្ញាធរបានអះអាងថា ការកើនឡើងខ្លាំងនៃបទល្មើសគ្រឿងញៀននេះ គឺបណ្ដាលមកពីក្រុមឧក្រិដ្ឋជននៅតែប្រើប្រាស់ទឹកដីកម្ពុជាជាទីតាំងនៃការផលិត កែច្នៃ និងចរាចរណ៍គ្រឿងញៀនតាមគ្រប់រូបភាព។
ទោះជាយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិល និងអ្នកតាមដានសង្គម មើលឃើញថា អំពើពុករលួយ ការអនុវត្តច្បាប់ធូររលុង និងកង្វះសមត្ថភាពរបស់សមត្ថកិច្ច គឺជាឧបសគ្គចម្បងដែលរារាំងមិនឱ្យយុទ្ធនាការបង្ក្រាបគ្រឿងញៀន អាចសម្រេចបានដោយជោគជ័យ។ ជាពិសេស ការបង្ក្រាបរបស់សមត្ថកិច្ចហាក់មានប្រសិទ្ធភាពតែទៅលើជនល្មើសតូចតាច ចំណែកឧក្រិដ្ឋជនធំៗ ដែលជាអ្នកនាំចូល និងចែកចាយគ្រឿងញៀនវិញ នៅតែអាចរួចផុតពីសំណាញ់ច្បាប់ដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។