កម្ពុជា៖ជនភៀសខ្លួនមកពីអូស្ត្រាលីត្រូវតែជាជនភៀសខ្លួនពិតប្រាកដ
2014.06.03
សារព័ត៌មានអូស្ត្រាលីមួយផ្សាយថា កម្ពុជាបានចេញរបាយការណ៍ពិស្ដារមួយ ទាក់ទងគម្រោងទទួលជនភៀសខ្លួនពីអូស្ត្រាលីមកកម្ពុជា។
សារព័ត៌មានអូស្ត្រាលី ឈ្មោះ ឌឹ ស៊ីដនី ម័រនីង ហ័រលដ៍ (The Sydney Morning Herald) ផ្សាយនៅថ្ងៃទី៣ មិថុនា ថា អាជ្ញាធរកម្ពុជានឹងធ្វើការស៊ើបអង្កេត អំពីប្រវត្តិជនភៀសខ្លួនដែលអូស្ត្រាលីគ្រោងបញ្ជូនមកកម្ពុជា មុននឹងទទួលជនភៀសខ្លួនទាំងនោះឲ្យតាំងទីលំនៅ នៅកម្ពុជា។
សារព័ត៌មានដដែលសរសេរថា រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង បានបញ្ជាក់អះអាង ទៅកាន់អ្នកសារព័ត៌មាន ហ្វែរហ្វេក្ស មីឌៀ (Fairfax Media) ដែលជាអង្គការសារព័ត៌មាន របស់អូស្ត្រាលីដ៏ធំមួយថា ចំពោះជនភៀសខ្លួនទាំងឡាយណា ដែលត្រូវមកតាំងលំនៅនៅកម្ពុជា ត្រូវតែបានបញ្ជាក់ និងយល់ព្រមថា ពួកគេគឺជាជនភៀសខ្លួនសុទ្ធសាធ ស្របទៅតាមអនុសញ្ញាស្ដីអំពីជនភៀសខ្លួន ឆ្នាំ១៩៥១។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យក្រសួងការបរទេស លោគ កុយ គង់ បាននៅថ្ងៃទី៣ មិថុនា ដើម្បីសុំការអះអាង ទាក់ទងព័ត៌មាននេះ៕