ជនពិការមួយចំនួនមានជំនាញផ្នែកម៉ាស្សាចាប់សរសៃ និងសិល្បៈតន្ត្រីនោះ កំពុងបាត់បង់ចំណូលទាំងស្រុង និងកំពុងតស៊ូរស់នៅក្នុងស្ថានភាពលំបាក ដោយ សារការងាររបស់ពួកគាត់ ត្រូវបានផ្អាកក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩។
យុវជនពិការភ្នែកទាំងសងខាង និងជាប្រធានក្រុមតន្ត្រីបុរាណកេរ្តិ៍លោក វិន វិចិត្រ រៀបរាប់ថា ជនពិការភ្នែកប្រមាណ ៨០ ទៅ ៩០ ភាគរយរៀនជំនាញម៉ាស្សានិងសិល្បៈតន្ត្រី ប៉ុន្តែដោយសារការរាតត្បាតជំងឺកូវីដ-១៩ រយៈពេលជាង ១ ឆ្នាំមកនេះ ពួកគាត់បាត់បង់ការងារ និងប្រាក់ចំណូលទាំងស្រុង ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅ។ លោកឲ្យដឹងថា ជនពិការមួយចំនួន ត្រូវរស់នៅតាមយថាកម្ម និងខ្លះបានវិលទៅរស់នៅស្រុកកំណើតតាមជនបទវិញ ដោយសារគ្មានលទ្ធភាពទិញម្ហូបអាហារ និងជួលថ្លៃបន្ទប់ស្នាក់នៅក្នុងទីក្រុង។ យុវជន វិន វិចិត្រ បន្តថា ចំពោះការជួយឧបត្ថម្ភសាច់ប្រាក់របស់រដ្ឋាភិបាលកន្លងមក នៅមិនទាន់គ្រប់គ្រាន់ និងមិនទាន់បានដល់ដៃជនពិការគ្រប់គ្នានោះទេ៖ « ទី១ ចង់សុំឲ្យរដ្ឋាភិបាល ជួយសម្រួលរឿងសុខភាពរបស់ជនពិការ ទី២ រឿងអាហារហូបចុកប្រចាំថ្ងៃ ទាក់ទងនឹងការរស់នៅដែលគាត់នៅទីក្រុងភ្នំពេញ និងជួលបន្ទប់ស្នាក់នៅ។ នៅពេលពួកគាត់អត់ចំណូលចឹងហើយត្រូវបង់ផ្ទះជួលផង ត្រូវហូបរាល់ថ្ងៃផង ដូច្នេះស្ថានភាពរបស់គាត់លំបាកខ្លាំងដែរ។ ទី៣ សុំឲ្យគាត់ប័ណ្ណសមធម៌ ហើយនឹងប្រាក់ឧបត្ថម្ភកូវីដហ្នឹងថា តើបានទៅដល់ជនពិការគ្រប់គ្នានៅ ព្រោះជនពិការខ្លះ ក៏អត់ទាន់ទទួលបានដែរ »។
ស្រដៀងគ្នានេះ ជនពិការភ្នែកដែលជាអ្នកលេងភ្លេងពិណពាទ្យគឺលោក ក្លែង វណ្ណឌី និយាយថា ចាប់តាំងពីជំងឺកូវីដផ្ទុះមក លោកបាត់បង់ចំណូលទាំងស្រុង ហើយលោកមិនដែលទទួលបានស្បៀងអាហារ និងប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនោះទេ។ យុវជនពិការភ្នែករូបនេះបន្តថា លោកមិនអាចរកការងារអ្វីផ្សេងធ្វើបានទេ ដូច្នេះលោករស់នៅតែក្នុងបន្ទប់ជួលជាមួយមិត្តភក្តិ ហើយកំពុងខ្វះលទ្ធភាពចំណាយលើតម្រូវការជាមូលដ្ឋានរបស់ខ្លួនដូចជា អាហារ ថ្លៃទឹក ឱសថ និងការទទួលបានសេវាថែទាំសុខភាពជាដើម៖ « ប្រាក់ចំណូលបាត់បង់ទាំងស្រុង។ ខ្ញុំជាអ្នកពិការ មូលហេតុទី១ មានការរើសអើងពីសង្គមស្រាប់ទៅហើយ ឧទាហរណ៍ថា ភ្លេងប្រពៃណី គឺគេអត់ទទួលស្គាល់ក្នុងការយកជនពិការទៅលេងភ្លេងទេ ដូច្នេះករណីនេះធ្វើឲ្យបាត់ចំណូលមួយផ្នែក នៅសល់តែវង់ភ្លេងពិណពាទ្យ គឺអាចចូលរួមប្រគុំជាមួយជនមិនពិការបាន តែកូវីដមកដល់នេះ អត់មានកម្មវិធីបុណ្យផ្សេងៗធ្វើឲ្យយើងបាត់បង់ចំណូល។ ខ្ញុំអត់ដែលមានទទួលបានការជួយជ្រោមជ្រែងអី ឬអាហាររូបត្ថម្ភអីពីរដ្ឋាភិបាលទេ » ។
ជនពិការភ្នែកមួយរូបទៀត ដែលមានជំនាញម៉ាស្សាចាប់សរសៃលោក វែង ដៀន ថ្លែងថា លោកបានបង្ខំចិត្តនាំប្រពន្ធនិងកូនតូចចាកចេញពីភ្នំពេញទៅរស់នៅស្រុកកំណើតក្នុងខេត្តកំពតបណ្តោះអាសន្ន ដោយសារការងារម៉ាស្សាត្រូវបានផ្អាកមួយរយៈ។ លោកថា បញ្ហានេះធ្វើឲ្យលោកគ្មានប្រាក់ចំណូលសម្រាប់ទិញម្ហូបអាហារ និងជួលបន្ទប់ស្នាក់នៅក្នុងទីក្រុងភ្នំពេញ៖ « តាំងពីមានកូវីដមក ពួកខ្ញុំរកអត់បានទេបង ព្រោះមនុស្សខ្លាចគ្នា។ ជីវិតជាអ្នកម៉ាស្សាដូចពួកខ្ញុំនេះពិបាកណាស់បង។ សព្វថ្ងៃនេះ ខ្ញុំនៅស្រុកកំណើត យើងមានអីហូបហ្នឹងទៅ។ ខ្ញុំបានទទួលប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលក្នុងមួយខែ ២០ ម៉ឺនដែរ តែបងវិភាគមើលទៅ តើគ្រប់ឬមិនគ្រប់ ព្រោះអី កូនតូចត្រូវការប៉ូវ។ បើជាយើងហ្មង ហូបបាយជាមួយទឹកស៊ីអ៊ីវ ឬអំបិល ប្រហុក ក៏អាចរស់ដែរ ប៉ុន្តែមានកូនតូចពិបាកណាស់ ជូនកាលកូនភ្ញាក់ឡើងទារញាំអី ទារទឹកដោះគោទារអីចឹង ព្រោះគ្នាធ្លាប់ញាំ តែឥឡូវយើងដាច់ចំណូល »។
ក្រុមជនពិការទាំងនេះអះអាងដូចៗគ្នាថា ពួកគាត់មិនធ្លាប់ទទួលបានជំនួយពីកាកបាទក្រហមកម្ពុជាឡើយ ទោះបីជាអង្គការសប្បុរសធម៌ដ៏ធំមួយនេះអះអាងថា កំពុងផ្តល់ជំនួយដល់ជនងាយរងគ្រោះរួមមានជនពិការក្តី។
ជុំវិញរឿងនេះ រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា ទទួលស្គាល់ថា ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩នេះ ជនមានពិការភាពប្រឈមបញ្ហាលំបាកច្រើនរាប់ទាំងបញ្ហាជីវភាពរស់នៅ ការប្រាស្រ័យទាក់ទង ការចូលរួមក្នុងសង្គម និងការទទួលបានការងារធ្វើជាដើម។ ទោះជាយ៉ាងណាលោកអះអាងថា រដ្ឋាភិបាលបានដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ជួយជនងាយរងគ្រោះក្នុងនោះរួមទាំងជនពិការផងដែរ។ លោកបញ្ជាក់ថា មានជនពិការរស់នៅក្នុងទីក្រុងភ្នំពេញមិនតិចជាង ១ ម៉ឺន (១០.០០០) នាក់នោះទេ ដែលទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលចន្លោះចាប់ពី ៥ ម៉ឺន ទៅ ២០ ម៉ឺនរៀល ក្នុងមួយខែ។ ក្រៅពីនេះលោក ឯម ច័ន្ទមករា អះអាងថា លោកក៏បានស្នើសុំទៅស្ថានទូត អង្គការដៃគូ កាកបាទក្រហមកម្ពុជា និងម្ចាស់ជំនួយនានាជួយដោះស្រាយបញ្ហាប្រឈមរបស់ជនពិការ៖ « អរគុណចំពោះការផ្តល់ព័ត៌មានរបស់បងប្អូនពិការភាពអំពីភាពខ្វះខាតមកដល់យើងខ្ញុំបានដឹង ហើយយើងខ្ញុំសូមសំណូមពរឲ្យបងប្អូនដែលមានពិការភាពទាំងអស់ ដែលនៅមិនទាន់ទទួលបានប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាលនេះ សូមពួកគាត់មកចុះឈ្មោះ ឬមួយមកជូនដំណឹងមកក្រសួងសង្គមកិច្ចដើម្បីក្រុមការងារយើងខ្ញុំអាចចុះឈ្មោះក្នុងប្រព័ន្ធហើយឧបត្ថម្ភពួកគាត់ឲ្យទទួលបានសាច់ប្រាក់ដូចអ្នកងាយរងគ្រោះផ្សេងៗ។ ទី២ សូមសំណូមពរអំពាវនាវដល់បងប្អូនដែលមានពិការភាពសូមមេត្តាយោគយល់ក្នុងកាលៈទេសៈនៃបញ្ហាកូវីដនេះ ព្រោះមិនមែនតែបងប្អូនមានពិការភាពដែលមានបញ្ហាជីវភាព »។
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចរូបនេះឲ្យដឹងថា ស្ថិតិជនមានពិការភាពនៅក្នុងប្រទេសកម្ពុជាមានជាង ៥ សែននាក់ ដោយរាប់បញ្ចូលទាំងកុមារអាយុ ១ ឆ្នាំ។ លោកបញ្ជាក់ថា ក្នុងចំណោមជនពិការទាំង ៥ សែននាក់នេះ មានអ្នកធ្វើការងារតាមក្រសួងស្ថាប័នរដ្ឋប្រមាណ ៤ ពាន់នាក់ អ្នកធ្វើការក្នុងក្រុមហ៊ុនឯកជន និងអង្គការសង្គមស៊ីវិលប្រមាណជាង ៣ ពាន់នាក់ និងមួយចំនួនទៀតធ្វើការផ្នែកសិល្បៈតន្ត្រី ម៉ាស្សា តម្បាញ និងធ្វើវត្ថុកែច្នៃដោយដៃជាដើម។
នាយិកាអង្គការជនពិការកម្ពុជា (CDPO) អ្នកស្រី ម៉ាក់ ម៉ូលីកា មានប្រសាសន៍ថា បញ្ហាជំងឺកូវីដ១៩នេះបានបង្កផលប៉ះពាល់ដល់ប្រជាជនទាំងមូលនៅប្រទេសកម្ពុជា ប៉ុន្តែជនមានពិការភាពបានរងផលប៉ះពាល់ខ្លាំងជាងគេ។ អ្នកស្រីថា ករណីនេះទាមទារឱ្យរដ្ឋាភិបាលគិតគូរបន្ថែមទៅដល់ពួកគាត់ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានលទ្ធភាពបង្កើនចំណូលឡើងវិញ។ បន្ថែមពីនេះ អ្នកស្រីយល់ថា រដ្ឋាភិបាល គួរជួយបង្កើនប្រាក់ឧបត្ថម្ភបន្ថែមទៀត និងផ្តល់ឲ្យបានដល់ដៃជនពិការគ្រប់គ្នា ព្រមទាំងជួយអន្តរាគមន៍ផ្អាកបង់សងប្រាក់កម្ចីជាដើម៖ « សូមភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល គិតគូរសំខាន់ទី១ គឺវ៉ាក់សាំង ទី២ជួយតាមលទ្ធភាពដែលអាចជួយបានសម្រាប់ជនពិការ កំឡុងពេលកូវីដនេះ អាចថា ជាស្បៀងឬជាអីមួយដែលយើងមើលទៅតាមលទ្ធភាពជាក់ស្តែង ហើយមួយទៀត សូមឲ្យនិយោជក រើសយកពួកគាត់ធ្វើការងារវិញ សម្រាប់អ្នកដែលបាត់បង់ការងារអំឡុងពេលនេះ ហើយបើអាចបានគួរតែមានប្រាក់ឧបត្ថម្ភអីមួយសម្រាប់ពួកគាត់ ក្រៅពីប្រាក់ឧបត្ថម្ភសាច់ប្រាក់របស់រដ្ឋាភិបាល » ។
ជនពិការមួយចំនួនត្អូញត្អែរថា ដោយសារការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលនៅមានកម្រិតតិចតួចនោះ ធ្វើឲ្យជនពិការខ្លះនៅតែបង្ខំចិត្តដើរច្រៀង និងលេងឧបករណ៍ភ្លេងតាមទីសាធារណៈ ដើម្បីសុំប្រាក់ពីសប្បុរសជនដោះស្រាយជីវភាពមួយគ្រាៗ ទោះបីជាប្រថុយប្រថានជាមួយនឹងជំងឺកូវីដ-១៩ក្តី។ ពួកគាត់ ស្នើសុំឲ្យភាគីពាក់ព័ន្ធជួយសម្រួលឲ្យជនពិការ អាចធ្វើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន ដើម្បីឲ្យពួកគាត់មានចំណូលជាប្រចាំ សម្រាប់ផ្គត់ផ្គង់ជីវភាពររស់នៅខ្លួនឯង ដោយមិនចាំបាច់រស់នៅពឹងផ្អែកលើក្តីអាណិត ឬការដាក់ទានរបស់អ្នកដទៃនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។