ពលរដ្ឋមួយចំនួននៅបន្ទាយមានជ័យចោទអាជ្ញាធរមូលដ្ឋានថា ចុះឈ្មោះអ្នកក្រីក្ររើសអើងបក្សនយោបាយ
2020.06.28

ប្រជាពលរដ្ឋមួយចំនួននៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ តវ៉ាទាមទារឱ្យអាជ្ញាធរផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រឱ្យបានស្មើភាពគ្នា និងគ្រប់និន្នាការគណបក្សនយោបាយ។ អ្នកភូមិអះអាងថា អាជ្ញាធរមូលដ្ឋានជ្រើសរើសជនក្រីក្រប្រកាន់បក្សពួក ដោយមិនបានជ្រើសរើសអ្នកក្រពិតប្រាកដនោះឡើយ។
ពលរដ្ឋនៅឃុំមួយចំនួន នៃស្រុកមង្គលបូរី ត្អូញត្អែរថា ពលរដ្ឋបាត់បង់ចំណូលដោយសារវិបត្តិជំងឺកូវីដ១៩ មិនត្រូវបានអាជ្ញាធរដាក់បញ្ចូលឈ្មោះរបស់ពួកគាត់ចូលទៅបញ្ជីអ្នកក្រីក្រដើម្បីទទួលបានប្រាក់ឧបត្ថម្ភនោះទេ។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិផ្លូវសៀម ឃុំគយម៉ែង ស្រុកមង្គលបុរី ថ្លែងសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងនៅរសៀលថ្ងៃទី២៧ មិថុនា ថា គ្រួសាររបស់លោកស្រីមានសមាជិក ៧នាក់ គឺកុមារអាយុក្រោម១៥ឆ្នាំ ៣នាក់ និងមនុស្សធំ ៤នាក់។ ពលរដ្ឋរូបនេះបន្តថា ប្ដីនិងកូនរបស់គាត់២នាក់ទៅធ្វើការនៅប្រទេសថៃ មិនបានផ្ញើប្រាក់ឱ្យលោកស្រីប្រហែល៣ខែហើយ ដោយសារនៅកន្លែងធ្វើការបានផ្អាកការងារ។ លោកស្រីបញ្ជាក់ថា គ្រួសាររបស់លោកស្រីគ្មានប្រាក់ដោះស្រាយជីវភាពឡើយ ពីព្រោះលោកស្រីនៅផ្ទះគ្មានការងារធ្វើ។ លោកស្រីបន្តថា មេភូមិមិនបានដាក់ឈ្មោះគ្រួសាររបស់លោកស្រីក្នុងបញ្ជីជនក្រីក្រ ដើម្បីបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនោះឡើយ៖ «ប្រជាពលរដ្ឋនៅម្ដុំខ្ញុំមិនដែលបានអំណោយគេចែកទេ មិនមែនខ្ញុំចង់បានទេ តែនេះវាអយុត្តិធម៌ពេក ព្រោះខ្ញុំឃើញអ្នកទៅយកអំណោយមិនមែនអ្នកក្រីក្រពិតប្រាកដទេ។ គេចែកតែអ្នកមានអ្នកក្រនៅតែអត់ដដែល អត់ភាគច្រើនបានតិចណាស់ គេឱ្យចោះៗឯភូមិគេឱ្យច្រើនណាស់ តែភូមិខ្ញុំនេះ គេឱ្យតិចមែនទែនឱ្យចោះៗរើសមុខបណ្ដោយធ្វើបែបហ្នឹងវាមិនសម»។
ចំណែកប្រជាពលរដ្ឋដែលមានអាយុជាង៦០ឆ្នាំរស់នៅភូមិផ្លូវសៀមមួយចំនួនទៀតថ្លែងថា ពួកគាត់រស់នៅពឹងផ្អែកលើប្រាក់កូនឧបត្ថម្ភចន្លោះ ពី ៥ម៉ឺន ទៅ១០ម៉ឺន(១០០.០០០)រៀលក្នុងមួយខែ ប៉ុន្តែចាប់តាំងពីខែមីនាមកកូនៗរបស់ពួកគាត់មិនបានផ្ដល់ប្រាក់ឱ្យពួកគាត់ទៀតនោះទេ ដោយសារតែនៅប្រទេសថៃ ពួកគេមិនមានការងារធ្វើ។ ពលរដ្ឋទាំងនេះបញ្ជាក់ថា មេភូមិផ្លូវសៀមក៏មិនបានដាក់ឈ្មោះពួកគាត់ទៅក្នុងបញ្ជីជនក្រីក្រ ទោះជាពួកគាត់គ្មានប្រាក់ទិញស្បៀងអាហារហូបចុកជាច្រើនថ្ងៃមកហើយក្តី៖ «កូនផ្ដល់ឱ្យតិចៗ ផ្ញើពីថៃមកចាយ ខ្ញុំមិនមានអីទេ បើទៅពេទ្យមិនមានលុយទៅ កូនខ្ញុំក៏ក្រដែរនាំគ្នាធ្វើការសំណងក្នុងស្រុកគេអស់ហើយ។ ខ្ញុំបានតវ៉ាហើយគេមិនឱ្យទេ គេថាយើងមិនមានឈ្មោះគេមិនឱ្យទេបើប័ណ្ណក្រីក្រ ខ្ញុំគេផ្ដាច់ចោលយូរហើយ។ ខ្ញុំទៅរកមេភូមិគាត់ថា គេចោះមកពីលើខ្ញុំថា ខ្ញុំមានឈ្មោះចាស់២ដងហើយ ម៉េចបានគេមិនបើកលុយឱ្យខ្ញុំ។ ខ្ញុំឈឺចាប់ណាស់តែចេះតែទ្រាំទៅ ព្រោះខ្លាចអាជ្ញាធរចាប់ដាក់គុក»។
ប្រជាពលរដ្ឋទាំងនោះឱ្យដឹងថា កន្លងទៅមេភូមិជ្រើសរើសតែពលរដ្ឋដែលគាំទ្រគណបក្សប្រជាជនកម្ពុជាធ្វើប័ណ្ណជនក្រីក្រ ចំណែកពួកគាត់វិញ បើទោះបីជាក្រីក្រពិតប្រាកដក៏អាជ្ញាធរមិនដាក់ជាជនក្រីក្រដែរ។
ឆ្លើយតបនឹងបញ្ហានេះមេភូមិផ្លូវសៀម លោក ម៉ង ចាន់ ប្រាប់អាស៊ីសេរីថា លោកមិនបានជ្រើសរើសប្រជាពលរដ្ឋដោយប្រកាន់និន្នាការគណបក្សនយោបាយដូចការចោទប្រកាន់នោះទេ។ លោកបញ្ជាក់ថា ការជ្រើសរើសជនក្រីក្រនេះ គឺអាជ្ញាធរស្រុកបានចុះត្រួតពិនិត្យដល់ផ្ទះរបស់ប្រជាពលរដ្ឋរួចវាយតម្លៃដោយខ្លួនឯង។ លោកបន្តថា នៅក្នុងភូមិដែលលោកគ្រប់គ្រងមានប្រជាពលរដ្ឋ២៥គ្រួសារ ជាប់ឈ្មោះក្នុងបញ្ជីជនក្រីក្រកម្រិតទី១៖ «គាត់មកគាត់មានផ្ទះធំអីដែរ ហើយមានម៉ូតូជិះដែរហើយគាត់ចេះតែថា អត់ខ្ញុំមិនដឹងថា និយាយយ៉ាងម៉េចទេ។ ចំពោះអ្នកអត់នោះអ្នកណាក៏អត់ដែរមានច្រើនណាស់ ក៏ប៉ុន្តែគេសម្ភាសន៍មើលតាមផ្ទះតាមអីទៅអីចឹងបើនិយាយទៅខ្ញុំមិនមែនអ្នកសម្ភាសន៍ផង ខាងថ្នាក់លើគេសម្ភាសន៍ខ្ញុំដឹងប្រជាពលរដ្ឋណាក្រតើ តែពេលគេសម្ភាសន៍មើលឃើញផ្ទះឃើញអីទៅគេថា មិនជាប់»។
អាស៊ីសេរីមិនអាចទាក់ទងអភិបាលស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណាង និងអភិបាលរងខេត្តបន្ទាយមានជ័យអ្នកស្រី ប៊ុក ណាឌី ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៧ មិថុនា។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស កាលពីថ្ងៃទី២៤ មិថុនា ថា រដ្ឋាភិបាលរបស់លោកគ្រោងចំណាយថវិកាប្រមាណ ២៥លានដុល្លារអាមេរិក ក្នុងមួយខែសម្រាប់ផ្ដល់ជូនពលរដ្ឋក្រីក្រចំនួនជាង ៥សែន ៦ម៉ឺនគ្រួសារ (៥៦២.៦៨៦) ការផ្តល់ថវិកានេះចាប់អនុវត្តពីចុងខែមិថុនានេះតទៅ។ ពលរដ្ឋនឹងទទួលបានថវិកាខុសៗគ្នា ទៅតាមកម្រិតនៃភាពក្រីក្រ និងទីតាំងដែលពួកគាត់រស់នៅ ជាឧទាហរណ៍ បើរស់នៅជនបទពួកគាត់អាចទទួលបានយ៉ាងតិចបំផុត ២០ដុល្លារ ហើយបើនៅទីប្រជុំជន និងរាជធានីភ្នំពេញ ពួកគាត់អាចបានទាបបំផុត ៣០ដុល្លារអាមេរិក។ ពលរដ្ឋក្រីក្រនឹងទទួលបានប្រាក់ឧបត្ថម្ភជាក់ស្តែងច្រើនជាងនេះ ដោយសារការបូកថែមសមាជិកគ្រួសារម្នាក់ៗ និងលក្ខខណ្ឌមួយចំនួនទៀត។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ មានប្រសាសន៍ថា អាជ្ញាធរមិនគួរជ្រើសរើសជនក្រីក្រ និងរើសអើងនិន្នាការគណបក្សនយោបាយនោះទេ ពីព្រោះការធ្វើបែបនេះបណ្ដាលឱ្យប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដជួបការលំបាកកាន់តែខ្លាំង។ មន្ត្រីសង្គមស៊ីវិលរូបនេះជំរុញឱ្យរដ្ឋាភិបាលបង្កើតគណៈកម្មការជ្រើសរើសជនក្រីក្រដោយមានអាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិលចូលរួមជ្រើសរើសតាមមូលដ្ឋានដើម្បីឱ្យប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដទទួលបានប្រាក់ឧបត្ថម្ភស្មើភាពគ្នា។
ធនាគារពិភពលោកព្យាករណ៍កាលពីពេលថ្មីៗនេះថា ពលរដ្ឋខ្មែរជិត២ លាននាក់(២.០០០.០០០) នឹងធ្លាក់ខ្លួនក្រីក្រដោយសារវិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យចំនួនអ្នកក្រនៅកម្ពុជានឹងកើនឡើងដល់៤ លាននាក់ ក្នុងចំណោមពលរដ្ឋសរុបជាង១៥ លាននាក់។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា រដ្ឋាភិបាលនឹងបន្តស្រង់ទិន្នន័យពលរដ្ឋក្រីក្របន្តទៅទៀត ហើយកញ្ចប់ថវិកាដែលត្រូវឧបត្ថម្ភដល់ពលរដ្ឋនោះ អាចនឹងដល់៣០ លានទៅ៥០ លានដុល្លារ ក្នុងមួយខែ៕