សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​រឿង​រក្សា​ទុក​និង​ជួញ​ដូរ​គ្រឿងញៀន​៦៧គីឡូក្រាម

0:00 / 0:00

សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​រក​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​ពាក់ព័ន្ធ​រឿង​រក្សា​ទុក និង​ជួញដូរ​គ្រឿង​ញៀន​រាប់​សិប​គីឡូក្រាម ដែល​ទើប​បង្ក្រាប​បាន​កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា កន្លង​ទៅ។ អង្គការ​សង្គម​ស៊ីវិល សាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សមត្ថកិច្ច ហើយ​ក៏​ស្នើ​ឲ្យ​ករណី​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​នេះ​មាន​ជា​បន្ត​ទៅ​មុខ​ទៀត ដើម្បី​កម្ពុជា គ្មាន​គ្រឿង​ញៀន។

អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​ផែន​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ម៉ក់ ជីតូ ផ្តល់​ព័ត៌មាន​បឋម​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ថា គ្រឿង​ញៀន​ដែល​សមត្ថកិច្ច​ទើប​បង្ក្រាប​បាន​នេះ​រួម​មាន មេតំហ្វេតាមីន​គ្រាប់ ៤២​ដុំ​ធំ មេតំហ្វេតាមីន​ក្រាម​ម្សៅ ១២​ដុំ​ធំ និង​ហេរ៉ូអ៊ីន ៤៧​ដុំ​ធំ សរុប​ទាំង​សម្បក​វេច​ខ្ចប់​មាន​ទម្ងន់ ៦៧​គីឡូក្រាម។

សមត្ថកិច្ច​ចាត់​ទុក​នេះ​ជា​ករណី​រក្សា​ទុក ជួញដូរ​គ្រឿង​ញៀន​ខុស​ច្បាប់​ឆ្លង​ដែន និង​មាន​ការ​ចាត់​តាំង ហើយ​ក្រសួង​មហាផ្ទៃ បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​ដើម្បី​ត្រួត​ពិនិត្យ និង​វិភាគ​លើ​សារធាតុ​ចាប់​បាន​ក្នុង​បទល្មើស​គ្រឿង​ញៀន​មួយ​នេះ។ សមាសភាព​នៃ​ក្រុម​ការងារ​នេះ​មក​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្ថាប័ន​អយ្យការ និង​ក្រសួង​សុខាភិបាល « យើង​នឹង​បង្កើត​ក្រុម​មួយ​ទៀត​ហៅ​ថា ក្រុម​ការងារ​ចំពោះ​កិច្ច ដើម្បី​ត្រួត​ពិនិត្យ និង​វិភាគ​លើ​សារធាតុ​ចាប់​បាន​ក្នុង​បទល្មើស​គ្រឿង​ញៀន ដើម្បី​រៀបចំ​ចូល​មក​ពិនិត្យ​ឲ្យ​ច្បាស់។ ទី​មួយ តើ​សារធាតុ​នោះ​ជា​សារធាតុ​អ្វី ? ទី​ពីរ ដើម្បី​ឲ្យ​ដឹង​ថា​វា​មាន​ធាតុ​សុទ្ធ​ប៉ុន្មាន​ភាគរយ ព្រោះ​ច្បាប់​របស់​យើង ការ​ផ្ដន្ទាទោស​ជន​ល្មើស​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន គឺ​ផ្អែក​ទៅ​លើ​បរិមាណ និង​ធាតុ​សុទ្ធ។ អ៊ីចឹង​យើង​វាយ​តម្លៃ​ច្បាស់ បញ្ជូន​ទៅ​ព្រះរាជអាជ្ញា និង​តុលាការ​ដើម្បី​កាត់​ទោស​ឲ្យ​បាន​ត្រឹមត្រូវ »

កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា កន្លង​ទៅ សមត្ថកិច្ច​បាន​បង្ក្រាប​គ្រឿង​ញៀន​នៅ​ចំណុច ៣​ទីតាំង​ផ្សេង​គ្នា ដែល ២​ទីតាំង​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ និង ១​ទីតាំង​ទៀត​ស្ថិត​ក្នុង​ខេត្ត​រតនគិរី ហើយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ២​នាក់។

លោក ម៉ក់ ជីតូ បញ្ជាក់​ថា គ្រឿង​ញៀន​ទាំងអស់​នេះ​មាន​ប្រភព​មក​ពី​ប្រទេស​ឡាវ ចូល​មក​កម្ពុជា តាម​ច្រក​ព្រំដែន​ភូមិភាគ​ឦសាន។ លោក​ថា សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋ​មួយ​នេះ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឲ្យ​ទាល់​តែ​បាន។ ចំពោះ​ជន​សង្ស័យ​ពីរ​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ លោក ម៉ក់ ជីតូ បញ្ជាក់​ថា នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​ឧសភា « យើង​ខ្ញុំ​នឹង​ធ្វើ​ការ​នេះ​បន្ត​ទៀត មិន​ឲ្យ​រួច​ទេ​ពួក​នេះ ! នៅ​ប៉ុន្មាន​តាម​ចាប់​ឲ្យ​ទាល់​តែ​បាន គ្រាន់​តែ​ជម្រាប​ជូន​ថា ឥឡូវ​នេះ​យើង​យក​បាន​មេខ្លោង​នៅ​ប្រទេស​យើង និង​កន្លែង​ដែល​គាត់​រក្សា​ទុក​ដើម្បី​ជួញដូរ ហើយ​ចំពោះ​មេខ្លោង​នៅ​ក្រៅ​ប្រទេស យើង​ខ្ញុំ​នឹង​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន ដើម្បី​តាម​បង្ក្រាប​ថែម​ទៀត »

នាយក​ប្រតិបត្តិ​អង្គការ​ខាណា (KHANA) លោក ជួប សុខចំរើន ថ្លែង​សាទរ​ចំពោះ​ការ​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​នេះ។ លោក​ថា បើ​សិន​ជា​សមត្ថកិច្ច​បន្ត​បង្ក្រាប​បាន​ករណី​ធំៗ​បែប​នេះ​ទៀត នោះ​គ្រឿង​ញៀន​ដែល​កំពុង​ចរាចរណ៍​ក្នុង​ទ្រង់ទ្រាយ​តូច​តាម​ទី​ជនបទ​គ្រប់​ច្រកល្ហក​នឹង​ថយ​ចុះ ហើយ​រដ្ឋាភិបាល​អាច​នឹង​សម្រេច​គោលដៅ​របស់​ខ្លួន គឺ​កម្ពុជា ដែល​គ្មាន​គ្រឿង​ញៀន។

លោក​បន្ត​ថា សមត្ថកិច្ច​បាន​ដឹង​ហើយ​ថា កម្ពុជា មិន​មែន​ជា​ប្រទេស​ផលិត​គ្រឿង​ញៀន​នោះ​ទេ តែ​ជា​កន្លែង​គ្រឿង​ញៀន​ឆ្លង​កាត់ ហើយ​តំបន់​ចរាចរណ៍​ខ្លាំង​នោះ គឺ​នៅ​ភូមិភាគ​ឦសាន​ជាប់​ព្រំដែន​ឡាវ។ ដូច្នេះ សមត្ថកិច្ច​គួរ​ដាក់​ពង្រាយ​កម្លាំង ឬ​ពង្រឹង​ការ​អនុវត្ត​សកម្មភាព​នៅ​តាម​តំបន់​ទាំងនោះ។ ទន្ទឹម​នឹង​នេះ លោក​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ចំពោះ​ការ​បន្សាប និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿន​ញៀន​ផង​ដែរ « សំណូមពរ​ឲ្យ​រដ្ឋាភិបាល​មេត្តា​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត ការ​ត្រួត​ពិនិត្យ​បញ្ហា​គ្រឿង​ញៀន​នេះ​ឲ្យ​កាន់​តែ​ល្អ​ផុលផុស ហើយ​សូម​អំណរ​សាទរ​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ ហើយ​សង្ឃឹម​ថា​គាត់​នឹង​បន្ត​ធ្វើ​តទៅទៀត។ ចំពោះ​យុវជន​ដែល​ស្ថិត​ក្នុង​សារធាតុ​ញៀន រដ្ឋាភិបាល​គួរ​តែ​ពង្រីក​នូវ​គុណភាព​នៃ​ការ​ព្យាបាល និង​បន្សាប​សារធាតុ​ញៀន ព្រម​ទាំង​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ពី​សហគមន៍ ឪពុក​ម្តាយ អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល នោះ​ខ្ញុំ​ជឿ​ថា យើង​នឹង​អាច​ឈាន​ទៅ​សម្រេច​គោលដៅ ដូច​អ្វី​ដែល​យើង​កំណត់​ថា កម្ពុជា ជា​ប្រទេស​ដែល​គ្មាន​គ្រឿង​ញៀន​នៅ​ថ្ងៃ​អនាគត »

តួលេខ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​លើក​ទី​១ រយៈពេល​ជិត ៦​ខែ​កន្លង​ទៅ​នេះ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​បាន ៣.៥៦២​ករណី ឃាត់​ខ្លួន​ជន​សង្ស័យ​ជាង ៨​ពាន់​នាក់ (៨.០២២​នាក់) និង​ដកហូត​គ្រឿង​ញៀន​ជាង ៥១​គីឡូក្រាម។ នេះ​មិន​បាន​រាប់​បញ្ចូល​ករណី​បង្ក្រាប​ចុង​ក្រោយ​នេះ​នៅ​ឡើយ។

ទាក់ទង​នឹង​ការ​ប្រឆាំង​គ្រឿង​ញៀន​នេះ​ដែរ កាល​ពី​ខែ​មីនា កន្លង​ទៅ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​រិះគន់​យ៉ាង​កម្រ​ទៅ​លើ​តុលាការ​ថា បាន​កាត់​ទោស​ឈ្មួញ​គ្រឿង​ញៀន​មិន​សម​នឹង​ស្ថាន​ទម្ងន់​ទោស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់​សមត្ថកិច្ច​ដែល​ប្រឹង​អនុវត្ត​ច្បាប់។ លោក​បាន​រិះគន់​តុលាការ​ថា បាន​បន្ធូរ​បន្ថយ​ទោស​ដល់​ជន​ល្មើស​គ្រឿង​ញៀន​ដែល​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ ហើយ​ករណី​ខ្លះ ឈ្មួញ​គ្រឿង​ញៀន​មាន​តែ​ឈ្មោះ​ជាប់​ពន្ធនាគារ តែ​ជាក់ស្តែង ពួក​គេ​នៅ​ក្រៅ​ពន្ធនាគារ និង​បាន​បន្ត​សកម្មភាព​ជួញដូរ​គ្រឿង​ញៀន​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។