មន្ត្រី​សិទ្ធិមនុស្ស​ថា បញ្ហា​គ្រឿងញៀន​នៅតែ​រីក​រាលដាល​គ្មាន​ការ​ថមថយ

ដោយ សេក បណ្ឌិត
2018.11.26
Share on WhatsApp
Share on WhatsApp
គ្រឿងញៀន ៦២២ សមត្ថកិច្ច​កំពុង​រៀប​ចំ​ដាក់​បង្ហាញ​គ្រឿង​ញៀន​ជាង ៦០ គីឡូក្រាម ដែល​ទើប​បង្ក្រាប​បាន កាល​ពី​អំឡុង ខែ​ឧសភា ឆ្នាំ​២០១៧ កន្លងទៅ។
RFA

មន្ត្រី​សិទ្ធិមនុស្ស​កត់សម្គាល់​ថា បញ្ហា​គ្រឿងញៀន​នៅតែ​បន្ត​រីក​រាលដាល ហើយ​ជនសង្ស័យ​ជាច្រើន​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​ពន្ធនាគារ​កាន់តែ​ចង្អៀត​ណែន គ្មាន​ការ​ថយ​ចុះ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​​ជាប់ឃុំ​ធ្ងន់ធ្ងរ។ មន្ត្រី​សិទ្ធិមនុស្ស​សម្ដែង​ក្តី​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​អំពី​បញ្ហា​នេះ ដ្បិត​អ្នក​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ភាគច្រើន​ជា​យុវជន ដែល​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​ប្រទេស​ទៅ​ថ្ងៃមុខ។

មន្ត្រី​សិទ្ធិមនុស្ស​អះអាង​ថា យុវជន​ជាច្រើន​នៅតែ​បន្ត​រងគ្រោះ​ដោយសារ​បញ្ហា​គ្រឿងញៀន ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ត្រូវ​ដាក់​ចេញ​នូវ​វិធានការ​ជាក់លាក់ និង​មាន​ប្រសិទ្ធភាព​ជាង​ពេល​បច្ចុប្បន្ន ខណៈ​បទល្មើស​នេះ​មិន​មានការ​ថមថយ​ចុះ​នៅឡើយ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់​ថា បញ្ហា​គ្រឿងញៀន​នេះ ជា​រឿង​ស្មុគស្មាញ និង​កើត​ឡើងជា​ប្រព័ន្ធ ទាំង​នៅ​កម្ពុជា និង​ប្រទេស​ជាច្រើន​ផ្សេងទៀត​។ ក៏ប៉ុន្តែ​លោក​ចាប់អារម្មណ៍​ថា ការ​បង្ក្រាប​នៅ​កម្ពុជា ហាក់ដូចជា​ធ្វើឡើង​បានតែ​ទៅលើ​ជនល្មើស​តូចតាច កម្រ​នឹង​ឃើញ​ការ​បង្ក្រាប​ទៅលើ​ឧក្រិដ្ឋជន​ធំៗ ដែល​ជា​អ្នក​នាំចូល និង​ចែកចាយ​គ្រឿងញៀន​ទាំងនោះ​ណាស់៖ «បញ្ហា​គ្រឿងញៀន​នេះ គឺ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ធនធាន​មនុស្ស​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​យើង​ទៅ​ថ្ងៃក្រោយ ប្រសិនបើ​យុវជន​ជាច្រើន​ត្រូវ​ទទួលរង​នូវ​ឥទ្ធិពល​នៃ​គ្រឿងញៀន​នេះ អ៊ីចឹង​វាសនា​ប្រទេសជាតិ​យើង​ទៅ​ថ្ងៃក្រោយ គឺ​នឹង​ជួប​នូវ​បញ្ហា​លំបាក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ហើយ​។ ត្រូវតែ​ទប់ស្កាត់​ឱ្យ​បាន​ជាដាច់ខាត ទោះបីជា​អ្នក​ជួញដូរ​គ្រឿងញៀន​ហ្នឹង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឋានន្តរសក្ដិ​ណាក៏ដោយ ត្រូវតែ​ពុះពារ​បង្ក្រាប និង​ទប់ស្កាត់»

ក្នុង​រយៈពេល ៩​ខែ នៃ​ឆ្នាំ២០១៨ នេះ អាជ្ញាធរ​បង្ក្រាប​បាន​បទល្មើស​គ្រឿងញៀន​ចំនួន ៥.៦៤១ ករណី ក្នុង​នោះ​មានការ​ជួញដូរ​ជាង ៣ ពាន់ ៥ រយ​ករណី ការ​សំយោគ ឬ​កែច្នៃ ២​ករណី ការ​ដាំដុះ ៣០​ករណី និង​ការប្រើប្រាស់​ជាង ២​ពាន់​ករណី។ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ជាង​មួយ​ម៉ឺន​នាក់ និង​ចាប់​យក​គ្រឿងញៀន​គ្រប់​ប្រភេទ​សរុប​ជិត ៥​រយ​គីឡូក្រាម និង​ជិត ៨​រយ​កញ្ចប់។ កាលពី​ឆ្នាំ២០១៧ កន្លងទៅ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​បាន​ជាង ៨ ពាន់​ករណី និង​ឃាត់​ខ្លួន​​ជនសង្ស័យ​ជាង ១ ម៉ឺន ៧ ពាន់​នាក់ កើន​ឡើង​ខ្លាំង​ដល់​ទៅ​ជាង ៩២ ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៦ ដែល​កាលនោះ​សមត្ថកិច្ច​បង្ក្រាប​បាន​ប​ទ​ល្មើស​ជាង ៤​ពាន់​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រហែល​មួយ​ម៉ឺន​នាក់។

អាជ្ញាធរ​ជំនាញ​ក៏​ធ្លាប់​បាន​ទទួលស្គាល់​ដែរ​ថា បញ្ហា​គ្រឿងញៀន​នេះ នៅតែ​ជា​ក្ដី​ព្រួយបារម្ភ​របស់​សមត្ថកិច្ច​នៅឡើយ។ ក្រៅពី​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០១៧ នោះ​រួចមក អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏បាន​ដាក់​ចេញ​នូវ​វិធានការ​ជាច្រើន​ផ្សេងទៀត ដើម្បី​ឱ្យ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កាន់តែ​ទទួល​បាន​លទ្ធផល​ជាង​នេះ​។ វិធានការ​ទាំងនោះ រួមមាន ការ​បង្កើន​សកម្មភាព​បង្ការ បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​បន្ថែម​ទៀត និង​ការ​តម្រូវ​ឱ្យ​ម្ចាស់​កន្លែង​កម្សាន្ត និង​ផ្ទះសំណាក់ សហការ​ជាមួយ​សមត្ថកិច្ច​ចំពោះ​ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿងញៀន​ជាដើម។

ទោះជា​យ៉ាងណា ក្នុង​មួយ​ថ្ងៃៗ​សមត្ថកិច្ច​នៅតែ​បង្ក្រាប​បាន​បទល្មើស​គ្រឿងញៀន​ជាច្រើន​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចាប់ពី​រាប់​សិប​នាក់​ដល់​រាប់រយ​នាក់​ក៏​មាន។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​សមាគម​អាដហុក (ADHOC) លោក សឹង សែនករុណា មើល​ឃើញ​ថា អំពើពុករលួយ ការអនុវត្ត​ច្បាប់​ធូររលុង និង​កង្វះ​សមត្ថភាព​របស់​សមត្ថ​កិច្ច​មួយ​ចំនួន នៅតែ​ជា​ឧបសគ្គ​រារាំង​មិន​ឱ្យ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នេះ អាច​សម្រេច​បាន​ដោយ​ជោគជ័យ។ លោក​បន្ត​ថា បញ្ហា​គ្រឿងញៀន​នេះ ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម ជាពិសេស​នៅ​ក្នុង​រយៈពេល​វែង បញ្ហា​នេះ​ធ្វើ​ឱ្យ​ខាតបង់​ធនធានមនុស្ស​ដែល​សង្គម​ត្រូវការ​ក្នុង​កិច្ច​អភិវឌ្ឍ​ជាតិ៖ «រឿង​នេះ​សំខាន់​ណាស់​សម្រាប់​ប្រទេសជាតិ​យើង គឺ​រដ្ឋាភិបាល​ត្រូវតែ​ដុតដៃដុតជើង​នៅ​ក្នុង​រឿង​នេះ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មានការ​ចរាចរ​បាន។ ហើយ​ត្រូវតែ​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​ជន​ចែកចាយ​គ្រឿងញៀន​ក្នុង​ប្រទេស​កម្ពុជា​យើង​​ហ្នឹង ចៀសវាង​នៅ​ពេល​ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​ហើយ បែរជា​មានការ​ដោះដូរ​ផលប្រយោជន៍​អ្វីមួយ ហើយ​ត្រូវ​បាន​រួចខ្លួន ដោយ​មិន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។ វា​ជាហេតុ​ឱ្យ​ពួកគេ​នៅតែ​បន្ត​ការចែក​ចាយ​នេះ​តទៅទៀត»

អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​អះអាង​ថា ការ​កើនឡើង​ខ្លាំង​នៃ​បទល្មើស​គ្រឿងញៀន គឺ​បណ្តាល​មក​ពី​ក្រុម​ឧក្រិដ្ឋជន​នៅតែ​ប្រើប្រាស់​ទឹកដី​កម្ពុជា​ជាទី​តាំង​នៃ​ការផលិត កែច្នៃ និង​ចរាចរណ៍​គ្រឿងញៀន​តាម​គ្រប់​រូបភាព ហើយ​តំបន់​ដែល​មាន​ការ​ចរាចរណ៍​​គ្រឿងញៀន​ចូល​មក​កម្ពុជា​ច្រើនជាង​គេ គឺ​តំបន់​ភាគ​ឦសាន​ជាប់​ព្រំដែន​ប្រទេស​ឡាវ។

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា (ANSA) លោក សន ជ័យ ថ្លែង​ថា ថ្វីដ្បិត​តែ​អាជ្ញាធរ​បាន​ដាក់​ចេញ​នូវ​វិធានការ​ជាច្រើន​ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​នេះ​មែន ក៏ប៉ុន្តែ​វិធានការ​ទាំងនោះ​ហាក់ដូចជា​កំពុង​ដើរ​តាម​ពីក្រោយ​ផែនការ​​របស់​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ទៅវិញ។ លោក​ថា អាជ្ញាធរ​គួរតែ​ផ្ដោត​ខ្លាំង​លើ​វិធានការណ៍​បង្ការ និង​ទប់ស្កាត់​កុំ​ឱ្យ​គ្រឿងញៀន​ហូរ​ចូល​មក​ក្នុង​ប្រទេស តាមរយៈ​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​លើ​ជនល្មើស ពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញ និង​​លើកទឹកចិត្ត​ដល់​សកម្មភាព​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន៖ «ឧទាហរណ៍​ថា ឥលូវ​ឈ្មួញ​ជួញដូរ​គ្រឿង​ញៀន​​គេ​​ប្រើប្រាស់​មធ្យោបាយ​ផ្លូវ​ភ្នំ​ផ្លូវទឹក ដើម្បី​ដឹកជញ្ជូន សួរ​ថា​តើ​អាជ្ញា​ធរមាន​មធ្យោបាយ​គ្រប់គ្រាន់​ដែរ​ឬទេ​? មាន​រថយន្ត មាន​​ទូក មាន​អ៊ូប័រ សម្រាប់​ដំណើរការ​បង្ក្រាប ទប់ស្កាត់ និង​ការ​បង្ការ​ដែរ​ឬទេ​? បើ​ថា​អត់​មាន​ទេ អាហ្នឹង​នៅតែ​ជា​ការ​ដើរ​ក្រោយ​ពួក​ឧក្រិដ្ឋជន​មួយ​ជំហាន​ដដែល​ហ្នឹង។ អ៊ីចឹង​ជា​យោបល់ យើង​ចង់​ឱ្យ​មាន​ការ​បណ្ដុះបណ្ដាល​ជំនាញ ការ​បណ្ដុះ​ឆន្ទៈ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន ក្នុង​ជួរ​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​តាមរយៈ​យន្តការ​លើកទឹកចិត្ត និង​​ការ​អនុវត្ត​​ច្បាប់​​ត្រូវ​តែ​​ហ្មត់ចត់ និង​​ខ្លាំងក្លា​ជាង​មុន គឺជា​ការអនុវត្ត​ច្បាប់​មួយ​ដែល​មិន​មាន​ការយោគយល់ ហើយ​និង​ត្រូវតែ​​ធ្វើ​ឡើង​​ក្នុង​​ទម្រង់​​មួយ​ដែល​​ស៊ី​ជម្រៅ​​ជាង​​ពេល​បច្ចុប្បន្ន»

គ្រឿងញៀន​មិន​ត្រឹមតែ​ត្រូវ​បាន​ចរាចរណ៍​យ៉ាង​ទូលំទូលាយ​នៅ​ខាងក្រៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សូម្បីតែ​នៅ​ក្នុង​ពន្ធនាគារ ក៏​មាន​ករណី​ចែកចាយ និង​ប្រើប្រាស់​នៅ​ទីនោះ​ផង​ដែរ។ អាជ្ញាធរ​របប​លោក ហ៊ុន សែន ធ្លាប់​បាន​ទទួលស្គាល់​ក​រ​ណី​នេះ ហើយ​បាន​ប្រកាស​ថា នឹង​លុបបំបាត់​ភាព​អសកម្ម​នេះ​ឱ្យ​បាន ប៉ុន្តែ​អ្នក​ធ្លាប់​ជាប់ពន្ធនាគារ​មួយ​ចំនួន​អះអាង​ថា ការចែក​ចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​នេះ នៅតែ​កើតមាន​ដដែល គ្មាន​អ្វី​ផ្លាស់ប្ដូរ​ឡើយ។

មន្ត្រី​សិទ្ធិមនុស្ស​ទាមទារ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​លុបបំបាត់​ករណី​នេះ​ឱ្យ​បាន ព្រោះ​​មន្ទីរ​ឃុំឃាំង គឺ​ជា​​កន្លែង​​អប់រំ​​កែប្រែ​​មនុស្ស​​ដែល​​ធ្លាប់​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ ឱ្យ​ក្លាយ​ជា​មនុស្ស​ត្រឹមត្រូវ​វិញ ក៏ប៉ុន្តែ​បើ​​គ្រឿង​ញៀន​​ត្រូវ​​បាន​​ប្រើប្រាស់​​នៅ​​ទី​នោះ ពួក​គេ​​នឹង​​មិន​​អាច​កែប្រែ​ខ្លួន​ឱ្យ​ល្អ​វិញ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។